
ការដែលក្រុមហ៊ុនបានសម្រេចចិត្តក្នុងការហៅបេក្ខជនណាមួយមកធ្វើការសម្ភាសន៍នោះ គឺជាបេក្ខភាពដែលភាគីក្រុមហ៊ុនបានធ្វើសម្រិតសម្រាំងដើម្បីអោយធ្វើការសម្ភាសន៍ ដែលនេះមានន័យថាភាគរយនៃការជាប់របស់អ្នកមានច្រើន។ ដូច្នេះក្រុមហ៊ុនត្រូវការដឹងពីពត៌មានរបស់អ្នកបន្ថែម ដើម្បីធ្វើការសម្រេចចុងក្រោយក្នុងការផ្ដល់ឪកាសអោយចូលបម្រើការងារ។ ចំណុចទាំងនេះដើម្បីអោយបេក្ខភាពអ្នកក្លាយជាបេក្ខភាពលេចធ្លោរមួយ អ្នកសម្ភាសន៍ត្រូវចៀសវាងកំហុស១០យ៉ាងខាងក្រោមនេះ៖
១. ការមកដល់យឺត
ពេលត្រូវទៅសម្ភាសន៍វាមិនដូចគ្នានឹងការទៅជប់លៀងនោះឡើយព្រោះបើទៅយឺតក៏គ្មានអ្នកណាគេថាអីដែរតែពេលវេលាទៅសម្ភាសន៍វាជារឿងមួយដោយឡែកខុសពីការទៅជប់លៀង និងព្យាយាមទៅឲ្យបានមុនប្រហែលជា ១០ទៅ ១៥នាទី មុនពេលម៉ោងកំណត់ ពេលមកដល់ភ្លាមត្រូវចូលទៅប្រាប់អ្នកទទួលភ្ញៀវ (Receptionist) ភ្លាម។
ការមកដល់បានមុនបន្តិចអាចឲ្យយើងបានស្វែងយល់ពីកន្លែងដែលត្រូវមកសម្ភាសន៍ ព្រោះវាជាទីដែលយើងមិនធ្លាប់បានស្គាល់ ម្យ៉ាងទៀតនោះ វាអាចឲ្យយើងរៀបចំខ្លួន ដើម្បីសម្របតាមបរិស្ថាននៅទីនោះ និងបានត្រៀមខ្លួនសម្រាប់សម្ភាសន៍បានខ្លះ។បើសំណាងល្អនៅក្នុងបន្ទប់រង់ចាំ អាចមានទស្សនាវដ្តី ឬកាសែតទុកសម្រាប់ឲ្យយើងអាន ដើម្បីសម្រួលអារម្មណ៍ភ័យព្រួយរបស់យើងឲ្យថមថយ និងមានឱកាសបានរៀបរយឥរិយាបថស្រមតាមទីកន្លែងរបស់គេ។
២. ឥរិយាបថរម្យទម
ការធ្វើឫកពាររម្យទម សុភាពរាបសារ នោះគឺជារឿងមួយល្អហើយ តែជួនកាលវាមិនបានជួយយើងឲ្យបានការងារធ្វើនោះទេ ការសម្ភាសន៍ឯណោះទើបជារឿងសំខាន់។ ការរៀបឥរិយាបថឲ្យបានសមរម្យ ធ្វើឫកពារមាំមួន និង រៀបឫកពាយើងឲ្យត្រូវតាមការងារដែលយើងបានដាក់ពាក្យសុំ។
ជួនកាលអ្នកធ្វើសម្ភាសន៍អាចផ្តោតសំនួររបស់គេទៅរឿងអ្វីផ្សេងផងក៏មាន ជាងនេះទៅទៀតគេអាចយល់ថា យើងសមរម្យល្មមសម្រាប់ការងារទាំងនោះរួចជាស្រេចផងក៏ថាបាន តែមិនត្រូវបង្ហាញឥរិយាបថមួយទន់ភ្លន់ពេកនោះឡើយ ទាំងការនិយាយ និងឫកពា គឺត្រូវតែរឹងប៉ឹង មាំមួន ច្បាស់លាស់ និងនិយាយច្បាស់ៗ។
៣. រន្ថើនក្នុងចិត្ត ចង់ឲ្យការសម្ភាសន៍ចប់ឆាប់
ត្រូវដឹងថា មានតែមួយចំនួនតូចនៃអ្នកដាក់ពាក្យប៉ុណ្ណោះ ដែលបានត្រូវជ្រើសឲ្យចូលមកសម្ភាសន៍ ដូច្នេះយើងគឺជាម្នាក់នៅក្នុងនោះ ដែលត្រូវបានគេជ្រើសរើសឲ្យមកសម្ភាសន៍ ដូចនេះមិនត្រូវធ្វើអាកប្បកិរិយាអន្ទះសារពេលកំពុងសម្ភាសន៍នោះឡើយ។ ព្រោះការសម្ភាសន៍អាចប្រើពេលរហូតដល់មួយម៉ោងក៏មាន ព្យាយាមកុំមើលម៉ោង ឬសួរថា ការសម្ភាសន៍នឹងចប់នៅពេលណា ធ្វើចិត្តឲ្យនឹង ផ្តោតអារម្មណ៍ទៅលើសំនួរ និងព្យាយាមឆ្លើយចំពោះអ្វីដែលគេសួរមិនឲ្យលើស តែក៏មិនឲ្យខ្វះ។
បើយើងធ្វើអាកប្បកិរិយាដូចជាចង់ឲ្យការសម្ភាសន៍នោះចប់ឆាប់ សំណារបស់យើងសម្រាប់ការងារនោះ អាចរលាយរលត់ទៅបានដែរ ព្រោះអ្នកសម្ភាសន៍អាចយល់បានពីអារម្មណ៍របស់យើងនាពេលនោះ។
៤. មិនត្រូវសួរពីការឧបត្ថមនានាពេលសម្ភាសន៍
ដូចគ្នាពេលយើងជួបជាមួយស្រីម្នាក់មិនត្រូវសួរពីអាយុរបស់គេទេ វាជាការពុំគួរគប្បីឡើយ។ វានឹងជារឿងមួយអាក្រក់បំផុត បើយើងហាមាត់សួរពីប្រាក់ខែ ឬការឧបត្ថមនានាពីក្រុមហ៊ុន សំនួរទាំងនេះគួរត្រូវបានទុកសិន រហូតគេប្រាប់យើងថា យើងបានទទួលការងារនោះហើយ ទើបជាពេលវេលាដែលយើងត្រូវសួរសំនួរនេះ។
កាលើកយកសំនយរពីចំនួនប្រាក់ខែ និងការឧបត្ថមរបស់ក្រុមហ៊ុន ចូលមកក្នុងពេលសម្ភាសន៍ ធ្វើឲ្យអ្នកសួរយើង (អ្នកសម្ភាសន៍) គាត់យល់បានថា យើងចាប់អារម្មណ៍ចំពោះការងារនេះតិចតួចប៉ុណ្ណោះ តែមើលឃើញពីប្រយោជន៍របស់ខ្លួនធំជាងការគិតដល់ការងាររបស់ក្រុមហ៊ុន។
៥. ស្វែងយល់ពីក្រុមហ៊ុន និង ម្ចាស់ក្រុមហ៊ុន
មុនពេលដាក់ពាក្យចូលធ្វើការក្នុងក្រុមហ៊ុនណាមួយ យើងគួរស្វែងយល់ពីក្រុមហ៊ុននេះឲ្យបានច្រើនបន្តិចសិន នេះគឺបូករួមទាំងម្ចាស់របស់ក្រុមហ៊ុននោះផងដែរ។ ព្រោះក្រុមហ៊ុនខ្លះអាចមិនសូវល្អ ល្អឈ្មោះខាងក្រៅ តែមិនល្អចំពោះបរិស្ថានការងារ អាចមានអត្រានៃអ្នកចាកចេញពីការងារច្រើន ឬបុគ្គលិកទីនោះធ្វើការមិនបានយូរ ដោយសារហេតុផលណាមួយ។ វាជារឿងមួយដែលគួរតែដឹង ដើម្បីប្រយោជន៍ទាំងអស់គ្នា។
៦. កុំនិយាយច្រើនពេក
បើនិយាយឲ្យត្រង់ទៅ ការសម្ភាសន៍ចូលធ្វើការ គឺមិនមែនស្តីពីយើងនោះទេ តែគឺជាបញ្ហារបស់ក្រុមហ៊ុន ដែលត្រូវការមនុស្សសម្រាប់បំពេញកន្លែងដែលត្រូវការ ដោយការចាកចេញរបស់បុគ្គលិកមុន ឬជាការពង្រីកបន្ថែមចំនួនបុគ្គលិកថ្មី យើងមកសម្ភាសន៍ គឺមកក្នុងគោលបំណងមួយមកដើម្បីសុំធ្វើការ ដូច្នេះលក្ខណៈសម្បត្តិរបស់យើងអាចមានខ្លះរួចទៅហើយ ទើបគេឲ្យយើងមកសម្ភាសន៍។
ព្យាយាមបិទមាត់នៅស្ងៀមរហូតដល់ពេលគេសួរ ចៀសវៀងឆ្លើយកាត់ពេលគេកំពុងសួរត្រូវរង់ចាំរហូតគេបញ្ចប់សំនួរសម្រាប់សួរយើងសិន បើពុំនោះទេ យើងច្បាស់ជាប្រទាក់សំដីជាមួយអ្នកសួរមិនខាន។ មិនត្រូវឆ្លើយមុនសំនួរត្រូវបានបញ្ចប់ជាដាច់ខាត នៅស្ងៀមរង់ចាំបន្តិចសិន យ៉ាងហោចណាស់ក៏ពីរ បីដង្ហើមដែរ មុនពេលឆ្លើយត្រឡប់ចំពោះសំនួរដែលគេសួរ។ ផ្ទៀងស្តាប់សំនួរឲ្យបានច្បាស់មុនពេលឆ្លើយ មិនត្រូវយករឿងផ្ទាល់ខ្លួនមកបូកជាមួយចម្លើយ ឬបូកបន្ថែមចម្លើយដែលចាកពីសំនួរ តែគួរក្សាភាពច្បាស់លាស់សំរាប់ចម្លើយដែលឆ្លើយតបវិញ។
៧. កុំធ្វើខ្លួនថា ជាមនុស្សគ្រាន់បើពេក
គ្រប់គ្នាទាំងអស់រមែងចង់បង្ហាញឲ្យអ្នកសម្ភាសន៍យល់ថា ខ្លួនមានសមត្ថភាពអាចធ្វើការនោះបាន ឬព្យាយាមធ្វើឲ្យអ្នកសម្ភាសន៍ចាប់អារម្មណ៍ តែវាគួរត្រូវបានធ្វើដោយសមល្មមកុំឲ្យហួរសហេតុពេក។
ត្រូវបង្ហាញការគោរពចំពោះអ្នកសម្ភាសន៍ជានិច្ច ព្រោះអ្នកសម្ភាសន៍អាចជាម្ចាស់ក្រុមហ៊ុន ឬអ្នកតំណាង នឹងយ៉ាងហោចណាស់ក៏ជាមនុស្សម្នាក់សំខាន់នៅក្នុងក្រុមហ៊ុននោះដែរ។
ការសើចក្អាកក្អាយ គួរតែចៀសវៀ តែការផ្ទៀងស្តាប់និងចង់ដឹងពីការងាររបស់ក្រុមហ៊ុន អាចជាចំណុចល្អ។ ព្យាយាមបង្ហាញពីចំណូលចំណង់ចិត្តចំពោះការងារនោះជាជាងរៀបរាប់ពីអ្វីដែលយើងអាចធ្វើបាន �អំនួត� សូមចៀសវៀងឲ្យបានចំណុចនេះ។
៨. សូមកុំនិយាយអាក្រក់ពីចៅហ្វាយនាយមុន
គ្មានក្រុមហ៊ុនណាមួយមានបំណងជួលមនុស្សមាត់ដាចមកធ្វើការនោះឡើយ។ ហេតុនេះចូរគិតមុនឲ្យហើយសិនថា អ្វីទៅដែលយើងត្រូវឆ្លើយ បើសិនជាត្រូវសួរថា តើចៅហ្វាយនាយរបស់យើងមុនជាមនុស្សរបៀបណា និងមូលហេតុដែលយើងចាកចេញពីក្រុមហ៊ុននោះ។
ការនិយាយអាក្រក់ពីក្រុមហ៊ុនមុន ឬពីចៅហ្វាយនាយមុនមកប្រាប់ក្រុមហ៊ុននេះ ឬចៅហ្វាយថ្មីនេះ ធ្វើឲ្យគេយល់បានថា យើងគឺជាមនុស្សដែលពិបាកធ្វើការជាមួយ ដូច្នេះអ្នករួមការងារជាមួយយើងក៏ពិបាករួមការងារជាមួយយើងដែរ។ អាចថា ការចាកចេញរបស់យើងពីក្រុមហ៊ុនមុន បណ្តាលមកពីយើងមិនចុះសម្រុងជាមួយបុគ្គលិកនៅទីនោះ ឬយើងតែងនិយាយអាក្រក់ពីក្រុមហ៊ុនផងក៏ថាបាន។
ឯករណីមួយទៀតនោះ អាចថា យើងនេះជាបុគ្គលិកត្រូវក្រុមហ៊ុនមុនបញ្ឈប់ពីការងារ ឬយើងមានទំនាស់ជាមួយក្រុមហ៊ុនមុន ទើបបានជាយើងចាកចេញ។ ការនិយាយអាក្រក់ពីចៅហ្វាយមុន ឬក្រុមហ៊ុនមុន យើងនឹងត្រូវគេដកចេញពីការចង់បានរបស់ក្រុមហ៊ុនថ្មីរួចស្រេចទៅហើយ។ ទោះបីយើងមានប្រវត្តិការងារនៅក្នុងក្រុមហ៊ុនមុនយ៉ាងណាក៏ដោយចុះ តែត្រូវយកបញ្ហាផ្ទាល់ខ្លួនមកជំនួសវិញ ឬហេតុផលណាមួយដែលមិនប៉ះពាល់ តែមិនមែនដោយសារឈឺ ឬលែងលះគ្នា ឬចាកចេញពីឪពុកម្តាយនោះឡើយ។
៩. និយាយកុហក
នៅក្នុងសម័យ Digital នាពេលសព្វថ្ងៃ វាជារឿងមួយលំបាកណាស់ សំរាប់ការនិយាយកុហកទាំងក្នុង Resume និងការឆ្លើយដោយផ្ទាល់មាត់។ ព្យាយាមនិយាយដោយត្រង់ៗប្រសើរជាងការនិយាយភូតកុហក ព្រោះគេអាចយល់បានចំពោះចម្លើយដែលយើងឆ្លើយ ឬការកុហកសរសេរដាក់នៅក្នុង Resume។
សូមចាំថា ការនិយាយកុហកពេលសម្ភាសន៍ គឺជាការល្មើសចំពោះខ្លួនឯង និងចំពោះអ្នកដទៃ និងត្រូវបានគេសន្មត់ថា ជាមនុស្សមិនត្រង់។
១០. សម្លៀកបំពាក់នាពេលសម្ភាសន៍
សម្លៀកបំពាក់ពេលទៅសម្ភាសន៍ គឺជារឿងមួយសំខាន់ណាស់ដែរ ទោះបីជាវាមិនមានពិន្ទុខ្ពស់ក៏ដោយ តែវាបានបង្ហាញពីអ្វីដែលជាយើង បង្ហាញនូវសម្លៀកបំពាក់មួយដែលមានភាពថ្លៃថ្នូរ ទោះបីវាមិនមែនជាស្ទីលពិតរបស់យើងក៏ដោយ។
ជួនកាលសម្លៀកបំពាក់ដែលយើងបានស្លៀកទៅសម្ភាសន៍នោះ ត្រូវបានគេចាត់ទុកថា យើងជាមនុស្សមានបុគ្គលិកលក្ខណៈមួយល្អ អាចឲ្យគេទទួលយកបានផងក៏មាន។
ដូច្នេះ ចូរកុំមើលស្រាលចំពោះរឿងនេះឲ្យសោះ ហើយត្រូវគិតថា សម្លៀកបំពាក់គឺជាស្រោមខាងក្រៅរបស់យើង ល្អឬអាក្រក់ក៏គង់អាស្រ័យទៅលើស្រោមខាងក្រៅនេះខ្លះដែរ៕