
កាលបើគេនិយាយពីភាពជោគជ័យរបស់ Instagram គេនឹងនឹកទៅដល់ Kevin Systrom ដែលគាត់ជា ស្ថាបនិក និង នាយកប្រតិបត្តិរបស់ Instagram។
កុមារភាព និង ការអប់រំ
គាត់កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្នុងទីក្រុង Holliston រដ្ឋMassachusetts។ ម្តាយរបស់គាត់ នាយកប្រតិបត្តិផ្នែកទីផ្សារ នៅZipcar និង ឪពុករបស់គាត់ អនុប្រធាន នៅក្រុមហ៊ុន TJX។
កាលពីគាត់នៅសាលា គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការលេងហ្គែមវិដេអូ ទៅលើកុំព្យូទ័រ ហើយប្រភេទហ្គេមដែលគាត់ចូលចិត្តលេងនោះគឺហ្គេម Doom2 ដែលគាត់លេងវាបានល្អបំផុត។
អាយុមិនបានប៉ុន្មាន គាត់បានបង្កើតកម្មវិធីកុំព្យូទ័រ ដោយខ្លួនឯងមួយ ដើម្បីលេងសើចជាមួយមិត្តភក្តិរបស់គាត់ ដោយហេកចូលគណនីកម្មវិធី AOL Instant Messenger របស់ពួកគេ ដែលកាលនោះ AOL ជាសេវាកម្មផ្ញើរសារនៅលើអ៊ីនធឺណេតដ៏ពេញនិយមមួយ។
ក្តីស្រលាញ់របស់គាត់ ទៅលើ បច្ចេកវិទ្យាត្រូវបានរារាំង ដោយម្តាយរបស់គាត់ បើទោះបីជាយ៉ាងណាក៏ដោយ ការងាររបស់គាត់ ក៏មិនឃ្លាតឆ្ងាយពី បច្ចេកវិទ្យាប៉ុន្មានដែរ។
លោក Kevin គាត់ចាប់ផ្តើមជីវិតមហាវិទ្យាល័យរបស់គាត់ ដោយចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ បន្ទាប់មកគាត់បានផ្លាស់ប្តូរ ទៅរៀនផ្នែកកម្មវិធីវិស្វករវិទ្យាសាស្ត្រ គ្រប់គ្រងវិញ។ ព្រោះថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ មាននូវមុខវិជ្ជាច្រើនដែលគាត់ មិនសូវចូលចិត្ត បើប្រៀបទៅនឹងថ្នាក់វិស្វករវិទ្យាសាស្ត្រ គ្រប់គ្រង ដែលផ្តោតសំខាន់ទៅលើ មុខវីជ្ជាដែលអនុវត្ត ជាក់ស្តែង ដូចជា សេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាដើម។
ការចាប់ផ្ដើមការងារ
លោក Kevin គាត់ជាសិស្សម្នាក់ ក្នុងចំណោម១២នាក់ ដែលមានកិត្តិយសបំផុត បានចូលរួមពិធី Mayfield Fellows Program នៅសកលវិទ្យាល័យ Stanford វាជាកន្លែង ដែលគាត់បានភ្លក់នៅរសជាតិ ពីរបៀបបង្កើតអាជីវកម្មថ្មី (startup)។
ប៉ុន្មានឆ្នាំកន្លងផុតទៅ បន្ទាប់ពីគាត់បញ្ចប់ ថា្នក់បរិញ្ញាប័ត្រនៅក្នុងឆ្នាំ ២០០៦ លោក Kevin បានធ្វើការនៅក្នុង ក្រុមហ៊ុន Google រយ:ពេល៣ឆ្នាំ ដែលគាត់ចាប់ផ្តើមធ្វើការ ទាក់ទងទៅនឹងផលិតផលផ្សេងៗរបស់ Google ដូចជា Gmail, Google Calendar, Spreadsheet ជាដើម។
ពីរឆ្នាំបន្ទាប់់មក គាត់បានប្តូរដំណែងទៅជាអ្នកអភិវឌ្ឈន៍កម្មវិធី របស់ Google។ លោក Kevin តែងតែចាប់អារម្មណ៍ទៅលើ ការខ្វះចន្លោះរបស់សង្គម ប៉ុន្តែមិនដឹងយ៉ាងម៉េចដែរកាលណោះ ការគិតរបស់គាត់មួយចំនួនបានត្រឹមតែជាគំនិត។
ការចាប់ផ្ដើមបង្កើតអាជីវកម្ម
យ៉ាងណាក៏ដោយ នៅខែមករា ឆ្នាំ២០០៩ លោក Kevin គាត់បានសម្រេចចិត្ត ចាប់យកឱកាស ដោយបានចាប់ផ្ដើមអាជីវកម្ម ជាមួយនឹងវេបសាយ ដែលមានឈ្មោះថា nextstop.com ក្នុងតួនាទីជា អ្នកគ្រប់គ្រងផលិតផល នៅទីនោះ។ ហើយគាត់ក៏មិនបានបោះបង់ នូវការស្រលាញ់របស់គាត់ ទៅលើការថតរូប និង ការចែករំលែកពត៍មានផ្សេងៗទៅដល់សង្គមរបស់គាត់ឡើយ។

លោក Kevin គាត់បានចំណាយពេលទំនេរ របស់គាត់ធ្វើការកែសម្រួលកម្មវិធីរបស់គាត់ ដែលមានឈ្មោះថា Burbn ដែលវាជាកន្លែងចែករំលែក នូវរូបភាព។
គម្រោងរបស់ Burbn ត្រូវបានគាត់បង្ហាញដល់ Baseline Vetures និង Andreessen Horowitz នៅខែមករា ឆ្នាំ២០១០ វាគឺជាការបោះជំហានដល់ អស្ចារ្យបំផុត ដែលមិនបាន ២អាទិត្យផង គាត់ទទួលបានការវិនិយោគ ៥០០ ០០០ដុល្លារសហរដ្ឋអាមេរិក ពី Baseline Vetures និង Andreessen Horowitz។ Kevin គាត់ដឹងថា កម្មវិធីរបស់គាត់នឹងឆ្ពោះទៅរក ភាពជោគជ័យ គាត់ក៏បានស្វែងរកស្ថាបនិកម្នាក់ផ្សេងទៀត ដែលជាមិត្តភក្តិរបស់គាត់ មានឈ្មោះថា Mike Krieger។
បើទោះបីជា កម្មវិធីBurbn និង Foursquare វាមានទំនាក់ទំនងគ្នា ដើម្បីបំពេញនូវតម្រូវការ នៅក្នុងវិស័យបច្ចេកវិទ្យាក្តី ក៏អ្នកប្រើប្រាស់មិនសូវជាមានចំនួនច្រើនប៉ុន្មានដែរ។ ប៉ុន្តែអ្វីដែល ទាក់ទាញទៅដល់អ្នកប្រើប្រាស់ ដើម្បីមកចែករំលែកនូវ រូបភាពនៅក្នុងកម្មវិធីBurbn នេះ ព្រោះ Kevin គាត់គិតថាអ្នកប្រើប្រាស់របស់គាត់ត្រូវការ អ្វីដែលងាយស្រួល និង មិនស៊ាំញាំ ហើយគាត់ខិតខំធ្វើយ៉ាងណា កែលំអ ផ្ទាំងរបស់កម្មវិធីឱ្យមានការទាក់ទាញ។
នៅពេលមួយដែល Kevin គាត់ដើរនៅឆ្នេរ ជាមួយនឹងគូរដណ្តឹងរបស់គាត់ Nikole នាងបាននិយាយថា នាងមិនបានប្រើប្រាស់ កម្មវិធីរបស់គាត់ទេ ព្រោះតែគុណភាពរបស់រូបភាព វាមិនល្អទាល់តែសោះ នាងបានប្រាប់គាត់ទៀតថា គួរតែដាក់នូវ មុខងារមួយចំនួនដែលអាចកែលម្អរូបភាពទាំងនោះ។

នោះហើយគឺជាអ្វីដែលបំពេញទៅដល់ កម្មវិធី Burbn ជាមួយនឹងការផ្លាស់ប្តូរ យុគសម័យរបស់ iPhone ដែលបានបង្កើននូវគុណភាពកាមេរានៅលើ iPhone 4 បន្ថែមទៀត ដែលធ្វើឱ្យក្តីសង្ឃឹមរបស់ Kevin កាន់តែខិតជិតចូលមកដល់។ ពួកគេបានរៀបចំយុទ្ធសាស្រ្តថ្មីមួយទៀត ដែលមានរយ:ពេល ៨អាទិត្យ ដើម្បីកែលម្អនូវ កូដមួយចំនួន និងស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត។
ការបង្កើត Instagram
ការងារទាំងនោះ ត្រូវបានបញ្ចប់ នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១០ ដែលInstagram ត្រូវបានបង្ហាញទៅដល់ពិភពលោក។ ឈ្មោះថា Instagram នេះ គឺវាបានមកពីការផ្សំគ្នារវាងពាក្យថា Instant និង Telegram។
មិនដល់ ២ម៉ោងផង បន្ទាប់ពីការដាក់Instagram ឱ្យប្រើប្រាស់ជាសារធារណ: មានតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ដែលធ្វើឱ្យប្រព័ន្ធបណ្ដាញ របស់ពួកគេជូបនូវបញ្ហា ពួកគេត្រូវបន្តការងារ ពេញមួយយប់ដើម្បីជួសជុលប្រព័ន្ធបណ្ដាញ របស់ពួកគេ ឱ្យដំណើរការធម្មតាវិញ។

នៅកំឡុងពេល ២៤ម៉ោង Instagram មានអ្នកចុះឈ្មោះប្រើប្រាស់ រហូតទៅដល់ ២៥ ០០០នាក់ ពួកគេចូលចិត្តកម្មវិធីមួយនេះយ៉ាងខ្លាំង ដែលពួកគេអាច ថតរូបផុស ដោយមិនចាំបាច់ត្រូវការពត៍មានអ្វីច្រើន។ វាងាយស្រួលប្រើប្រាស់បំផុត គ្រាន់តែអ្នកអាច ចុចតាមដាន (Follow) មនុស្សដែលអ្នកចូលចិត្ត និង អាចផុសរូបរបស់ខ្លួនបាន។
Instagram បានក្លាយទៅជា កម្មវិធីដ៏ពេញនិយមមួយ សំរាប់ពិភពលោក ដែលត្រឹមតែរយ:ពេល ២ខែ មានអ្នកប្រើប្រាស់ ១លាននាក់, ១ឆ្នាំមានអ្នកប្រើប្រាស់ ១០លាននាក់ និងនៅខែកញ្ញា ឆ្នាំ២០១៧ មានអ្នកប្រើប្រាស់រហូតទៅដល់ ៨០០លាននាក់។ ហើយនឹងមានការគាំទ្រ ពីសំណាក់តារាល្បីជាច្រើន ដូចជា Justin Beiber ជាដើម។

Instagram គឺជាហានិភ័យមួយរបស់Mark Zuckerberg។ វត្តមានរបស់ Instagram ធ្វើឱ្យមានការដាក់ទម្ងន់យ៉ាងខ្លាំងទៅ ដល់Facebook។ នៅខណ:ពេលដែល មានការតាមទិញយក Instagram ពីសំណាក់ Jack Dorsey និង Ali Rowghani ដែលជា CEO របស់Twitter ក្នុងតម្លៃ ៥០០លានដុល្លារ។ ប៉ុន្តែ Kevin គាត់បានបដិសេធនឹងសំណើរមួយនេះ ហើយទទួលយកការដាក់ទុនបន្ថែមរបស់ Sequoia capital ដើម្បីអភិវឌ្ឍInstagram បន្ត។
លោក Mark បានដឹងពីរឿង ដែលលោក Kevin បដិសេធការតាមទិញរបស់ Jack Dorsey ហើយក៏បានឱ្យតម្លៃ Instagram បន្ថែម២ដង ពីលើតម្លៃរបស់ Jack Dorsey។ Instagram ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Facebook នៅខែមិនា ឆ្នាំ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារ ជាមួយនឹងបុគ្គលិកត្រឹមតែ ១៣នាក់ ប៉ុណ្ណោះ។
ហើយនៅនាពេលបច្ចុប្បន្ននេះ បណ្ដាញសង្គម Instagram មានតម្លៃច្រើនជាង ៥០ពាន់លានដុល្លារ។ ដែលមានលោក Kevin ជាអ្នកគ្រប់គ្រង រាល់គោលដៅ និង យុទ្ធសាស្រ្តថ្មីៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោមការដឹកនាំរបស់ Kevin ធ្វើឱ្យ Instagram លូតលាស់យ៉ាងឆាប់រហ័ស គាត់គឺជាបុរសមា្នក់ ជឿជាក់លើខ្លួនឯងបំផុត និង ប្រើប្រាស់ភាពឆ្នៃប្រឌិតរបស់ខ្លួន ដើម្បីដោះស្រាយនូវបញ្ហា។
លុះមកដល់ឆ្នាំ ២០១៨ លោក Mike និង Kevin ដែលជាស្ថាបនិក Instagram បានលាលែងពីតំណែង ដោយលេចឮពាក្យចចាមអារ៉ាមថា លោកទាំងពីរមានគំនិតមិនចុះសម្រុងជាមួយប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg។ បច្ចុប្បន្នបណ្ដាញ Instagram ត្រូវបានដឹកនាំលោក Adam Msseri ជាប្រធាន។
រាប់តាំងពីដាក់ឲ្យដំណើរការលើកដំបូងនៅឆ្នាំ ២០១០ រហូតមកដល់ទល់នឹងសព្វថ្ងៃ Instagram មានអ្នកប្រើប្រាស់ជាប្រចាំខែជិត ២ ប៊ីលាននាក់ នៅទូទាំងពិភពលោក។
ពានរង្វាន់ និង សមិទ្ធិផល
- ក្នុងឆ្នាំ ២០១២ លោក Kevin បានទទួលពានរង្វាន់ជា“ ស្ថាបនិកប្រចាំឆ្នាំ” លើកទី៦
- Kevin បានចែករំលែកពានរង្វាន់ ‘Webby Breakout Award’ ជាមួយសហស្ថាបនិក ‘Instagram’ ក្នុងឆ្នាំ ២០១២។
- គាត់ធ្លាប់ជាអ្នកទទួលពានរង្វាន់ CFMA Social Media Award ក្នុងឆ្នាំ ២០១៥ ។
ទស្សនៈដ៏ល្អទាំង១០របស់ Kevin Systrom
ដំបូន្មានល្អៗទាំង១០ របស់លោក Kevin Systrom ដើម្បីឱ្យលោកអ្នកបានសិក្សាឈ្វេងយល់៖
- “ លុះត្រាតែអ្នកធ្លាប់បានឆ្លងកាត់ភាពបរាជ័យទើបអ្នកអាចរកដំណោះស្រាយ ដ៏ត្រឹមត្រូវមួយបាន”។
- “ប្រសិនបើអ្នករកឃើញគំនិតក្នុងការបង្កើតឬចាប់ផ្តើមធ្វើអ្វីមួយ ចូរចាប់ផ្តើមវា នៅថ្ងៃនេះ!”។
- “អ្វីដែលមនុស្សម្នាក់បានប្រាប់អ្នកនិងអ្វីដែលពួកគេបានធ្វើ គឺពេលខ្លះវាមិន ដូចគ្នានោះទេ”។
- “គោលដៅនៃការបង្កើត Instagram របស់យើងគឺមិនមែនគ្រាន់តែជា កម្មវិធីចែករំលែករូបថតប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើជាវិធីមួយ ដែលអ្នកអាចចែករំលែកជីវិតនៃការរស់នៅរបស់អ្នកទៅកាន់ពិភពលោក”។
- “ផលិតផលដែលល្អបំផុតនៅលើពិភពលោក គឺតែងតែមានទស្សនៈ និងគោលបំណងពីម្ចាស់ផលិតផលនោះ ។ ដោយឡែកផលិតផលគ្មានគុណភាព គឺមិនមានទេ”។
- “ខ្ញុំតែងតែកោតសរសើរ និងស្ញប់ស្ញែងចំពោះបុគ្គលដែលជាសិល្បករ នៅក្នុងចក្ខុវិស័យរបស់ពួកគេ។ ពីព្រោះពួកគេយល់ថា ពួកគេបានបង្កើតតម្លៃពិតនៅក្នុងពិភពលោក”។
- “អ្នកត្រូវរកបុគ្គលណាដែលឱ្យតម្លៃទៅលើគំនិតរបស់អ្នក ពីព្រោះថាពួកគេនឹង ទទួលយកវា ហើយធ្វើឱ្យវាកាន់តែប្រសើរឡើង”។
- “ផលិតដែលមានគុណភាពល្អពិត មិនចាំបាច់ទាមទារការធ្វើទីផ្សារច្រើននោះទេពីព្រោះថា អតិថិជននឹងរត់មករកអ្នកដោយខ្លួនឯងៗ។
- “រាល់ការចាប់ផ្តើមអាជីវកម្មទាំងអស់ អ្នកគួរតែបង្កើតឱ្យត្រូវនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន”។
- “ខ្ញុំគិតថាប្រសិនបើអ្នកបង្កើតអាជីវកម្មរួចហើយអ្នកមិនគួរផ្លាស់ប្តូរគោលដៅ របស់អ្នកនោះទេ ពីព្រោះថាវានឹងធ្វើឱ្យអាជីវកម្មរបស់អ្នកខុសគោលដៅ”។