
កូកាកូឡា គឺជាភេសជ្ជៈដ៏ពេញនិយមមួយ ដែលទទួលបានប្រជាជាប្រិយភាព ដោយមានអ្នកទទួលទានទូទាំងពិភពលោក សូម្បីតែប្រទេសកម្ពុជាក៏មានអ្នកចូលចិត្តនៅរស់ជាតិដ៏ពិសេសពីភេសជ្ជៈមួយនេះផងដែរ។ ភេសជ្ជៈកូកាកូឡាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៨៦ ពោលគឺជាង១១៥ឆ្នាំមុនពេលបច្ចុប្បន្ន ដោយលោកវេជ្ជបណ្ឌិត John S. Pemberton មានទីលំនៅក្នុងរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ worldofcoca-cola.com។
តាមពិតទៅ គោលបំណងរបស់លោក គឺចង់ផលិតទឹកភេសជ្ជៈផ្អែមឆ្ងាញ់ម្យ៉ាងសម្រាប់លក់នៅតាម Soda Fountains ។ កាលពីសម័យនោះ Soda Fountains គឺជាកន្លែងដែលមនុស្សនានាអាចជួបជុំគ្នា ដើម្បីជជែកកម្សាន្ត និងហូបភេសជ្ជៈ ស្រដៀងគ្នានឹងហាងកាហ្វេសព្វថ្ងៃដែរ។
លោក Frank M. Robinson ដែលជាអ្នកលក់សៀវភៅ និងជាមិត្តម្នាក់របស់លោក Pemberton បានដាក់ឈ្មោះ និងរចនាម៉ូតរកូកាកូឡាដែលគេបានឃើញមកដល់សព្វថ្ងៃ។ កាលពីជាងមួយរយឆ្នាំមុននោះ កូកាកូឡាត្រូវបានគេកត់ត្រាថា មានអ្នកផឹកប្រមាណតែប្រាំបួនកែវប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្រុងអាត្លង់តា។
តែសព្វថ្ងៃ ជុំវិញពិភពលោក កូកាកូឡាមានអ្នកបរិភោគប្រមាណជាង១.៩ពាន់លានដងក្នុងមួយថ្ងៃ។ ក្រោយមក លោក Pemberton បានលក់ភាគហ៊ុនរបស់លោកទៅកាន់អ្នកជំនួញជាច្រើនទៀត នៅពេលដែលគាត់ទទួលមរណភាពក្នុងឆ្នាំ១៨៨៨។
ដោយមានតម្រូវការច្រើនលើសលុប ក្រុមហ៊ុនកូកាកូឡាបានបង្កើតរោងចក្រវេចខ្ចប់ដោយខ្លួនឯងក្នុងឆ្នាំ១៨៩៤ រួចលក់ចេញទីក្រៅទីក្រុងអាត្លង់តា។ ក្នុងឆ្នាំ១៩១៦ កូកាកូឡាបានផលិតដបរបស់ខ្លួនដែលមានលក្ខណៈប្លែកពីដបភេសជ្ជៈដទៃទៀត ងាយស្រួលក្នុងការចំណាំ និងកាន់។
ក្នុងឆ្នាំ១៨៨៧ បានទាក់ទាញទីផ្សាររបស់អតិថិជនដោយចែកភេសជ្ជៈមួយនេះដោយឥតគិតថ្លៃសម្រាប់អ្នកពិសារដំបូង។ វាមិនមែនជារឿងថ្មីសម្រាប់ពេលបច្ចុប្បន្ននោះទេ តែកាលពីសម័យនោះ ការទាក់ទាញទីផ្សារបែបនេះមិនមែនជារឿងសាមញ្ញនោះទេ។
ក្រោយមក អ្នកដែលបានភ្លក់ បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរសជាតិរបស់វា។ នៅក្នុងអំឡុងជាង៥០ឆ្នាំចុងក្រោយ កូកាកូឡាបានពង្រីកឈ្មោះរបស់ខ្លួនតាមរយៈបណ្តាញទូរទស្សន៍ជាច្រើនជុំវិញពិភពលោក។ គ្រឿងផ្សំសំខាន់នៃរសជាតិរបស់កូកាកូឡានៅតែជាអាថ៌កំបាំងសំងាត់ ដែលមនុស្សភាគច្រើនមិនអាចដឹង។
រហូតមកដល់ពេលបច្ចុប្បន្ននេះ កូកា កូឡា នេះត្រូវបានកែប្រែរូបរាង រស់ជាតិជាច្រើនដើម្បីបំពេញសេចក្ដីត្រូវការរបស់អថិជនរបស់ខ្លួន នៅពាសពេញពិភពលោក៕