
ហៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាត្រូវបានប្រកាសអោយប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីត្រូវបានឡាយព្រហស្តលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហនុ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បើគិតមកត្រឹមឆ្នាំ២០២១នេះ វាមានរយៈពេល២៨ឆ្នាំមកហើយ។ តើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់់កំពូលនៃព្រះរាជាណាចក្រកម្ពុជា តើមានប្រវត្តិបែបណា?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ប្រទេស ដែលបានប្រកាន់នូវរបបប្រជាធិបតេយ្យ ដោយបង្កើតឡើងដំបូងនៅឆ្នាំ១៩៤៧។ ដោយបច្ចប្បន្ននេះ ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់រដ្ឋធម្មនុញ្ញលើកទី៦ ដែលត្រូវបានអនុប័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានឡាយព្រះហស្តដោយព្រះមហាក្សត្រ ព្រះបាទបរមរតនកោដ្ឋ នរោត្តមសីហនុ អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយមាន១៦ជំពូក និង មាន១៥៨មាត្រា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងសារជាថ្មី បន្ទាប់ពីមានសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនសតវត្ស ក្រោយពីមានការស្វែងរកសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានបង្កើតដោយមានការបង្ហាញពីការសាមគ្គិភាពរួបរួមរវាងមេដឹកនាំខ្មែរ ដោយមាន ព្រះបាទនរោត្តមសីហនុ ព្រះមរមរតនកោដ្ឋ ដែលជាមេដឹកនាំតស៊ូខ្មែរ និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ដម័យរដ្ឋកម្ពុជា។
ខាងក្រោមនេះយើងនឹងបង្ហាញពីប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៤៧ ដែលត្រូវបានបង្កើតឡើងជាច្រើនលើក៖
រដ្ឋធម្មនុញ្ញលើកទី១
រដ្ឋធម្មនុញ្ញលើកទី១ គឺជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី១ ដែលមាន១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ជារដ្ឋធម្មនុញ្ញអាស្រ័យរដ្ឋធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញនេះ មិនមានការកែប្រែ និង ផ្លាស់ប្ដូរទម្រង់ នៃការដឹកនាំនោះទេ ដោយគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្ដែងតែប៉ុណ្ណោះ។
រដ្ឋធម្មនុញ្ញលើកទី២
រដ្ឋធម្មនុញ្ញនៃរបបសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង ១២១មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧២។ ដោយរដ្ឋធម្មនុញ្ញបានធ្វើអោយមានការប្រាស់ប្ដូររបបដឹកនាំប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ដោយប្ដូរពីរបបរាជានិយមអាស្រ័យធម្មនុញ្ញ ទៅជារបបសាធារណរដ្ឋខ្មែរ បែបបញ្ចឹមប្រទេស សហរដ្ឋអាមេរិក។
រដ្ឋធម្មនុញ្ញលើកទី៣
រដ្ឋធម្មនុញ្ញលើកទី៣ គឺជារដ្ឋធម្មនុញ្ញនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយពួកមេដឹកនាំខ្មែរក្រហម ដែលមានតែ២១មាត្រ និង ១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានធ្វើអោយមានផ្លាស់ប្ដូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសកម្ពុជាពីរបបសាធារណរដ្ឋខ្មែរ ទៅជារបបកុម្មុនីស្តផ្ដាច់ការ ដោយមានការសម្លាប់រង្គាលលើប្រជាជនខ្មែរ ដែលត្រូវបានគេហៅថារបបប្រល័យពូជសាសន៍ខ្មែរខ្លួនឯង ក្នុងរយៈពេលបីឆ្នាំ ប្រាំបីខែ និង ម្ភៃថ្ងៃ។
រដ្ឋធម្មនុញ្ញលើកទី៤
រដ្ឋធម្មនុញ្ញលើកទី៤ គឺជារដ្ឋធម្មនុញ្ញក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រជាធិបតេយ្យ ដោយមាន១០ជំពួក និង ៩៣មាត្រា ហើយត្រូវបានប្រកាស់ប្រើប្រាស់តាមក្រឹត្យលេខ ០១ក្រ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៨១។
រដ្ឋធម្មនុញ្ញទី៥
រដ្ឋធម្មនុញ្ញទី៥ ក្នុងរដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាម១៩៨៩ ដោយបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានចែងនិងកែឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា រដ្ឋកម្ពុជាវិញ នៅក្នុងមាត្រាទី៤ នៃរដ្ឋធម្មនុញ្ញនេះ។ ដោយបានចែងថា រដ្ឋកម្ពុជាអនុវត្តិនយោបាយពហុបក្ស ដោយរដ្ឋធម្មនុញ្ញនេះមាន ១០ជំពូក និង ៩៣មាត្រា។
រដ្ឋធម្មនុញ្ញទី៦
នេះជារដ្ឋធម្មនុញ្ញចុងក្រោយដែលត្រូវបានប្រសូត្រឡើងក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋនៅទូទាំប្រទេសត្រូវបានចូលរួមក្នុងការបោះឆ្នោតសភាធម្មនុញ្ញចំនួន ១២០រូបតំណាង អោយទូទាំងប្រទេស ដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដោយពេលនោះមានគណបក្សចំនួន២០ចូលរួមក្នុងការដណ្ដើមសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះ។ ដោយលទ្ធផលចុងក្រោយ គឺ៖
- គណបក្សហ៊្វុន សុនប៉ិច ដោយទទួលបានអាសនៈចំនួន៥៨អាសនៈ
- គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន៥១អាសនៈ
- គណបក្សសេរីនិយមព្រះពុទ្ធសាសនា ទទួលបាន១០អាសនៈ
- គណបក្សម៉ូលីណាកា ទទួលបាន១អាសនៈ
រដ្ឋធម្មនុញ្ញដែលត្រូវបានដាក់អោយប្រើប្រាស់ បន្ទាប់ពីបញ្ចប់សង្គ្រាម មកដល់នាពេលបច្ចុប្បន្ននេះ ដោយមានអាយុប្រមាណជា២៨ឆ្នាំមកហើយ ដោយគិតត្រឹមឆ្នាំ២០២១នេះ។ នេះបើគិតរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរដ្ឋធម្មនុញ្ញនេះត្រូវបានធ្វើវិសោធនកម្មជាង៨លើកមកហើយដូចជា៖
- លើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤
- លើកទី២ ធ្វើឡើងនៅខែមិនា ឆ្នាំ១៩៩៩
- លើកទី៣ ធ្វើឡើងនៅខែកក្កដា ឆ្នាំ២០០១
- លើកទី៤ ធ្វើឡើងនៅខែមិថុនា ឆ្នាំ២០០៥
- លើកទី៥ ធ្វើឡើងនៅខែមិនា ឆ្នាំ២០០៦
- លើកទី៦ ធ្វើឡើងនៅខែគុម្ភ ឆ្នាំ២០០៨
- លើកទី៧ ធ្វើឡើងនៅខែតុលា ឆ្នាំ២០១៤ គឺធ្វើវិសោធនកម្មធម្មនុញ្ញ មាត្រា៧៦ ដោយបានដាក់ច្បាប់បោះឆ្នោត ទៅជាច្បាប់កំពូលរបស់ជាតិ
- លើកទី៨ ធ្វើឡើងនៅខែគុម្ភ ឆ្នាំ២០១៨ ដោយបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៥៣ និង មាត្រា ១១៨ ដោយបានកំណត់ពីសមាជិកសភាពគណរដ្ឋមន្ត្រី។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា៖ «រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាជាណាចក្រកម្ពុជា ច្បាប់ និង សេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនូន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជាក៏បានបែងចែកគោលការណ៍ ដោយការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនិតិប្បញ្ញាតិ និតិប្រត្តិបត្តិ និង អាំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធជាមូលដ្ឋានប្រជាពលរដ្ឋ និង គោលការណ៍និតិរដ្ឋជាដើម»។