
វិបត្តិមីស៊ីលគុយបានៅឆ្នាំ១៩៦២ គឺជាចំណុចក្តៅបំផុតនៃសង្រ្គាមត្រជាក់ ដោយគូបដិបក្ខធំៗទាំងពីរ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង រហូតហៀបនឹងត្រូវផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។
អ្វីៗបានចាប់ផ្តើមឫសគល់ពីដំបូងកាលពីជាង៣ឆ្នាំមុន។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៩ ក្រុមឧទ្ទាមកុម្មុយនិស្ត ដឹកនាំដោយហ្វីដែល កាស្រ្តូ បានឡើងកាន់អំណាចនៅគុយបា ដោយបានផ្តួលរំលំមេដឹកនាំផ្តាច់ការ គឺឧត្តមសេនីយ៍ Fulgencio Batista ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ការដួលរលំនៃរបបផ្តាច់ការ Batista ត្រូវបានទទួលស្វាគមន៍ពីសំណាក់ប្រជាជនគុយបាជាទូទៅ ក៏ប៉ុន្តែ សម្រាប់អាមេរិក ដែលបានខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីប្រឆាំងនឹងការរីកសាយភាយនៃលទ្ធិកុម្មុយនិស្តនៅទូទាំងពិភពលោក ស្រាប់តែមកត្រូវបាត់បង់គុយបា ដែលជាប្រទេសស្ថិតនៅនឹងមាត់របងរបស់អាមេរិក ទៅក្នុងដៃកុម្មុយនិស្ត គឺជារឿងដែលមិនអាចទទួលយកបាន។
ហេតុដូច្នេះហើយបានជាក្រសួងការបរទេសអាមេរិក រួមជាមួយនឹងទីភ្នាក់ងារចារកិច្ច CIA បានព្យាយាមស្វែងរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីបណ្តេញហ្វីដែល កាស្រ្តូ ចេញពីអំណាច។ CIA ក៏បានចាប់ផ្តើមប្រមែរប្រមូលក្រុមប្រឆាំងគុយបា ដែលកំពុងនិរទេសខ្លួនក្នុងទឹកដីអាមេរិក ឲ្យមកបង្កើតជារដ្ឋាភិបាលនិរទេសមួយ ព្រមទាំងបានធ្វើការហ្វឹកហ្វឺន និងបំពាក់គ្រឿងសព្វាវុធដល់ពួកគេ ដើម្បីត្រៀមវាយផ្តួលរំលំរបបដឹកនាំ ហ្វីដែល កាស្រ្តូ។
ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនង រវាងអាមេរិក និងគុយបា កាន់តែមានសភាពតានតឹងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ហ្វីដែល កាស្រ្តូ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀត ហើយព្រមទាំងបានបណ្តេញក្រុមហ៊ុនធំៗរបស់អាមេរិកឲ្យឈប់រកស៊ី នៅគុយបា តាមរយៈយុទ្ធនាការជាតូបនីយកម្មក្រុមហ៊ុនបរទេស។
នៅខែមករា ឆ្នាំ១៩៦១ សហរដ្ឋអាមេរិកក៏បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយគុយបា ហើយត្រៀមចាប់ផ្តើមបើកប្រតិបត្តិការចូលឈ្លានពានគុយបា។ ប្រតិបត្តិការដែលត្រូវបានគេស្គាល់ជាទូទៅថា “ការឈ្លានពាននៅ Bay of Pigs”។ ផែនការឈ្លានពានទៅលើគុយបាត្រូវបានរៀបចំធ្វើដោយសម្ងាត់បំផុត ក៏ប៉ុន្តែ ដោយសារតែអ្នកនៅក្នុងរដ្ឋាភិបាលនិរទេសគុយបានមិនចេះលាក់ការណ៍សម្ងាត់ ផែនការឈ្លានពានរបស់ CIA ក៏ត្រូវបានលេចធ្លាយទៅដល់ភ្នាក់ងារចារកិច្ចគុយបា និង KGB របស់សូវៀត។
នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦១ យន្តហោះចម្បាំងអាមេរិកចំនួន ៨គ្រឿង ដែលត្រូវបានគេលាបពណ៌និងដោតទង់ជាតិរបស់រដ្ឋាភិបាលនិរទេសគុយបា បានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់គុយបា ដើម្បីជាការបើកផ្លូវសម្រាប់ការវាយលុកតាមជើងគោក។ ក៏ប៉ុន្តែ ប្រតិបត្តិការជំហានទីមួយនេះត្រូវទទួលបរាជ័យ ដោយសារតែគុយបាបានដឹងជាមុន ហើយបានជម្លៀសយន្តហោះចម្បាំងទាំងអស់ចេញពីទីតាំងដែលជាចំណុចស៊ីបរបស់អាមេរិក។
នៅយប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ មេសា ប្រតិបត្តិការដំណាក់កាលទីពីរក៏បានចាប់ផ្តើម ដោយកងកម្លាំងរដ្ឋាភិបាលនិរទេសគុយបា ដែលមានគ្នាប្រមាណជា ១ពាន់៥រយនាក់ បានបើកការវាយប្រហារចូលឈ្លានពានគុយបា ដោយវាយលុកចូលតាមឆកសមុទ្រ ដែលមានឈ្មោះថា “Bay of Pigs”។ ប្រតិបត្តិការដំណាក់កាលទីពីរនេះក៏ត្រូវទទួលបរាជ័យដែរ ដោយកងកម្លាំងរដ្ឋាភិបាលនិរទេសត្រូវបានទាហានរបស់ហ្វីដែល កាស្រ្តូ វាយឡោមព័ទ្ធជាប់នៅនឹងមាត់ឆ្នេរ ហើយត្រូវបង្ខំចិត្តទម្លាក់អាវុធចុះចាញ់។
គិតមកត្រឹមពេលនោះ ប្រតិបត្តិការឈ្លានពាននៅ Bay of Pigs ថ្វីដ្បិតតែអាមេរិកខិតខំលាក់បាំងក្លែងបន្លំថាជាជម្លោះផ្ទៃក្នុងគុយបា តែគ្រប់គ្នាសុទ្ធតែដឹងថា នេះគឺជាការឈ្លានពានដែលរៀបចំធ្វើឡើងដោយភ្នាក់ងារចារកិច្ចអាមេរិក។ ហើយបរាជ័យនៃប្រតិបត្តិការនេះ គឺជាភាពអាម៉ាស់ដ៏ធំមួយ សម្រាប់អាមេរិក ដែលនៅពេលនោះស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John Fitzerald Kennedy។
បរាជ័យនេះក៏បានបង្កនូវផលប៉ះពាល់យ៉ាងច្រើនដែរ ដល់នយោបាយអាមេរិក ក្នុងការប្រឆាំងនឹងចលនាកុម្មុយនិស្ត នៅក្នុងតំបន់អាមេរិកឡាទីន។ សកម្មភាពឈ្លានពានរបស់អាមេរិក នៅ Bay of Pigs បានធ្វើឲ្យហ្វីដែល កាស្រ្តូ ទទួលបាននូវការគាំទ្រកាន់តែខ្លាំង ហើយចលនាបដិវត្តន៍កុម្មុយនិស្តប្រឆាំងនឹងចក្រពត្តិអាមេរិកក៏ មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងដែរ ទាំងនៅក្នុងប្រទេសគុយបា និងនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀត នៅអាមេរិកឡាទីន។
លើសពីនេះទៅទៀត សកម្មភាពឈ្លានពានរបស់អាមេរិកបានរុញហ្វីដែល កាស្រ្តូ ឲ្យខិតទៅកៀកនឹងសហភាពសូវៀតកាន់តែខ្លាំងឡើងថែមទៀត ដោយសារតែមេដឹកនាំកុម្មុយនិស្តគុយបាចង់ស្វះស្វែងរកការការពារពីសំណាក់សូវៀត ដើម្បីទប់ទល់នឹងការឈ្លានពានណាមួយថ្មីទៀតរបស់អាមេរិក។
ដោយសារតែក្តីបារម្ភជាប្រចាំ ខ្លាចទទួលរងនូវការឈ្លានពានសាជាថ្មីពីអាមេរិកនេះហើយ ទើបនៅខែឧសភា ឆ្នាំ១៩៦២ (មួយឆ្នាំក្រោយការឈ្លានពានរបស់អាមេរិកនៅ Bay of Pigs) ហ្វីដែល កាស្រ្តូ បានព្រមព្រៀងជាមួយលោក នីគីតា គ្រូឆេវ ឲ្យសហភាពសូវៀតដំឡើងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅលើទឹកដីគុយបា។
សម្រាប់មេដឹកនាំសហភាពសូវៀត ការដំឡើងមីស៊ីលនុយក្លេអ៊ែរនៅគុយបា គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនុយក្លេអ៊ែររបស់អាមេរិក ដែលកំពុងមានប្រៀបលើសូវៀត តាមរយៈការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបខាងលិច។
គិតត្រឹមឆ្នាំ១៩៦១ មីស៊ីលជាង ១០០ដើម ត្រូវបានអាមេរិកដំឡើងនៅក្នុងប្រទេសអ៊ីតាលី និងតួកគី ដោយមីស៊ីលនីមួយៗសុទ្ធតែអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ទៅដល់ក្រុងម៉ូស្គូ។ សូវៀតវិញ មានមីស៊ីលតែ ២០ដើមប៉ុណ្ណោះ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ទៅលើទឹកដីសហរដ្ឋអាមេរិកបាន គឺជាមីស៊ីលអន្តរទ្វីប ដែលត្រូវបាញ់ចេញពីទឹកដីសូវៀត។
ហើយដែលមិនសូវជាមានប្រសិទ្ធភាពក្នុងការបាញ់ឲ្យចំទិសដៅ ដោយសារតែនៅពេលនោះ បច្ចេកវិទ្យាមីស៊ីលអន្តរទ្វីបរបស់សូវៀតមិនទាន់ជឿនលឿនគួរឲ្យទុកចិត្តបាន ១០០% នៅឡើយ។ ដូច្នេះ ការដំឡើងមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម នៅក្នុងទឹកដីគុយបា ក្បែរសហរដ្ឋអាមេរិក គឺជាឱកាសល្អមួយឲ្យសហភាពសូវៀតស្វែងរកតុល្យភាពកម្លាំងទ័ពនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិក។
ហ្វីដែល កាស្រ្តូវិញ យល់ថា ការដំឡើងមីស៊ីលនុយក្លេអ៊ែរនៅលើទឹកដីគុយបា គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីកំញើញអាមេរិកកុំឲ្យបើកការឈ្លានពានទៅលើគុយបាសាជាថ្មីម្តងទៀត។ ក៏ប៉ុន្តែ សម្រាប់សហរដ្ឋអាមេរិក វត្តមានមីស៊ីលនុយក្លេអ៊ែរសូវៀតនៅគុយបា ដែលមានចម្ងាយប្រមាណតែជាង ១០០គីឡូម៉ែត្រពីរដ្ឋ Florida គឺជាការគំរាមកំហែងដ៏ធំបំផុត សម្រាប់សន្តិសុខជាតិ ដែលអាមេរិកត្រូវតែប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីកម្ចាត់ចោល។ វិបត្តិមីស៊ីលគុយបាក៏បានផ្ទុះឡើង បង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាយ៉ាងខ្លាំងបំផុត រហូតស្ទើរតែត្រូវផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ នៅខែតុលា ឆ្នាំ១៩៦២៕