
សង្រ្គាមឈូងសមុទ្រពែក្សនៅឆ្នាំ១៩៩១បានចាប់ឆាបឆេះឡើង ជាមួយនឹងការឈ្លានពានរបស់អ៊ីរ៉ាក់ទៅលើកូវ៉ែត ក៏ប៉ុន្តែ ដើមឫសនៃសង្រ្គាមបានកើតមានតាំងពីរាប់ឆ្នាំមុនមកម៉្លេះ គឺចាប់តាំងពីសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨)។
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ពិភពលោកកំពុងតែស្ថិតនៅក្នុងសង្រ្គាមត្រជាក់ ហើយទាំងអ៊ីរ៉ាក់ និងទាំងអ៊ីរ៉ង់ សុទ្ធតែជាប្រទេសដែលកំពុងមានទំនាស់ជាមួយនឹងសហរដ្ឋអាមេរិក។ អ៊ីរ៉ាក់នៅពេលនោះ គឺជាប្រទេសសម្ព័ន្ធមិត្តរបស់សហភាពសូវៀត ចំណែកឯអ៊ីរ៉ង់វិញ បានក្លាយទៅជាសត្រូវដ៏ធំមួយរបស់អាមេរិក ក្រោយពីមានវិបត្តិចំណាប់ខ្មាំងអាមេរិកនៅអ៊ីរ៉ង់ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩។
ហេតុដូច្នេះហើយបានជានៅពេលដែលសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ចាប់ផ្តើមផ្ទុះឡើង នៅឆ្នាំ១៩៨០ សហរដ្ឋអាមេរិកបានប្រកាន់យកជំហរកណ្តាលមួយ ដោយមិនលូកដៃចូលជួយភាគីណាមួយនោះទេ។ ក៏ប៉ុន្តែ ជំហររបស់អាមេរិកបានចាប់ផ្តើមប្រែប្រួល នៅពេលដែលអ៊ីរ៉ង់មានប្រៀបខ្លាំងទៅលើអ៊ីរ៉ាក់ នៅក្នុងសង្រ្គាម។ ក្តីបារម្ភដ៏ធំរបស់អាមេរិកនៅពេលនោះ គឺខ្លាចអ៊ីរ៉ង់ទទួលជ័យជម្នះលើអ៊ីរ៉ាក់ រួចហើយវាតទីចូលឈ្លានពានប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
អ៊ីរ៉ង់ ដែលជាប្រទេសមហាអំណាចអ៊ីស្លាមនិកាយស្ហ៊ីអ៊ីត គឺជាគូប្រជែងដ៏ធំរបស់អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងប្រទេសផ្សេងទៀតនៅតំបន់ឈូងសមុទ្រពែក្ស ដែលសុទ្ធសឹងជាប្រទេសអ៊ីស្លាមស៊ុននីត។ អ៊ីរ៉ាក់វិញ ថ្វីដ្បិតតែជាប្រទេសមានប្រជាជនភាគច្រើនកាន់និកាយស្ហ៊ីអ៊ីត ក៏ប៉ុន្តែ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកស៊ុននីត គឺគណបក្សរបស់សាដាមហ៊ូសេន។
ហេតុដូច្នេះហើយបានជាអារ៉ាប៊ីសាអ៊ូឌីត និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រពែក្ស បាននាំគ្នាសហការជាមួយអាមេរិក ក្នុងការផ្តល់ជំនួយយោធាទៅឲ្យសាដាមហ៊ូសេន ដើម្បីទប់ទល់ជាមួយនឹងអ៊ីរ៉ង់។
ដោយសារតែបានជំនួយអស់ទាំងនេះហើយ ទើបអ៊ីរ៉ាក់អាចមានតុល្យភាពកម្លាំងទ័ពជាមួយនឹងអ៊ីរ៉ង់ ហើយនៅឆ្នាំ១៩៨៨ ភាគីជម្លោះទាំងពីរក៏បានចុះកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅបញ្ចប់សង្រ្គាម។
នៅក្រោយពេលដែលសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ត្រូវបញ្ចប់ នៅឆ្នាំ១៩៨៨ គេរំពឹងថា សាដាមហ៊ូសេន និងប្រទេសនៅឈូងសមុទ្រពែក្សអាចនឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដូចកាលពីអំឡុងសង្រ្គាម ដោយគេឃើញថា នៅក្នុងអំឡុងឆ្នាំ១៩៨៩ អ៊ីរ៉ាក់បានចុះសន្ធិសញ្ញាមិនឈ្លានពានគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីត និងបន្ទាប់មកទៀត ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ទឹកសាបទៅឲ្យកូវ៉ែត។ ក៏ប៉ុន្តែ ភាពល្អូកល្អឺននេះមានរយៈពេលប្រមាណតែមួយឆ្នាំប៉ុណ្ណោះ!
នៅអ៊ីរ៉ាក់ សាដាមហ៊ូសេនត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការខូចខាតក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់។ បន្ថែមពីលើនេះទៅទៀត បំណុលដែលអ៊ីរ៉ាក់ខ្ចីពីអារ៉ាប៊ីសាអ៊ូឌីត ដើម្បីយកទៅចំណាយធ្វើសង្រ្គាមក៏មានទំហំធំធេងដែលជាបន្ទុកកាន់តែ ធ្ងន់សម្រាប់សេដ្ឋកិច្ចជាតិ ហើយក្នុងពេលជាមួយគ្នា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិក៏មានកម្រិតទាប ដែលហេតុធ្វើឲ្យអ៊ីរ៉ាក់ ដែលជាប្រទេសនាំចេញប្រេងឆៅ ពិបាកនឹងបង្កើនប្រាក់ចំណូលយកមកស្តារសេដ្ឋកិច្ចរបស់ខ្លួន។
ប្រឈមមុខនឹងបញ្ហានេះ សាដាមហ៊ូសេនបានស្នើសុំឲ្យអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀត នៅក្នុងតំបន់ឈូងសមុទ្រពែក្ស លុបចោលបំណុលប្រមាណជា ៣០ពាន់លានដុល្លារដែលអ៊ីរ៉ាក់ខ្ចី កាលពីសម័យសង្រ្គាមជាមួយអ៊ីរ៉ង់ ព្រមទាំងទាមទារឲ្យអង្គការ OPEC ចាត់វិធានការ ដើម្បីបង្កើនតម្លៃប្រេងឆៅ។ ក៏ប៉ុន្តែ ការទាមទារទាំងនេះត្រូវបានច្រានចោលដោយអារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងអំឡុងឆ្នាំ១៩៩០ សាដាមហ៊ូសេនក៏បានចាប់ផ្តើមធ្វើការបរិហារិះគន់យ៉ាងធ្ងន់ៗទៅលើអារ៉ាប៊ីសាអ៊ូឌីត និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រពែក្ស ដោយបានចោទប្រទេសអស់ទាំងនេះថាកំពុងតែធ្វើនយោបាយបម្រើផលប្រយោជន៍អាមេរិក ហើយបំផ្លិចបំផ្លាញប្រទេសអារ៉ាប់គ្នាឯង។ សម្រាប់សាដាមហ៊ូសេន ការណ៍ដែលអារ៉ាប៊ីសាអ៊ូឌីតដាក់សម្ពាធលើប្រទេសផ្សេងទៀតក្នុងអង្គការ OPEC កុំឲ្យចាត់វិធានការដំឡើងតម្លៃប្រេងឆៅ គឺដើម្បីតម្រូវចិត្តសហរដ្ឋអាមេរិក ដែលចង់ទិញប្រេងពីមជ្ឈិមបូព៌ាក្នុងតម្លៃថោក។
នៅខែកក្កដាឆ្នាំ១៩៩០ សាដាមហ៊ូសេនបានចោទកូវ៉ែតថាបានលួចបូមប្រេងចូលមកក្នុងទឹកដីអ៊ីរ៉ាក់ ហើយបានប្រកាសគំរាមជាសាធារណៈចង់ប្រើកម្លាំងទ័ពបើកការវាយប្រហារទៅលើកូវ៉ែត។ ព្រមជាមួយនឹងពាក្យគំរាម សាដាមហ៊ូសេនបានចល័តទ័ពប្រមាណជា ៣ម៉ឺននាក់ឲ្យទៅកាន់ព្រំដែនជាមួយកូវ៉ែត។
ដោយមើលឃើញពីស្ថានភាពក្តៅគគុកបែបនេះ លោកហ៊ូស្នី មូបារ៉ាក់ ប្រធានាធិបតីអេហ្ស៊ីប ក្នុងនាមបក្សសម្ព័ន្ធអារ៉ាប់ បានព្យាយាមសម្រុះសម្រួលភាគីជម្លោះ ឲ្យដោះស្រាយវិវាទតាមរយៈការចរចា ដើម្បីបញ្ចៀសកុំឲ្យមានសង្រ្គាម រវាងប្រទេសអារ៉ាប់គ្នាឯង។
នៅថ្ងៃទី៣១កក្កដា កិច្ចចរចា រវាងអ៊ីរ៉ាក់ និងកូវ៉ែតក៏បានចាប់បើកធ្វើឡើង នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមានលោកហ៊ូស្នី មូបារ៉ាក់ ធ្វើជាអន្តរការី។ នៅក្នុងការចរចានេះ អ៊ីរ៉ាក់បានទាមទារឲ្យកូវ៉ែតបង់លុយជាសំណងចំនួន ១០ពាន់លានដុល្លារអាមេរិក ដើម្បីជាការប៉ះប៉ូវការខាតបង់ប្រេងរបស់អ៊ីរ៉ាក់។ កូវ៉ែតបានយល់ព្រមបង់សំណងទៅតាមការទាមទារ ក៏ប៉ុន្តែ សុំតថ្លៃបញ្ចុះសំណងមកនៅត្រឹម ៩ពាន់លានដុល្លារ។ ឆ្លើយតបមកវិញ សាដាមហ៊ូសេនស្រាប់តែបានប្រកាសចេញបញ្ជាឲ្យកងទ័ពអ៊ីរ៉ាក់បើកការវាយលុកភ្លាមៗដោយឥតបង្អង់ទៅលើទឹកដីកូវ៉ែត។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩០ កងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើមបើកការវាយលុកចូលឈ្លានពានប្រទេសកូវ៉ែត។ អាមេរិកចូលមកជួយកូវ៉ែត ហើយសង្រ្គាមឈូងសមុទ្រពែក្សក៏ចាប់ផ្តើមផ្ទុះឡើង នៅខែមករា ឆ្នាំ១៩៩១៕