ប្រវត្តិសាស្រ្តខ្មែរ

ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំអោយទៅជា ក្រប្រវាស់ដៃ ដែលមានសមាជិកពី១០ ទៅ៣០គ្រួសារក្នុងមួយក្រុម។ ទោះជាយ៉ាងនេះក្ដីចាប់ពីឆ្នាំ១៩៧៣ និង ជាពិសេសបន្ទាប់ពីជ័យជំនះឆ្នាំ១៩៧៥ ក្រុមប្រវ៉ាស់ដៃត្រូវបានរៀបចំឡើងអោយទៅជា សហករណ៍កម្រិតទាប ដែលមានសមាជិកបីបួនរយនាក់ ឬ ក៏ភូមិមួយទាំងមូល។ រហូតដល់ឆ្នាំ១៩៩៧ សហករណ៍ម្រិតទាបត្រួវបានរៀបចំឡើងវិញអោយទៅជា សហករណ៍កម្រិតខ្ពស់ ដែលរួមមានមួយពាន់គ្រួសារក្នុងសហករណ៍នីមួយៗ ឬ ឃុំមួយទាំងមូល។

ការបង្កើតសហករណ៍

មេដឹកនាំបក្សកុម្មុយនីស្ដកម្ពុជាបានបង្កើតសហករណ៍ទាំនេះឡើង ដែលជាផ្នែកមួយនៃដំណើររបស់ខ្លួនឆ្ពោះទៅរកការលុបបំបាត់ចោលកម្មសិទ្ធឯកជន និង របបមូលធននិយម និងដើម្បីពង្រឹងវណ្ណៈកម្មករ និង កសិករ។ ចំពោះខ្មែរក្រហម សហករណ៍មានន័យថាប្រជាជនរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ហូបបាយជាមួយគ្នា និងចែករំលែកការកម្សាន្តជាសមូលហភាព។

គោលការណ៍នេះធ្វើអោយមានការដាក់កំហិតយ៉ាងតឹងរ៉ឹងទីលើការរស់នៅជាបុគ្គល។ គ្រួសារខ្មែរធ្លាបរស់នៅហូបចុកជួបជុំគ្រួសាររាប់ពាន់ឆ្នាំមកហើយ ដូច្នេះការបង្ខំប្រជាជនអោយហូបរួមគ្នានៅក្នុងសហករណ៍ ជាពិសេសនៅពលដែលមានការខ្វះខាតអាហារយ៉ាងខ្លាំងបែបនេះ គឺជាទង្វើរមួយឃោឃៅខ្លាំងណាស់។ ជាងនេះទៅទៀត ប្រជាជនត្រូវប្រគល់ទ្រព្យសម្បត្តិរបស់ខ្លូន ដែលជាមធ្យោបាយផលិតកម្មសំខាន់ៗ ដាក់ជាសម្បត្តិរួមរបស់សហករណ៍ទាំងអស់ ដែលមានដូចជា ឧបករណ៍ប្រើប្រាស់ គោក្របី នង្គ័ល រនាស់ គ្រាប់ពូជ និង ដីស្រែជាដើម។

សហករណ៍ត្រូវបានរៀបចំឡើងដើម្បីធ្វើយ៉ាងណាអាចអោយខ្លួនឧបត្ថម្ភដោយខ្លួនឯងបាន។ មេដឹកនាំខ្មែរក្រហមបានពណ៌នាសហករណ៍ថាជា កម្លាំងធំធេងខ្លាំងក្លា ក្នុងកសាងប្រទេស និង ជា កំផែងថែបយ៉ាងមាំបំផុតសម្រាប់ការពារកម្ពុជាប្រជាធិបតេយ្យ ទល់នឹងសត្រូវ។
វណ្ណៈសង្គមថ្មីពីរ

See the source image

ទោះជាខ្មែរក្រហមបានអះអាងថា ខ្លួនកំពុងតែកសាងប្រទេសមួយប្រកបដោយសមភាព និង លុបបំបាត់ចោលវណ្ណៈសង្គមយ៉ាងណាក៏ដោយ ប៉ុន្តែធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ ប្រជាជនមូលដ្ឋាន និង ប្រជាជនថ្មី។ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់គឺជាអ្នកទាំងឡាយណាដែលរស់នៅតាមតំបន់ជនបទ គ្រប់គ្រង់ដោយបក្សកម្មុយនីស្តកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានបែងចែកអ្នកទាំងនោះជាប្រជាជនពេញសិទ្ធ ឬ ប្រជាជនត្រៀម។

ប្រជាជនពេញសិទ្ធគឺអ្នកទាំងឡាយណាដែលមិនមានបងខ្លួនធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ហើយជាសមាជិកគ្រួសារកសិករក្រ ឬ កសិករកណ្ដាលថ្នាក់ក្រោម ដែលមានកសិករ និង កម្មករ។ ប្រជាជនប្រភេទនេះត្រូវបានអនុញ្ញាតិអោយទៅបោះឆ្នោត ឬ ឈរឈ្មោះអោយគេបោះឆ្នោតទោះបីជាករបោះឆ្នោតមានតែម្ដងគត់នៅថ្ងៃទី២០ ខែមិនា ឆ្នាំ១៩៧៦ ក្នងរយៈកាលកម្ពុជាប្រជាធិបតេយ្យក៏ដោយ។

ការបោះឆ្នោតនេះមិនអនុឡោមតាមបទដ្ឋានអន្ដរជាតិ ហើយឈ្មោះសមាជិកសភាតំណាងប្រជាជនគឺមិនត្រូវបានប្រកាសអោយប្រជាជនដឹងដែរ។ ប្រជាជនមូលដ្ឋានអាចក្លាយជាប្រធានសហករណ៍ និង ប្រធានកងផ្សេងៗ។ ប្រជាជនត្រៀមគឺអ្នកទាំងឡាយដែលមានបងប្អូនធ្លាប់ធ្វើការជាមួយរបបសាធារណរដ្ឋខ្មែរ។ ប្រជាជនទាំងនេះនឹងត្រូវបានត្រាប្រណី ដរាបណា ប្រជាជនទាំងអស់នោះខិតខំធ្វើការងារដោយខ្ជាប់ខ្លូន។

See the source image

ប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា គឺអ្នកដែលត្រូវជម្លៀសចេញពីទីក្រុង ឬ ទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។ ទោះជាយ៉ាងនេះក្ដី មួយចំនួនធំនៃអ្នកទាំងនេះគឺជាអ្នកមកពីជនបទ ហើយបានរត់ទៅទីក្រុងដើម្បីគេចចេញពីសង្គ្រាម។ ប្រជាជនថ្មីត្រូវបានចាត់ទុកថាជាមនុស្សដែលមិនអាចជឿទុកចិត្តបាន ហើយទទួលការស្អប់ខ្ពើម និង ការសង្ស័យពីសំណាក់អង្គការ។ ប្រជាជនទាំងនេះត្រូវបានអង្គការចាត់ទុកថាជាជន បញ្ញើរក្អែក ហើយគ្មានសិទ្ធអ្វីទាំងអស់ដូចដែលពាក្យស្លោកខ្មែរក្រហមមួយបានអះអាងថា ពូក១៧ មេសា ជាជនបញ្ញើរក្អែក។

ពួកវាជាអ្នកចាញ់សង្គ្រាម និង ជាឈ្លើយសឹក។ ពាក្យស្លោកមួយទៀតដែលអ្នករស់រានមានជីវិតភាគច្រើនចង់ចាំនោះគឺ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត។ ប្រជាជនថ្មីទទួលរងការធ្វើទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់។ ប៉ុន្តែទំហំនៃអំពើឃោឃៅមានកម្រិតខុសៗគ្នា ពីតំបន់មួយ ទៅតំបន់មួយទៀត។ ឧទាហរណ៍ ប្រជាជននៅខេត្តស្វាយរៀង និង ព្រៃវែងក្នុងភូមិភាគបូព៌ា បានទទួលការគាំពារពីបដិវត្តន៍ប្រសើរជាងអ្នកដែលត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ និង បាត់ដំបងនៃភូមិភាគពាយ័ព្យ។

ពិធីរៀបមង្គលការ

មង្គលការ ឬ ពិធីបើកវគ្គ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀបទម្លាប់ប្រពៃណីខ្មែរ។ កូនកម្លោះក្រមុំទាំងអស់ត្រូវបានរៀបចំក្នុងពិធីរួមតែមួយ ដែលមានចំនួនពី៣ ទៅ ១០គូរ ក្នុងពិធីតូចមួយ ហើយពិធីធំមានពី ៣០ ទៅ ៥០គូរ ឬ រហូតដល់១០០គូរក្នុងពិធីនីមូយៗ។ បុរស់នារីភាគច្រើនមិនត្រូវបានអនុញ្ញាតិអោយជ្រើសរើសគូស្រកររបស់ខ្លូនទេ។

ដោយគូរនីមូយៗបានត្រូវចាត់តាំងឡើងដោយអង្គការ ដែលអះអាងថាជាឪពុកម្ដាយរបស់មនុស្សគ្រប់រូប។ អ្នកខ្លះមិនទាំងស្គាល់ឈ្មោះគ្នាផង និង មុខមាត់អនាគតគូស្រកររបស់ខ្លួនផងទេ រហូតដល់ពេលប្រារព្ធពិធីតែម្ដង។ បងប្អូនសាច់ញាតិមិនអនុញ្ញាតិអោយចូលរួមក្នុងពិធីមង្គលការ ឬ ចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្តណាមួយឡើយ។ សម្លៀកបំពាក់ប្រពៃណី ពិធីរាំរែក ចម្រៀងប្រពៃណី និង ពិធីតាមបែបសាសនាត្រួវបានហាមឃាត់។

See the source image

នារីមួយចំនួនត្រួវបានបង្ខំអោយរៀបការជាមួយយុទ្ធជនពិការ ដែលរងរបួសក្នុងពេលសង្គ្រាម ហើយត្រូវបានដាច់ដៃ ឬ ដាច់ជើងម្ខាង។ នារីដែលជំទាស់មិនទទួលយកបុរស់ពិការទាំងនេះអាចត្រូវចាប់ឃុំឃាំង ទទួលរងទណ្ឌកម្មជាទម្ងន់ ឬ ត្រូវបញ្ជូនអោយទៅធ្វើការតំបន់ដាច់ស្រយាលឆ្ងាយៗពីផ្ទះ។ នារីខ្លះដែលជួបប្រទះហេតុការណ៍បង្ខំបែបនេះបានធ្វើអត្តឃាត។

អាពាហ៍ពិពាហ៍ដោយបង្ខំកាន់តែមានការតឹងរឹងឡើង បន្ទាប់ពីជ័យជំនះរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៥។ បុរស់ស្ត្រីជាច្រើនគូរត្រូវបានបង្ខំអោយរៀបការ ដោយតាំងចិត្តថានឹងធ្វើតាមអ្វីដែលអង្គការបញ្ជា។ ពិធីនោះមានយុវជនជាច្រើនបង្ខំអោយរៀបការក្នុងពេលតែមួយ។ នៅថ្ងៃរៀបការបុរស់នារីទាំងអស់ត្រូវឈរជាពីរជួរ បន្ទាប់មកប្រធានភូមិបញ្ជាអោយអ្នកទាំងនេះចាប់ដៃគ្នា ហើយធ្វើការប្ដេជ្ញាថានឹងរួមរស់ជាមួយគ្នាអស់មួយជីវិត។ នេះបញ្ជាក់ថា បុរស់នារីទាំងអស់នោះបានរៀបការរួចហើយ។ ពិធីដ៏ខ្លីនេះនឹងត្រូវបញ្ចប់បន្ទាប់ពីមានការហូបអាហារបន្តិចបន្តូច។

បន្ទាប់ពីរៀបការហើយ ប្ដីប្រពន្ធបានទទួលការអនុញ្ញាតិអោយរស់នៅជាមួយគ្នាតែពីរ បីថ្ងៃប៉ុណ្ណោះ ហើយបន្ទាបើមកត្រូវទៅធ្វើការតាមក្រុមរៀងៗខ្លួនវិញ។ ប្ដីប្រពន្ធមួយចំនួនក៏បានទទួលការអនុញ្ញាតិអោយមកជួបមុខគ្នាក្នុងរវាងពីប្រាំពីរ ទៅដប់ថ្ងៃតែម្ដង។ខ្មែរក្រហមមើលឃើញពិធីរៀបការតាមប្រពៃណីខ្មែរ ដួចដែលខ្លួនមើលឃើញការគោរពប្រណិប័តន៍ជំនឿសាសនា និង ការសិក្សានៅតាមសាលា ឬ មហាវិទ្យាល័យដែរ។

ខ្មែរក្រហមយល់ថា វាជាការចំណាយ ពេលឥតប្រយោជន៍និង គ្មានបានជួយអ្វីទាល់តែសោះក្នុងបង្កបង្កើនផលស្រូវ។ មង្គលការរួមត្រួវបានមង្គ័លការរួមត្រួវបានបង្កើតឡើងដោយសារតែវាចំណាយពេលតិច ហើយពេលវេលាដែលនៅសល់នឹងត្រូវចំណាយទៅលើការងារសហករណ៍ និង អ្វីដែលខ្មែរក្រហមហៅថា «បដិវត្តន៍មហាលោតផ្លោះ មហាអស្ចារ្យ» ដែលជាពាក្យស្លោកចម្លងចេញពីកុម្មយនីស្ដចិន។

មេដឹកនាំកម្ពុជាប្រជាធិបតេយ្យចងើបញ្ជាក់អោយច្បាស់ថា នឹងមានក្មេងៗចាប់កំណើតដលអាចបន្តបដិវត្តន៍របស់ខ្លូនបាន។ ប៉ុន្តែដើម្បីបង្កើតមនុស្ស ដែលអាចបម្រើបដិវត្តន៍បាន។

ការរំលោភលើសិទ្ធ និង ពលកម្មរបស់កុមារ

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនមានសាលារៀនជាផ្លូវការទ។ កុមារត្រូវបានបញ្ជូនអោយទៅរៀននៅក្រោមដើមឈើ ឬ នៅក្រោមផ្ទះប្រជាជន ហើយគ្រូភាគច្រើនជាកសិករក្រដែលអាន និង សរសេរតែបន្តិចបន្តូចប៉ុណ្ណោះ។ ទោះជាការអប់រំនៅតាមតំបន់មួយចំនួនមានការរីកចំរើនក្នុងឆ្នាំ១៩៧៨ក៏ដោយ ដោយកុមារទទួលបានសិក្សាថ្នាក់បឋមពី២ ទៅ៣ម៉ោងក្នុងមួយថ្ងៃ ក៏នៅតែមិនទាន់មានសាលារៀនដែលមានកំណើតការពេញលេញដែរ។

ខ្មែរក្រហមនិយាយថា «អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង បាក់ឌុប ត្រួវទៅយកនៅទំនប់ប្រឡាយ» ហើយថា «ការរៀនអក្សរ រៀនលេខមិនសំខាន់ទេ ការសំខាន់គឺការងារ និង ចលនាបដិវត្តន៍»។

See the source image

នៅពេលដែលកុមារត្រូវបានបង្ហាត់បង្រៀនអោយចេះអាន និង សរសេរអក្សរបន្តិចបន្តូចនោះ ភាគច្រើននៃការសិក្សាគឺផ្ដោតទៅលើការអប់រំនយោបាយ។ ក្មេងៗជាច្រើនត្រូវបានយកចេញពីផ្ទះអោយទៅចូលរួមវគ្គហ្វឹកហ្វឺនមនោគមវិជ្ជា ដើម្បីអាចបម្រើក្នុងជួរកងទ័ពកងការពារ ឬ និរសារ។
កូនក្មេងក៏ត្រូវបានចាត់តាំងអោយធ្វើការងារដែរ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ការងារបស់កុមារគឺដើររើសអាចម៍គោ កាត់ទន្ទ្រានខេត្រ ប្រមូលលាមកមនុស្សដើម្បីធ្វើជិ និង ជញ្ជូនអាវុធទៅសមរភូមិដែលនៅទីនោះ ជូនកាលកុមារត្រូវទទួលរងរបូស ឬ ក៏ត្រូវគ្រាប់កាំភ្លើងស្លាប់ក៏មាន។ ជាងនេះទៅទៀត កុមារាកុមារីទាំងនេះត្រូវបំបែកចេញពីឪពុកម្ដាយ ហើយមិនដែលស្គាល់ភាពកកក្ដៅពីគ្រួសារឡើយ។

See the source image

កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា «អង្គការជាឪពុកម្ដាយរបស់កុមារាកុមារី និង យុវជនខ្មែរក្រហម ដូច្នេះអង្គការមិនប្រណីឡើង»។ កម្មាភិបាលខ្មែរក្រហមបានអោយកុមារស៊ើបការណ៍ពីឪពុកម្ដាយរបស់ខ្លួន ហើយជូនកាលកុមារទាំងនេះហ៊ានទាំងសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លូនទៀតផង ប្រសិនបើទទួលបានបញ្ជាពីអង្គការ។

មួយរយៈកាលកន្លងផុតទៅ កុមារទាំងឡាយជឿតែទៅលើអ្វីដែលអង្គការបានប្រាប់ និង គោរពតាមតែបញ្ជារបស់អង្គការតែប៉ុណ្ណោះ។
នៅក្នុងអំឡុងពេលសង្គ្រាមជាមួយវៀតណាម ក្នុងឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨កងទ័ពខ្មែរក្រហមជាច្រើនបានសម្លាប់ ឬ រងរបួសជាទម្ងន់ ដែលនៅទីនោះកុមាររាប់ពាន់នាកបានត្រូវរងរបូស។

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

Leave a Reply

Your email address will not be published.