
ព្រះបាទច័ន្ទរាជា គឺជាព្រះមហាក្សត្រ ដែលសោយរាជ្យយូរជាងគេក្នុងចំណោមព្រះមហាក្សត្រខ្មែរ ទាំងអស់ដែលសោយរាជ្យពីគ.ស ១៣៩៣ ដល់ ១៦០៣ បន្ទាប់ពីព្រះអង្គដឹកនាំវាយកម្ចាត់ ស្ដេចកន ដែលគេចាត់ថា ស្តេចជ្រែករាជ្យ។ ព្រះអង្គសោយរាជ្យ ពីឆ្នាំ១៥១៦ ដល់ ១៥៦៦ ពោលគឺមានរយៈពេល៥០ឆ្នាំ ខណៈស្តេចកនសោយរាជ្យបានតែ១៣ប៉ុណ្ណោះ។
ព្រះពញាច័ន្ទរាជា ជាព្រះរាជបុត្រទី២របស់ព្រះបាទធម្មរាជា ជាមួយអ្នកម្នាងទេព បុប្ផានិងជាព្រះអនុជរបស់ព្រះបាទស្រីសុគន្ធបទ ដែលជាបងប្អូនម្តាយទីទៃ។
ក្រោយពេលដែលព្រះបិតាសោយទិវង្គត និងប្រគល់រាជ្យឱ្យព្រះស្រីសុគន្ធបទ ព្រះអនុជពញាចន្ទរាជាត្រូវបានតែងតាំងជាព្រះមហាឧបរាជ ហើយត្រូវឱ្យនៅការពារក្រុងចតុមុខ មើលខុសត្រូវលើអាណាខេត្តត្រើយខាងលិច ខណៈព្រះបាទស្រីសុគន្ធបទ លើករាជធានីទៅទួលបាសានវិញ។
តែជាអកុលស ព្រះមហាឧបរាជពញាច័ន្ទរាជា បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្តេចសៀម បន្ទាប់ពីស្តេចកន ធ្វើការបះបោរវាយដណ្ដើមរាជ្យពីព្រះបាទស្រីសុគន្ធបទ ដោយបោកប្រាស់អ្នកស្រុក និងចៅហ្វាយខេត្តនានាថា ខ្លួនបានទទួលបញ្ជាពីព្រះបាទស្រីសុគន្ធបទ ទៅកេណ្ឌទ័ពដើម្បីមកវាយកម្ចាត់ព្រះអង្គពញាច័ន្ទរាជា ដោយចោទព្រះអង្គថាមានផែនការក្បត់ចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ។
លុះក្រោយមកទ្រង់ជ្រាបថា ព្រះរាមត្រូវឃុនហ្លួងព្រះស្តេចកនធ្វើគុត ហើយតាំងខ្លួនជាព្រះមហាក្សត្រ គឺពេលនោះព្រះបាទចន្ទរាជា ទ្រង់បានរិះរកគ្រប់មធ្យោបាយ ដើម្បីបានវិលត្រឡប់មកប្រទេសកំណើតវិញ។
ព្រះអង្គក៏ទៅទូលសុំការអនុញ្ញាតពីព្រះចៅចក្រពត្តិស្ដេចសៀម ដើម្បីបានយាងវិលត្រឡប់មករំដោះប្រទេសជាតិព្រះអង្គវិញ។ ប៉ុន្តែដោយយល់ឃើញថា ព្រះចៅចក្រពត្តិស្ដេចសៀម ហាក់មិនសូវឈឺឆ្អាលនឹងរឿងនេះ ព្រះអង្គចន្ទរាជា ដែលធ្លាប់មានស្នាព្រះហស្ដក្នុងការទាក់ដំរីស ថ្វាយព្រះចៅសៀមពីមុនមក ក៏ប្រឌិតបង្កើតរឿងថា មានដំរីសមួយទៀតធំលើសដំរីសមុន កម្ពស់ដប់ហត្ថ ដែលគេឃើញមានដានជើង និងរោមជាប់ នឹងដើមឈើ ក្នុងព្រៃភាគខាងកើតនៃប្រទេសសៀម។
ព្រះចៅសៀម កាលបើជ្រាបដំណឹងនេះហើយ ក៏ត្រាស់បញ្ជាឱ្យពញាចន្ទរាជា ចេញទៅទាក់ដំរីនោះ យកមកថ្វាយព្រះអង្គឱ្យទាល់តែបាន។ ព្រះអង្គច័ន្ធរាជាបានស្នើទៅស្តេចសៀមឱ្យផ្តល់ពលចំនួនប្រាំពាន់នាក់ ដំរីធ្នាក់មួយរយគ្រឿង សាស្ត្រាវុធ និងស្បៀងអាហារ ព្រមទាំងដាវអាជ្ញាសឹក។
មុននឹងចេញដំណើរទាក់ដំរីក្លែងក្លាយនេះ ចៅពញាចន្ទរាជា បានលបធ្វើដំណើរទៅជួបជាសម្ងាត់ជាមួយចៅពញាអុង ដែលជាបុត្របស់ព្រះស្រីរាជា និងត្រូវជាព្រះរៀមជីដូនមួយនឹងព្រះអង្គ ដើម្បីបបួលព្រះអង្គអោយវិលត្រឡប់មកប្រទេសវិញ។ ប៉ុន្តែត្រូវពញាអុង បដិសេធ។
ព្រះអង្គចន្ទរាជា បានបញ្ជាទ័ពឱ្យធ្វើដំណើរឆ្ពោះទៅទិសខាងកើត ធ្វើហាក់ដូចជាតាមដំរីស ហើយទីបំផុត ក៏បានទៅដល់ព្រំដែនស្រុកខ្មែរ។ បន្ទាប់ពីធ្វើដំណើរដល់ព្រំដែនខ្មែរ ព្រះអង្គបានចាត់ឱ្យគេនាំសារសុំជំនួយទ័ពបន្ថែមពីស្តេចសៀម ប៉ុន្តែសារស្តេចសៀមជ្រាបពីកលល្បិចនេះ បានខ្ញាល់ជាខ្លាំង ហើយបញ្ជាឱ្យទ័ពទៅនាំព្រះច័ន្ទរាជាត្រឡប់ទៅស្រុកសៀមវិញ។
យ៉ាងណាមិញ ព្រះច័ន្ទរាជាបានរៀបផែនលើកទ័ពវាយចូលស្រុកខ្មែររួចហើយ។ចាប់តាំងពីពេលនោះមក សង្រ្គាមរវាងព្រះចន្ទរាជា និងស្តេចកន បានផ្ទុះឡើង ។ ព្រះអង្គចន្ទ មានការគាំទ្រយ៉ាងប្ដូរផ្តាច់ពីគ្រួសារតាពេជ្រ ឬតាឃ្លាំងមឿង ដែលបានកេណ្ឌប្រជារាស្រ្តឱ្យគាំទ្រព្រះអង្គ និងបានធ្វើពលិកម្មបូជាជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោចមកជួយផងដែរ។
ក្នុងពេលធ្វើសង្រ្គាមជាមួយស្តេចកន ព្រះអង្គក៏បានដណ្តើមបានខេត្តជាច្រើននៅភាគខាងលិច។
ទ័ពព្រះបាទចន្ទរាជា បានព័ទ្ធបន្ទាយស្រឡប់ពិជ័យព្រៃនគររបស់ស្ដេចកន ជាប់អស់រយៈកាលបីខែ ហើយវាយសន្ធាប់ធ្វើអោយស្ដេចកន ត្រូវរបួស និងចាប់ខ្លួនបាន ហើយត្រូវប្រហារជីវិតដោយកាត់ក្បាលដោត ជាបម្រាម នៅមុខបន្ទាយនោះក្នុងឆ្នាំ១៥២៥ នៃគ. ស។
ទីបំផុតសង្រ្គាមរបស់ស្តេចកន និងព្រះអង្គចន្ទរាជា ដែលបានអូសបន្លាយអស់រយៈពេល៩ឆ្នាំ គឺចាប់ពីឆ្នាំ១៥១៦ ដល់ឆ្នាំ១៥២៥បានបញ្ចប់ជាស្ថាពរ។ ព្រះអង្គច័ន្ទរាជា ត្រូវមន្រ្តីស្នើឱ្យឡើងគ្រងរាជ្យសិននៅឆ្នាំ១៥១៦ ដោយមានព្រះនាមព្រះបរមរាជាចន្ទរាជា។
ដោយព្រះបាទញញាយស បុត្រព្រះបាទស្រីសុគន្ធបទ សោយទិវង្គត ព្រះច័ន្ទត្រូវបានព្រះរាជវង្ស និងនាយម៉ឺនសព្វមុខមន្រ្តី គាំទ្រឱ្យនៅបន្តសោយរាជ្យដដែល ដោយតាំងរាជធានីនៅខេត្តពោធិ៍សាត់។
ក្រោយមកព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ លើករាជធានីមកក្រុងលង្វែកវិញ។ ព្រះអង្គឈ្វែងយល់ថាកន្លែងនេះ គឺជាចំណុចយុទ្ធសាស្រ្តស្រួលការពារខ្លួនជាងទីណាទាំងអស់។
ងាកមកទំនាក់ទំនងជាមួយប្រទេសសៀមវិញ ក្រោយពីដឹងថា ព្រះចន្ទរាជាគ្រប់គ្រងប្រទេសហើយ ស្តេចសៀមដែលចាត់ទុកប្រទេសខ្មែរជាប្រទេសចំណុះរបស់ខ្លួនតាំងពីរាជព្រះបាទធម្មរាជាទី១ បានបញ្ជាឱ្យព្រះអង្គលើកសួយសារអាករជាសត្វដំរីទៅថ្វាយ តែត្រូវបានព្រះអង្គចន្ទរាជាប្រកែក មិននៅធ្វើចំណុះសៀមបន្តទៀត។
មិនតែប៉ុណ្ណោះព្រះអង្គបានលើកទ័ពទៅវាយតទល់ នឹងទ័ពសៀម នៅស្ទឹងអង្គរ នៅត្រង់ភូមិមួយ រហូតដល់ទ័ពសៀមរត់ប្រាសអាយុ ។ តំបន់នោះក៏បានជាប់ឈ្មោះ សៀមរាបរហូតដល់សព្វថ្ងៃនេះ។
នៅគ.ស ១៥៣១ ពោលគឺឆ្លៀតពេលដែលខ្មែរមានប្រៀបជាងសៀម ព្រះអង្គបានបញ្ជាឱ្យលើកទ័ពទៅរំដោះខេត្តអាណាខេត្តខាងលិច ដែលបានបាត់បង់ក្នុងរាជ្យស្តេចមុនៗ ដោយទ្រង់វាយបានខេត្តបស្ចឹមបុរីមកវិញ។ ក្រោយៗមកទៀត ព្រះអង្គវាយដណ្តើមបានខេត្តចន្ទបុរី និងខេត្តផ្សេងៗទៀតនៅជិតនោះ។
ក្នុងរាជ្យព្រះបរមរាជាមហាច័ន្ទរាជា ប្រទេសកម្ពុជាទទួលបានភាពរុងរឿង ហើយប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ត្បិតព្រះអង្គជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែ និងប្រកបដោយទសពិធរាជធម៌។ ទ្រង់ជាព្រះមហាក្សត្រមួយព្រះអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។ វត្តអារាមជាច្រើន ទ្រង់បានបញ្ជាឱ្យសាងសង់ទាំងនៅខេត្តពោធិ៍សាត់ ឧដ្តុង និងនៅលើភ្នំព្រះរាជទ្រព្យ។ មិនតែប៉ុណ្ណោះព្រះអង្គជាក្សត្រដែលយកចិត្តទុកដាក់លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សាសនា និងអក្សរសាស្រ្ត។
លើសពីនេះទៅទៀត ព្រះអង្គទ្រង់បានប្រមូល និងសម្រិតសម្រាំងអស់អ្នកប្រាជ្ញរាជបណ្ឌិត ទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ព្រមទាំងគម្ពីរដីកា ក្រាំង សាស្ត្រា ឯកសារទាំងអស់ ទុកជាគ្រឹះព្រះនគរ។ ក្រៅពីគុណសម្បត្តិក្នុងចម្បាំងរំដោះ និងការពារទឹកដី នេះគឺជាគុណសម្បត្តិមួយទៀត ដែលគេកម្រឃើញមានក្នុងសន្តានចិត្តមេដឹកនាំជាតិក្នុងសម័យនោះ ដែលតែងតែងព្យាយាមធ្វើទុក្ខបុកម្នេញចំពោះបញ្ញវ័ន្ត ពួកអ្នកខ្លាំងពូកែ និងអ្នកអក្សរសិល្ប៍ជាដើម។
ព្រះចន្ទរាជា បានសោយទិវង្គតនៅក្រុងលង្វែក រហូតនៅគ.ស ១៥៦៦-គឺពីឆ្នាំ១៥១៦-១៥៦៦ ។ ចេតិយតំកល់ព្រះអដ្ឋិធាតុ របស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
យោងតាម សៀវភៅប្រវត្តិសាស្ត្រ ត្រឹង ងា គឺព្រះបាទ ច័ន្ទរាជា គឺជាព្រះមហាក្សត្រ បាន សោយរាជ្យ យូរជាងគេ រយៈពេល កន្លះសតវត្ស ហើយ ហ្លួងព្រះស្ដេចសោយរាជ្យបាន ១៣ឆ្នាំ៕