
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ដ៏សំខាន់មួយក្នុងចំណោម ពិធីផ្សេងៗឯទៀតប្រចាំឆ្នាំនៃប្រទេសប្រកាន់របបរាជានិយម ។ នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។
ប្រវត្តិសង្ខេបនៃការប្រារព្ធពិធីច្រត់ព្រះនង្គ័ល
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាពិធីបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ ៤រោច ខែ ពិសាខ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់បវេណីរបស់ខ្មែរតាំងពីអតីតកាលដែលត្រូវបានប្រារព្ធធ្វើដើម្បីប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជានុរាស្ត្រនិងជាពិសេស ដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។ នៅក្នុងបរិបទសង្គមខ្មែរសព្វថ្ងៃ ជំនឿចំពោះពិធីច្រត់ព្រះនង្គ័លហាក់ដូចជាថមថយជាងមុន។ បើទោះបីជាជំនឿចំពោះពិធីនេះថមថយក៏ដោយ ក៏ការអភិរក្សនិងថែរក្សាទំនៀមទម្លាប់នេះនៅតែជារឿងចាំបាច់ ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ។
ទំនៀមច្រត់ព្រះនង្គល់ត្រូវបានអ្នកបុរាណវិទូជាច្រើនបានធ្វើការសន្និដ្ឋានថា អាចមានកំណើតមកយ៉ាងតិចណាស់នៅក្នុងសម័យក្រុងនគរធំ ព្រោះមានរូបចម្លាក់មួយឈ្មោះថា ពលទេព ឬ ហៅម្យ៉ាងទៀតថាពលរាម ជាចម្លាក់លីនង្គ័ល ដែលត្រូវបានគេដឹងថាកសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គល់ ហើយរូបនេះត្រូវបានកសាងឡើងតាំងពីសម័យនគរធំ ឬ អាចថាមុននេះទៅទៀតក៏អាចថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន។
សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរធំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យដែលខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី៤រោចខែពិសាខ ដើម្បីជាប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។
នៅថ្ងៃទី១រោច ដល់ថ្ងៃទី៣រោចខែពិសាខ គេចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។ ថ្ងៃទី៤រោចខែពិសាខ គេចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះមហាក្សត្រចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។ ព្រះមហាក្សត្រខ្មែរ យកព្រះទ័យទុកដាក់ចំពោះពិធីនេះណាស់ ដោយពីអតីតកាល ទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ ប៉ុន្តែសម័យក្រោយៗមក ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតី ដោយមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លជំនួសវិញ។
គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។ មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិស បូព៌ាមួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
- រោងទិសបូព៌ា ជាមុខងារសេនាបតីទី១
- រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២
- រោងទិសនិរតី ជាមុខងារសេនាបតីទី៣
- រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤
- ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ក្នុងវេលាមុនច្រត់ព្រះនង្គ័ល៣ថ្ងៃ គឺក្នុងពេលដែលព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះនង្គ័លនោះតាមទំនៀមពីដើម គេយកទៅតាំងក្នុងរោងមួយដែលទើបសង់ថ្មី នៅក្នុងទីព្រះស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែមើលថែរក្សា ដាក់ស្មៅ ដាក់ទឹកឲ្យព្រះគោស៊ី ផឹក ឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាមមិនឲ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសីភទ្ទាធិបតីម៉ាំងថា ព្រះគោ និង ព្រះនង្គ័លនេះធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពី បុរាណ ទើបមកលើកលែងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិនឲ្យមានក្រុមក្សត្រ និង មិនឲ្យមានគោព្រះរាជទ្រព្យឡើយ ដល់ពេលធ្វើព្រះរាជពិធី គេយកតែនង្គ័លទៅតាំងនៅរោងទិសនិរតី រហូតដល់សព្វឆ្នាំនេះការតាំងដូច្នោះដើម្បីឲ្យព្រះគោ និងព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង។
ការរៀបចំ និង ការស្លៀកពាក់
កាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯង ឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។
អ្នកតំណាងព្រះអង្គ ឬ ស្ដេចមេឃ តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
- ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
- ពាក់អាវសាបាប់លឿងទុំ
- មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។
ឯចំណែកជំទាវ ឬមេហួ ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះដូចតទៅ៖
- ពាក់សំពត់សារបាប់ សំឡុយ
- ពាក់អាវបំពង់វែង ពណ៌លឿងទុំ
- ពានាក្រមាពណ៌លឿងបៃតង
- ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ចិញ្ចៀនក្បាលទទេ។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិស្តសករាជ១៩០៥ថា ៖
- ស្លៀកពាក់ហូលមានជរ
- ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
- ស្លៀកពាក់សារបាប់សំឡុយ
- ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
- ពាក់ស្បៃឆៀងដូចកូនល្ខោន
- និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃ និងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។
លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌ា។
ការផ្សងតាមគោឧសភរាជ
លំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ។
តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ។ ទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រា នឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត នោះពួកបាគូក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការសម្រេចព្រះរាជពិធីច្រត់ព្រះនង្គ័លហើយ។
នៅក្នុងព្រះរាជពិធីមង្គលនេះ ជារៀងរាល់ពេលដែលគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខរួចហើយ ប្រជារាស្ត្រខ្មែរតែងតែនាំគ្នាយកសំណល់អាហារជាអាថិ៍ដូចជា ស្រូវ សណ្ដែក ពោត និងល្ងជាដើម ដើម្បីរក្សាទុក ដោយមានជំនឿថា សំណល់អាហារទាំងនោះ នឹងផ្ដល់សេចក្ដីសុខចំពោះរូបគេម្នាក់ៗ។ ចំណែកប្រជានុរាស្ត្រដែលចិញ្ចឹមជីវិតដោយរបរកសិកម្មវិញ តែងមានជំនឿថា ប្រសិនបើបានយកសំណល់គ្រាប់ធុញ្ញជាតិទាំងនោះ ទៅរួមផ្សំជាមួយគ្រាប់ពូជដែលពួកគេត្រូវបង្កបង្កើនផលនារដូវខាងមុខ នោះរបរកសិកម្មរបស់ពួកគេនឹងចម្រុងចម្រើន ទទួលបានទិន្នផលខ្ពស់ជាដើម។ ដោយឡែក ការទស្សន៍ទាយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានប្រជាកសិករតាំងតែពីបុរាណកាល ជឿជាក់និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។
ជំនឿនាពេលបច្ចុប្បន្ន
ជាការពិត ពិធីច្រត់ព្រះនង្គ័លគឺជាជំនឿរបស់ប្រជារាស្ត្រ ជាពិសេសប្រជាកសិករ។ ប៉ុន្តែរហូតមកទល់សព្វថ្ងៃនេះ គេមិនអាចបដិសេធបានទេនូវភាពថមថយនៃជំនឿរបស់កសិករចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ។ ជំនឿដែលថមថយនោះទៀតសោត ចម្បងបំផុតគឺដោយសារតែភាពជឿនលឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យា។ ជំនឿនិងវិទ្យាសាស្ត្រ ជារឿងពីរផ្សេងគ្នា។ ជំនឿរបស់ប្រជាកសិករចំពោះពិធីច្រត់ព្រះនង្គ័លជារឿងមួយ។ ចំណែកឯការប្រែប្រួលអាកាសធាតុនិងបញ្ហាវិទ្យាសាស្ត្រជារឿងមួយផ្សេងទៀត។ រឿងទាំងពីរនេះ ពិបាកនឹងដើរស្របគ្នារហូតណាស់។
ដូច្នេះហើយ បើទោះបីជាទំនាយទាយថាល្អ ប៉ុន្តែប្រសិនបើមិនសូវមានទឹកភ្លៀង ដំណាំកសិកម្មក៏ពិបាកនឹងទទួលទិន្នផលល្អប្រសើរដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាជំនឿថយចុះខ្លះក៏ដោយ ក៏ទំនៀមទម្លាប់បវេណីច្រត់ព្រះនង្គ័លនេះ នៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរជានិច្ច។ ទំនៀមទម្លាប់ប្រពៃណីនេះបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងអារម្មណ៍របស់មនុស្សខ្មែរគ្រប់ជំនាន់រហូតក្លាយជាអត្តសញ្ញាណដែលពិបាកនឹងលុបបំបាត់។
ដូច្នេះការអភិរក្សនិងថែរក្សាទំនៀមទម្លាប់បវេណី ដែលកើតមានតាំងពីច្រើនជំនាន់មកហើយនោះ គឺជារឿងចាំបាច់ ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងដើម្បីឲ្យកូនខ្មែរព្រមទាំងពិភពលោកទាំងមូលបានស្គាល់និងយល់ដឹង៕