ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ​បងធំទី៣ លោក អៀង សារី ដែលជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

អៀង សារី គឺជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចេញមុខ​ចេញមាត់​ជា​សាធារណៈ​ច្រើន​ជាងគេ ព្រោះ​គាត់​គឺ​ជា​អ្នក​ទទួលបន្ទុក​កិច្ចការ​បរទេស។ ចំណែក​ក្នុង​បក្ស​វិញ អៀង សារី ជា​សមាជិក​គណៈអចិន្រ្តៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ក្នុងការ​សម្រេច​កិច្ចការ​នានា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម អៀង សារី គឺជា​មនុស្ស​ស្និទ្ធ​នឹង ប៉ុល ពត ជាងគេ។

អៀង សារី និង ប៉ុល ពត បាន​ស្គាល់គ្នា និង​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា តាំងពី​ពេល​រៀន​នៅ​ភ្នំពេញ រហូត​បាន​អាហាររូបករណ៍​ទៅរៀន នៅ​ប្រទេស​បារាំង​ជាមួយគ្នា។ ប្រពន្ធ​របស់ អៀង សារី និង​ ប្រពន្ធ​របស់ ប៉ុល ពត គឺជា​បងប្អូន​បង្កើត​នឹងគ្នា។ ក្រោយពេល​វិលត្រឡប់​ពី​ប្រទេស​បារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា នៅ​ក្រុង​ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​លំដាប់​ទីបី នៃ​របប​ខ្មែរក្រហម បន្ទាប់ពី នួន ជា ដែល​ជា​អនុលេខា​បក្ស។

តើ អៀង សារី ជា​នរណា?

អៀង សារី មាន​ឈ្មោះ​កំណើត​ថា គីម ត្រាង ដោយលោកបានកើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបាន​ឳពុកម្តាយ ប្តូរឈ្មោះ​មកជា អៀង សារី នៅពេល​មក​រៀន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​សូរសៀង​ជា​ឈ្មោះ​ខ្មែរ។ អៀង សារី បាន​បន្ថយ​អាយុ​បួនឆ្នាំ ដោយ​ប្តូរ​ឆ្នាំ​កំណើត​ពី​១៩២៥ មក ១៩២៩​វិញ ដើម្បី​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា។

នៅឆ្នាំ១៩៤៥ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី បាន​ប្រឡូកចូល​ក្នុង​នយោបាយ នៅ​ឆ្នាំ១៩៤៦ ដោយ​បាន​ដឹកនាំ​ក្រុម​និស្សិត​ប្រឆាំង​នឹង​អាណានិគម​បារាំង។ មួយឆ្នាំក្រោយមក អៀង សារី បាន​ជួប​ជាមួយ សាឡុត ស ពេលដែល សាឡុត ស បាន​វិលត្រឡប់ពី​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម មក​រៀន​នៅ​សាលា​បច្ចេកទេស ហៅ “សាលាដែក” ក្នុង​ខ័ណ្ឌ​ឫស្សីកែវ។

អៀង សារី និង សាឡុត ស ក៏បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ។ យោងតាម លោក​កេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ១៩៤៧។

នៅឆ្នាំ១៩៥០ អៀង សារី ទទួលបាន​អាហារូបករណ៍​ទៅរៀន​នៅ​ប៉ារីស ប្រទេស​បារាំង ពោលគឺ មួយឆ្នាំ​ក្រោយ​សាឡុត ស។ អៀង សារី ក៏​មិនខុស​ពី សាឡុត ស ប៉ុន្មាន​ដែរ បាន​ទទួល​អាហារូបករណ៍​ចេញ​ទៅរៀន​នៅ​ប្រទេស​បារាំង ដោយសារ​ពួកគេ​គឺជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ ដែល​ពេលនោះ កាន់កាប់​ក្រសួង​អប់រំ​ជាតិ។

ក៏ប៉ុន្តែ ផ្ទុយពី សាឡុត ស ដែល​ទទួលបាន​អាហារូបករណ៍​ទៅរៀន​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិច អៀង សារី បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ដើម្បី​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប។ ឯកសារ​ជាច្រើន​បាន​សរសេរ​ថា ក្រោយពី​ប្រឡង​បាក់ឌុប​ជាប់ហើយ អៀង សារី បាន​ទៅរៀន​នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុង​ប៉ារីស (Institut d’Etudes Politiques de Paris)។ ក៏ប៉ុន្តែ នៅក្នុង​បញ្ជី​ឈ្មោះ​អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទទួល​បាន​សញ្ញាប័ត្រ​ពី​វិទ្យាស្ថាន​នេះ គេ​មិនឃើញ​មាន​ឈ្មោះ អៀង សារី នោះទេ។ នេះ​មានន័យ​ថា អៀង សារី រៀន​មិនបាន​ចប់ ទទួល​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពី​វិទ្យាស្ថាន​នេះ​ទេ។

មិនយូរប៉ុន្មាន ក្រោយពី​បាន​មកដល់​ក្រុង​ប៉ារីស អៀង សារី និង​ មិត្តភ័ក្តិ​ម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ក្រុម​និស្សិត​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​ឈ្មោះ​ថា “ក្រុមម៉ាក់ស៊ីស”។ ក្រុមនេះ​តែងតែ​ជួបប្រជុំគ្នា​នៅក្នុង​ផ្ទះ​របស់ លោក​កេង វ៉ាន់សាក់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ លោកកេង វ៉ាន់សាក់ ដែល​ធ្លាប់​ស្គាល់​លោក អៀង សារី យ៉ាងច្បាស់​តាំងពី​កាល​នៅ​ភ្នំពេញ បាន​អះអាង​ថា អៀង សារី គឺជា​មនុស្ស​មាន​ចរិត​កោងកាច និង​ ផ្តាច់ការ។

លោក អៀង សារី បាន​រៀបការ​ជាមួយអ្នកស្រី ខៀវ ធីរិទ្ធិ នៅ​ឆ្នាំ១៩៥១

នៅឆ្នាំ១៩៥២ ក្រោយពី​រដ្ឋាភិបាល​សង្គម​រាស្រ្តនិយម បាន​កាត់ផ្តាច់​អាហារូបករណ៍​ អៀង សារី រួមជាមួយ​មិត្តភ័ក្តិ​មួយចំនួន​ទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បាន​សម្រេចចិត្ត​បន្ត​ស្នាក់នៅ​ប្រទេស​បារាំង​តទៅទៀត។ ចំណែក​ឯ សាឡុត ស និង រ័ត្ន សាមឿន ដែល​ជា​ដៃគូ​របស់ អៀង សារី បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញមុន។

នៅឆ្នាំ១៩៥៧ ទើប​អៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពី​ប្រទេស​បារាំង​វិញ ហើយ​បាន​ទៅ​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​នឹង សាឡុត ស និង​ខៀវ ប៉ុណ្ណារី ដែល​ត្រូវជា​បងស្រី​បង្កើត​របស់ អៀង ធីរិទ្ធិ។

អៀង សារី បាន​ចូលធ្វើ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​ឈ្មោះ “វិទ្យាល័យ​កម្ពុជបុត្រ”។ ក្នុងពេល​ជាមួយគ្នា អៀង សារី បាន​លបលួច​ធ្វើការ​ដោយ​សម្ងាត់​ឲ្យ​ពួកកុម្មុយនិស្ត ដែល​ពេលនោះ​បាន​បង្កើត​បក្សមួយ​ដាក់​ឈ្មោះថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។

នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បាន​ក្លាយជា​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ពលករ​កម្ពុជា អតីត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ នៅពេលនោះ ក្នុង​ចំណោម​សមាជិក​គណៈអចិន្ត្រៃយ៍ អៀង សារី គឺជា​មនុស្ស​តែម្នាក់គត់ ដែល​មិនមែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ ការណ៍​ដែល អៀង សារី បាន​ចូល​ក្នុង​ស្ថាប័នកំពូល​នៃ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ ប្រហែល​ដោយសារ​តែ អៀង សារី គឺជា​មិត្តភ័ក្តិ​របស់ សាឡុត ស ដែល​នៅពេលនោះ គឺជា​មេដឹកនាំ​លំដាប់​ទីបី ក្នុង​បក្ស និង​ជា​ជំនួយការ​ផ្ទាល់​របស់ ទូ សាមុត ដែល​ជា​លេខាបក្ស។

នៅក្រោយពេល​ដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បាន​ក្លាយជា​លេខាបក្ស នៅ​ខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បាន​ឡើងជា​មេដឹកនាំ​លំដាប់​ទីបី បន្ទាប់ពី នួន ជា ដែលជា​អនុលេខា​បក្ស។ នៅឆ្នាំ​ដដែល​នោះ អៀង សារី បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ជាមួយ សាឡុត ស។ គេ​សង្កេតឃើញ​ថា ជាទូទៅ អៀង សារី តែងតែ​នៅ​ជាប់​ជាមួយ​នឹង​ សាឡុត ស។ នៅពេល​ដែល សាឡុត ស ទៅ​លាក់ខ្លួន​ក្នុង មន្ទីរ១០០ ក្នុង​ស្រុក​ក្រូចឆ្មារ អៀង សារី ក៏​នៅ​ទីនោះ​ដែរ។ អៀង សារី បាន​ប្រើ​ឈ្មោះ​បដិវត្តន៍ថា “មិត្តវ៉ាន់”។

ការកាត់ទោស

នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​១៩៧៩ លោក អៀង សារី ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​ប្រហារ​ជីវិត​និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ​ទាំង​អស់​ដោយ​តុលាការ​ប្រជាជន​បដិវត្តន៍​នៅ​ទីក្រុង​ភ្នំពេញ ។

លោក អៀង សារី បាន​ទទួល​ការលើក​លែង​ទោស​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៩៦ បន្ទាប់ពី​បាន​ដឹកនាំ​កងទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់ ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

តាម​អំណាច​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ដោយ​ខ្លី​ថា សាលាក្តី​ខ្មែរក្រហម លោក អៀង សារី ត្រូវ​បាន​ចាប់​ខ្លួន​ចេញ​ពី​ផ្ទះ​វីឡា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ។

លោក អៀង សារី ត្រូវ​បាន​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ពេល​នោះ​មក ។ ការសម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន បាន​ធ្វើ​ឲ្យ​លោក អៀង សារី ប្តឹង​ជំទាស់ ហើយ​តាម​ការគ្រោងទុក​សាលាក្តី​ខ្មែរ​ក្រហម​នឹង​លើក​យក​បណ្តឹង​ជំទាស់​របស់​ លោក អៀង សារី មក​ធ្វើ​សវនាការ​នៅព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០០៨ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ឃុំ​ខ្លួន​ជា​បន្ត ឬ​ត្រូវ​ដោះលែង​ជា​បណ្ដោះ​អាសន្ន។

មរណៈភាព

អតីត​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​បាន​ស្លាប់​នៅ​អាយុ​៨៧​ឆ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មិនា​ ឆ្នាំ២០១៣ នៅពេល​ដែល​តុលាការ​កំពុងតែ​ដំណើរការ​កាត់ទោស​លើ​រូបគាត់​និង​ជនជាប់ចោទ​ពីរ​នាក់​ទៀត​គឺ​នួន ជា ​និង ​ខៀវ សំផន។​

សហ​ព្រះរាជ​អា​ជ្ញា​បញ្ជាក់​បន្ថែម​ថា​ការសន្និដ្ឋាន​លើ​មូលហេតុ​ស្លាប់​របស់​អៀង សារី ​ត្រូវបាន​ស្រង់​ចេញ​តាមរយៈ​របាយការណ៍​វេជ្ជសាស្ត្រ ​ពី​ក្រុមគ្រូពេទ្យ ​និង​ពី​កូនស្រី​របស់​អៀង សារី។​

លោក​នេត្រ ភ​ក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​គ្មាន​មូលហេតុ​បន្ថែម​ពី​សេចក្តី​បំភ្លឺ​ក្នុង​ការបញ្ចេញ​ព័ត៌មាន​នេះ​ទេ។​ «គ្មានអ្វី​ក្រៅពី​ការស្លាប់​ដោយ​ធម្មជាតិ​ទេ​ហើយ​សូម្បី​តែ​ក្រុមគ្រួសារ​របស់​គាត់​ក៏​បញ្ជាក់ថា​ការស្លាប់​របស់​លោក​អៀង សារី ​ដោយសារ​តែ​ជរាពាធ ​ក៏ដូចជា​ជំងឺ​របស់​គាត់​ដែល​មាន​ជា​យូរណាស់​មក​ហើយ»។​

អៀង សារី ​គឺជា​ស្ថាបនិក​ម្នាក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៃ​ពួក​កុម្មុយ​និស្ត​អាវ​ខ្មៅ​ខ្មែរក្រហម​។ របប​នេះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​និង​ត្រូវបាន​សម្លាប់​ចោល​យ៉ាងតិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

ក្នុង​អំឡុងពេល​ជាប់​ឃុំឃាំង​ជា​បណ្តោះអាសន្ន​ជាង​ប្រាំ​ឆ្នាំ​និង​ក្នុង​អំឡុង​ពេល​សវនាកា​រ​អៀង សារី ក៏​ដូច​ជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ជាប់​ឃុំឃាំង​ដទៃទៀត​ដែរ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នា​សម័យ​នោះ​ទេ។​ អៀង សារី ​បាន​បដិសេធ​ឆ្លើយ​នឹង​សំណួរ​នានា​នៅក្នុង​សវនាការ​ដោយ​ទុក​ឲ្យ​សហ​មេធាវី​របស់​ខ្លួន​ជាអ្នកឆ្លើយ​ជំនួស៕​

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.