
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអតីតនាយករដ្ឋមន្ត្រីមួយរូបនៃព្រះរាជាណាចក្រថៃ ដែលលោកជាអ្នកនយោបាយដែលមានប្រភពចេញពីត្រកូលអ្នកជំនួញដ៏ល្បីល្បាញ។ ហើយលោកក៏ជាបងប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដូចគ្នា ហើយក៏ត្រូវបានយោធាធ្វើរដ្ឋប្រហារដូចគ្នា។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រីថៃកា់លពីឆ្នាំ២០០១ ហើយត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងកាលពីឆ្នាំ២០០៦។ បើនិយាយពីការរស់នៅរបស់លោកវិញ លោកមិនដែលរស់នៅក្នុងជីវភាពលំបាកឡើយ ប៉ុន្តែអ្វីដែលលោកលំបាកបំផុតនោះគឺជីវភាពក្នុងរឿងនយោបាយ ដែើធ្វើអោយលោកត្រូវនិរទេសខ្លួននៅក្រៅប្រទេសរហូតដល់ពេលបច្ចុប្បន្ននេះ។
ជីវប្រវត្តិ និង ការសិក្សា
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលបច្ចុប្បន្ននេះលោកមានវ័យ៧១ឆ្នាំ ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។ ដោយលោកមានដូនតាមកពីប្រទេសចិន គឺជីតាទួតរបស់លោកកឺបានមករស់នៅប្រទេសថៃ ក្នុងទស្សវត្សឆ្នាំ១៨៦០ និង បានតាំងទីលំនៅ នៅខេត្តឈៀងម៉ៃ នៅឆ្នាំ១៩០៨។
ហើយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកើតនៅក្នុងគ្រួសារនេះ ដែលមានទ្រព្យសម្បត្តិស្កុកស្ដម្ភ ដែលជាត្រកូលអ្នកធ្វើជំនួញដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ។ ឪពុករបសើលោកក៏ជាអតីតតំណាងរាស្ត្រនៅក្នុងខេត្តឈៀង ម៉ៃ ចាប់តាំងពីឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៧០ ផងដែរ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា មានបងប្អូនសរុបចំនួន៩នាក់ តែអ្វីដែលគេស្គាល់លោក ថាក់ស៊ីនច្បាស់ជាងគេនោះ គឺលោកជាបងបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីថៃដូចគ្នា ដែលជាស្ត្រីដំបូងគេ នៅក្នុងប្រទេសថៃគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ បើនិយាយពីទ្រព្យសម្បត្តិរបស់លោក ថាក់ស៊ីន គឹមិនប្រឈមនិងការលំបាក ក្នុងជីវភាពរស់នៅនោះទេ ហើយលោកក៏បានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីក្មេងមកម្លេះ។
ពោលគឺនៅអាយុ១៦ឆ្នាំ លោកបានជួយមើលការខុសត្រូវក្នុងរោងភាពយន្តមួយក្នុងចំណោមរោងភាពយន្តជាច្រើនរបស់ឪពុកលោកទៅហើយ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ចប់ការសិក្សានៅសាលាប៉ូលិស ក្នុងឆ្នាំ១៩៧៣ បន្ទាប់មកលោកក៏បានទទួលអាហារូបកណ៍ទៅសិក្សានៅសកលវិទ្យាល័យ Eastern Kentucky សហរដ្ឋអាមេរិក។ លោកក៏បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Sam Houston State ស្ថិតនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៧៨ និង បានទទួលសញ្ញាប័ត្រ នៅថ្ងៃទី១២ ឧសភា ឆ្នាំ១៩៧៩ ជំនាញទស្សនវិជ្ជា។
បន្ទាប់ពីបញ្ចប់ការសិក្សា លោកក៏បានត្រឡបមកកាន់ប្រទេសថៃវិញ ដោយបានចូលបម្រើការងារក្នុងផ្នែកកងកម្លាំងប៉ូលិស។ ហើយនៅឆ្នាំ១៩៨០ លោកថាក់ស៊ីន បានរៀបការជាមួយអ្នកស្រី ផុត ចាមែន ដាមាប៉ុង ដោយមានកូនចំនួនបីនាក់ ប្រុសម្នាក់ និង ស្រីពីរនាក់ ប៉ុន្តែត្រូវបានលែងលះគ្នានៅឆ្នាំ២០០៨។ ហើយនៅឆ្នាំ១៩៩៧ លោកបានចាកចេញពីមន្ត្រីកងកម្លាំងប៉ូលិស ដើម្បីវិលត្រឡប់ទៅប្រឡូកក្នុងវិស័យជំនួញផ្ទាល់ខ្លួនវិញ។
ការប្រឡូកក្នុងឆាកនយោបាយ
នៅចុងឆ្នាំ១៩៩៤ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រឡូកចូលក្នុងឆាកនយោបាយ ដោយបានចូលជាសមាជិកគណបក្ស PDP ហើយលោកក៏បានក្លាយជារដ្ឋមន្ត្រីការបរទេសថៃនៅឆ្នាំ«៩៩៤ផងដែរ។ ប៉ុន្តែនៅឆ្នាំ១៩៩៦ ក៏បានសម្រេចចិត្តចាកចេញពីគណបក្សនេះ ដោយបានទៅបង្កើតគណបក្សថ្មីដោយខ្លួនឯងដលមានឈ្មោះថា «ថៃរ៉ាក់ថៃ Thai Rak Thai» នៅក្នុងឆ្នាំ១៩៩៨។
នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០០១ ជ័យជម្នះក៏បានធ្លាក់ទៅលើគណបក្សដែលទើបតែបានបង្កើតឡើងថ្មីមួយនេះ ហើយលោក ថាក់ស៊ីន ស៊ីណាវ់ាត្រា ក៏បានក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នៅក្នុងរយះកាលនៃការដឹកនាំនៅក្នុងអាណត្តិដំបូងនោះ លោក ថាក់ស៊ីន បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឈន៍ប្រទេសជាតិ ជាពិសេសគោលនយោបាយជាច្រើនរបស់គាត់គឺផ្ដោតទៅលើការជួយដល់ប្រជាជននូវទីជនបទ។
នៅក្នុងកំឡុងគ្រានោះ ភាពក្រីក្រត្រូវបានកាត់បន្ថយគូរអោយកត់សម្គាល់ មិនតែប៉ុណ្ណោះរដ្ឋាភិបាលរបស់លោកក៏បានដាក់ចេញនូវគោលនយោបាយដោយធ្វើកំណែទម្រង់ ផ្នែកអប់រំ ផ្នែកសេដ្ឋកិច្ច ហើយក៏បានដាក់នូវគោលនយោបាយសុខភាពដល់ប្រជាជនថៃថែមទៀតផង។
នៅឆ្នាំ២០០៥ គណបក្សថៃរ៉ាក់ថៃ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែបន្តទទួលបានជ័យជម្នះផងដែរ តែទោះបីជាយ៉ាងណា ការដឹកនាំនៅក្នុងអាណត្តិទី២ មិនបានសមប្រកប ដូចនៅក្នុងអាណត្តិទី១នោះទេ ពីព្រោះថាលោកត្រូវបានគេចោទប្រកាន់ជាច្រើនករណី ដូចជារឿងរ់ាវអំពើរពុករលួយ ប្រើប្រាស់អំណាចផ្ដាច់ការ អំពើក្បត់ជាតិ និង បទចោទប្រកាន់ជាច្រើនផ្សេងទៀត។
លុះដល់ឆ្នាំ២០០៦ នៅពេលដែលលោក ថាក់ស៊ីន កំពុងតែស្ថិតនៅឯបរទេស កងយោធាថៃ ដែលមានឈ្មោះថាក្រុមប្រឹក្សាសន្តិសុខជាតិ ក៏បានធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីតំណែង ហើយក៏បានរំលាយគណបក្សថៃរ៉ាក់ថៃចោលតែម្ដង ដើម្បីកុំអោយចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខបាន។
ជាងនេះទៀតទ្រព្យសម្បត្តិគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រមាណជាពីរពាន់លានដុល្លារ ត្រូវបានយោធារឹបអូស ដែលត្រូវបានគេចោទប្រកាន់ថាជាទ្រព្យសម្បត្តិដែលកើតចេញខុសពីធម្មតា ចាប់តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ២០០១។
លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសថៃនៅខែគុម្ភះ ឆ្នាំ២០០៨ បន្ទាប់ពីគណបក្សប្រជាជន ដែលជាគណបក្សដែលលោកគាំទ្រ បានឈ្នះឆ្នោតក្រោយរដ្ឋប្រហារ។ ប៉ុន្តែលោកបានចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងប៉េកាំង ដោយកាតចូលរួមក្នុងកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០០៨ ហើយលោកមិនបានត្រឡប់មកប្រទេសថៃវិញនោះទេ ហើយលោកក៏មិនបានចូលរូមក្នុងសវនាការកាត់ទោសលោក លើកចុងក្រោយនៅតុលាការកំពូលនោះទេ។
ហើយលោកក៏បានដាក់ពាក្សសុំសិទ្ធជ្រក់កោណនយោបាយ នៅប្រទេសអង់គ្លេស ប៉ុន្តែការស្នើរសុំត្រូវបានបដិសេធ បន្ទាប់មកទៀត លោកក៏ត្រូវបានធ្វើដំណើរពីប្រទេសមួយ ទៅប្រទេសមួយទៀង។ ហើយនៅតែតុលា ឆ្នាំ ២០០៨ តុលាការកំពូលបានរកឃើញពិរុទ្ធទាក់ទង និង ទំនាស់ផលប្រយោជន៍ ហើយក៏បានកាត់ទោសកំបាំងមុខអោយលោកជាប់ពន្ធធនាគាររយះពេល២ឆ្នាំ។
បច្ចុប្បន្ននេះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែបន្តការរស់នៅក្រៅប្រទេសនៅឡើយរយះពេលជាង១០ឆ្នាំមកហើយ ដើម្បីគេចពីការដាក់ទោស។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលើកឡើងថា លោកមិនបានធ្វើដូចការចោទប្រកាន់នោះទេ។ ជាការកត់សម្គាល់ក្រោយពីលោក ថាក់ស៊ីន ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់រួចមក ប្អូនស្រីបង្កើតរបស់លោក គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបន្តប្រឡូកចូលក្នុងឆាកនយោបាយពីបងប្រុសរបស់អ្នកស្រី។ ហើយអ្នកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីថៃ នៅឆ្នាំ២០១១។
វត្តមានរបស់អ្នកស្រី យីងឡាក់ ស៊ីណាវ់ាត្រា ក្នុងឆាកនយោបាយថៃ ត្រូវបានក្រុមប្រឆាំងនិងលោក ថាក់ស៊ីន ត្រូវបានលើកឡើងថា អ្វីៗគ្រប់យ៉ាងសុទ្ធតែជាការរៀបចំរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា តែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណានូវរាល់បញ្ហានេះ លោក ថាក់ស៊ីន បានច្រានចោលនូវរាល់បញ្ហាដែលបានច្រានចោលនាពេលនោះ។
ចំពោះការដឹកនាំប្រទេសមិនបានប៉ុន្មានឆ្នាំផង គឺនៅថ្ងៃទី ០៧ខែឧសភា ឆ្នាំ២០១៤ តុលាការធម្មនុញ្ញប្រទេសថៃបានទម្លាប់អ្នកស្រីចេញពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីមានវបត្តិនយោបាយជាច្រើនខែ។ ទីបំផុតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ យោធាក៏ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាបន្តទៀត ដើម្បីស្ដារស្ថានការណ៍បន្ទាប់ពីមានការតវ៉ា។
ហើយបច្ចុប្បន្ននេះអ្នកស្រីក៏ត្រូវបានតុលាការថៃចោទប្រកាន់ជាច្រើនករណីផងដែរ ហើយបានគេចចេញពីប្រទេសថៃ ដើម្បីគេចចេញពីទោសទណ្ឌផងដែរ។ សរុបមកទាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាពេលនេះមានវាសនាដូចគ្នា ដោយត្រូវនិរទេសចេញពីស្រុកកំណើត។
ត្បិតតែជាអ្នកជោគជ័យក្នុងមុខជំនូញមួយរូបក៏ដោយ ប៉ុន្តែលោកបែរជាមិនអាចជោគជ័យក្នុងឆាកនយោបាយ ដោយអ្នកទាំងពីរនាកបងប្អូនត្រូវនិរទេស ហើយមិនអាចវិលត្រឡប់ចូលទៅស្រុកកំណ់ើតបានទេ។