ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិដ៏អស្ចារ្យសម្ដេចព្រះមហាឃោសានន្ទ

កុមារភាព និង ការអប់រំ

មហា​ឃោសានន្ទ ដែលមានព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៣។ ដោយព្រះអង្គជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា។

ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី គឺ « ឃោសានន្ទ » ដែល​មាន​ន័យ​ថា ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ »។ ព្រះ​អង្គ​ទ្រង់បានប្រសូត​​នៅខេត្ត​តាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ។ កាលនៅ​ពី​ក្មេង ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​ និង ​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត កាល​ពី​អាយុ ៨ ឆ្នាំ។

​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ ហើយ​នៅ​អាយុ ១៤ ឆ្នាំ ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន។ ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្ត ហើយ​បន្ទាប់​មក​ទៀត បាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យ នៅ​ភ្នំ​ពេញ​ និង ​ខេត្ត​បាត់ដំបង មុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន « នវនាលន្ទា​មហាវិហារ » ​ឯ​រដ្ឋ​ពិហារ ប្រទេស​ឥណ្ឌ។

ព្រះ​មហាឃោសានន្ទ​ បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ដូច​ជា​​ព្រះ​សង្ឃ​ ១ អង្គ​ពី​ប្រទេស​ជប៉ុន ព្រះ​នាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ និង ​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ដើម។

នៅ​ឆ្នាំ ១៩៦៥ ព្រះ​មហា​ឃោសានន្ទ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ ប៉ែន ធម្មធរោ គឺ​ វត្ត​ឆាយ​ណា នៅ​ក្នុង​ព្រៃ​មួយ ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជ នៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ។ បួន​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា ​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញ និង​​ បញ្ចប់​សង្គ្រាម​វៀតណាម ។ ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី ហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា។

សម័យខ្មែរក្រហម

ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូល ហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង។ ប៉ុល ពត ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​ កាល​នៅ​ក្មេង បាន​ប្រកាស​ថា ព្រះ​សង្ឃ ​ជា​បញ្ញើ​ក្អែគ ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេ ហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់។ ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះ ពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ឬ​ ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ ឬ​​​ បញ្ជូន​ទៅ​រៀន​សូត្រ និង ​ធ្វើ​គត់​ចោល​​ទៀត​ផង។

ព្រះ​សង្ឃ​​ខ្លះ​ទៀត ​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃ ដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង។ ចាប់​តាំង​ពី​ពេល​នោះ​មក រហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំ លែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ និង​ វត្ត​ជា​ច្រើន បាន​ត្រូវ​គេ​កម្ទេច​ចោល។

នៅ​​គ្រា​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជា ទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃ ដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ ពិបាក​ជឿ ស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ។

នៅ​ឆ្នាំ ១៩៧៨ ព្រះ​មហាឃោសានន្ទ​ បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃ ហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​ និង ​ខ្មែរ ​និង ​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ។ នៅ​តាម​ជំរំ​នានា ជន​ភៀស​ខ្លួន ដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទ ក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែង ហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ ​ស្រែក​យំ។

កាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រ ដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម។ ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទាន សម្រាប់​ចម្រើន​ព្រះ​បរិត្ត និង ​បំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ។

ការស្ថាបនាឡើងវិញ

ព្រះ​មហាឃោសានន្ទ​ បាន​ជួយ​ដល់​ប្រទេស​ជាតិ​ និង​ ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ ​កើត​ឡើង​​វិញ ​នៅ​ឆ្នាំ ១៩៨០។ ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន និង​ តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជា នៅ​ឯ​​អង្គការ​សហប្រជាជាតិ។

នៅ​ពេល​ដែល​របប ប៉ុល ពត រលំ​នា​ឆ្នាំ ១៩៧៩ ​ព្រះ​មហា​ឃោសានន្ទ គឺ​ជា​ព្រះ​សង្ឃ​ ១ ​អង្គ ក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ ៣០០០ អង្គ ដែល​បាន​ផុត​ពី​ស្លាប់​ ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន ៦ ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ ១៩៧៦។ ក្នុង​ឆ្នាំ ១៩៧៩ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ ហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរ ទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ។

នៅ​ឆ្នាំ ១៩៨០ ព្រះ​មហា​ឃោសានន្ទ និង​​បព្វជិត​សាសនា​គ្រីស្ទាន ១ រូប គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បាន​បង្កើត​ « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា »។ លោក​ទាំង​ពីរ បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​ និង ​ដូន​ជី​ រាប់​រយ​អង្គ និង ​រាប់​រយ​នាក់ ដែល​បាន​រួច​ពី​ស្លាប់ ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ អាច​បួស​​ ឬ ​កាន់​សីល​ ១០ ឡើង​វិញ និង ​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ ។ នៅ​ខែ​មិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍ ។ លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ។

នៅ​ឆ្នាំ ១៩៨៨ ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ ​​​​ជា​​សង្ឃរាជ។ ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ។ នៅ​ជំនាន់​នោះ គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា គឺ សម្តេច ទេព វង្ស ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១។

ធម្មយាត្រា​ និង ស្នាដៃរបស់ព្រះអង្គ

នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១ ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​ សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​ និង ​សន្តិភាព​​ឡើង​វិញ។

ធម្មយាត្រា​នេះ​ បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល ១៦​ថ្ងៃ ​និង​ ចំងាយ​២០០ គីឡូម៉ែត្រ ​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហម ដោយ​ឆ្លង​កាត់​ដី ដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន។ បន្ទាប់​​មក ព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូល ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​ ២០០ ទៅ ៣០០ នាក់​រៀង​រាល់​ឆ្នាំ (មាន​ទាំង​ព្រះ​សង្ឃ ដូន​ជី និង​ ឧបាសក​ឧបាសិកា)។

នៅ​ឆ្នាំ ១៩៩៥ មាន​រហូត​ដល់ ៥០០ នាក់ ដែល​ធ្វើ​ធម្មយាត្រា ។ នៅ​ឆ្នាំ ១៩៩៥ នោះ មាន​ពួក​ខាង​​ « បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត » បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ ។ ក្រុម​ទាំង ២ បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ពី​ព្រំ​ប្រទល់​ថៃ រហូត​ដល់​ព្រំ​ប្រទល់​វៀតណាម ដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់ អស់​រយៈ​ពេល​ច្រើន​ថ្ងៃ។

ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សា និង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរ ដែល​ត្រូវ​និរទេស ឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះ បាន​ជា​ព្រះ​មហា​ឃោសានន្ទ​ បាន​ទទួល​ « រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការ ពី​​មូលនីធិ​ ភីស ​អាប្បេយ៍ (អាស្រមបទ​សន្តិភាព) » (Peace Abbey Courage of Conscience Award)។

គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា »។ លោក​ស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង បាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គ ចំពោះ​រង្វាន់​សន្តិភាព​ណូបែល។

គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គ ចំពោះ​រង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ។ ព្រះ​មហា​ឃោសានន្ទ ក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​ « ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋ​ផេនស៊ីលវ៉ានីញ៉ា សហរដ្ឋអាមេរិក។

សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន រដ្ឋ​ម៉ាស្សាឈូសេត្តស៍ នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.