
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណ គោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
លំដាប់ពីស្ដាំ ទៅឆ្វេង
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ប្លែកតែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។
ម្យ៉ាងទៀត ការប្រារឰពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើន កុះករទាំងប្រុស ទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង ។
ពិធីវិសាខបូជាចាត់ទុកថា ជាបុណ្យដ៏ធំ ដោយមានមហាជន ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលាតូច-ធំ អុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃដែលជាមហា មង្គលអភិលក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូត ដល់ចប់ ដើម្បីជាគ្រឿងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយចាត់ទុកជាបែបដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។
ប្រវត្តិនៃពីធីបុណ្យវិសាខបូជា
នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំង ឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែវិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជា ច្រើនរយឆ្នាំ ។
បញ្ជាក់ ៖ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដា ប្រទេសកាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០០មកម្ល៉េះ ។ ចំណែកប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវពិនិត្យមើលក្នុងព្រះរាជពង្សាវតារ ឬ ក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ “ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខបូជាឡើយ។
តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា បានផ្សាយចូលមក កម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខបូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុងអយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែកខាងខ្មែរ ទំនៀមទំលាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជា ភ្លេចសូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថា បានធ្វើឡើយ ។ ទាំងនេះព្រោះហេតុអ្វី?
តាមការសន្និដ្ឋានឃើញថា
១-ព្រោះព្រះសង្ឃអំពីលង្កានោះផុត រលត់អស់ទៅ
២- ព្រោះរឿងបឋមសម្ពោធិកថា ស្ដីពីរឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែភាសាបាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដក ខ្លះក្នុងអដ្ឋកថា ខ្លះពុំទាន់ចងក្រងរួបរួម និង ពុំទាន់បានប្រែរៀបរៀងជាភាសាសំរាប់ជាតិនៅឡើយ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃ ដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជាត្រូវបានសាបសូន្យទៅវិញ។
ចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេព “បាងកក” តាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសករាជ ២៣៦០ គ្រិស្ដសករាជ ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះមានសម្ដេចព្រះសង្ឃរាជ១ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជា ដំបូង។
ឯរបៀបធ្វើពិធីក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុង សុខោទ័យ ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើវិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅ ឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសំរាប់ប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង ។
ឯគម្ពីរបឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពី ព្រះអង្គចុះចាកតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈ និងព្រះនាងមហាមាយានៅនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ទ្រង់បានត្រាស់ជាអង្គព្រះពុទ្ធ ប្រោសសត្វ ហើយស្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត ។គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងសំរាប់ប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា។ ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង ដើម្បីជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា វិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើតគម្ពីរនេះឡើង។
គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លៅ “រជ្ជកាលទី៣” ជាដំបូង ហើយក្នុង ជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ ៖
១- បឋមសម្ពោធិសង្ខេបមាន២០បរិច្ឆេទ មិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី២ ។
២- បឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមាន២១ខ្សែ ឬ៣០បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ ។
ព្រះបាទ សម្ដេចព្រះណាំងក្លៅ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរស សង្ឃរាជនៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង។ សម្ដេចក្រុមព្រះអង្គនេះបានរួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធ បន្ថែមឡើងខ្លះក្នុងពុទ្ធសករាជ២៣៨៧ គ្រិស្ដសករាជ១៨៤៥ ចំណែក ប្រទេសខ្មែរយើង គម្ពីរបឋមសម្ពោធិជាភាសាមគធៈ មាន២១ខ្សែរ ឬ ៣០បរិច្ឆេទ។ គម្ពីរជាសំរាយមាន៣បែប៖
គម្ពីទី១
គម្ពីទី១ ហៅថា បឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មាន៥-៦ខ្សែ ឬ មួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយា រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ ។ អត្ថបទនេះមិនដឹងជាអ្នកណាជា អ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធសករាជណាទេ ។
តែតាមការសង្កេតមើលពាក្យពេចន៍ក្នុងគម្ពីរនោះឃើញថា មិនជាចាស់ណាស់ណាទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គខាងដើម ។ គម្ពីរនេះគេច្រើនប្រើសំរាប់ ទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបផង ។
គម្ពីរទី២
គម្ពីរទី២ ហៅថា បឋមសម្ពោធិវិត្ថារ មាន៣០បរិច្ឆេទ ។ គម្ពីរនេះសម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកាថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពីបឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះ បរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿងបាត់ដំបង ហើយដែលបានផ្សព្វផ្សាយ ។
នៅប្រទេសកម្ពុជាបុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះថា កាលក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីទី៣
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះមហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូចច្បាប់ដើម។ គម្ពីរនេះមានជាបែបបទសំរាប់ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិកាយទូទាំងប្រទេសខ្មែរ ។
ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរ ។
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាមលក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាលទ្រង់ព្រះផ្នួសនៅឡើយ។
លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅតែបន្ដ ធ្វើវិសាខបូជារៀងដរាបមក រហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុង ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះមហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្មយុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធសករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមកអំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។
ដោយហេតុថា ព្រះមហាថេរ អង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាលបានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ ក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ធ្វើកន្លងមក ។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការទាំងឡាយថា ប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គមកម្ល៉េះ។
លុះដល់ពេលលោកមកគង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិក និកាយជាប់ជាទំនៀមរហូតមក ។
ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ ។
តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជជួន ណាត “កាលនៅព្រះសង្ឃនាយក” ដំណាលថា ក្នុងឆ្នាំមួយ នោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើវិសាខបូជា សម្ដេចព្រះមហាសង្ឃរាជទៀង ក៏ទ្រង់បានព្រះរាជានុញាតិតាមសំណូមពរ ទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក ។ ប៉ុន្ដែ ពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង ។ ឯវត្ដនៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គ ឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។
តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជាអ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទីនោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ។
នៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាប និង ធ្លាប់បានទតឃើញ របៀបបែបផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ៕
ប្រភពពី៖ wcpv