
តាមការពិត “កុំព្យូទ័រ” បើគិតទៅតាមន័យទូលាយ បានចាប់កំណើតឡើងតាំងពីមុនសម័យកាលរបស់ អាឡាន់ ធួរីងមកម៉្លេះ។ កុំព្យូទ័រ តាមភាសាអង់គ្លេស “Computer” គឺមានន័យថា “អ្នកគណនា”។ កាលពីសម័យបុរាណ ពាក្យថា “កុំព្យូទ័រ” ត្រូវបានគេប្រើសំដៅលើមនុស្សដែលធ្វើការក្នុងមុខងារជាអ្នកគណនាលេខ។
ក្រោយមក គេបានបង្កើតជាម៉ាស៊ីនសម្រាប់ធ្វើការគណនាជំនួសមនុស្ស ដែលគេឲ្យឈ្មោះថា “ម៉ាស៊ីនកុំព្យូទ័រ” ឬ “កុំព្យូទ័រ” ក៏ប៉ុន្តែ “កុំព្យូទ័រ” កាលពីសម័យបុរាណនោះ មានលក្ខណៈខុសប្លែកគ្នាយ៉ាងដាច់ឆ្ងាយ ពីកុំព្យូទ័រសម័យទំនើប ដែលយើងស្គាល់ នៅក្នុងពេលបច្ចុប្បន្ននេះ។
ជាទូទៅ គេកំណត់ថា កុំព្យូទ័រសម័យបុរាណចាប់កំណើតឡើង តាំងពីឆ្នាំ១៨០១ នៅពេលដែលកូនជាងតម្បាញសូត្រម្នាក់ នៅទីក្រុងលីយ៉ុង ប្រទេសបារាំង គឺ លោក យ៉ូសែហ្វម៉ារី ហ្សាការ (Joseph Marie Jacquard) បានបង្កើតម៉ាស៊ីនត្បាញមួយប្រភេទ ដែលអាចឲ្យគេកំណត់បានដោយស្វ័យប្រវត្តិនូវសណ្ឋាន ឬរូបភាព (គោម) ដែលត្រូវត្បាញចេញនៅលើក្រណាត់។

សណ្ឋាន ឬ រូបភាពប្លែកៗគ្នាអស់ទាំងនោះត្រូវកំណត់ដោយកាតដែលគេយកទៅចោះជាប្រហោងក្នុង ទម្រង់ខុសៗគ្នា (Carte perforée/Punching card) ហើយម៉ាស៊ីនត្បាញតែមួយ អាចឲ្យគេត្បាញក្រណាត់ដែលមានសណ្ឋាន ឬរូបភាពខុសៗគ្នា ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរកាត (Carte perforée/Punch Card) នេះ។
ជាង២០ឆ្នាំក្រោយមកទៀត នៅឆ្នាំ១៨២២ គណិតវិទូអង់គ្លេសម្នាក់ឈ្មោះ ឆាលស៍ បាប៊ិច (Charles Babbage) បានបង្កើតនូវម៉ាស៊ីនកុំព្យូទ័រមួយប្រភេទទៀត ដែលជាម៉ាស៊ីនម៉េកានិច ដើរដោយថាមពលចំហាយទឹក ហើយដែលអាចធ្វើការគណនាលេខដោយស្វ័យប្រវត្តិ។
នៅឆ្នាំ១៨៩០ វិស្វករអាមេរិកម្នាក់ឈ្មោះ ហឺមែន ហូលរីត (Herman Hollerith) បានបង្កើតម៉ាស៊ីនគណនាមួយប្រភេទថ្មីទៀត ដែលដើរដោយថាមពលអគ្គិសនី សម្រាប់យកទៅប្រើ ក្នុងការគណនាធ្វើជំរឿនប្រជាជនអាមេរិក។
កុមារភាព
អ្នកវិទ្យាសាស្ត្រអង់គ្លេសឈ្មោះ Alan Turing ដោយមានឈ្មោះពេញថា Alan Mathison Turing បានកើតនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩១២ នៅ Maida Vale ទីក្រុងឡុងប្រទេសអង់គ្លេស។
នៅវ័យក្មេងគាត់បានបង្ហាញសញ្ញានៃភាពវៃឆ្លាតខ្ពស់ដែលលោកគ្រូៗរបស់គាត់មួយចំនួនធំបានសរសើរ និង បានទទួលស្គាល់ពីសមត្ថភាពរបស់លោក អាឡែន ធួរិង ជាខ្លាំង ដែលខុសពីក្មេងៗផ្សេងៗទៀត។ នៅពេលលោក ធូ រីង បានចូលរៀននៅសាលា Sherborne ដែលលោកមានអាយុ ១៣ឆ្នាំ។ គាត់ក៏បានចាប់អារម្មណ៍ទៅលើជាពិសេសផ្នែកគណិតវិទ្យា និង វិទ្យាសាស្ត្រ។
ទ្រឹស្ដីវិទ្យាសាស្ត្រកុំព្យូទ័រ
ម៉ាស៊ីនគណនា ឬ ម៉ាស៊ីនកុំព្យូទ័រអស់ទាំងនោះ ត្រូវបានគេយកមកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ជំនួសការងាររបស់មនុស្ស ក៏ប៉ុន្តែ ទោះជាយ៉ាងណា ជាទូទៅ គេនៅតែមិនទាន់ចាត់ទុកម៉ាស៊ីនអស់ទាំងនោះថាជា ម៉ាស៊ីនកុំព្យូទ័រ ដូចក្នុងសម័យទំនើបនៅឡើយទេ ដោយសារតែម៉ាស៊ីនគណនាកាលពីសម័យបុរាណនោះ គឺជាម៉ាស៊ីនដែលមានមុខងារពិសេសខុសៗគ្នា ហើយប្រើបានតែនៅក្នុងការងារជាក់លាក់ណាមួយ គឺម៉ាស៊ីនត្បាញប្រើបានតែនៅក្នុងការកំណត់សណ្ឋាន ឬរូបភាពលើក្រណាត់ ហើយម៉ាស៊ីនគណនាលេខ ប្រើបានសម្រាប់តែការគណនាលេខ មិនមែនជាម៉ាស៊ីនកុំព្យូទ័រ ដែលមានលក្ខណៈទូទៅ និងទូលំទូលាយនៅឡើយ។

នៅឆ្នាំ១៩៣៦ នៅក្នុងពេលកំពុងធ្វើការជាអ្នកស្រាវជ្រាវ នៅឯសកលវិទ្យាល័យខេមប៊្រិច (University of Cambridge) អាឡាន់ ធួរីង បានសរសេរ និងចុះផ្សាយ នូវទ្រឹស្តីដ៏សំខាន់មួយ អំពីការបង្កើតម៉ាស៊ីនគណនាមួយប្រភេទ ដែលមានលក្ខណៈសកល មានសមត្ថភាពអាចធ្វើការគណនាគ្រប់អ្វីៗទាំងអស់ដែលអាចគណនាបាន ហើយដែលអាចធ្វើឲ្យដំណើរការនូវរាល់កម្មវិធី (Programme) ដែលគេបញ្ចូលទៅក្នុងមេម៉ូរី (Memory) របស់វា។
ទ្រឹស្តីដែល អាឡាន់ ធួរីង សរសេរនៅឆ្នាំ១៩៣៦នោះ ត្រូវបានគេចាត់ទុកថាជាចំណុចចាប់ផ្តើម និងជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត នៅក្នុងវិទ្យាសាស្រ្តកុំព្យូទ័រសម័យទំនើប ដែលយើងបន្តប្រើប្រាស់រហូតមកទល់នឹងពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែ នៅពេលនោះ អាឡាន់ ធួរីង សរសេរតែទ្រឹស្តីនៅលើក្រដាសតែប៉ុណ្ណោះ ដោយមិនបានបង្កើតជាម៉ាស៊ីនកុំព្យូទ័រ ទៅតាមទ្រឹស្តីដែលលោកបានសរសេរនេះទេ។
ចាប់ពីឆ្នាំ១៩៣៩ អង់គ្លេស ក៏ដូចជាពិភពលោកទាំងមូល ត្រូវធ្លាក់ទៅក្នុងសង្រ្គាមលោកលើកទី២ ហើយអាឡាន់ ធួរីង បានចូលបម្រើការងារឲ្យរដ្ឋាភិបាលអង់គ្លេស ដោយទទួលបេសកកម្មជាអ្នកសិក្សាស្វែងរកវិធីបំបែកសារសម្ងាត់របស់អាល្លឺម៉ង់។ បេសកកម្ម ដែលអាឡាន់ ធួរីងធ្វើបានដោយជោគជ័យ ដោយបានបង្កើតនូវម៉ាស៊ីនដែលមានសមត្ថភាពក្នុងការគណនា និងបំបែកកូតសម្ងាត់របស់អាល្លឺម៉ង់ គឺប្រព័ន្ធ Enigma ដែលកាលណោះ មានឈ្មោះល្បីថា ជាប្រព័ន្ធសារសម្ងាត់ដ៏ស្មុគស្មាញគ្មានអ្នកណាអាចបំបែកបាន។
ការបង្កើតម៉ាស៊ីកុំទ្យូទ័រ
នៅក្រោយពេលដែលសង្រ្គាមលោកលើកទី២ត្រូវបិទបញ្ចប់ នៅឆ្នាំ១៩៤៥ អាឡាន់ ធួរីង បានងាកទៅផ្តោតការសិក្សាទៅលើការបង្កើតម៉ាស៊ីនកុំព្យូទ័រវិញ ដោយបានយកទ្រឹស្តី ដែលលោកបានសរសេរ កាលពីឆ្នាំ១៩៣៦ ទៅសរសេរលម្អិតចេញជាប្លង់ដែលបង្ហាញពីរបៀបបង្កើតម៉ាស៊ីនកុំព្យូទ័រ ដែលនៅពេលនោះ គេឲ្យឈ្មោះថា Automatic Computing Engine (ACE)។
ម៉ាស៊ីនកុំព្យូទ័រដែលអាឡាន់ ធួរីង បានគូរប្លង់នៅពេលនោះ ត្រូវបានគេចាត់ទុកថាជា ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើប និងដ៏មានល្បឿនលឿនដែលគេមិនធ្លាប់ជួបប្រទះពីមុនមក ក៏ប៉ុន្តែ ម៉ាស៊ីនកុំព្យូទ័រនេះក៏បានត្រឹមជាប្លង់លើក្រដាសតែប៉ុណ្ណោះដែរ ដោយសារតែក្រុមវិស្វករ នៅមន្ទីរពិសោធន៍ដែលអាឡាន់ ធួរីងធ្វើការនៅពេលនោះ នាំគ្នាធ្វើការវាយតម្លៃថា ម៉ាស៊ីនកុំព្យូទ័រ ដែលអាឡាន់ ធួរីង រចនាឡើងនេះ មានលក្ខណៈស្មុគស្មាញខ្លាំងពេកក្នុងការផលិត។
នៅទីបំផុតទៅ គឺក្រុមការងារមួយផ្សេងទៀត នៅឯសកលវិទ្យាល័យមែនឆេសធ័រ (University of Manchester) ដែលទទួលបានជោគជ័យក្នុងការផលិតម៉ាស៊ីនកុំព្យូទ័រ នៅឆ្នាំ១៩៤៨។ ម៉ាស៊ីនកុំព្យូទ័រនេះ ថ្វីដ្បិតតែមិនត្រូវបានផលិតឡើង ទៅតាមគំនូរប្លង់ដែលរចនាឡើងដោយអាឡាន់ ធួរីង ក៏ប៉ុន្តែ សកលវិទ្យាល័យមែនឆេសធ័របានទទួលស្គាល់ថា ទ្រឹស្តីដែលអាឡាន់ ធួរីងបានចុះផ្សាយ កាលពីឆ្នាំ១៩៣៦ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការសិក្សាស្រាវជ្រាវរបស់ពួកគេ ដែលឈានដល់ការផលិតកុំព្យូទ័រនេះឡើង។
នៅឆ្នាំ១៩៥១ អាឡាន់ ធួរីង ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិកនៃវិទ្យាស្ថានវិទ្យាសាស្រ្តដ៏ល្បីល្បាញបំផុតមួយ គឺរាជបណ្ឌិតសភាវិទ្យាសាស្រ្តអង់គ្លេស (The Royal Society)។ ក៏ប៉ុន្តែ ស្របពេលនឹងការទទួលបាននូវកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ដំណើរជីវិតរបស់អាឡាន់ ធួរីង ក៏ចាប់ផ្តើមធ្លាក់នៅក្នុងសភាពដ៏សែនដុនដាបផងដែរ។
ការស្លាប់របស់លោក អាឡាន់ ធូរីង
អាឡាន់ ធួរីង គឺជាអ្នកស្រឡាញ់ភេទដូចគ្នា ហើយនៅក្នុងអំឡុងពេលនោះ តាមច្បាប់របស់អង់គ្លេស ការស្រឡាញ់ភេទដូចគ្នា គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅពីរឆ្នាំ។ នៅឆ្នាំ១៩៥២ អាឡាន់ ធួរីង ត្រូវបានតុលាការកាត់ឲ្យជាប់ពិរុទ្ធ ពីបទស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែ តុលាការបានផ្តល់ជម្រើសពីរ ទីមួយត្រូវជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និង ទីពីរត្រូវទទួលការព្យាបាលដោយចាក់អ័រម៉ូនរយៈពេល ១២ខែ។
អាឡាន់ ធួរីង បានជ្រើសរើសយកការព្យាបាលដោយចាក់អ័រម៉ូន ដើម្បីចៀសពីពន្ធនាគារ ហើយអាចនៅបន្តធ្វើការសិក្សាស្រាវជ្រាវរបស់លោកជាបន្តទៀត។ ក៏ប៉ុន្តែ ពីរឆ្នាំក្រោយមក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៥៤ អាឡាន់ ធួរីង ដែលនៅពេលនោះមានអាយុ ៤១ឆ្នាំ (សល់តែពីរសប្តាហ៍ទៀតចូល ៤២ឆ្នាំ) ត្រូវបានគេរកឃើញដេកស្លាប់នៅក្នុងផ្ទះ ដោយត្រូវថ្នាំពុល។
រហូតមកទល់នឹងពេលនេះ គេនៅតែមិនអាចដឹងប្រាកដនៅឡើយទេ អំពីមូលហេតុនៃការស្លាប់របស់អាឡាន់ ធួរីង ក៏ប៉ុន្តែ តាមការសន្និដ្ឋានជាទូទៅ អាឡាន់ ធួរីង ផឹកថ្នាំពុលសម្លាប់ខ្លួនឯង ដោយសារតែមានបញ្ហាផ្លូវចិត្ត ដែលកើតចេញពីការព្យាបាលដោយចាក់អ័រម៉ូន។
ក្រោយមរណភាពរបស់ អាឡាន់ ធួរីង ទ្រឹស្តីរបស់លោកត្រូវបានគេយកទៅបន្តធ្វើការសិក្សា និងកែលម្អ បង្កើតជាម៉ាស៊ីនកាន់តែទំនើប ដែលគេច្រើនហៅថា “ម៉ាស៊ីនធួរីង” (Turing machine) ហើយដែលក្រោយមកបានវិវឌ្ឍទៅជាម៉ាស៊ីន ដែលយើងគ្រប់គ្នាហៅថា “កុំព្យូទ័រ” រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
នៅឆ្នាំ២០០៩ ៥៥ឆ្នាំក្រោយមរណភាពរបស់អាឡាន់ ធួរីង នាយករដ្ឋមន្រ្តីអង់គ្លេស គឺលោកហ្គរដុន ប្រោន (Gordon Brown) ថ្លែងក្នុងនាមរដ្ឋាភិបាលអង់គ្លេសទាំងមូល បានធ្វើការសូមទោសជាសាធារណៈ អំពីភាពអយុត្តិធម៌ដែលអង់គ្លេសបានធ្វើចំពោះអាឡាន់ ធួរីង ហើយ៤ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១៣ ទោសស្រឡាញ់ភេទដូចគ្នារបស់អាឡាន់ ធួរីង ត្រូវបានព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២ ចេញព្រះរាជក្រឹត្យលើកលែងចេញវិញទាំងអស់៕