
លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។
ជីវៈប្រវត្តិសង្ខេប
លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
ប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុម រាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។
អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ ចោល។ សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់ខ្សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។
ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។
បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគទី២ផ្នែកទស្សនវិជ្ជា នៅឆ្នាំ១៩៤៦ លោកបានទៅបន្តការសិក្សានៅប្រទេសបារាំង ។ ទន្ទឹមគ្នានឹងការសិក្សា លោកបានធ្វើការជាសាស្ត្រាចារ្យជំនួយភាសាខ្មែរនៅសាលាជាតិជីវភាសា បូព៌ាប្រទេស (Ecole nationale des Langues orientales vivantes) នៅក្រុងប៉ារីសនៅឆ្នាំសិក្សា១៩៤៧‑១៩៤៨ និង ១៩៥១‑១៩៥២។
នៅចន្លោះពេលនោះ លោកបង្រៀនភាសាខ្មែរនៅសាលាសិក្សាផ្នែកបូព៌ា និងអាហ្វ្រិកនៃសាកលវិទ្យាល័យក្រុងឡុងដុន (School of Oriental and African Studies, London University) ក្នុងឆ្នាំសិក្សា១៩៤៨‑១៩៥០ ។ លោកបានប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រផ្នែកទស្សនវិជ្ជានៅ មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រក្រុងប៉ារីសនៅឆ្នាំ១៩៥១ ។ ភរិយាលោកនាម ស៊ុយស្ហាន កុលលើវីល (Suzanne Colleville) ។
ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
ប្រវត្តិការងារ
ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។
ស្នាដៃដែលលោកបានបន្សល់ទុក
ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រាមកេរ្តិ៍ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន និង កំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល. គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។
មរណភាពរបស់លោក
លោកបណ្ឌិតសាស្រ្តាចារ្យកេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨។ សពកវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញនិងជាស្ថាបនិក អង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយ មានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលឧទ្ទិស កុសលបច្ឆាមរណៈផង។