ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអតីតមេរដ្ឋប្រហារយោធាថៃឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃ

លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេស្គាល់ជាទូទៅថាជាបុរស់ខ្លាំងរបស់ប្រទេសថៃ ដែលបានក្លាយជានាយករដ្ឋមន្ត្រីថៃ ក្រោយពីមានរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពប្រទេសថៃ ក្នុងន័យដើម្បីគ្រប់គ្រងប្រទេសបណ្ដោះអាសន្នកុំអោយមានចលាចល និង ស្ថេរភាពនយោបាយឡើងវិញ។ ដោយបានសន្សានឹងរៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីស្ថានការណ៍បានល្អប្រសើរឡើងវិញ។

វ័យកុមារភាព និង ការអប់រំ

លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមន្ដ្រីយោធាចូលនិវត្តន៍មួយរូបមុនកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។ លោកកើតថ្ងៃទី ២១ មីនា ឆ្នាំ១៩៥៤ ។ អ្នកនយោបាយរូបនេះក្ដោបតំណែងជាមេដឹកនាំរាជាណាចក្រថៃកាលពីឆ្នាំ ២០១៤ និងក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិកាលពីឆ្នាំ ២០១៩។

លោក ប្រាយុទ្ធ បានសិក្សានៅសាលាកងកម្លាំងប្រដាប់អាវុធ (AFAPS) មហាវិទ្យាល័យមេបញ្ជាការ (CGSC) មហាវិទ្យាល័យការពារជាតិថៃ (NDC) និងបានចូលរួមវគ្គសិក្សាមូលដ្ឋានគ្រឹះនៃកងពលតូចថ្មើរជើងលេខ ៥១ ក៏ដូចជាថ្នាក់នាយទាហាន នាយទាហានរងថ្មើរជើងថែមទៀតផង។ បន្ថែមពីលើនោះ លោកក៏បញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រពីរាជបណ្ឌិត្យសភាថៃ ​Chulachomklao ផងដែរ។

ប្រវត្តិការងារ

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាយោធា លោក ប្រាយុទ្ធ ចូលបម្រើការនៅក្នុងកងវរសេនាតូចថ្មើរជើងលេខ ២១ ដែលត្រូវបានផ្តល់ឋានៈជាមន្រ្តីឆ្មាំព្រះមហាក្សត្រិយានី ។ ក្នុងឆ្នាំ ២០០២ លោកបម្រើការជាអគ្គមេបញ្ជាការរងនៅក្នុងកងពលធំថ្មើរជើងទី ២ ដោយបានក្លាយជាមេបញ្ជាការទូទៅ រយៈពេលមួយឆ្នាំក្រោយមក។ ក្នុងឆ្នាំ ២០០៥ លោកក្លាយជាអគ្គមេបញ្ជាការរងនៃកងទ័ពទី១ ហើយមួយឆ្នាំក្រោយ ឡើងជាឧត្តមសេនីយ៍មេបញ្ជាការ។

លោក ប្រាយុទ្ធ ក៏ជាប្រធានបុគ្គលិកនៃកងយោធពលភូមិន្ទពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩ ហើយនៅឆ្នាំ ២០០៩ លោកត្រូវបានតែងតាំងជានាយទាហានកិត្តិយស។ លុះមកដល់ឆ្នាំ ២០១០ លោកឡើងជាមេបញ្ជាការពេញទី យកឈ្នះអតីតមេបញ្ជាការលោក Anupong Paochinda ។

លោក ប្រាយុទ្ធ ធ្លាប់ធ្វើជាប្រមុខកងទ័ពថៃចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ក៏ជាមេដឹកនាំក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដែលជារបបយោធាគ្រប់គ្រងប្រទេសថៃចន្លោះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ ។

បន្ទាប់ពីតែងតាំងជាមេបញ្ជាការកងទ័ពនៅឆ្នាំ ២០១០ លោកប្រាយុទ្ធត្រូវបានចាត់ទុកជាអ្នករាជានិយមមួយរូប និងជាគូប្រជែងយ៉ាងក្ដៅគគុករបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា។ ដោយត្រូវគេចាត់ទុកជាមេបញ្ជាការតឹងរ៉ឹងម្នាក់នៅក្នុងជួរយោធា លោកបានដឹកនាំយោធាបង្រ្កាបលើបាតុកម្មរបស់ក្រុមអាវក្រហមនៅខែមេសាឆ្នាំ ២០០៩ និងខែមេសា ដល់ខែឧសភា ឆ្នាំ ២០១០។

ក្រោយមកមេបញ្ជារការរូបនេះព្យាយាមសម្របសម្រួលរឿងរ៉ាវចម្រូងចម្រាស់ ដោយចរចាជាមួយសាច់ញាតិរបស់ក្រុមបាតុករដែលបានសម្លាប់នៅក្នុងជម្លោះបង្ហូរឈាមជាតិសាសន៍ឯង និងបានសហការជាមួយរដ្ឋាភិបាលលោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា ដែលឈ្នះការបោះឆ្នោតសភានៅខែកក្កដា ឆ្នាំ ២០១១។

ក្នុងអំឡុងពេលវិបត្តិនយោបាយដែលផ្តើមក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ និងមានការចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ លោក ប្រាយុទ្ធ អះអាងថា កងទ័ពរបស់លោកប្រកាន់ភាពអព្យាក្រឹត ហើយនឹងមិនធ្វើរដ្ឋប្រហារទេ។

ទោះយ៉ាងណានៅខែឧសភា ឆ្នាំ ២០១៤ លោកប្រាយុទ្ធ បានធ្វើរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលនិងកាន់កាប់ប្រទេសនេះក្នុងនាមជាមេដឹកនាំថ្មី។ ក្រោយមកលោកបានចេញរដ្ឋធម្មនុញ្ញបណ្តោះអាសន្នដែលផ្តល់អំណាចដល់ខ្លួនឯង ថែមទាំអផ្តល់ការលើកលែងដល់ខ្លួនចំពោះការធ្វើរដ្ឋប្រហារទៀតផង។

នៅខែសីហាឆ្នាំ ២០១៤ អង្គនីតិបញ្ញត្តិជាតិត្រួតត្រាដោយយោធាដែលមិនបានជ្រើសរើស បានតែងតាំងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃជំនួស លោកស្រី យីងឡាក់។

បន្ទាប់ពីដណ្តើមអំណាចដោយជោគជ័យ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ បានឃ្លាំមើល ក៏ដូចជាបង្ក្រាបលើអ្នកប្រឆាំងនឹងខ្លួនយ៉ាងតឹងរ៉ឹង។ វិធានការនានាត្រូវបានអនុវត្តដើម្បីតាមដានលើការពិភាក្សាសាធារណៈអំពីលទ្ធិប្រជាធិបតេយ្យ និងការរិះគន់របស់រដ្ឋាភិបាល រួមទាំងការបង្កើនការត្រួតពិនិត្យតាមអ៊ិនធរណេតនិងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លុះដល់ឆ្នាំ ២០១៩ ក្រោយការបោះឆ្នោត រដ្ឋសភាថៃកោះប្រជុំនៅថ្ងៃទី ៥ ខែមិថុនា និងបានបោះឆ្នោតជ្រើសរើសលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី បន្ទាប់ពីផ្តួលលោក Thanathorn Juangroongruangkit មកពីគណបក្សប្រឆាំងដោយទទួលបានសំឡេងគាំទ្រ ៥០០ ទល់នឹង ២៤៤។

សកម្មភាពក្រៅពីយោធា

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០០៦ លោកប្រាយុទ្ធត្រូវបានតែងតាំងជាសមាជិកសភានីតិប្បញ្ញត្តិជាតិ។ ផ្អែកតាមសមត្ថភាពនេះលោកក៏ចូលខ្លួនជាគណៈកម្មាធិការបរិស្ថាននិងធនធានធម្មជាតិ។ ក្រៅពីនោះលោក ប្រាយុទ្ធ អង្គុយលើកៅអីក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុនមួយចំនួនរួមមាន ក្រុមហ៊ុនអគ្គិសនីរដ្ឋ។ល។

ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ លោកជានាយកឯករាជ្យនៅឯក្រុមហ៊ុនប្រេងថៃ Thai Oil Public Company Limite។ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១០ លោកធ្វើជានាយកធនាគារយោធាថៃ TMB និងជាប្រធានក្លឹបបាល់ទាត់ AUFC។

កាលពីខែឧសភា ឆ្នាំ ២០១៣ លោកប្រាយុទ្ធលក់ដីចំនួន ៩ កន្លែងនៅជាយក្រុងបាងកកទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ៦០០ លានបាត​ បង្កភាពភ្ញាក់ផ្អើលពេញប្រទេស។ អ្នកយកព័ត៌មានបានដេញដោលសួរនាំរឿងលក់ដីខាងលើ ប៉ុន្តែនាយករដ្ឋមន្រ្តីវ័យ ៦៧ ឆ្នាំរូបនេះ ឆ្លើយតបថា វាមិនមែនជារឿងរបស់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ លោកមានប្រសាសន៍ថា ដីនោះជារបស់លោកតាំងពីនៅក្មេងៗ។ វាជាកម្មសិទ្ធិខាងឪពុករបស់លោក ហើយលោកបានស្នើឱ្យមហាជនបញ្ឈប់ការរិះគន់លើលោកចំពោះរឿងនេះ។

រដ្ឋធម្មនុញថ្មីក្រោយមានរដ្ឋប្រហាររបស់រដ្ឋាភិបាលយោធា

ព្រះមហាវិជ្ជរ៉ា ឡុងកន ព្រះមហាក្សត្រ​ថៃ​ថ្មី នៅ​ថ្ងៃ​ទី៦ ខែមេសា​ ឆ្នាំ២០១៧ ទើប​បាន​ឡាយ​ព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ចងក្រង ស្នើឡើង​ដោយ​រដ្ឋាភិបាល​យោធា​របស់​លោក​នាយករដ្ឋមន្រ្តី ចាន់ អូចា។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹង​ចូល​ទៅ​ជំនួស​រដ្ឋធម្មនុញ្ញ ដែល​បង្កើត​ឡើង​ដោយ​បណ្តោះអាសន្ន​របស់​របបសឹក​ថៃ។ តាម​សុន្ទរកថា​របស់​រាជវាំង ដែល​អាន​ដោយ​មន្រ្តី​រាជវាំង រដ្ឋធម្មនុញ្ញ​មាន​គោលដៅ​កម្ចាត់​ឲ្យ​អស់​ពី​ប្រទេស នូវ​អំពើ​ពុករលួយ ការបំពាន​អំណាច ហើយ​រារាំង​មិន​ឲ្យ​អ្នកនយោបាយ​ពុករលួយ ចូលកាន់​អំណាច។

តាម​អ្នកជំនាញ​ជាច្រើន រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ថៃ មាន​គោលដៅ បិទខ្ទប់ រារាំង​មិន​ឲ្យ​ត្រកូល គ្រួសារ​របស់លោក​ថាក់ស៊ីន ត្រលប់​មក​ប្រលូក​ក្នុង​ឆាក​នយោបាយ​ថៃ​សា​ជាថ្មី។ ចាប់តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន នៅ​ឆ្នាំ ២០០៦ ប្រទេស​ថៃ បាន​ស្គាល់​វិបត្តិនយោបាយ និង​ ការបែកបាក់​គ្នា ក្នុង​ចំណោម​ប្រជាជន​ថៃ។ គ្រួសារ​របស់​លោក​ថាក់ស៊ីន មាន​ឥទ្ធិពល និង​ មាន​ប្រជាប្រិយភាព​ខ្លាំង​លើ​ប្រជាកសិករ​ក្រីក្រ រស់នៅ​ភាគខាងជើង​ប្រទេស​ថៃ ប៉ុន្តែ នៅទីក្រុង​បាងកក ត្រកូល​ស៊ីណាវ៉ាត​របស់​លោក​ថាក់ស៊ីន​ត្រូវ​គេ​ចោទ​ថា ជា​ជនពុករលួយ បក្សពួក និង ​រំលោភអំណាច ដើម្បី ប្រយោជន៍​គ្រួសារ​មួយក្តាប់​តូច។

នៅ​ជិត​បីឆ្នាំ ក្រោយ រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ចេញមក​ពី​ការបោះឆ្នោត របស់​លោកស្រី យីងឡាក់ របបសឹក​ថៃ​បាន​សម្រេច​បង្កើត​បាន​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ពួកគេ​សង្ឃឹមថា នឹង​ជួយ​ឲ្យ​ប្រទេស​ថៃ ជៀសផុត​ពី​វិបត្តិ​ជាប់គាំង​នយោបាយ ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ សម្រាប់​ក្រុមអ្នកប្រឆាំង ក្រុមយោធា​បាន​សរសេរ​ចងក្រង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​ផ្តល់​អំណាច​ច្រើន​ដល់​ក្រុមយោធា ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ។ តាម​ច្បាប់​មួយ នៃ​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី រដ្ឋាភិបាល​យោធា​អស់អាណត្តិ​របស់​លោក​ប្រាយុទ្ធ ចាន់ អូចា មាន​សិទ្ធិ​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ថៃ។ ព្រឹទ្ធសភា ដែល​ជា​អ្នក​សម្រេច​ចុងក្រោយ លើ​ការជ្រើសតាំង បេក្ខជន​នាយករដ្ឋមន្រ្តី។

នៅ​ប្រទេស​ថៃ នៅក្រោម​ការដឹកនាំ​របស់​របបសឹក គណបក្ស​នយោបាយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព។ ការបោះឆ្នោត​ប្រជាធិបតេយ្យ​ជា​អ្វី​ដែល​ក្រុម​អ្នកនយោបាយ​ទន្ទឹង​រង់ចាំ​ពី​រដ្ឋធម្មនុញ្ញ​ថ្មី។ ប៉ុន្តែ រដ្ឋធម្មនុញ្ញ​ថ្មី មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់​នៃ​ការរៀបចំ​បោះឆ្នោត​ថ្មីនោះទេ។ គេ​គ្រាន់​តែ​សរសេរ​ថា គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ ឆ្នាំ ២០១៨ មុន​នឹង​អាច​រៀបចំ​ការបោះឆ្នោត។

រដ្ឋធម្មនុញ្ញ​ថៃ ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​ការបោះឆ្នោត​ប្រជាមតិ នៅ​ខែ​សីហា​ឆ្នាំ២០១៦ ត្រូវ​បាន​គេ​កែប្រែ​ជាច្រើន​លើក ទៅតាម​ការទាមទារ​របស់​ព្រះរាជវាំង។ នៅ​ដើម​ឆ្នាំ២០១៧ ព្រះមហាក្សត្រ​វិជ្ជរ៉ា ឡុងកន បាន​បញ្ជា រឿងមួយ​ដែល​មិនធ្លាប់​មាន នៅក្នុង​ប្រវត្តិ​ព្រះរាជវាំង ដោយ​ឲ្យ​មាន​ការកែប្រែ​លើ​មាត្រា​មួយចំនួន នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​មាន​ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត។

ពោល​គឺ​ព្រះមហាក្សត្រ​មិនចាំ បាច់​ត្រូវ​តែងតាំង អ្នកតំណាង នៅពេល​ព្រះអង្គ​មិន​ស្ថិតនៅ​ក្នុង​ប្រទេស​នោះទេ។ ព្រះមហាវិជ្ជរ៉ា​ឡុងកន ដែល​ទើប​ស្នង​តំណែង​ពី​ព្រះបិតា ភូមិបុល ដែល​ចូល​ទីវង្គត នៅ​ខែ តុលា​ ឆ្នាំ២០១៦ ចំណាយ​ពេល​ច្រើន នៅ​បរទេស ជាពិសេស​ប្រទេស​អាល្លឺម៉ង់ ជាទី​ដែល​ព្រះអង្គ​មាន​បុត្រា កំពុង​ទទួល​ការសិក្សានៅទីនោះ។

ក្រោយរដ្ឋប្រហារ៦ឆ្នាំ

រាជាណាចក្រថៃ ត្រូវបានមើលឃើញថា ជារដ្ឋរបស់អាស៊ាន និងរបស់ពិភពលោកមួយ ដែលមានការធ្វើរដ្ឋប្រហារយោធាច្រើនដង និងញឹកញាប់បំផុត។ នៅពេលមានការផ្ទុះការតវ៉ា និងទាមទារនានាពីរដ្ឋាភិបាលដឹកនាំប្រទេស ហើយគ្មានដំណោះស្រាយជាក់លាក់ អន្តរាគមន៍យោធា ត្រូវបានកើតឡើងជាដំណោះស្រាយចុងក្រោយ នៃវិបត្តិ។

គិតចាប់ពីឆ្នាំ១៩៣២ ដែលពេលបញ្ចប់របបរាជានិយមផ្តាច់ការថៃ មានការធ្វើកំណត់សម្គាល់ផ្សេងៗគ្នាពីការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសថៃ។ ប្រភពខ្លះ អះអាងថា មកទល់ពេលនេះ យោធាថៃ ធ្លាប់បានធ្វើរដ្ឋប្រហារទម្លាប់រដ្ឋាភិបាល ដើម្បីបញ្ចប់ការជាប់គាំងវិបត្តិ ១០ដងមកហើយ។ ក៏ប៉ុន្តែសម្រាប់សារព័ត៌មានអង់គ្លេស BBC បានកត់សម្គាល់ថា រដ្ឋប្រហារយោធាទ្រង់ទ្រាយធំ បានកើតមាន ១២ដងឯណោះ ខណៈប្រភពផ្សេងទៀត អះអាងថា មានលើសពីនេះទៅទៀត។

យ៉ាងណាក៏ដោយអ្វីដែលគួរឲ្យកត់សម្គាល់នោះ រដ្ឋប្រហារយោធាចុងក្រោយ គឺនៅថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៤ ដែលពេលនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ដែលបច្ចុប្បន្នជា នាយករដ្ឋមន្ត្រីថៃ។ រដ្ឋប្រហារពេលនោះ ក្រោមហេតុផលដើម្បីបញ្ចប់ការជាប់គាំងនយោបាយអស់រយៈពេលជាច្រើនខែ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។

៦ឆ្នាំក្រោយ នៃការធ្វើរដ្ឋប្រហារ ស្ថានភាពតានតឹងនៅក្នុងប្រទេសថៃ ចាប់ផ្តើមរើឡើងវិញ។ នោះគឺ រយះពេលជិតមួយឆ្នាំចុងក្រោយមកនេះ មានករណីផ្ទុះបាតុកម្មតវ៉ាជាថ្មី ដែលដឹកនាំដោយក្រុមនិស្សិត។ បាតុកម្ម ដែលមានការចូលរួមពីបាតុកររាប់ពាន់នាក់នេះ ត្រូវបានមើលឃើញថា ជាការប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំបំផុតលើកដំបូងហើយ គិតចាប់តាំងពីរដ្ឋប្រហារចុងក្រោយឆ្នាំ២០១៤។ ពីមុន ពោលគឺនៅពេលប្រទេសថៃ ស្ថិតក្រោមរបបអាជ្ញាសឹក ឬរដ្ឋាភិបាលអន្តរកាលរបស់លោកឧត្តម សេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ពលរដ្ឋមិនត្រូវបានអនុញ្ញាតឲ្យមានការជួបជុំលើសពីប្រាំនាក់ឡើយ។

ត្រលប់មក ការបាតុកម្មចុងក្រោយនេះ មិនមែនជាបាតុកម្មរបស់ក្រុមអាវលឿង និងក្រុមអាវក្រហមដូចពេលមុនៗឡើយ តែជាបាតុកម្មរៀបចំឡើងដោយក្រុមយុវជន ក្នុងគោលបំណងសុំឲ្យមានការកែទម្រង់រដ្ឋាភិបាល និងអំណាចរាជានិយម។ ការចង់បានរបស់ពួកគេ គឺនាំរាជាណាចក្រថៃ ឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ និងជាប្រទេសរាជានិយមក្រោមរដ្ឋធម្មនុញ្ញ។ នេះតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ១៦ សីហា ឆ្នាំ២០២០ទៅ។

ដើម្បីឈានដល់គោលដៅចុងក្រោយ បាតុកម្មដែលផ្តើមចេញពីក្រុមយុវជន បន្ទាប់មកមានការគាំទ្រពីបណ្តាមនុស្សចាស់ផងដែរនោះ បានទាមទារឲ្យរំលាយសភា និងកែប្រែរដ្ឋធម្មនុញ្ញ ដែលទើបតែវិសោធនកម្មដោយក្រុមសភារបស់លោកប្រាយុទ្ធ ចន្ទ អូចា ឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ក៏ចង់ឃើញលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ ចុះចេញពីតំណែងផងដែរ។

តបជាមួយនឹងចលនាទាមទារនេះ ក្នុងគោលជំហររបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា ដែលធ្លាប់ជាអតីតមេយោធាដឹកនាំរដ្ឋប្រហារមួយរូប បានចាត់ទុក ចលនានេះ បានដើរហួសព្រំដែនហើយ។ លោកនាយករដ្ឋមន្ត្រីបានព្រមានបាតុករកុំឲ្យធ្វើរឿងជ្រុលជ្រួសប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ថា ពលរដ្ឋមួយចំនួន មានក្តីបារម្ភ ដែលរដ្ឋាភិបាល មិនទាន់ដោះស្រាយជូន។

ទ្រព្យសម្បត្តិរបស់លោកប្រាយុទ្ធ

នៅក្នុងការបង្ហាញទ្រព្យសម្បត្តិជាសាធារណៈ នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៤ ដល់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ លោកនាយករដ្ឋមន្ត្រី បានចុះបញ្ជីប្រាក់សុទ្ធចំនួន ១២៨.៦ លានបាត (៣.៩ លានដុល្លារ) និងបំណុល ៦៥៤.៧៤៥ បាត (២០,០០០ ដុល្លារអាមេរិក)។

បន្ថែមពីលើប្រាក់សុទ្ធ លោកមានទ្រព្យសម្បត្តិមួយចំនួនរួមមាន រថយន្តម៉ាក Mercedes Benz S600L រថយន្ត BMW ស៊េរី 740Li រថយន្តចំនួន ៣ គ្រឿងផ្សេងទៀត នាឡិកាប្រណីតចំនួន ៩ គ្រឿងមានតម្លៃ ៣ លានបាត គ្រឿងអលង្ការតម្លៃ ២០០,០០០ ដុល្លារ និងកាំភ្លើងខ្លីមួយចំនួន។

មិនទាន់អស់ទេ លោក ប្រាយុទ្ធ បានឲ្យដឹងថា លោកបានផ្ទេរប្រាក់ចំនួន ៤៦៦.៥ លានបាត (១៤.៣ លានដុល្លារ) ទៅសមាជិកគ្រួសាររបស់ខ្លួនផងដែរ។ ដោយសារជាអតីតមេទ័ព មុនពេលចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ ២០១៣ ឧត្តមសេនីយ៍រូបនេះបានទទួលប្រាក់ខែប្រចាំឆ្នាំ ១.៤ លានបាត (៤៣,០០០ ដុល្លារ) ពីរដ្ឋ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.