
ព្រះបាទជ័យវរ្ម័នទី៧គឺជាមហាក្សត្រដែលមានឫទ្ធិអំណាចខ្លាំងក្លាក្នុងចំណោមព្រះរាជា ក្នុងសម័យអង្គរ ។ ដោយសារតែលទ្ធិបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់នេះហើយ ទើបបានជាធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដោយមិនអាចបំភ្លេចបានអំពីស្នាព្រះហត្ថដ៏ល្បីល្បាញរបស់ព្រះអង្គ។
ក្នុងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏ជាព្រះរាជាដែលគោរពស្រឡាញ់ទៅលើព្រះពុទ្ធសាសនាផងដែរ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ គឺព្រះអង្គបានកសាងប្រាសាទជាច្រើន ជាពិសេសគឺប្រាសាទបាយ័នដែលជាប្រាសាទសាសនាដ៏ធំមួយសម្រាប់ តំណាងឲ្យព្រះពុទ្ធសាសនាផង និងព្រហ្មញ្ញសាសានាផង។
តើព្រះបាទជ័យវរ្ម័នទី៧ បានបន្សល់នូវស្នាដៃ អស្ចារ្យអ្វីខ្លះសម្រាប់កូនខ្មែរជំនាន់ក្រោយ?
តាម ប្រវត្តសាស្ត្រខ្មែរ នៃប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី ៧ ឃើញថាមានភាពប្លែកខុសផ្សេងតែឯងណាស់ គឺពីដំបូង អ្នកតែងពង្សាវតាក្នុងស្រុកខែ្មរបានទុកព្រះអង្គជា តួបន្ទាប់បន្សំដែលមិនបានកសាងអ្វីសោះ ហើយជាសេ្តចដែលសោយរាជ្យនៅក្នុងសម័យស្រុកទេសកំពុងផ្តើមសេចក្តីអន្តរាយ។
ជ័យជំនះរបស់សេ្តចអង្គនេះ ទើបតែល្បីខ្ជរខ្ចាយឡើងនៅឆ្នាំ ក្នុង១៩០៣ នូវវេលាដែល លោក ល្វីហ្វីណូត៍ បានបោះពុម្ពផ្សាយសំស្រ្តឹត១ច្បាប់ឡើង ក្នុងពូលឺ តាំងសាលាបារំាងសែស នាចុងបូព៌ាប្រទេស គឺចារឹកដែលលោក ស៊កម៉ាស្ស៉េរ៉ូ រកឃើញនៅតំបន់សាយហ្វងដែលនៅចំពីមុខក្រុងវៀងចន្ទន៍ គឺជាចារិករបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលសំដែង អំពីការកសាងរោងព្យាបាលមួយក្នុងឆ្នាំ ១១៨៦ ហើយលោក ល្វីហ្វីណូត៍បានកត់សម្គាល់ថា សេចក្តីចារឹកនេះទំនងនឹងមានភាពដូចគ្នាទៅនឹងសេចក្តីចារឹកមួយច្បាប់ទៀតនៅខេត្ត ត្រត្រាំង ដែលចាំបានថា ព្រះបាទជ័យវរ្ម័នទី៧ បានពោលជាញឹកញាប់។
នៅក្នុងចារឹកចាមផ្សេងៗថា ជាអ្នកវាយដណ្តើមស្រុកយ៉ាងធំ។ លោក ក៏បានបន្តថា តាំងពីវេលានេះទៅ ចារឹកទាំងនេះ ដែលរៀបរាយតាំងពីក្នុងស្រុកលាវ ទៅដល់ត្រើយស្រុកអណ្ណាម និងដល់ទំនាបស្រុកកូសាំងស៊ីននោះ ចារឹកខ្លះបានបញ្ជាក់នូវជ័យជំនះរបស់ព្រះបាទជ័យវរ្ម័នទី៧ ចារឹកខ្លះបានបញ្ជាក់នូវការបន់ និងគុណសម្បត្តិរបស់ព្រះអង្គ ហើយចារឹកទាំងនេះ បានបំភ្លឺឲ្យឃើញនូវ ព្រះភក្រ្តសេ្តចធំមួយព្រះអង្គក្នុងរឿងដែលជាអតីតក្នុងសេចក្តីងងឹតរបស់ស្រុកខ្មែរ។
ក្រោយការសិក្សាស្រាវជ្រាវអស់រយៈពេល ៣០ឆ្នាំមក បានបង្ហាញឲ្យឃើញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចដែលមានកត្តិនាមច្រើនជាងគេក្នុងព្រះរាជពង្សាវតាខ្មែរ ហើយព្រះអង្គត្រូវបានគេចាត់ទុកជាស្តេចធំបង្អស់នៅក្នុងស្រុកខែ្មរ ព្រោះព្រះអង្គគឺជាស្តេចពង្រីកអាណាខេត្តដរាបដល់កម្រិតជាទីបំផុត។ នៅដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរបច្ចុប្បន្ន រាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចំប៉ា ទាំងមូលផង ទឹកដីប្រទេសឡាវ និងប្រទេសថៃ សព្វថ្ងៃផង រួមទាំងមួយភាគនៃជ្រោយម៉ាឡាស៊ី រហូតដល់ជ្រោយកោះក្រា ហើយនិងប្រទេសភូមា រហូតដល់ទន្លេសាលវិនផងដែរ។
យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចប្រសូតឡើងនៅរវាងឆ្នាំ១១២០ ឬបើយ៉ាងហោចណាស់ក្នុងឆ្នាំ ១១២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងព្រះមាតាព្រះនាម ចូឌាមណី។ ក្នុងរយៈកាលមួយដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ព្រះបាទជ័យវរ្ម័នទី ៧បានយាងចេញពីក្រុងកម្ពុជាចេញទៅច្បាំង ឬដោយជាសេចក្តីអភ័យដល់ព្រះអង្គ យើងមិនដឹងឡើយថាព្រះអង្គទ្រង់យាងទៅគង់នៅក្នុងស្រុកចម្ប៉ាក្នុងខេត្តវិជ័យ ដែលបច្ចុប្បន្នគឺខេត្តបិញឌិញសព្វថ្ងៃ ដោយទុកព្រះអគ្គមហេសី និងព្រះរាជបុត្រក្នុងក្រុងកម្ពុជា។
ក្នុងសម័យដែលព្រះបាទជ័យវរ្ម័នទី៧ គង់នៅឯចម្ប៉ានោះ ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ដែលជាព្រះវរបិតា របស់ទ្រង់បានយាងចូលទិវង្គត់ ហើយស្តេចដែលទ្រង់ព្រះនាមថា យសោវរ្ម័ន មិនដឹងជាជាប់ពូជពង្សមកពីណានោះ បានឡើងសោយរាជ្យសម្បត្តិជាដំណមក។
រជ្ជកាលរបស់ស្តេចបន្តនេះ គឺមានកើតមានរឿងរ៉ាវ បញ្ហាយ៉ាងជ្រាលជ្រៅ ទាំងបញ្ហាក្បត់ផ្ទៃក្នុងពីសំណាក់ពួកមន្រ្តីក្បត់ ដើម្បីឡើងដណ្តើមរាជ្យ។ យោងតាមសិលាចារឹកប្រាសាទបន្ទាយឆ្មា បានបង្ហាញថាព្រះបាទយសោវរ្ម័នត្រូវបានសុគតក្រោមកណ្តាប់ដៃមន្រ្តីក្បត់ម្នាក់ ហើយមន្ត្រីក្បត់ម្នាក់នោះបានឡើងសោយរាជ្យសម្បត្តិក្នុងឆ្នាំ ១១៦៥ ដោយតាំងនាមថា «ព្រះបាទ ត្រី ភូវនាទឹត្យ»។
ដំណឹងបះបោរនេះបានផ្សាយទៅដល់ស្រុកចម្ប៉ា ក្នុងសិលាចារឹកភិមានអាកាសបានលើកឡើងថា ព្រះបាទជ័យវរ្ម័នទី៧លឺដំណឹងនេះភ្លាមបានប្រញាប់ត្រឡប់មកជួយដោះទុក្ខ ព្រះបាទយសោវរ្ម័ន តែគួរឲ្យសោកស្តាយព្រះអង្គទ្រង់សុគតបាត់ទៅហើយ ដូច្នេះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គទ្រង់ក៏គង់យ៉ាងស្ងៀមស្ងាត់នៅក្នុងប្រទេសកម្ពុជា រហូតដល់មានព្រឹត្តិការណ៍ចាម វាយលុកយ៉ាងធំសម្បើម ហើយធ្វើគត់ស្ដេចដណ្ដើមរាជ្យបាន ដុតបំផ្លាញក្រុងអង្គរក្នុងឆ្នាំ១១៧៧ នោះ ទើបព្រះអង្គទ្រង់សច្ចាថា នឹងសងសឹកវិញអោយទាល់តែបាន។
ព្រះអង្គទ្រង់បានច្បាំងតតាំងនឹងចាម យ៉ាងស្វិតស្វាញជាទីបំផុត ដើម្បីរំដោះប្រទេសជាតិអោយរួចផុតពីការជិះជាន់របស់បរទេសនេះ។ ទីបំផុត ព្រះអង្គទទួលបានជោគជ័យជាស្ថាពរក្នុងចំបាំងជើងទឹក ដូចមានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ជាសក្ខីភាពស្រាប់។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា ក្នុងឆ្នាំ១១៨១ នៃគ្រិស្តសករាជ នៅយសោធបុរៈ គឺរាជធានីអង្គរ។
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា។ ក្នុងវិស័យសឹកសង្គ្រាមក្នុងរាជ្យព្រះអង្គ មានការបះបោរផ្ទៃក្នុងមួយនៅ ខេត្តបាត់ដំបង។ ព្រះអង្គបានបញ្ជាអោយយុវក្សត្រចាម មួយអង្គព្រះនាម«វិទ្យានន្ទ» ដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេង វាយកម្ចាត់បានដោយជោគជ័យ។ ឯនគរចំប៉ា វិញ ស្ដេចចាម ជ័យឥន្ទ្រវរ្ម័នទី៤ បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជា សារជាថ្មី។
ព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុត រឹបយកនគរចំប៉ា ដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបាន តាំងពីឆ្នាំ១២០៣ រហូតដល់ឆ្នាំ១២២៦ នៃគ្រិស្ដសករាជ។ ឆ្នាំ១២០៧ ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាអោយក្សត្រចាម មួយអង្គព្រះនាម«អង្សរាជ» អោយលើកទ័ពចម្រុះខ្មែរ ភូមា សៀម ទៅវាយប្រទេសយួនដៃវៀត។
ក្នុងវិស័យសំណង់វិញ កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ទ្រង់ គឺនៅគ.ស ១១៨១ ព្រះអង្គទ្រង់បាន កសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោលនៅឆ្នាំ១១៧៧ ។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គ.ម។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។
ប្រាសាទបាយ័ន កំពូលមានមុខបួន ជាស្នូលកណ្ដាល ដែលយើងនិយមហៅថាក្រុងអង្គរទី៣ ហើយវាក៏ជាប្រាសាទសាសនាដ៏ធំមួយផងដែរ ដែលបង្ហាញពីព្រះពុទ្ធសាសនាផង នឹងព្រហញ្ញសាសនាផង ព្រោះប្រាសាទនេះ ត្រូវបានរចនាឡើងជាព្រហ្មមុខបួនដែលតំណាងឲ្យអាទិទេពនៃព្រហ្មញ្ញសាសនា កសាងនៅលើដី មិនមែននៅលើកំពូលភ្នំដែលនេះសបញ្ជាក់ឲ្យឃើញថាជាតំណាងឲ្យព្រះពុទ្ធសាសនា ព្រោះតួអង្គព្រះពោធិសាត់គឺជាមនុស្សលោកធម្មតា មិនដូចអាទិទេពដែលស្ថិតនៅឋានខ្ពស់ទាមទារឲ្យ កសាងនៅលើកំពូលភ្នំឡើយ។
ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬ អង្គរទីបីនេះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សម្រាប់ជាទីរំឮកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មនៅឆ្នាំ ១១៨៦ សម្រាប់តំកល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូនៅប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រកុមារ និងជនក្បត់រាហូ។
នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទ្រ ស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ។
ដើម្បីបុព្វហេតុផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាប័ថ្មបាយ័ននៅលើគ្រឹះនៃទេវស្ថានចាស់ៗ ដូចជានៅប្រាសាទគោ នៅខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឲ្យយើងឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះ ដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរ នាសតវត្សទី៧ ដែលជារចនាបទសម្បូរព្រៃគុក។
ខាងវិស័យសាសនាវិញ ខុសពីព្រះរាជានៃសម័យអង្គរ ដែលភាគច្រើនគោរពប្រតិបត្តិព្រហ្មញ្ញសាសនា ក៏ប៉ុន្តែព្រះបាទជ័យវរ្ម័នទី៧ ទ្រង់គោរពពុទ្ធសាសនាមហាយាន ជាពិសេសគឺគោរពបូជាព្រះពោធិសត្វអវលោគិតិស្វរៈ។ ថ្វីត្បិតតែព្រះអង្គគោរពពុទ្ធសាសនាក៏ពិតមែន ក៏ប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនា អោយបានរីកចម្រើនផងដែរ ដូចជាប្រាសាទភ្នំទាំងឡាយដែលក្នុងរាជ្យមុនៗ តម្កល់លិង្គទេវរាជ ហើយមកដល់អង្គរវត្តនៃព្រះបាទសូរ្យវរ្ម័នទី២ តម្កល់ព្រះបដិមាព្រះវិស្ណុ គឺព្រះអង្គសុទ្ធតែរក្សានៅភាពដើម មិនឲ្យបាត់បង់អ្វីទាំងអស់។
ហើយមកដល់សម័យព្រះអង្គ ប្រាសាទបាយ័ន ដែលជាស្នូលនៃអង្គរទី៣ ត្រូវបានទ្រង់ តម្កល់ព្រះបដិមាពុទ្ធរាជមួយអង្គយ៉ាងធំសម្បើម មានកម្ពស់ជិត ៤ម៉ែត្រ រីឯ ឯកសារខ្លះថាដល់ទៅ ៩ម៉ែត្រ។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ជាព្រះមហាក្សត្រប្រកបដោយ ទសពិធធម៌ និងមានព្រហ្មវិហារធម៌សន្តោសប្រោសប្រណីដល់អស់សព្វសត្វទាំងមូល ដូចសិលាចារឹក មន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា៖ «ជំងឺរបស់ប្រជារាស្ត្រ ធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀត ព្រោះថា សេចក្តីឈឺចាប់សាធារណៈនេះហើយ ជាសេចក្តីឈឺចាប់របស់ព្រះរាជា ពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេ ដែលអាចធ្វើអោយព្រះអង្គឈឺចាប់បាននោះ»។ ដោយសារព្រះគតិបណ្ឌិតខាងលើនេះ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន១០២ នៅទូទាំងប្រទេស សម្រាប់សារធារណៈជនចូលសម្រាកព្យាបាលដោយមិនប្រកាន់ទៅលើវណ្ណៈ ហើយទ្រង់ក៏បានកសាងសាលាសំណាក់ ឫអម្មសាលាចំនួន ១២១ ថែមទៀតផង។
ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ១១៨១។ គេមិនបានដឹងច្បាស់ថា ព្រះអង្គចូលទិវង្គតនៅឆ្នាំណាពិតប្រាកដទេ គេគ្រាន់តែសង្ស័យថា ព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ១២១៨ នៃគ្រិស្ដសករាជ ហើយពេលដែលព្រះអង្គសុគតទៅ ទ្រង់បានទទួលព្រះមរណនាមថា មហាបរមសៅគត ក៏ប៉ុន្តែនៅក្នុងឯកសាររបស់ លោក អាដេម៉ាឡឺក្លែរ ដែលជាអតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា លើកឡើងថា ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់សុគតនៅឆ្នាំ ១១០៩ ហើយទ្រង់មានព្រះមរណៈនាមថា បរមកវ័ល្យៈ មានន័យថា ទ្រង់ជាភ្ងៀវរបស់លោកនៃបរមសុភមង្គល៕