
នីកូឡា ម៉ាគីយ៉ាវែល គឺជាទស្សនវិទូនយោបាយដ៏ល្បីឈ្មោះបំផុត នៅក្នុងប្រវត្តិសាស្រ្ត ហើយក៏ជាទស្សនវិទូនយោបាយដែលមានឥទ្ធិពលដ៏យូរអង្វែងមួយរូបផងដែរ ដោយទស្សនៈរបស់លោក នៅតែត្រូវបានគេយកមកអនុវត្តយ៉ាងទូលំទូលាយរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ម៉ាគីយ៉ាវែល ក៏ជាទស្សនវិទូនយោបាយដ៏ចម្រូងចម្រាសមួយរូបផងដែរ ដោយអ្នកខ្លះចាត់ទុកទស្សនវិជ្ជានយោបាយរបស់លោកថាជានយោបាយបែបប្រាកដនិយម ចំណែកខ្លះទៀតថា វាជានយោបាយដែលអសីលធម៌ និងអមនុស្សធម៌។
កុមារភាព និង ការអបរំ
នីកូឡា ម៉ាគីយ៉ាវែល កើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៤៦៩ នៅហ្វ្លូរ៉ង់ (Florence) ប្រទេសអ៊ីតាលី។ នៅពេលដែលម៉ាគីយ៉ាវែលចាប់កំណើតឡើង អ៊ីតាលីមិនទាន់រួមគ្នាជាប្រជាជាតិតែមួយនៅឡើយទេ ដោយត្រូវបែងចែកជាបុរីរដ្ឋតូចៗជាច្រើន (ហ្វ្លូរ៉ង់, វេនីស, មីឡង់, ស៊ីស៊ីល…)។
ហើយបុរីរដ្ឋនីមួយៗ គឺជាគូប្រជែងនឹងគ្នា រហូតត្រូវផ្ទុះជាសង្រ្គាមដ៏ធំ ដែលគេឲ្យឈ្មោះថា “សង្រ្គាមអ៊ីតាលី” អូសបន្លាយពេលរហូតដល់ទៅជាង ៦០ឆ្នាំ នៅចន្លោះឆ្នាំ១៤៩៤ ដល់ឆ្នាំ១៥៥៩ ហើយដែលធ្វើឲ្យអ៊ីតាលីត្រូវក្លាយជាទីតាំងនៃការប្រជែងអំណាច រវាងមហាអំណាចក្បែរខាង គឺបារាំង អាល្លឺម៉ង់ និង អេស្ប៉ាញ។
ម៉ាគីយ៉ាវែល កើតនៅក្នុងគ្រួសារមួយ ដែលជាប់ក្នុងពូជពង្សវង់ត្រកូលជាអ្នកមានវណ្ណៈខ្ពង់ខ្ពស់នៅហ្វ្លូរ៉ង់ ដោយឪពុករបស់ម៉ាគីយ៉ាវែល គឺជាបណ្ឌិតខាងច្បាប់។ ក៏ប៉ុន្តែ ថ្វីដ្បិតតែជាប់ក្នុងវង់ត្រកូលអ្នកវណ្ណៈខ្ពស់ តែគ្រួសាររបស់ម៉ាគីយ៉ាវែលផ្ទាល់មិនមែនជាអ្នកមានទ្រព្យធននោះទេ។
ផ្ទុយទៅវិញ គឺជាអ្នកមានជីវភាពលំបាក ដោយសារតែឪពុករបស់ម៉ាគីយ៉ាវែលមានជាប់បញ្ហាបំណុលច្រើន ហើយត្រូវបានគេហាមឃាត់មិនឲ្យប្រកបអាជីពជាអ្នកច្បាប់។
ជាទូទៅ គេធ្វើការបែងចែកដំណើរជីវិតរបស់ម៉ាគីយ៉ាវែលជាបីដំណាក់កាល ដោយដំណាក់កាលនីមួយៗ ផ្សាភ្ជាប់ទៅនឹងចំណុចរបត់សំខាន់ៗ នៅក្នុងប្រវត្តិរបស់ហ្វ្លូរ៉ង់។
ដំណាក់កាលនៃដំណើរជីវិត
ដំណាក់កាលទី១
នៅក្នុងដំណាក់កាលនេះគឺដំណាក់កាលយុវវ័យ។ នៅក្នុងដំណាក់កាលនេះ គេដឹងតិចតួចណាស់ ពីដំណើរជីវិតផ្ទាល់ខ្លួនរបស់ម៉ាគីយ៉ាវែល ក៏ប៉ុន្តែ គេដឹងថា នៅក្នុងអំឡុងពេលនោះ ហ្វ្លូរ៉ង់ គឺជាបុរីរដ្ឋមួយដែលមានភាពរុងរឿង និងមានអំណាចខ្លាំង បើធៀបនឹងបុរីរដ្ឋផ្សេងទៀតនៅអ៊ីតាលី។
នៅពេលនោះ ហ្វ្លូរ៉ង់ ថ្វីដ្បិតតែមានឈ្មោះជា “សាធារណរដ្ឋ” ក៏ប៉ុន្តែ ស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល ម៉េឌីស៊ីស ឬតាមភាសាអ៊ីតាលីថា ម៉េឌីឈី (Medici) ដែលកាន់អំណាចបន្តត្រកូលពីឪពុកទៅកូន ប្រៀបដូចជារបបរាជានិយម។
ដំណាក់កាលទី២
នៅឆ្នាំ១៤៩៤ សង្រ្គាមអ៊ីតាលីចាប់ផ្ទុះឡើង ហើយបារាំង ដែលជាមហាអំណាចយោធាដ៏ធំមួយប្រចាំតំបន់នៅពេលនោះ បានលើកទ័ពចូលឈ្លានពានអ៊ីតាលី ដោយបានផ្តួលរំលំបុរីរដ្ឋអ៊ីតាលីម្តងមួយៗ រហូតទៅដល់ហ្វ្លូរ៉ង់ ដោយនៅទីនោះ ត្រកូលម៉េឌេស៊ីត្រូវបានគេផ្តួលរំលំពីអំណាច ហើយនិរទេសចេញពីស្រុក។
របបនយោបាយកូនកាត់ ពាក់កណ្តាលសាធារណរដ្ឋ ពាក់កណ្តាលរាជានិយមរបស់ត្រកូលម៉េឌីស៊ីស ត្រូវបានជំនួសមកវិញដោយរបបសាធារណរដ្ឋថ្មីមួយ ដែលមានលក្ខណៈសេរី និងបើកចំហជាងមុន។ នៅពេលនោះហើយ ដែលម៉ាគីយ៉ាវែល បានបោះជំហានចូលក្នុងអាជីពជាអ្នកនយោបាយរបស់ហ្វ្លូរ៉ង់ ដែលជាដំណាក់កាលទី២នៃដំណើរជីវិតរបស់លោក។
ឈ្មោះ និងដំណើរជីវិតរបស់ម៉ាគីយ៉ាវែល ត្រូវបានគេស្គាល់ជាទូទៅ ចាប់តាំងពីឆ្នាំ១៤៩៨ នៅពេលដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជាមន្រ្តីការទូតជាន់ខ្ពស់ នៃសាធារណរដ្ឋហ្វ្លូរ៉ង់។ រហូតមកទល់នឹងពេលនេះ អ្នកប្រវត្តិសាស្រ្តជាទូទៅ នៅតែបន្តមានចម្ងល់ថា តើមានដំណើរដើមទងយ៉ាងណាខ្លះ ដែលធ្វើឲ្យម៉ាគីយ៉ាវែល ដែលមានវ័យមិនដល់ ៣០ឆ្នាំផង។
ហើយជាពិសេស មិនមែនជាអ្នកមានបទពិសោធន៍ និង ប្រវត្តិការងារខាងការទូតសោះ ស្រាប់តែត្រូវគេតែងតាំងឲ្យកាន់តំណែងខ្ពង់ខ្ពស់បែបនេះ? ក៏ប៉ុន្តែ អ្វីដែលគេអាចដឹងបានយ៉ាងច្បាស់ គឺម៉ាគីយ៉ាវែលបានបំពេញមុខងារជាមន្រ្តីការទូតហ្វ្លូរ៉ង់នេះបានយ៉ាងស្ទាត់ជំនាញ ហើយបានកាន់តំណែងនេះជាប់បានរហូតដល់ទៅ ១៤ឆ្នាំ។
នៅក្នុងរយៈពេល ១៤ឆ្នាំនេះ ម៉ាគីយ៉ាវែលមិនត្រឹមតែបំពេញការងារខាងការទូតប៉ុណ្ណោះទេ តែក៏ជាអ្នកដែលបានផ្តួចផ្តើមគំនិត ក្នុងការធ្វើកំណែទម្រង់កងទ័ពរបស់ហ្វ្លូរ៉ង់ផងដែរ។ ម៉ាគីយ៉ាវែលបានបញ្ចុះបញ្ចូលឲ្យមេដឹកនាំសាធារណរដ្ឋហ្វ្លូរ៉ង់ ឈប់ពឹងលើកងទ័ពស៊ីឈ្នួល ដើម្បីការពារជាតិ តែត្រូវងាកមកបង្កើតកងទ័ពជាតិផ្ទាល់ខ្លួនឯងវិញ។
ក្រោមការចាត់ចែងរបស់ម៉ាគីយ៉ាវែល កងទ័ពហ្វ្លូរ៉ង់ក៏ត្រូវបានបង្កើតឡើង ហើយកងទ័ពថ្មីនេះបានជួយឲ្យហ្វ្លូរ៉ង់យកជ័យជម្នះ នៅតាមបណ្តាសមរភូមិជាច្រើន នៅក្នុងសង្រ្គាមអ៊ីតាលី។
ក៏ប៉ុន្តែ នៅឆ្នាំ១៥១២ សង្រ្គាមអ៊ីតាលីបានស្គាល់នូវរបត់ថ្មី ដោយកងទ័ពបារាំងត្រូវទទួលបរាជ័យ ហើយត្រកូលម៉េឌីស៊ីស ដែលមានការគាំទ្រពីកងទ័ពអេស្ប៉ាញ ក៏បានផ្តួលរំលំរបបសាធារណរដ្ឋ ហើយបានវិលត្រឡប់មកកាន់អំណាចនៅហ្វ្លូរ៉ង់វិញ។
នៅឆ្នាំ១៥១៣ ម៉ាគីយ៉ាវែល ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការបង្កើតកងទ័ព ដើម្បីតស៊ូប្រឆាំងនឹងត្រកូលម៉េឌីស៊ីស ត្រូវបានចាប់ខ្លួន ធ្វើទារុណកម្មសួរចម្លើយ និងជាប់ក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជាច្រើនខែ មុននឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក៏ប៉ុន្តែ ត្រូវបាននិរទេសចេញពីហ្វ្លូរ៉ង់ ព្រមទាំងត្រូវបានហាមឃាត់មិនឲ្យប្រឡូកចូលក្នុងឆាកនយោបាយអស់មួយជីវិត។
ដំណាក់កាលទី៣
ដំណាក់កាលនៃដំណើរជីវិតរបស់ម៉ាគីយ៉ាវែល។ វាជាដំណាក់កាលដ៏សែនដុនដាបបំផុត នៅក្នុងអាជីពនយោបាយ និងការទូតរបស់លោក ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា វាគឺជាដំណាក់កាលដ៏សំខាន់មួយ នៅក្នុងជីវិតជាទស្សនវិទូនយោបាយ ពីព្រោះថា នៅក្នុងជីវិតនិរទេស និងក្រៅឆាកនយោបាយនោះហើយ ដែលម៉ាគីយ៉ាវែលបានចំណាយពេលសរសេរសៀវភៅជាច្រើន រួមមានដូចជាសៀវភៅ ស្តីពីប្រវត្តិសាស្រ្តនៃចក្រភពរ៉ូមសម័យបុរាណ, ប្រវត្តិសាស្រ្តរបស់ហ្វ្លូរ៉ង់, តម្រាពិជ័យសង្រ្គាម និងជាពិសេស គឺសៀវភៅ ដែលមានចំណងជើងជាភាសាបារាំងថា « Le Prince » (ដែលអាចបកប្រែជាខ្មែរថា “ព្រះអង្គម្ចាស់”) ដែលជាសៀវភៅស្តីពីទស្សនវិជ្ជានយោបាយដ៏ល្បីល្បាញ និងដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីសម័យកាល La Renaissance រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន។
នៅឆ្នាំ១៥២៦ ចំណុចរបត់ថ្មីមួយទៀតបានកើតឡើង នៅក្នុងឆាកនយោបាយរបស់ហ្វ្លូរ៉ង់ ក៏ដូចជា នៅក្នុងដំណើរជីវិតរបស់ម៉ាគីយ៉ាវែល។ សង្រ្គាមអ៊ីតាលីឆាបឆេះកាន់តែខ្លាំង ហើយរដ្ឋាភិបាលហ្វ្លូរ៉ង់ ដែលបាននិរទេស និងហាមម៉ាគីយ៉ាវែលមិនឲ្យប្រឡូកក្នុងនយោបាយជាច្រើនឆ្នាំមកហើយនោះ ក៏ស្រាប់តែមកពឹងម៉ាគីយ៉ាវែលឲ្យជួយផ្តល់ប្រឹក្សា ក្នុងការរៀបចំកម្លាំងទ័ព ព្រមទាំងរៀបចំយុទ្ធសាស្រ្តពង្រឹងកំផែងការពារហ្វ្លូរ៉ង់។
ការទទួលមរណភាព និង បន្សល់ទុកស្នាដៃ
មួយឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៥២៧ ត្រកូលម៉េឌីស៊ីសក៏ត្រូវបានបណ្តេញចេញពីអំណាចសាជាថ្មី ហើយរបបសាធារណរដ្ឋសេរីត្រូវបានបង្កើតឡើងវិញ។ នៅពេលនោះ ម៉ាគីយ៉ាវែល ក៏បានប្រញាប់ប្រញាល់វិលមកកាន់ហ្វ្លូរ៉ង់វិញ ដោយសង្ឃឹមថា នឹងអាចយកតំណែងជាមន្រ្តីការទូតជាន់ខ្ពស់ ដែលលោកធ្លាប់កាន់កាប់កាលពីមុននោះមកវិញ។ ក៏ប៉ុន្តែ មកដល់ហ្វហ្លូរ៉ង់បានតែប៉ុន្មានសប្តាហ៍ នីកូឡា ម៉ាគីយ៉ាវែល ក៏ធ្លាក់ខ្លួនឈឺ ហើយទទួលមរណភាព នៅខែមិថុនា ឆ្នាំ១៥២៧ ក្នុងវ័យ ៥៨ឆ្នាំ។
នីកូឡា ម៉ាគីយ៉ាវែល បានលាចាកលោកនេះទៅ ដោយបានបន្សល់ទុកនូវកេរឈ្មោះ និងស្នាដៃដ៏សំខាន់ខាងផ្នែកទស្សនវិជ្ជានយោបាយ។ ទស្សនវិជ្ជានយោបាយដែលពោរពេញទៅដោយភាពចម្រូងចម្រាស តែជាទស្សនវិជ្ជា ដែលមានឥទ្ធិពលដ៏ខ្លាំង និងយូរអង្វែងរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕