ប្រវត្តិបុគ្គលល្បីៗ

តើនួន ជា “បង​ទីពីរ” នៃ​របប​ខ្មែរក្រហមជាអ្នកណា?

ជាទូទៅ ខ្មែរក្រហម​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ឈ្មោះ ប៉ុល ពត។ ក៏ប៉ុន្តែ អ្នក​ទទួលខុសត្រូវ​ក្នុង​របប​ខ្មែរក្រហម មិនមែន​មានតែ ប៉ុល ពត ម្នាក់​នោះទេ។ នួន ជា ដែល​ជាទូទៅ មិនសូវ​ឮឈ្មោះ​ល្បីល្បាញ ដូចជា ប៉ុល ពត តែ​តាមពិត​គឺ​ជា អនុលេខា​បក្ស​កុម្មុយនិស្ត មាន​អំណាច​លំដាប់​ទីពីរ បន្ទាប់ពី ប៉ុល ពត ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “បងទីពីរ”។ ក្នុងតំណែង​ជា​អនុលេខា​បក្ស​កុម្មុយនិស្ត នួន ជា ទទួលខុសត្រូវ​ក្នុងការ​បំពាក់បំប៉ន​មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ដល់​កម្មាភិបាល​ខ្មែរក្រហម។ នៅក្នុង​អំឡុងពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​ ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ នួន ជា គឺជា​ប្រធាន​សភា​ប្រជាជន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។

តើ នួន ជា ជានរណា?

នួន ជា តាមពិត​មាន​ឈ្មោះដើម​ថា ឡុង ប៊ុនរួត កើតនៅ​ឆ្នាំ១៩២៦ នៅ​ភូមិ​វត្តគរ ក្នុង​ខេត្ត​បាត់ដំបង។ នៅក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ខេត្ត​បាត់ដំបង ត្រូវបាន​ថៃ​ដណ្តើម​យកទៅ​កាន់កាប់ អ្នកស្រុក​បាត់ដំបង​ទាំងអស់ រួមទាំង នួន ជា ផង ត្រូវបាន​រដ្ឋាភិបាល​ថៃ ផ្តល់​សញ្ជាតិ​ជា​ថៃ។ នួន ជា បាន​ចេញពី​បាត់ដំបង​ទៅ​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​បាងកក ។

នៅឆ្នាំ​១៩៤៥ នួន ជា បាន​ប្រឡងជាប់​សញ្ញាប័ត្រ​បាក់ឌុប ហើយ​បាន​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ធម្មសាត ប្រទេស​ថៃ។ ក្រោយមក នួន ជា បាន​ទៅ​ធ្វើការ​ជា​ស្មៀន នៅ​ក្រសួង​ការបរទេស​ថៃ ហើយ​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ថៃ។ ការណ៍​ដែល នួន ជា សម្រេចចិត្ត​ចូលក្នុង​បក្ស​កុម្មុយនិស្ត​ថៃ​នេះ ប្រហែលជា​មកពី​គាត់​ទទួល​ឥទ្ធិពល​ពី​បង​ជីដូនមួយ​របស់​គាត់ គឺ សៀវ ហេង ដែល​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ នៅក្នុង​អំឡុងពេល​ជាមួយគ្នា​នោះ។

នៅឆ្នាំ១៩៥០ នួន ជា បាន​សុំ​ផ្ទេរ​សមាជិកភាព​ពី​បក្ស​កុម្មុយនិស្ត​ថៃ ទៅ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​វិញ។ នួន ជា ក៏​បាន​ចេញពី​បាងកក ចូល​មក​ខេត្ត​បាត់ដំបង​វិញ ដើម្បី​ចូលរួម​ក្នុង​ចលនាតស៊ូ ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

នៅចន្លោះពី​ឆ្នាំ១៩៥២ ដល់​ឆ្នាំ១៩៥៤ នួន ជា ត្រូវបាន​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​បញ្ជូន​ឲ្យទៅ​រៀនសូត្រ​ខាង​នយោបាយ នៅក្រុង​ហាណូយ ប្រទេស​វៀតណាម។ នៅពេល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជាពីរ មួយក្រុម​រត់ទៅ​វៀតណាម មួយ​ក្រុមទៀត​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ នៅពេលនោះ នួន ជា មិនទាន់​ត្រឡប់ពី​ប្រទេស​វៀតណាម​វិញ នៅឡើយទេ។

រហូតដល់​ចុង​ឆ្នាំ​១៩៥៤ ទើប នួន ជា វិល​ត្រឡប់ពី​ប្រទេស​វៀតណាម​វិញ ហើយ​បាន​ទៅ​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមខ្មែរ​កុម្មុយនិស្ត ដែល​នៅ​លាក់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅពេលនោះ​ហើយ ដែល នួន ជា បាន​ជួប​ជាមួយ សាឡុត ស ឬ ប៉ុល ពត។

នៅពេលនោះ នួន ជា ធ្វើការ​ក្រោម​បញ្ជាផ្ទាល់​របស់ សៀវ ហេង ដែល​ត្រូវជា​បងជីដូនមួយ​របស់​គាត់ និង​ជា​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ជនបទ។ ចំណែក ប៉ុល ពត ធ្វើការ​ក្រោម​បញ្ជា​ផ្ទាល់​របស់ ទូ សាមុត ដែល​ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ទីក្រុង។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបាន​មហាសន្និបាត​បក្ស​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​លេខាបក្ស ជំនួស សៀវ ហេង ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។ នួន ជា ក៏បាន​ឡើង​កាន់តំណែង​ជា​អនុលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែលជា​តំណែង​កំពូល​លំដាប់​ទីពីរ បន្ទាប់ពី ទូ សាមុត។ នួន ជា បាន​កាន់តំណែង​ជា​អនុលេខាបក្ស​កុម្មុយនិស្ត​រហូត​ដល់ពេល​ដែល​គាត់​បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។

នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦២ ទូ សាមុត លេខាបក្ស​ពលករ​កម្ពុជា​ ដែល​ជា​ឈ្មោះដើម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​បាត់ខ្លួន ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​។ នួន ជា ដែល​ពេលនោះ គឺជា​អនុលេខា​បក្ស​ស្រាប់​ គួរតែ​ជាអ្នក​ឡើងមក​កាន់តំណែង​ជា​លេខាបក្សស្តីទី​ជំនួស ទូ សាមុត។ ផ្ទុយទៅវិញ បែរជា ប៉ុល ពត ដែល​ស្ថិតនៅ​លំដាប់​ទីបី​ឯណោះ​ទៅវិញ ដែល​ជា​អ្នក​ឡើង​រំលង នួន ជា មកធ្វើជា​លេខាបក្ស​ស្តីទី។ នៅក្នុង​មហាសន្និបាតបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប៉ុល ពត ក៏បាន​ជាប់ឆ្នោត​ជា​លេខាបក្ស​ពេញសិទ្ធិ។ ចំណែក នួន ជា នៅជា​អនុលេខា​បក្ស​ដដែល។

ហេតុអ្វីបានជា នួន ជា មិន​ឡើងមក​ធ្វើជា​លេខាបក្ស? តើមកពី​គាត់​មិនចង់ធ្វើ​ឬ​ក៏​យ៉ាងណា?

ក្នុងសៀវភៅ ដែលមានចំណងជើងថា “បងទីមួយ​ប៉ុល ពត” លោក David Chandler បាន​សរសេរ​ថា នួន ជា ក៏​មាន​បំណង​ចង់ធ្វើ​ជា​លេខា​បក្ស​ដែរ ក៏ប៉ុន្តែ មិនអាច​ធ្វើ​ទៅបាន ព្រោះ​នៅពេលនោះ មាន​លេចឮ​ព័ត៌មាន​ចោទប្រកាន់ នួន​ ជា ថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ សៀវ ហេង ដែល​ជា​បងជីដូនមួយ​របស់​ នួន ជា និង​ជា​អតីត​លេខា​បក្ស​កុម្មុយនិស្ត ដែល​បាន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។

ព័ត៌មាន​ដែល​ឮ​តៗគ្នា​ ក្នុង​ចំណោម​មន្រ្តី​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ គឺ​ទាក់ទងនឹង​ការណ៍​ដែល នួន ជា ធ្លាប់បាន​ទទួល​លុយកាក់​ពី សៀវ ហេង។ លោក David Chandler ថែមទាំងបាន​អះអាង​ទៀត​ថា អ្នកដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ គឺ ប៉ុល ពត នេះឯង។ ក្រោយពី​មាន​ព័ត៌មាន​ចចាមអារាម​នេះ នួន ជា ក៏​លែង​ហ៊ាន​ឈរឈ្មោះ​ជា​បេក្ខជន​លេខាបក្ស ដោយ​ដឹងថា បើទោះជា​ឈរឈ្មោះ​ក៏​មិនមាន​អ្នកណា​បោះឆ្នោត​ឲ្យ​ដែរ។ នួន ជា ក៏​សុខចិត្ត​នៅជា​អនុលេខាបក្ស​ដដែល។

ក្រោយពេល​ដែល​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥ នួន ជា ក៏បាន​ក្លាយជា​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅក្នុង​បក្ស នួន ជា គឺ​ជាអ្នក​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស និង​ទទួលបន្ទុក​កិច្ចការ​អប់រំ​ផ្នែក​នយោបាយ និង​មនោគមន៍វិជ្ជា។ យោងតាម​ឯកសារ​ដែល​រក្សាទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នួន ជា គឺជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ចេញ​គោលនយោបាយ​ឲ្យ​មន្រ្តី​ថ្នាក់​មូលដ្ឋាន​អនុវត្ត ក្នុងនោះ រួមទាំង​មន្រ្តី​មន្ទីរ ស២១ ឬ គុក​ទួលស្លែង​ផងដែរ។

នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦ នួន ជា បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែល​បាន​លាលែង​ដោយ​មាន​បញ្ហា​សុខភាព។ ក៏ប៉ុន្តែ ប្រមាណ​៣សប្តាហ៍​ក្រោយមក តំណែងនេះ​ត្រូវ ប៉ុល ពត យកទៅ​កាន់កាប់​វិញ។

ក្រោយពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បាន​រត់ទៅ​រស់នៅ​ជាយដែន​ខ្មែរ-ថៃ ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត។ នួន ជា ក៏​មិនខុសពី ប៉ុល ពត ប៉ុន្មាន​ដែរ គឺជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​ការ​លាក់​កំបាំង មិនឲ្យ​គេដឹង មិនឲ្យ​គេស្គាល់។ ដូចនេះហើយ​បានជា​មិនសូវ​មាន​ឯកសារ​ដែល​និយាយ​ពី នួន ជា នោះទេ។ គួររំឭកថា នួន ជា នេះឯង​ជា​មេគំនិត​នៃ​ការ​ដឹកនាំ​បែប​សម្ងាត់។ នួន ជា តែងតែ​បាន​លើកឡើង​ថា ការ​លាក់ការណ៍​សម្ងាត់ គឺជា​កត្តា​ដ៏​សំខាន់​ដែល​នាំ​ទៅរក​ជ័យជំនះ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ជាថ្នូរនឹង​ការរួចផុត​ពី​រាល់​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នានា​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម។

ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបាន​គេ​ចាប់ខ្លួន​ពីផ្ទះ​របស់គាត់​ នៅ​ស្រុក​សំឡូត មក​ភ្នំពេញ តាម​ដីកា​ចាប់ខ្លួន​របស់ តុលាការ​ខ្មែរក្រហម។ នួន ជា ត្រូវបាន​អង្គជំនុំជម្រះ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស។

នួន ជា នៅតែ​អះអាង​ម្តងហើយ​ម្តងទៀត​ថា គាត់​មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់​មនុស្ស​រាប់លាន​នាក់​ក្នុង​អំឡុងពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​នោះទេ។ គាត់​អះអាង​ថា គាត់​មិនបាន​ដឹង​ពី​ការណ៍​ដែល​ប្រជាជន​អត់​អាហារ ហើយ​ក៏​មិនដឹង​ពី​រឿង​សម្លាប់​មនុស្ស​ដែរ។ តើ​មេដឹកនាំ​ខ្មែរក្រហម​លំដាប់​កំពូល ដូចជា នួន ជា ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​នូវ​រាល់​នយោបាយ​របស់​បក្ស និង​រដ្ឋ ពិតជា​មិនដឹង​រឿងអ្វីមែនឬ?

លោក នួន ជា ប្រធាន​រដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បង​ធំ​ទី២ បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០១៩ ក្នុងវ័យ ៩៣ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ លោក នួន ជា ត្រូវ​បាន​ដឹក​ចេញ​ពី​មន្ទីរ​ឃុំឃាំង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​តាំង​ថ្ងៃ​ទី២ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​លោក​ស្លាប់។ ក្រោយ​ក្រុម​ជំនាញ​ពិនិត្យ​ចប់​សព្វគ្រប់​ នឹង​ប្រគល់​សព​លោក នួន ជា ទៅ​គ្រួសារ​សាច់​ញាតិ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

See the source image
See the source image

Related posts
ប្រវត្តិបុគ្គលល្បីៗ

ជីវិតពីវរជនរបស់ប្រទេសក្លាយជាជនផ្ដាច់ការហ្សីមបាវេ លោក រ៉ូបឺត មូហ្កេបេ

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ទស្សនវិទូ​អង់គ្លេស ចន ឡក (John Locke)

ប្រវត្តិបុគ្គលល្បីៗ

ជីវិត និង ស្នាដៃរបស់វិស្វករអគ្គិសនី និង ជាទូរលេខវិទូ ជនជាតិរុស្សី លោក អាឡិចសង់ ប៉ូប៉ូវ (Aleksander Popov)

ប្រវត្តិបុគ្គលល្បីៗ

ជីវិត និង​ ស្នាដៃ​របស់ លោក បេនីតូ មុស្សូលីនី (Benito Mussolini)

Leave a Reply

Your email address will not be published. Required fields are marked *