
ទោះបីជាខ្មែរក្រហម បានធ្វើចម្បាំនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ ណុល អស់រយៈពេលប្រាំឆ្នាំក៏ដោយ ក៏ចលនា និង មេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហមមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ បក្សម្មុនីស្តកម្ពុជាបានរក្សាការសង្ងាត់នេះស្ទើរតែពេញរយៈពេលដែលខ្លួនបានគ្រប់គ្រងប្រទេស។
អង្គការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុម្មុនីស្តកម្ពុជា។ អ្នកទាំងនេះត្រូវបានដឹកនាំជាសម្ងាត់ពីសំណាក់ ប៉ុល ពត។
នៅខែកញ្ញា ឆ្នាំ១៩៧៥ គណកម្មាបជ្ឈឹមបក្សកុម្មុយនីស្តកម្ពុជារួមមាន៖ ប៉ុល ពត នួន ជា សោ ភឹម អៀង សារី សុន សេន តាម៉ុក និង វន វ៉េត។ ហើយនៅឆ្នាំ១៩៧៧ សមាជិកបីនាក់ផ្សេងទៀត មាន ញឹម រស់ ខៀវ សំផន និង កែវ ពត ត្រូវបានបញ្ជូនទៅក្នុងគណកម្មាធិការនេះ។ ប៉ុល ពត អៀង សារី សុន សេន និង ខៀវ សំផន បានទទួលការអប់រំនៅប្រទេសបារាំង ចំណែកលោក នួន ជា ធ្លាប់បានសិក្សារៀនសូត្រនៅប្រទេសវៀតណាម និង សមាជិកផ្សេងៗទៀតនៃគណគម្មាធិការមជ្ឈឹមមានចំណេះដឹងបន្តិចបន្តូចតែប៉ុណ្ណោះ។
ការយាង និង និវត្តន៍មកកម្ពុជារបស់សម្ដេចនរោត្តម សីហនុ
រហូតមកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមនៅតែហៅខ្លួនឯងថាជារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលជារដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងនៅទីក្រុងបេ៉កាំង នៅឆ្នាំ១៩៧០ ដែលមានសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន។ មកដល់ឆ្នាំ១៩៧២ ខ្មែរក្រហមបានត្រួតត្រាលើចលនាតស៊ូស្ទើរតែទាំងស្រុងទៅហើយ ប៉ុន្តែដើម្បីបានការទទួលស្គាល់ពីអន្តរជាតិ និង ការគាំទ្រពីប្រជាជននៅក្នុងប្រទេស ចលនានេះ នៅបន្តស្ថិតក្រោមអធិបតីភាពរបស់សម្ដេចព្រះនរោត្តម សីហនុ និង រាជរដ្ឋាភិបាលនិរទេសរបស់ព្រះអង្គដដែល។
នៅខែកក្កដា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានសុំយាងសម្ដេចព្រះនរោត្តម សីហនុ ដែលនៅពេលនោះ ព្រះអង្គ កំពុងគង់និរទេសនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងមកកម្ពុជា។ មុនយាងនិវត្តន៍មកកម្ពុជា ព្រះអង្គបានយាងមកទីក្រុងប៉េកាំង ដើម្បីសុំលាប្រធានាធិបតីចិន ម៉ៅ សេទុង និង នាយករដ្ឋមន្ត្រី ជូ អេនឡាយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
ក្រោយមកព្រះអង្គបានមានព្រះបន្ទូលថា៖ «ការសម្រេចចិត្តព្រះទ័យរបស់ខ្ញុំក្នុងការវិលត្រឡប់មកកម្ពុជាវិញ មិនមានន័យថា ខ្ញុំយល់ព្រមទទួលស្គាល់ខ្មែរក្រហមទាំងនោះទេ ប៉ុន្តែខ្ញុំត្រួវតែធ្វើពលីកម្ម ដ់ើម្បីជាកិត្តិយសដល់ប្រទេសចិន ហើយជាពិសេសដល់លោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ដែលបានជួយប្រទេសកម្ពុជា និង ខ្លួនខ្ញុំយ៉ាងច្រើនលើសលុប។» ព្រះអង្គបានយាងត្រឡប់ជាមួយព្រះមហេសី នៅដើមខែកញ្ញា ដោយមានសម្ដេច ប៉ែន នុង ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលខ្មែររូរួមជាតិកម្ពុជា និង មាន ខៀវ សំផន អៀង ធារិទ្ធ និង រាជវង្សានុវង្សមួយចំនួនបានអមដំណើររបស់ព្រះអង្គ។
បន្ទាប់ពីយាងនិវត្តន៍មកដល់កម្ពុជាភ្លាម ព្រះអង្គបានធ្វើជាអធិបតីក្នុងសម័យប្រជុំគណរដ្ឋមន្ត្រីមួយ ប៉ុន្តែមិនត្រូវបានអនុញ្ញាតិអោយមានព្រះបន្ទូលអ្វីទាំងអស់។ តំណែងជាព្រះប្រមុខរដ្ឋដែលក្រុមមេដឹកនាំកម្មុនីស្តថ្វាយព្រះអង្គនោះ មិនមានអំណាចទេ។ បីសប្ដាហ៍ក្រោយការយាងត្រឡប់មកដល់កម្ពុជា ព្រះអង្គត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិ ដើម្បីទាមទារយកអាសនៈ របស់កម្ពុជានៅមហាសន្និបាត អង្គការសហប្រជាជាតិ៊
នៅក្នងប្រទេសឯណោះវិញ ក្រុមអ្នកគាំទ្ររបស់ព្រះអង្គជាច្រើននាក់បានបាត់ខ្លួនដោយគ្មានដំណឹង។ សមាជិករាជវង្សប្រហែលម្ភៃអង្គបានចូលទីវង្គត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយយ៉ាងតិចមានព្រះរាជវង្សប្រាំពីរអង្គផ្សេងទៀតត្រូវបានធ្វើគុតនៅក្នុងគុកទួលស្លែង។
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិតេយ្យ
ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័ត ដោយសមាជិកចំនួនមួយពាន់នាក់ ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបានប្រកាសអោយប្រើជាផ្លូវការនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រួវបានប្ដូរឈ្មោះជាផ្លូវការថា «កម្ពុជាប្រជាធិបតេយ្យ»។
រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន២៥០អាសនៈ ដែលក្នុងនោះ១៥០រូប តំណាងអោយវណ្ណៈកសិករ ៥០រូបតំណាងអោយវណ្ណៈកម្មករ និង ពលករ និង ៥០រូបទៀត តំណាងអោយកងទ័ពបដិវត្តន៍កម្ពុជា។ រដ្ឋធម្មនុញ្ញមិនបានចែងអ្វីទាំងអស់នឹងបក្សកុម្មយនីស្ដកម្ពុជា ហើយរដ្ឋសភាបានបើកសម័យប្រជុំតែម្ដងគត់នៅខែមេសា ឆ្នាំ១៩៧៦។
ចម្រៀងជាតិថ្មីមានឈ្មោះថា «១៧មេសា មហាជោគជ័យ»។ដោយបទចម្រៀងនេះនិពន្ធដោយ ប៉ុល ពត ដោយមានទង់ជាតិថ្មីមានផ្ទៃពណ៌ក្រហម ហើយមានរូបប្រាសាទអង្គវត្តកំពូលបី ពណ៌លឿងនៅចំកណ្ដាល។
ការលាលែងពីប្រមុខរដ្ឋរបស់សម្ដេចព្រះនរោត្តម សីហនុ
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦ គណៈអចិន្ត្រៃយ៍បក្សកុម្មុយនីស្តកម្ពុជា បានជួបពិភាក្សាគ្នាអំពីបញ្ហាសុំលាលែងពីតំណែងរបស់សម្ដេចព្រះនរោត្តម សីហនុ ហើយបានព្រមព្រៀងទទួលយកសំណើរសុំលាលែងរបស់សម្ដេចសីហនុ ប៉ុន្តែនឹងមិនអនុញ្ញាតិអោយចាកចេញពីប្រទេស ធ្វើសេចក្ដីថ្លែងការណ៍ ឬ ជួបពិភាក្សាជាមួយអង្កទូតបរទេសណាមួយឡើយ។ របបរាជានិយមកម្ពុជាជិតពីរពាន់ឆ្នាំមកហើយនោះត្រូវបានបញ្ចប់។
នៅខែមេសា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជនកម្ពុជាបានបើកសម័យប្រជុំលើកទីមួយនិងតែម្ដងគត់របស់ខ្លួន។ អង្គប្រជុំបានព្រមព្រៀងគ្នាជាឯកច្ឆ័នទៅលើសំណើរសុំយាងចូលនិវត្តន៍របស់សម្ដេចព្រះនរោត្តម សីហនុ ដោយផ្ដល់ថ្វាយព្រះអង្គនូវប្រាក់សោធននិវត្តន៍ចំនួនប្រាំពីរពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ តែធាតុពិតមិនដែលបានបើកថ្វាយព្រះអង្គទាល់តែសោះ។ ព្រះអង្គ និង ព្រះរាជវង្សត្រូវបានឃុំឃាំងនៅក្នុងសំណាក់តូចមួយនៅក្នុងព្រះបរមរាជវាំង រហូតដល់ខែមករា ឆ្នាំ១៩៧៩ គឺរហូតដល់ថ្ងៃដួករលំរបបកម្ពុជាប្រជាធិបតេយ្យ។
រចនាសម្ព័ន្ធចាត់តាំងរបស់កម្ពុជាប្រជាធិបតេយ្យ
បក្សកុម្មុយនីស្តកម្ពុជាគឺជាអង្គការ តែមួយគត់ដែលមានអំណាចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រសួងដែលមានសកម្មភាពការងារច្រើន ដែលបានបង្កើតឡើងនៅទីក្រុងភ្នំពេញរួមមាន៖
- ប្រធានគណៈប្រធានរដ្ឋ ដឹកនាំដោយលោក ខៀវ សំផន
- ប្រធានសភាតំណាងប្រជាជនកម្ពុជា ដឹកនាំដោយ លោកនួន ជា
- នាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត
- ក្រសួងការបរទេស ដឹកនាំដោយ អៀង សារី
- ក្រសួងការពារជាតិ ដឹកនាំដោយ លោក សុន សេន
- ក្រសួងឧស្សាហកម្ម ដឹកនាំដោយលោក ចេង អន
- នឹងក្រសួងសេដ្ឋកិច្ច ដឹកនាំដោយ វ៉ន វ៉េត។
គណៈកម្មាធិការតែមួយគត់ដែលមានសិទ្ធអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និង អនុម័តគោលនយោបាយរដ្ឋាភិបាល និង លក្ខន្តិកៈផ្សេងៗ គឺគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនីស្តកម្ពុជាដែលមានប៉ុល ពត និង នួន ជា ជាអនុលេខា។ មេដឹកនាំបក្សកុម្មុយនីស្តកម្ពុជាមិនដែលយកចិត្តទុកដាក់គោរពរដ្ឋធម្មនុញ្ញ និង បទបញ្ញាតិនានា ដែលមេដឹកនាំទាំងនេះ ជាអ្នកអនុម័តបង្កើតឡើងដោយខ្លួនឯងម្ដងណាទេ។ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃ និង គណៈកម្មាធិការមជ្ឈឹមបក្សក៏មានតំណែងនៅក្នុងរដ្ឋាភិបាលដែរ។
ការផ្លាស់ប្ដូរថ្ងៃកំណើតបក្ស
នៅខែមិនា ឆ្នាំ១៩៧៦ គណៈកម្មាធិការមជ្ឈឺមបក្សបានសម្រេចយកឆ្នាំ១៩៦០ ដោយមិនយកឆ្នាំ១៩៥១ ជាឆ្នាំកំណើតបក្សកុម្មុយនីស្តកម្ពុជា។ មេដឹកនាំទាំងនោះបានសម្រេចថា អ្នកទាំងឡាយណាដែលចូលជាសមាជិកមុន ឆ្នាំ១៩៦០ នឹងមិនត្រូវបានចាត់ទុកថាជាសមាជិកបក្សទៀតទ។ មជ្ឈឹមបក្សមិនចង់ទទួលស្គាល់សារសំខាន់នៃការជួយជ្រោមជ្រែងរបស់វៀតណាម មុនឆ្នាំ១៩៦០ឡើយ ហើយចង់បដិសេធចោលឥទ្ធិពលរបស់វៀតណាម មកលើបក្សកុម្មុយនីស្ដកម្ពុជា នឹងចង់កាត់ផ្ដាច់ទំនាក់ទំនងទាំងឡាយដែលធ្លាប់មានជាមួយវៀតណាមផង។
បក្សកុម្មុយនិស្តកម្ពុជាបានបន្ដដឹកនាំប្រទេសជាសម្ងាត់នៅក្រោមឈ្មោះថា «អង្គការ»។ ទោះជាយ៉ាងនេះក្ដី នៅខែកញ្ញា ឆ្នាំ១៩៧៧ គឺមុនដំណើរទស្សកិច្ចនៅប្រទេសចិនបន្តិច ប៉ុល ពត បានប្រកាសជាសាធារណៈនូវអត្ថរភាពរបស់បក្សកុម្មុយនីស្តរបស់បក្សកុម្មុយនីស្តកម្ពុជា និង តួនាទី របស់ខ្លូនជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ។