
លោក លឺ ខឺជាង (Li Keqiang) គឺជាអ្នកនយោបាយចិនដ៏មានឥទ្ធិពលមួយរូប ដែលបច្ចុប្បន្ននេះកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ២ លើក គឺលើកទី១ ចាប់ពីឆ្នាំ២០១៣-២០១៨ និងលើកទី២ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។
អំពីកុមារភាព និងការអប់រំ
អនាគតនាយករដ្ឋមន្ត្រីចិនរូបនេះបានកើតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៥ ក្នុងទីក្រុងហឺហ្វី (Hefei) ខេត្តអានហួយ (Anhui)។ លោក លី បានបញ្ចប់ការសិក្សាពីវិទ្យាល័យហឺហ្វី នៅក្នុងឆ្នាំ១៩៧៤ អំឡុងពេលបដិវត្តវប្បធម៌ ហើយត្រូវបានបញ្ចូនទៅធ្វើជាកម្មករនៅឯជនបទក្នុងស្រុកហ្វឹងយ៉ាង (Fengyang) ខេត្តអានហួយ។
កន្លែងនោះហើយដែលគាត់បានចូលរួមជាមួយគណបក្សកុម្មុយនីស្តចិន ហើយក្លាយជាប្រធានក្រុមផលិតផលកសិកម្មក្នុងស្រុក។ កាលនោះ លោក លី ត្រូវបានគេផ្តល់ពានរង្វាន់កិត្តិយសបុគ្គលឆ្នើមក្នុងការសិក្សាទស្សនៈរបស់លោកប្រធាន ម៉ៅ សេទុង ផងដែរ។
ឪពុករបស់លោក លី គឺជាអតីតមន្ត្រីក្នុងក្រុងហឺហ្វី ហើយក៏មានតួនាទីសំខាន់ក្នុងជួរគណបក្សកាន់អំណាចក្នុងក្រុងនេះទៀតដែរ។ ឪពុករបស់លោក លី ចង់ឲ្យកូនហ្វឹកហ្វឺនខាងផ្នែកដឹកនាំគណបក្សដូចខ្លួន ប៉ុន្តែកូនប្រុសរូបនេះបដិសេធមិនធ្វើតាមឡើយ។ ផ្ទុយទៅវិញលោក លី បានចូលរៀនមុខវិជ្ជាច្បាប់នៅសាកលវិទ្យាល័យប៉េកាំង (Peking) ហើយទទួលបានបរិញ្ញាបត្រច្បាប់ និងក្លាយជាប្រធាននៃក្រុមប្រឹក្សានិស្សិតប្រចាំសាកលវិទ្យាល័យ។
លោក លី ថែមទាំងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាខាងសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៥ ក្រោមការដឹកនាំ និងប្រឹក្សាយោបល់ពីអ្នកសេដ្ឋកិច្ចដ៏ល្បីល្បាញឈ្មោះ លី យ៉ាង (Li Yang) ផងដែរ។ និក្ខេបទរបស់គាត់គឺទទួលបានពាន់រង្វាន់ស៊ុនយ៉ាហ្វាង (Sun Yafang) ដែលជាពានរង្វាន់លំដាប់ខ្ពស់បំផុតរបស់ចិនផ្នែកសេដ្ឋកិច្ចទៀតផង។
ក្នុងឆ្នាំ១៩៨២ លោក លី បានក្លាយជាលេខាធិការនៃសម្ព័ន្ធយុវជនកុម្មុយនីស្ត (CYL) របស់សាកលវិទ្យាល័យប៉េកាំង។ គាត់បានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់នៃអង្គការចាត់តាំងជាតិរបស់សម្ព័ន្ធយុវជនកុម្មុយនីស្តក្នុងឆ្នាំ១៩៨៣ ក្នុងនាមជាសមាជិកលេខាធិការដ្ឋាន ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ហ៊ូ ជីនតាវ (Hu Jintao) អតីតអគ្គលេខាធិការរបស់គណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនដែលជាមនុស្សមានឥទ្ធិពល ដោយសារធ្លាប់មានតំណែងក្នុងសម្ព័ន្ធយុវជនកុម្មុយនីស្តចិនពីមុន។ លោក លី បានក្លាយជាលេខាធិការលំដាប់ទីមួយរបស់អង្គការចាត់តាំងជាតិក្នុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨។
អំឡុងពេលកាន់តំណែងជាអភិបាលខេត្តហឺណាន
នៅក្នុងឆ្នាំ១៩៩៨ លោក លី បានក្លាយជាអភិបាលខេត្តរបស់ចិនដែលមានវ័យក្មេងបំផុត គឺនៅពេលដែលគាត់ត្រូវបានតែងតាំងជាអភិបាលខេត្តហឺណាន (Henan) នៅអាយុ៤៣ឆ្នាំ។ បើតាមមន្ត្រីខេត្តដែលធ្វើការជាមួយគាត់បានឲ្យដឹងថា លោក លី តែងតែបដិសេធមិនចូលរួមរាល់ពិធីជប់លៀង ឬកម្មវិធីធំៗទាំងឡាយណាដែលមិនពាក់ព័ន្ធនឹងសកម្មភាពរដ្ឋាភិបាល។
លោក លី ក៏ជាអ្នកធ្វើឲ្យសេដ្ឋកិច្ចខេត្តហឺណានរីកចម្រើនខ្លាំង ដោយសារការប្រែក្លាយតំបន់ក្រីក្រឲ្យទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ការវិនិយោគ។ ជាក់ស្តែង ខេត្តហឺណានបានឈរក្នុងចំណាត់នៃការសម្រេចបានផលិតផលក្នុងស្រុកសរុបជាតិពីលេខ ២៨ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកលេខ ១៨ ក្នុងឆ្នាំ២០០៤។
ក្រោយមកលោក លី ត្រូវគេផ្ទេរឲ្យទៅធ្វើជាលេខាធិការគណបក្សនៅខេត្តលាំងនីង (Liaoning) ក្នុងខែធ្នូ ឆ្នាំ២០០៤ ដោយទទួលតំណែងជាមន្ត្រីនយោបាយថ្នាក់ខ្ពស់ប្រចាំខេត្តនេះ។ ទីនោះហើយដែលគាត់ត្រូវបានគេស្គាល់តាមរយៈផែនការសំខាន់ឈ្មោះថា «Five-points to one Line» ហើយការងារដ៏ល្អរបស់គាត់សម្រាប់ខេត្តនេះ គឺតភ្ជាប់ទីក្រុងតាលាន (Dalian) និងទីក្រុងទែនទុង (Dandong) ក៏ដូចជាកំពង់ផែដទៃទៀតទៅក្នុងបណ្តាញដ៏ទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលំហូរពាណិជ្ជកម្ម។
លោក លី ទទួលបានភាពជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំការិយាល័យនយោបាយ (Politburo Standing Committee -PSC) ដែលជាគណៈកម្មាធិការមួយមានថ្នាក់ដឹកនាំកំពូលរបស់គណបក្សកុម្មុយនីស្តចិន (CCP) ក្នុងសមាជគណបក្សលើកទី១៧ ដែលបានប្រារព្ធឡើងនៅខែតុលា ឆ្នាំ២០០៧។
លោក លី ថែមទាំងបានជោគជ័យលើតំណែងប្រធានគណបក្សប្រចាំខេត្តលាំងនីងជំនួសលោក ចាង វិនយី (Zhang Wenye)។ អនាគតនយោបាយរបស់គាត់មានមតិខ្លះយល់ថា គាត់នឹងអាចក្លាយជាប្រធានាធិបតីទៀតផង ប៉ុន្តែស្របពេលជាមួយគ្នានោះ លោក ស៉ី ជីនភីង (Xi Jinping) ដែលទើបបញ្ចប់តំណែងពីប្រធានគណបក្សប្រចាំក្រុងសៀងហៃ ក៏បានធ្វើដំណើរមកកាន់រដ្ឋធានីប៉េកាំង ដើម្បីប្រជែងយកតំណែងអគ្គលេខាធិការគណបក្សផងដែរ។
ដូចលោក លី ដែរ លោក ស៉ី ជីនភីង ត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកុម្មុនីស្តចិន ក្នុងសមាជបក្សលើកទី១៧ ប៉ុន្តែលោក ស៉ី មានឋានៈខ្ពស់ជាងលោក លី ដែលជាការចង្អុលបង្ហាញថាលោកនឹងអាចស្នងតំណាងអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជំនួសលោក ហ៊ូ ជីនតាវ បាន។
ដូចការសន្និដ្ឋានមែន តំណែងខ្ពស់បំផុតរបស់គណបក្សកុម្មុយនីស្តចិន ត្រូវធ្លាក់លើលោក ស៉ី ជីនភីង នៅក្នុងសមាជជាតិប្រជាជនចិន (NPC) លើកទី១១ នៅខែមីនា ឆ្នាំ២០០៨ ខណៈតំណែងលោកមួយទៀតនៅពេលនោះ ជាអនុប្រធានាធិបតីក្នុងរដ្ឋបាលរបស់លោក ហ៊ូ ជីនតាវ។ ចំណែកឯលោក លី ត្រូវបានគេបោះឆ្នោតឲ្យធ្វើជាឧបនាយករដ្ឋមន្ត្រី នៅក្នុងសមាជជាតិប្រជាជនចិនលើកនោះដែរ មុនក្លាយជានាយករដ្ឋមន្ត្រីចិនលើកទី១ នៅឆ្នាំ២០១៣ និងលើកទី២ នៅឆ្នាំ២០១៨។
ជីវិតផ្ទាល់ខ្លួន
លោក លី បានរៀបការជាមួយលោកស្រី ឆឹង ហុង (Cheng Hong) ដែលជាសាស្ត្រាចារ្យភាសាអង់គ្លេសនៃសាកលវិទ្យាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងរដ្ឋធានីប៉េកាំង។ ឪពុកក្មេករបស់គាត់ គឺជាអតីតអនុលេខាធិការនៃលេខាធិការរដ្ឋានសម្ព័ន្ធយុវជនកុម្មុយនីស្ត នៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តចិន។
គួរកត់សម្គាល់ថា ចំណងអាពាហ៍ពិពាហ៍របស់លោក លី និងភរិយា ទទួលបានកូនស្រីម្នាក់ (រៀននៅសហរដ្ឋអាមេរិក) ប៉ុន្តែកូនស្រីរូបនេះមិនត្រូវបានបង្ហាញព័ត៌មានជាសាធារណៈទេ។
លោក លី តមការទទួលទានគ្រឿងស្រវឹង ដោយសារមានបញ្ហាសុខភាពជាប្រចាំ។ បើតាមរបាយការណ៍មួយដែលបានផ្សាយនៅទីក្រុងហុងកុងឲ្យដឹងថា «លោក លី កើតជំងឺរលាកថ្លើមប្រភេទ B នៅពេលដែលគាត់ត្រូវបានបញ្ជូនឲ្យទៅធ្វើជាកម្មករនៅតំបន់ជនបទ កាលពីអំឡុងពេលបដិវត្តវប្បធម៌»៕