ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអធិរាជសម្លេងមាស ស៊ិន សុីសាមុត ដែលត្រូវបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

លោកស៊ិន ស៊ីសាមុត ជាអ្នកនិពន្ធបទចម្រៀង និង អ្នកចម្រៀងខ្មែរ ដ៏ល្បីល្បាញនាអំឡុង ទស្សវត្ស ៥០ ដល់ ៧០។ គាត់មានរហស្សនាមថា អធិរាជសំឡេងមាស។

កុមារភាព និង ការអប់រំ

លោក ស៊ិន ស៊ីសាមុត កើតនៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់លោក ស៊ីន លៀង និង អ្នកស្រីស៊ិប ប៊ុនឡី ដែលជាកូនកាត់ឡាវ-ចិន។ លោក ស៊ិន សៀង​ជាឆ្មាំយាមពន្ធនាគារ នៅខេត្តបាត់ដំបង និង ជាទាហានបដិវត្តិន៍ប្រឆាំងសម័យអាណានិគម។ លោកស៊ិន លៀង បានលាចាកលោកដោយសារជំងឺ អ្នកស្រី ប៊ុនឡី បានរៀបការម្ដងទៀត ដោយបានបន្សល់ទុកនូវកូនពីរនាក់ទៀត។

លោកស៊ិន ស៊ីសាមុត បានចូលរៀនបឋមសិក្សានៅខេត្តស្ទឹងត្រែងក្នុងអាយុ៥ឆ្នាំ។ កុមារ ស៊ិន ស៊ីសាមុត មាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ ទៅ ៧​ឆ្នាំ។ កុមារស៊ិន ស៊ីសាមុត បានត្រូវសាលាសុំអោយលេងហ្គីតា ក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កុមារនេះមាននិស្ស័យនិងព្រះពុទ្ធសាសនា រៀនភាសាបាលី ចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ពេលបញ្ចប់ចំណេះដឹងទូទៅឆ្នាំ១៩៥១ លោក ស៊ិន ស៊ីសាមុត បានបន្តការសិក្សានៅសាលាវិជ្ជាពេទ្យ នៅភ្នំពេញ ដោយស្នាក់នៅជាមួយ ឪពុកមារ។

ទោះជាមមាញឹកនិងកិច្ចការរៀនសូត្រនេះក៏ដោយ ក៏លោកឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និង និពន្ធបទភ្លេងដែរ។ លោកបានបង្កើតក្រុមតន្ត្រី មួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៥នាក់។ ការសិក្សាវិជ្ជាពេទ្យបានចប់ បន្ទាប់មកលោកបានចូលបម្រើការងារនៅមន្ទីពេទ្យ ព្រះកេតុមាលានៅឆ្នាំ១៩៥៣។

ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ

ដោយសារតែលោកមានមហិច្ឆិតាខ្ពស់ និង ធ្វើពលីកម្មខ្លួន សម្រាប់ច្រៀង លោក ស៊ិន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាផ្អែមល្ហែម ជាមួយនារីណាទេ ទំនាក់ទំនងជាមួយនារីគ្រាន់តែត្រឹមជាមិត្ត ជាជាងជាស្នេហាមួយចូលគ្នា។ លោកស៊ិន ស៊ីសាមុតបារៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាវេជ្ជពេទ្យ លោកបានរៀបអាពាហ៍ពិពាហ៍លើកទី១ជាមួយ នា ខាវ ថតញ៉ុត បងប្អូនជីដូនមួយ តាមការចាត់ចែងរបស់មេបា។

ជាមួយភរិយានេះលោកបានកូន៤នាក់ ដែលបនញទាប់ពីរបបខ្មែរក្រហម មានតែកូនស្រីម្នាក់ កូនប្រុសម្នាក់ដែលនៅមានជីវិត។ ជីវិតគ្រួសារលោក មានៅាពរកាំរកូសដោយសារសម្ពាធនិង កេរិ៍ឈ្មោះរបស់លោក ភរិយាលោកក៏បានចាកចោលលោកទៅបួសជាដូនជី ក្នុងអាយុ៣០ឆ្នាំ។

លោក ស៊ិន ស៊ីសាមុតបានរៀបការជាថ្មីម្ដងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយយកបានភ្នំពេញ នៅខែមសា ១៩៧៥ លោក និង គ្រួសារ ក៏ដូចជាពលរដ្ឋរាប់លាននាក់ បានត្រូជន្លៀសដេញចេញពីភ្នំពេញ។ បន្ទាប់ពីបានថតបទចម្រៀងអោយខ្មែរក្រហមរួចហើយ ពួកទមិឡខ្មែរក្រហមនេះ បានសម្លាប់គាត់ នៅថ្ងៃទី១៨ ឧសភា ១៩៧៦។

លោក ស៊ិន ស៊ីសាមុត ជាវរជនតែមួយគត់ ដែលបានបន្សល់ទុកនូវកេរិ៍ឈ្មោះដ៏ល្អ សម្រាប់ជាតិខ្មែរ នៅសតវត្សទី២០។ វិស័យសិល្បៈសម្លេងចម្រៀង សមជាអធិរាជសម្លេងមាស ស្ថិតដក់ជាប់ក្នុងអារម្មណ៍អ្នកចម្រៀងខ្មែរក្រោយៗមក។ ជំនឿនយោបាយដែលលោកបានជ្រើសរើសជាចុងក្រោយ ក្នុងជីវិតរបស់គាត់គឺជាតម្រួសកុលបុត្រ កុលធិតា​ ខ្មែរ កុំបំភ្លេចវាសនាស្រុកខ្មែរឡើយ។

អាជីពជាសិល្បះករ

នៅដើមឆ្នាំ១៩៥៣ ក្រុមតន្រ្តី ព្រះច័ន្ទរស្មី របស់លោក ស៊ិន ស៊ីសាមុត ចាប់ផ្ដើមល្បីល្បាញនៅភ្នំពេញ។ លោកត្រូវបានវទ្យុជាតិ អញ្ជើញចូលប្រគុំ រួមជាមួយក្រុមតន្រ្តីវិទ្យុជាតិ ឈ្មោះរាជសីហ៍។ ពេលនោះកិត្តិស័ព្ទកាន់តែល្បីល្បាញពេញផ្ទៃប្រទេស លោកតែច្រៀងតាមវិទ្យុ និង ពិធីមង្គលការផ្សេងៗ។ ពេលដែលកម្ពុជាបានទទួល ឯករាជ្យបរិបូរណ៍ ពីបារាំង ឆ្នាំ១៩៥៣ លោក ស៊ិន ស៊ីសាមុត បានក្លាយជាអ្នកវចម្រៀងប្រចាំស្ថានីយ៍វិទ្យុជាតិ។

លោកនិពន្ធបទភ្លេង ដោយប្រើម៉ងដូលីន ក្នុងការសរសេរ ការប្រើពាក្យដើម្បីជៀសវាងកំហុសអក្ខារាវិរុទ្ធ លោកប្រើវចនានុក្រម ដល់ទៅ៣ សម្រាប់មើលពាក្យ ខ្មែរ សង្រ្កឹត និង បាលី។ បទចម្រៀងរបស់គាត់ជាទូទៅ មានលក្ខណៈ មនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហា សុភមង្គល ឈឺចាប់ និង ស្រមើស្រម៉ៃ។ មកដល់ទស្សវត្ស៧០ ដើម្បីតម្រូវការអ្នកស្ដាប់ លោក ស៊ិន ស៊ីសាមុត ច្រៀងបន្ថែមនូវបទនិពន្ធរបស់លោក ពៅ ស៊ីថូ ស្វាយសំអឿ ម៉ា ឡៅពី ម៉ៃប៊ុន និង​ហាស់ សាឡន។ ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ គាត់ច្រើនបទនិពន្ធដោយលោក វោយ ហូ។

នៅដើមទសវត្ស៥០ ម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុៈនារីរ័ត្ន សព្វព្រះរាជហ្វូទ័ព អនុញ្ញាតអោយលោក ចូលវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមាន លោក សុះម៉ាត់ ផងដែរ ដើម្បីច្រៀងក្នុងពិធីបដិសណ្ឋារកិច្ច ក៏ដូចជាលឿងសាយភោជន៍ផ្សេងៗ។ លោក ស្ថិតនៅវង់ភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីច្រៀងសម័យ លោក ស៊ិន ស៊ីសាមុតចេះច្រៀងបុរាណ និង ប្រពៃណី ដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និង បាសាក់ជាដើម។

នៅទសវត្សទី៦០ គឺឆ្នាំ១៩៦៣ លោក ស៊ិន ស៊ីសាមុត ចាប់ផ្ដើមថតចម្រៀងអោយ ផលិតកម្មវត្តភ្នំ បទដែលល្បីគឺ ចម្ប៉ាបាត់ដំបង។ នៅចុតសតវត្ស ៦០ និង ដើមទសវត្ស ៧០ គាត់បានចាប់ផ្ដើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួនដូចជា រឿង អនអើយស្រីអន រឿងទិព្វសូដាចន្ទ និង រឿង ថាវរីមាសបង រឿងពៅឈូកស សំដែងដោយលោក ជា យុទ្ធថន និង អ្នកស្រី ឌី សាវ៉េត បទ នាវាជីវិត​របស់លោក ស៊ិន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿង កាន់តែកំសត់។ ក្នុងទសវត្ស ៦០នេះ​ដែលលោក ស៊ិន ស៊ីសាមុត ចូលរួមថតបទចម្រៀង សម្ដេច សីហនុ ដូចជាបទ រាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។

នៅទសវត្ស ៧០ ពីឆ្នំា១៩៧០ ដល់ ១៩៧៥ គាត់ច្រើនច្រៀង បទនិពន្ធដោយលោក វ៉ោយ ហូ។ គាត់ក៏បានយកទំនុកភ្លេងបរទេស មកច្រៀងជាខ្មែរដែរ ដូចជា បទឆ្នាំមុន បទ ស្នេហ៍ឆ្លងវេហា យកពីថៃ បទ បងនៅតែរង់ចាំ តាមលំនាំបទ The house of the Rising sun បទខ្ញុំស្រឡាញ់ស្រីតូច លំនាំបទ Black magie woman។ រហូតមកដល់ឆ្នាំ១៩៧២ លោក ស៊ិន ស៊ីសាមុត បានលក់ចម្រៀងជាង១ពាន់បទ​អោយផលិតកម្មផ្សេងៗនៅភ្នំពេញ។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧៥​លោកបានថតបទប្រហែល១ពាន់បទទៀត។

បន្ទាប់ពីព្រឹត្តិការណ៍ទំលាក់ សម្ដេច សីហនុ នៅថ្ងៃទី១៨ មិនា ១៩៧០ លោក ស៊ិន ស៊ីសាមុត បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅបម្រើការនៅការិយាល័យទី៥ នៃក្រសួងអគ្គបញ្ជាការ នៃ​សាធារណរដ្ឋខ្មែរ។ គាត់បានធ្វើការនៅការិយាល័យទី៥ រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងតន្ត្រីក្រសួង ក្នងឋានជាអនុសេនីយ៍ទៅ។ នៅមុនពេលខ្មែរក្រហម កាន់កាប់ភ្នំពេញ​លោកបានឡើងឋានជាអនុសេនីយ៍ឯក។ គាត់បានច្រៀងបទ ស្នេហាជាតិជាច្រើន​នៅសម័យនោះ ក្នុងកម្មវិធីទូរទស្សន៍ឆ្នាំ១៩៧១ ក្នុងសម្លៀកបំពាក់យោធា​ពាក់មួកកន្តិប​គាត់បានច្រៀងយ៉ាងសង្ហារ។

ដកស្រង់ពីសៀវភៅ វប្បធម៌ និង វរជនខ្មែរ

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.