ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ជាសាស្ត្រាចារ្យរបាំដ៏អស្ចារ្យ

កុមារភាព និង ការងារក្នុងផ្នែកសិល្បះ

សម្តេចព្រះរៀម ព្រះករុណា នរោត្តម បុប្ផាទេវី ទ្រង់ប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់គឺជាព្រះរាជបុត្រីច្បង របស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ដែលជាបិតាឯករាជ្យ បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីខ្មែរ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ។

នៅក្នុងព្រះជន្ម១៥ព្រះវស្សាព្រះអង្គទ្រង់បានក្លាយជាអ្នករបាំព្រះរាជទ្រព្យដំបូងនៅក្នុងព្រះបរមរាជវំាង។ក្នុងព្រះជន្ម១៨ព្រះវស្សាព្រះអង្គបានទទួលពានរង្វាន់ខាងរបាំបាឡេថែមទៀតផង។ ក្រៅពីនេះព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់ក៏ធ្លាប់ជាសាស្រ្តចារ្យរបាំបុរាណ និង វប្បធម៌នៅក្នុងប្រទេសកម្ពុជា ហើយទ្រង់ក៏ធ្លាប់ជារដ្ឋមន្រ្តី និង ទីប្រឹក្សានៅក្នុងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈផងដែរ។

នៅក្នុងឆ្នាំ២០០១សម្តេចព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់បានទទួលគ្រឿងឥស្សរិយយសពីសម្ដេចព្រះមហាក្ស័ត្រីយ៍កុសុមៈនារីរ័ត្នសេរីវឌ្ឍនា។ លើសពីនេះទៅទៀតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៤ ព្រះអង្គត្រូវបានតំឡើងងារជា «សម្ដេចរាជបុត្រីព្រះរៀម»។

នៅក្នុងឆ្នាំ២០១៣ សម្តេចព្រះរាជបុត្រីច្បង ទ្រង់ត្រូវបានទទួលតំណែងជា«ទេពនាថវដ្តីឯក»ពីព្រះរាជក្រឹត្យស្ដីពីការតែងតាំងមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាដែលនៅក្នុងមួយជីវិតរបស់ព្រះអង្គទ្រង់មានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ ជាពិសេសចំពោះសិល្បៈ វប្បធម៌ អរិយធម៌កម្ពុជា រហូតដល់ទ្រង់ទទួលបានគោរមងារជា ទេពនាថវដ្ដីឯក ដែលជាជាតួឯកក្នុងរបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងពិភពលោក។

ក្រៅពីនេះសម្តេចព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់ក៏ធ្លាប់ជាអនុប្រធានកាកបាទក្រហមជាតិ កម្ពុជាហើយក៏ធ្លាប់ជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រិយ៍និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញាផងដែរ។

ក្នុងព្រះជន្ម៧២ព្រះវស្សាព្រះអង្គទ្រង់បានទទួលព្រះគោរមងារមួយដែលថ្វាយដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជាថា “មរតកមនុស្សរស់” ។ លើសពីនេះទៅទៀតស្នាព្រះហស្ថរបស់ព្រះអង្គត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃការសម្តែងរបស់ទ្រង់ និង ការខិតខំប្រឹងប្រែងថែរក្សាសិល្បៈវប្បធម៌របស់ទ្រង់ក៏ដូចជាការចែករំលែកនូវចំណេះដឹងទាំងនេះដល់យុវជនជំនាន់ក្រោយ ។

បកមកនិយាយពីជីវិតគ្រួសាររបស់ព្រះអង្គវិញ សម្តេច ព្រះរៀម នរោត្តមបុប្ផាទេវី ទ្រង់បានរៀបអភិសេកចំនួន ៤លើក ដែលលើកដំបូងគឺនៅក្នុងឆ្នាំ ១៩៥៩ ក្នុងព្រះជន្ម១៥ព្រះវស្សា ព្រមទាំងមានព្រះរាជបុត្រា បុត្រីទាំងអស់ចំនួន ៥អង្គ។

ការចូលសោយទីវង្គត់

មកដល់ថ្ងៃច័ន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់បានយាងចូលទិវង្គត់ ក្នុងព្រះជន្មាយុ ៧៦ព្រះវស្សា នៅឯមន្ទីរពេទ្យទីក្រុងបាងកក ព្រះរាជាណាចក្រថៃ វេលាម៉ោង ១២ និង៣០នាទី ដោយរោគជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គ បានយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃអង្គារទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានប្រជាជនជាច្រើនរងចាំទទួលយ៉ាងច្រើនកុះករ បន្ទាប់ពីនោះព្រះបរមសពរបស់សម្តេចព្រះរាជបុត្រីនរោត្តមបុប្ផាទេវី ត្រូវបានដង្ហែរបន្តមកកាន់វត្តបទុមវតីរាជវរារាម ខាងត្បូងព្រះបរមរាជវាំង ដើម្បីប្រារព្ធពិធីទក្ខិណានុប្បទានថ្វាយតាមព្រះពុទ្ធសាសនា និង ព្រះបរមរាជបវេណី។

នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃអនុវត្តនូវសេចក្តីប្រកាសណែនាំជាផ្លូវការរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមគោលការណ៍សំខាន់ចំនួន៣ចំណុចធំៗ ដែល ទី១ គឺ ចាត់ទុកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ឬ ឯគ្រប់គ្រឹះស្ថានសិក្សា និង ស្ថាប័នជាតិ និង អន្តរជាតិទាំងអស់ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល។ ចំណែកឯគ្រប់ស្ថាប័ន្ថទូរទស្សន៍ និង វិទ្យុទាំងអស់ត្រូវផ្អាកការចាក់ផ្សាយនូវកម្មវិធីដែលមានលក្ខណៈសប្បាយៗនៅក្នុងថ្ងៃទី ២០ ខែវិច្ឆិកានោះផងដែរ៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.