ប្រវត្តិបុគ្គលល្បីៗ

មេដឹកនាំដ៏មានឥទ្ធិពលក្នុងការទាមទារសិទ្ធសេរីភាពជនជាតិស្បែកខ្មៅ លោក ម៉ាទីន លូស័រឃីង

លោក ម៉ាទីន​ លូស័រឃីង (Martin Luther King) ដែលជាមេដឹកនាំដ៏ល្បីល្បាញមួយនៅក្នុងការទាមទាររកសិទ្ធសេរីភាពអោយជនជាតិស្បែកខ្មៅ នៅក្នុងសង្គមអាមេរិក។ ប៉ុន្តែដែលលោកត្រូវបានគេស្គាល់កាន់តែច្បាស់នោះ គឺការដឹកនាំក្រុមបាតុករជនជាតិស្បែកខ្មៅរាប់ពាន់នាក់ ក្នុងអំពើអហឹង្សា និង ប្រកបដោយសន្តិភាព។ ម្យ៉ាងវិញទៀតលោកគឺជាជនជាតិស្បែកខ្មៅដែលហ៊ានអោយងើបឡើង ដើម្បីទាមទារសិទ្ធសេរីភាពជនជាតិស្បែកខ្មៅ នៅក្នុងសង្គមអាមេរិក។

ជីវប្រវត្តិ និង ការសិក្សា លោក ម៉ាទីន លូស័រឃីង

លោក ម៉ាទីន លូស័រឃីង (Martin Luther King) ដែលមានដើមកំណើតនៅក្នុងជនជាតិស្បែកខ្មៅ ដែលគោរពប្រតិតបត្តិសាសនាយ៉ាងតឹងរឹងបំផុតមួយ។ ហើយលោកបានកើតនៅថ្ងៃទី១៥ ខែមករា​ ឆ្នាំ១៩២៩ នៅក្នុងទីក្រុង អាតាឡង់តា ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ ដោយលោកមានឈ្មោះដើមថា Michael King បន្ទាប់មកឪពុកកម្ដាយរបស់លោកបានប្ដូរឈ្មោះលោកទៅជា ម៉ាទីន លូស័រឃីង (Martin Luther King)វិញ ក៏ព្រោះតែឈ្មោះ លូស័រឃីង គឺជាឈ្មោះមេដឹកនាំដ៏ល្បីរបស់អាឡឺម៉ង ដែលជាបុគ្គលម្នាក់ដែលគ្រួសារលោកគោរពបំផុត។

ក្នុងវ័យជាកុមារភាព លោក លូស័រឃីង តែងតែលេងជាមួយមិត្តភក្តិក្មេងនៅក្បែរផ្ទះ ប៉ុន្តែមានថ្ងៃមួយនោះម្ដាយរបស់មិត្តភក្តិ លូស័រឃីង​ បានហាមកូនៗរបស់ពូកគេមិនអោយមកលេងជាមួយឃីង។ ដែលនេះគឺដោយសារតែ លូស័រឃីងគឺជាជនជាតិស្បកខ្មៅ ហើយមិត្តភក្តិរបស់គេជាជនជាតិស្បែកស។ ហើយកាលនោះគឺមានការប្រកាន់ និង រើសអើងខ្លាំងណាស់នៅក្នុងសង្គមអាមេរិក រវាងជនជាតិស្បកខ្មៅ និ ជនជាតិស្បែកស។ ដោយធ្លាប់មានប្រវត្តិសាស្ត្រជនជាតិស្បែកខ្មៅ ជាទាសករជនជាតិស្បែកស មិនតែប៉ុណ្ណោះគឺមានការអនុវត្តិច្បាប់រវាងជនជាតិស្បែកស និង ជនជាតិស្បែកខ្មៅ។

តាំងតែពីតូចមកលោកបានជ្រួតជ្រាបទៅដោយទ្រឹស្ដី នៅក្នុងគម្ពីនៃសាសនាគ្រឹស្ត ហើយប្រតិតបត្តិយ៉ាងជាប់លាប់​ហើយលោក ម៉ាទីន លូស័រឃីង បានចូលរៀននៅអាយុត្រឹមតែ៥ឆ្នាំ។ ក្នុងពេលសិក្សាតាំងពីក្មេងមក លោកត្រូវបានគេសម្គាល់ថា លោកគឺមានភាពឆ្លាតវ៉ៃក្នុងការសិក្សាជាងក្មេងៗផ្សេងៗទៀត ដែលបានសិក្សាជាមួយ។

លុះដល់អាយុ១៥ឆ្នាំលោកក៏បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ បន្ទាប់មកលោកក៏បានបន្តរចូលសិក្សាក្នុងថ្នាក់មហាវិទ្យាល័យ ម័រហៅ (Morehouse) ដោយលោកបានជ្រើសរើសផ្នែកសង្គមវិជ្ជា ហើយក៏បានបញ្ចប់ការសិក្សានៅឆ្នាំ១៩៤៨។ សូមបញ្ជាក់ផងដែរថា សាលារៀនដែលលោក ម៉ាទីន លូស័រឃីង សិក្សានោះ គឺជាសាលាដែលបើកសម្រាប់តែជនជាតិស្បែកខ្មៅសិក្សាតែប៉ុណ្ណោះ។ ពីព្រោះតែថាជំនាន់នោះនៅអាមេរិក បានតម្រូវអោយមានការបែងចែកនៅតំបន់សម្រាប់ជនជាតិស្បែកខ្មៅ និង ជនជាតិស្បែកស។

ពោលគីអ្វីៗមិនអាចប្រើប្រាស់រួមគ្នាបានឡើយ ដូចជានៅតាមភោជនីយដ្ឋាន ឬ នៅតាមមធ្យោបាយធ្វើដំណើរផ្សេងៗ ត្រូវតែមានការបែងចែករវាងក្រុមស្បែកខ្មៅ និង ស្បែកស ដូចជាបានបញ្ជាក់ខាងលើ។ ក្រោយមកលោកក៏បានចូលសិក្សានៅសកលវិទ្យាល័យ ប៊ូស្តុន ដោយសិក្សាលើផ្នែកប្រព័ន្ធច្បាប់សាសនា ហើយទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅឆ្នាំ១៩៥៥។

ជាការកត់សម្គាល់ លោក ម៉ាទីន លូស័រឃីង មានទេពកោសល្យយ៉ាងខ្លាំងក្នុងការប្រើប្រាស់ពាក្យសម្ដីជជែកពិភាក្សាគ្នា ហើយលោកតែងតែទទួលបានងារជាសិស្សឆ្នើមជានិច្ច។ ក្នុងពេលដែល ម៉ាទីន​លូស៧រឃីង បានចូលសិក្សានៅសកលវិទ្យាល័យ ប៊ូស្ដុននោះ លោកក៏មានទំនាក់ទំនងជាមួយនឹងនារីម្នាក់ឈ្មោះ កូរិតា ស្កូត ហើយបានរៀបការជាមួយគ្នា មានកូន៤នាក់ ស្រីពីរនាក់​ ប្រុសពីរនាក់។

ការទាមទារសិទ្ធសេរីភាពជនជាតិស្បែកខ្មៅ

នៅឆ្នាំ១៩៥៤ លោក ម៉ាទីន លូស័រឃីង ជាអាចារ្យក្នុងវិហារមួយក្នុងរដ្ឋ អាឡាបាម៉ា ហើយលោកបានបញ្ចេញសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់សិទ្ធរបស់ប្រជាជនជាពិសេសជនជាតិស្បែកខ្មៅ។

នៅខែមិនា ឆ្នាំ១៩៥៥ មានករណីមួយបានកើតឡើង ដោយសារតែក្មេងស្រីជនជាតិស្បែកខ្មៅម្នាក់បានបដិសេធក្នុងការផ្ដល់កៅអីអោយទៅជនជាតិស្បកស ខណៈពេលកំពុងជិះរថយន្តក្រុង ដែលនោះគឺជាអំំពើខុសទៅនឹងច្បាប់របស់រដ្ឋ។​ ម្យ៉ាងវិញទៀតនៅខែធ្នូ ឆ្នាំដដែលនោះ ក៏មានករណីស្រដៀងគ្នាបានកើតឡើង ពោលគឺមានស្រ្តីជនជាតិស្បែកខ្មៅម្នាក់ត្រូវបានគេចាប់ខ្លួន ក្រោយពេលដែលស្ត្រីស្បែកខ្មៅរូបនោះ មិនព្រមប្រគល់កៅអីរថយន្តក្រុងទៅអោយជនជាតិស្បែកសអង្គុយ។

ក្រោយមក បើទោះបីជាសង្គមអាមេរិកបានផ្ដល់សិទ្ធសេរីភាពដល់គ្រប់បុគ្គល់ទាំងអស់ក្ដី ក៏ប៉ុន្តែវានៅជារឿងដែលមិនស្មើរភាពគ្នាដដែល ព្រោះទោះជាច្បាប់ចែងថាមានសិទ្ធស្មើគ្នា តែគ្រប់ជនជាតិស្បែកស និង ស្បែកខ្មៅ មិនអាចធ្វើដំណើររួមគ្នា ទៅបរិភោគអាហាររួមគ្នា ទៅសិក្សានៅសាលារួមគ្នានៅឡើយ ពោលគឺអ្វីៗសុទ្ធតែត្រូវ បែងចែកទាំងអស់រវាងក្រុមស្បែកស និង ស្បែកខ្មៅ។

ព្រឹត្តិការណ៍ដែលកើតឡើងខាងលើនេះ​បានធ្វើអោយ ម៉ាទីន លូស័រឃីង ក៏ដូចជាជនជាតិស្បែកខ្មៅដ៏ទៃទៀតប្រតិកម្មយ៉ាងខ្លាំង ហើយក៏មិនអាចស៊ូទ្រាំនូវច្បាប់នោះបានទេ។ ប៉ុន្តែលោកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ តើលោកអាចធ្វើយ៉ាងណាដើម្បីផ្លាស់ប្ដូរបាន?

ជាការពិត អ្វីដែលលោកធ្វើគឺបានងើបឡើងប្រឆាំងទៅនឹងអំពើរជុះជាន់មកលើជនជាិស្បកខ្មៅ។ លោក ម៉ាទីន លូស័រឃីង បានដឹកនាំប្រជាជនអាមេរិកស្បែកខ្មៅជាច្រើនពាន់នាក់ តវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាល ដើម្បីលុបបំបាត់ច្បាប់ជិះជាន់មកលើពួកគេជាច្រើនឆ្នាំមកនេះ។ បើទោះបីជាមានការតវ៉ាក្ដី លោក ម៉ាទីន លូស័រឃីង តែងតែប្រកាន់នូវគោលការណ៍អហឹង្សាជានិច្ច ពោលគឺការតវ៉ាទាំងនោះ លោកមិនដែលញុះញ៉ង់ ឬ​ ដឹកនាំអោយមានការបង្កើតជាជម្លោះដោយផ្ទុះនូវហឹង្សានោះទេ ព្រោះថាលោកបានប្រកាន់យ៉ាងជាប់លាប់ នូវទ្រឹស្ដីអហឹង្សារបស់សាសនាតាំងពីក្មេង។

ម្យ៉ាងវិញទឿលោកក៏ពេញចិត្តនិងយកគំរូតាមគោលការណ៍អហឹង្សារបស់មហាត្មៈ គន្ធីផងដែរ។ បន្តិចម្ដងៗ ចលានតវ៉ាបានងើបឡើងយ៉ាងសកម្មប្រឆាំងទៅនឹងការជិញជាន់លើសិទ្ធសេរីភាពជនស្បែកខ្មៅ។ លោក ម៉ាទីន​លូស័រឃីង បានធ្វើដំណើរទៅជាច្រើនកន្លែងនៅក្នុងសហរដ្ឋអាមេរិក ដើម្បីធ្វើសុន្ទរកថាបំផុសទឹកចិត្តជនជាតិស្បែកខ្មៅ អោយប្រឹងប្រែងតស៊ូ ដើម្បីសិទ្ធសេរីភាព។

ក្នុងនោះសម្ដីដែលប្រជាជនស្បែកខ្មៅក៏ដូចជាបណ្ដាប្រជាជននៅលើពិភពលោក​ ចាំមិនភ្លេច គឺឃ្លាមួយដែលលោកបាននិយាយ «I have Dream» ដែលជាភាសារខ្មែរមានន័យថា «ខ្ញុំមានក្ដីស្រម៉ៃមួយ»។ ឃ្លាមួយនេះលោកចង់រៀបរាប់អំពីសុបិនរបស់ជនជាតិស្បែកខ្មៅក្នុងការរំដោះខ្លួនពីការរើសអើង និង ការជិះជាន់គ្រប់រូបភាព។

ប៉ុន្តែយ៉ាងណាក៏ដោយ រាល់ការតវ៉ាដែលបានរៀបចំឡើងដោយ ម៉ាទីន លូស័រឃីង តែតែត្រូវបានអាជ្ញាធរធ្វើការបង្ក្រាបជាញឹកញាប់ ហើយលោកត្រូវបានគេចាប់ឃុំខ្លួនជាច្រើនដងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែទទួលរងនូវការគំរាមគំហែងដលអាយុជីវិតជាច្រើនដង តែលោកនៅតែមិនខ្លាចរអា និង បន្តយុទ្ធនាការទៅមុខទៀត។

ការតវ៉ាក្រោយការស្លាប់របស់ ម៉ាទីន លូស័រឃីង

នៅឆ្នាំ១៩៦៨ ខណៈពេលដែលលោក ម៉ាទីន លូស័រឃីង កំពុងតែឈរនៅមុខរានហាលនៃបន្ទប់របស់លោក មានបុរសម្នាក់បានលបលួចបាញ់ប្រហារបណ្ដាលអោយលោក ម៉ាទីន លូស័រឃីង បានស្លាប់បាត់បង់ជីវិតក្នុងវ័យ៣៩ឆ្នាំ។ ក្រោយពីមានករណីលបធ្វើឃាតនេះហើយ មានអ្នកគាំទ្រជាច្រើនបាននាំគ្នាងើបតវ៉ាយ៉ាងខ្លាំងក្លា ដើម្បីស្វែងរកយុត្តិធម៌ចំពោះរឿងរ៉ាវដលបានកើតឡើង។

ទោះបីជាលោកបានស្លាប់បាត់បងជីវិតទៅហើយក្ដី តែភាពអង់អាចក្លាហាននិងភាពល្បីល្បាញរបស់ នៅតែបន្សលើទុករហូតដល់ពេលបច្ចុប្បន្ន។ លោកបានទទួលពានរង្វាន់ណូប៊ែលសន្តិភាពក្នុងវ័ក្មេងជាងគេគឺអាយុ៣៥ឆ្នាំ។ ម្យ៉ាងវិញទៀតគចាត់ទុកលោកជាសកម្មជនសិទ្ធមនុស្សដ៏លេចធ្លោ ជាមេដឹកនាំអាមេរិកកាត់អាហ្វ្រិកដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ និង ជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោក។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.