ផ្សេងៗ

តើអ្វីទៅជាផែនការបួនឆ្នាំរបស់របបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល​ ពត)?

ខ្មែរក្រហម បានធ្វើការបោសសំអាតទីក្រុង និង ទីប្រជុំជននានា ដើម្បីលុបបំបាត់ចោលការរស់់នៅតាមទីក្រុង និង កសាងកម្ពុជាមួយថ្មីដោយពឹងផ្អែកលើការពង្រឹងផលិតផលកសិកម្មស្រូវ។ ដើមឆ្នាំ១៩៧៦ បក្សកុម្មុយនីស្ដកម្ពុជាបានប្រញាប់ប្រញាល់រៀបរៀងផែនការបួនឆ្នាំលើកទីមួយ ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨០ ដែលតម្រូវអោយធ្វើការប្រមូលផ្ដុំនូវរាលសម្បត្តិឯកជនទាំងអស់ និង ដាក់ការដាំដុះស្រូវជាអទិភាពចម្បងរបស់ជាតិ។ បន្ទាប់ពីបញ្ហាសន្តិសុខជាតិ សមូហភាវូបនីយកម្មគឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។

See the source image

ប្រជាជនកម្ពុជាមិនដែលជួបប្រទះការប្រមូលផ្ដុំបែបនេះពីមុនមកទេ។ ប៉ុន្តែក្នុងឆ្នាំ១៩៧៦ ប្រជាជនគ្រប់រូបត្រូវបានតម្រូវអោយប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់របស់ខ្លួន ដើម្បីជាការប្រើប្រាស់រូម។ ជាផ្នែកមួយនៃដំណើរការនេះដែរ គ្រួសារខ្មែរទាំងអស់ត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនគ្រប់រូបត្រូវបានចាត់តាំងអោយទៅធ្វើការតាមក្រុមរៀងៗខ្លួន។ ប្ដីប្រពន្ធត្រូវបានបំបែកអោយរស់នៅផ្សេងពីគ្នា ហើយកូនៗត្រូវបានបំបែកចេញពីឪពុកម្ដាយ។

ផែនការបូនឆ្នាំមានគោលដៅសម្រេចអោយបានផលិតផលស្រូវបីតោន ក្នុងមួយហិចតាជាមធ្យម។ ដែលនេះជាកិច្ចការមួយដែលមិនអាចធ្វើទៅកើត ដោយហេតុថាប្រជាជនកម្ពុជាមិនដែលត្រូវបង្ខំអោយធ្វើការដាំដុះស្រូវយ៉ាងសម្បើមក្នុងទូទាំងប្រទេសបែបនេះតាំងពីបុរាណកាលមក។ ជាងនេះទៅទៀត ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមហើយមានការខ្វះខាតឧបករណ៍ សត្វពាហនៈ និង កម្លាំងពលកម្មមាំមួនយ៉ាងច្រើន។

See the source image

ផែនការបួនឆ្នាំ មានរួមបញ្ចូលទាំងគម្រោងដាំបន្លែបង្ការ ហើយសង្ឃឹមថានឹងអាចទាយកប្រាក់ចំណេញពីអនុផលព្រៃឈើ ការនេសាទ ការចិញ្ចឹមសត្វ និង ការដាំដើមឈើ។ មេដឹកនាំកម្ពុជាប្រជាធិបតេយ្យសង្ឃឹមថានឹងធ្វើអោយកម្ពុជាមានឯករាជ្យពេញបរិបូរណ៍ទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យនយោបាយ និង មានបំណងប្រែក្លាយកម្ពុជាពីប្រទេសកសិកម្មអន់ថយ ទៅជាកសិកម្មទំនើបមួយ។

ទោះជាយ៉ាងនេះក្ដី មេដឹកនាំទាំងនេះមិនបានគិតដល់ផលវិបាកនៃការអនុវត្តផែនការនេះ និង​ទុក្ខវេទនារបស់ប្រជាជនមកពីការធ្វើការងារហូសកម្លាំង លក្ខខណ្ឌរស់នៅមិនល្អ ការទទួលទានអាហារមិនគ្រប់គ្រាន់ ការខ្វខាតសេរីភាព នង សិទ្ធជាមូលដ្ឋាន ហើយនឹងជំងឺដែលគ្មានការព្យាបាល។ ក្នុងរយៈពេលនៃកម្ពុជាប្រជាធិបតេយ្យ ការរស់នៅរបស់ប្រជាជនមានសភាពយ៉ាប់យ៉ឺនខ្លាំង។

See the source image

របបនេះបានបំផ្លាញសុភមង្គល និង សេចក្ដីថ្លៃថ្នូរជាមនុស្ស របស់ប្រជាជនកម្ពុជាស្ទើរតែគ្មានសល់ចន្លោះ។ ប្រជាជនច្រើនដឹងថាប្រទេសមួយត្រូវការអ្នកចេះដឹងដើម្បីអភិវឌ្ឈន៍។ ប៉ុន្តែខ្មែរក្រហម​បានសម្លាប់បញ្ញាវ័ន្ត និង អ្នកបច្ចេកទេសអស់ជាច្រើន ហើយបានបិទសកលវិទ្យាល័យ សាលារៀន និង មជ្ឈមណ្ឌលអប់រំដ៏ទៃទៀតនៅទូទាំងប្រទេស។ ខ្មែរក្រហមបានបញ្ជូនកសិក្រពីជនបទដែលពុំគ្មានបទពិសោធន៍អោយមកធ្វើការនៅតាមរោងចក្រមួយចំនួនតូចនៅទីក្រុងភ្នំពេញទៅវិញ។

កម្ពុជាប្រជាធិបតេយ្យបានចែកដីស្រែទៅជាដីស្រែល្អលេខមួយ និង ដីស្រែមិនល្អធម្មតា។ ទិន្នផលសម្រាប់ដីស្រែធម្មតាគឺបីតោនក្នុងមួយហិចតា ចំណែកដីស្រែលេខមួយ កសិករត្រូវធ្វើអោយបានពីប្រាំពីរតោនក្នុងមួយហិចតា ជាងនេះទៅទៀត ទិន្នផលស្រួវនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ។

នៅក្នុងទ្រឹស្ដីដែលបានចែងក្នុងផែនការបូនឆ្នាំនេះ ទិន្នផលស្រូវត្រូវបានបែងចែកជាបូនចំណែក។ មួយចំណែកសម្រាប់ជាស្បៀងរបស់ប្រជាជនដែលម្នាក់ទទួលបាន៣១២គីឡូក្រាម ស្រួវក្នុងមួយឆ្នាំ ឬ ០.៨៥គីឡូក្រាមស្រូវក្នុងមួយថ្ងៃ។ មួយចំណែកទៀតសម្រាប់ធ្វើពូជ ហើយមួយចំណែកទៀតសម្រាប់ទុកបម្រុង។ ចំណែកចុងក្រោយហើយក៏ជាចំណែកធំជាងគេនោះគឺយកទៅលក់នៅបរទេស ដើម្បីប្ដូរយកជាសាច់ប្រាក់ ដែលអាចប្រើប្រាសដើម្បីទិញម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ គ្រឿងសព្វាវុធ និង ទំនិញផ្សេងៗទៀត។

ដោយសារតែទិន្នផលស្ទើរតែមិនគ្រប់តាមផែនការដែលបានកំណត់នោះ មានស្រូវតិចតួចណាស់ ដែលរក្សាសម្រាប់ចិញ្ចឹមប្រជាជន និង សម្រាប់គ្រាប់ពូជ។ ផ្ទុយទៅវិញ ស្រូវភាគច្រើនត្រូវបានយលទៅផ្គត់ផ្គង់កងទ័ព នឹង កម្មកររោងចក្រ និង នាំចញទៅប្រទេសចិន និង ប្រទេសសង្គមនិយមដ៏ទៃទៀត។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ទើរតែគ្មានអ្នកណាម្នាក់ធ្លាប់ទទួលបានរបបអាហារគ្រប់គ្រាន់ទេ។ ប្រជាជនភាគច្រើនហូបតែបបរលាយពោត ដើមចេក និង ដើមល្ហុង ហើយទទួលបានរបបអង្គរតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុងមួយថ្ងៃ។ មានតែកម្មភិបាល និង កងទ័ពខ្មែរក្រហមប៉ុណ្ណោះដែលមានបាយហូបគ្រប់គ្រាន់។ អ្នកដែលនៅរស់រានមានជីវិតទាំងអស់ពីរបបនេះ យល់ស្របថា អ្វីដែលគាត់ចងចាំបំផុតក្រៅពីការបង្ខំអោយធ្វើការហូសម្លាំង នឹងការកាប់សម្លាប់នោះ គឺការខ្វះខាតអាហារយ៉ាងខ្លាំង។

See the source image
See the source image
See the source image
Related posts
ផ្សេងៗ

BlackPink ជាក្រុមKPOPដ៏ល្បាញដែលគ្រប់គ្នាបានស្គាល់ ចុះមានដឹងថាសមាជិកនីមួយមានទ្រព្យសម្បត្តិប៉ុន្មានទេ?

ផ្សេងៗ

សត្វ ៨ ប្រភេទដែលអាចរស់នៅក្នុងបរិយាកាសលំបាកខ្លាំង

ផ្សេងៗ

សត្វដែលតូចបំផុតទាំង ១០

ផ្សេងៗ

រលកយក្សស៊ូណាមិដែលបានបំផ្លាញច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

Leave a Reply

Your email address will not be published.