ប្រវត្តិសាស្រ្តពិភពលោក

ភាពចម្រូងចម្រាស់ជាង១០០ឆ្នាំក្នុងការបំបែករដ្ឋនៃដែនដី អ៊ីស្រាអ៊ែល និង ​ប៉ាឡេស្ទីន

អ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស់ បានប៉ះគ្នា ដោយមានការបាញ់គ្រាប់រ៉ុក្កែតជាថ្មី ដោយចាប់ផ្តើមនៅយប់ថ្ងៃទី១០ ខែឧសភា។ មកទល់ពេលនេះ ក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែតជាង ២០០០គ្រាប់ដាក់អ៊ីស្រាអែល ប៉ុន្តែត្រូវបានការពារដោយប្រព័ន្ធខែលការពារមីស៊ីល។ ចំណែកអ៊ីស្រាអែល បានវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែក បាញ់កាំភ្លើងធំ និងមីស៊ីលជាដើម។

ជម្លោះរវាងអ៊ីស្រាអែលនេះ គឺកើតចេញពីការប៉ះទង្គិចរវាងប៉ូលិសអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន នៅបរិវេនអាគារព្រះវិហារAl-Aqsa ក្នុងទីក្រុងហ៊េ្សរុសាឡិមខាងកើត។ ការតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន ធ្វើឡើងដោយសារប៉ូលិសអ៊ីស្រាអែល បានបិទផ្លូវប្រជាជនប៉ាឡេស្ទីនទៅផ្នែកមួយនៃទីក្រុងចាស់ ឬOld City ក្នុងអំឡុងខែរ៉ាម៉ាឌន (Ramadan)។ ម្យ៉ាងការបាតុកម្មរបស់ប្រជាជនប៉ាឡេស្ទីន ក៏ប្រឆាំងនឹងតុលាការអ៊ីស្រាអែល ដែលត្រួសត្រាយផ្លូវ ដើម្បីបណ្តាញជនជាតិប៉ាឡេស្ទីនចេញពីសង្កាត់ Sheikh Jarrah ក្នុងក្រុងហ៊េ្សរុសាឡិមខាងកើតផងដែរ។ ប៉ុន្តែសវនាការត្រូវបានពន្យារពេល នៅថ្ងៃទី៩ ខែឧសភា រហូតដល់ខែមិថុនា។ ដោយសារហេតុផលនេះហើយ ដែលធ្វើឱ្យក្រុមយុទ្ធជនហាម៉ាស់ វាយប្រហារមកលើអ៊ីស្រាអែល។

មកទល់ពេលនេះ ជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានឈានដល់ថ្ងៃទី១៦ ហើយ ដោយគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខណៈដំណោះស្រាយ ឬបទឈប់បាញ់ មិនទាន់មានកោះត្រើយឡើយ។ ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំជាលើកទី៣ ប៉ុន្តែត្រូវបានអាមេរិកជំទាស់ជាថ្មី។ ចំណែកអេហ្ស៊ីប ដែលធ្លាប់ជាអ្នកសម្របសម្រួល កាលពីឆ្នាំ២០១៤ ក៏បានចេញមុខមកសម្របសម្រួលជាថ្មី ប៉ុន្តែចរចារវាងអាហ្ស៊ីប ជាមួយអ៊ីស្រាអែល និងក្រុមហាម៉ា មិនត្រូវបានបញ្ចេញឡើយ។

ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារទៅវិញទៅមករវាងដែនដីទាំងពីរ ប្រេសិតសន្តិភាពអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះ អាចនឹងឈានដល់សង្រ្គាមទ្រង់ទ្រាយធំ។ ចំណែកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានព្រមានថា អ៊ីស្រាអែល នឹងបន្តការបាញ់ប្រហាររហូតដល់មានការធានាថា សុវត្ថិភាពរបស់ប្រជាជនខ្លួន ត្រូវបានធានា។ អាគារជាច្រើននៅតំបន់កាហ្សាត្រូវបានបំផ្លាញ រួមទាំងអាគារស្នាក់នៅរបស់អ្នកសារព័ត៌មាន Al-Jazeera និងទីភ្នាក់ងារព័ត៌មាន AP ផងដែរ។

ការបង្កើតរដ្ឋអ៊ីស្រាអែល ក្នុងឆ្នាំ១៩៤៨

ទឹកដីអ៊ីស្រាអែល ធ្លាប់ជាដែនដីមួយរបស់ជនជាតិជ្វីហ្វកាលពីសម័យបុរាណ។ ដោយសារតែសង្រ្គាម និងការឈ្លានពានរបស់អាណាចក្រធំៗ ជនជាតិជ្វីហ្វ ត្រូវរស់បែកបាក់ ចំណាកស្រុកទៅប្រទេសផ្សេងៗ ជាពិសេសអឺរ៉ុប។ បន្ទាប់ពីការបែកបាក់ មានតែជនជាតិភាគតិចជ្វីហ្វប៉ុណ្ណោះ ដែលរស់នៅលើដែនដីនោះ និងមានប្រជាជនអារ៉ាប់រស់នៅភាគច្រើន។

តំបន់ដែលមានប្រជាជនជ្វីហ្វរស់នៅ ឬតំបន់នៅចន្លោះសមុទ្រមេឌីទែរ៉ាណេ និងទន្លេហ្ស៊កដានី ត្រូវបានប្រជាជនអារ៉ាប់ហៅថា «ដែនដីប៉ាឡេស្ទីន» ។

ចាប់តាំងពីចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ជនជាតិជ្វីហ្វ ដែលរស់នៅប្រទេសអារ៉ាប់ និងបណ្តាប្រទេសផ្សេងៗ បានចាប់ផ្តើមត្រលប់ចូលមករស់នៅដែនដី ដែលខ្លួនគិតថាជារបស់ខ្លួនពីមុន។ វាអាចមានហេតុផលជាច្រើន ដែលជនជាតិជ្វិហ្វត្រលប់មកវិញ ប៉ុន្តែហេតុផលមួយក្នុងចំណោមនោះ គឺដោយសារតែមនោគមវិជ្ជា Zionism។ Zionism ជាមនោគមន៍វិជ្ជាសាសនា និងនយោបាយ ដែលនាំឱ្យជនជាតិជ្វីហ្វត្រលប់មកដែនដីកំណើតរបស់ខ្លួន ស្របពេលអង់គ្លេសគឺជាម្ចាស់អាណានិគមនៅក្នុងតំបន់នោះ។

ម្យ៉ាងក្នុងឆ្នាំ១៨៩៦ អ្នកកាសែតជនជាតិជ្វីហ្វ-អូទ្រីស លោក Theodor Herzl បានបោះពុម្ពសៀវភៅតូចៗ ដែលនិយាយពីរដ្ឋជ្វីហ្វ។ ក្នុងសៀវភៅនោះ លោក Theodor Herzl បានសង្កត់ធ្ងន់ថា មានតែការបង្កើតរដ្ឋជ្វីហ្វប៉ុណ្ណោះ ទើបការពារជនជាតិជ្វីហ្វពីការប្រឆាំងមកលើជនជាតិមួយនេះ។ ហេតុផលមួយទៀត គឺជនជីហ្វ បានត្រលប់មកពីអឺរ៉ុបជាច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានការកាប់សម្លាប់ពីសំណាក់ក្រុមណាស៊ី ក្នុងសង្រ្គាមលោកលើកទីពីរ។

ក្នុងឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ បានអនុម័ត សេចក្តីសម្រេចលេខ ១៨១ ដែលត្រូវបានស្គាល់ថា ជាគម្រោងពុះច្រៀកទឹកដី (Partition Plan) ដើម្បីបែងចែកទឹកដីសម្រាប់ជនជាតិជ្វីហ្វ និងអារ៉ាប់។ ប៉ុន្តែការបែងចែកនេះ ត្រូវបានជនជាតិប៉ាឡេស្ទីនបដិសេធ ដោយសំអាងថាជាទឹកដីរបស់គេ។ ក្នុងអំឡុងពេល UN អនុម័តច្បាប់នោះ ជនជាតិជ្វីហ្វ បានកាន់កាប់ទឹកដីមួយផ្នែក នៅតំបន់ប៉ាឡេស្ទីនរួចទៅហើយ។

ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ ជនជាតិជ្វីហ្វ បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលឡើង បើទោះមានការជំទាស់ពីជនជាតិប៉ាឡេស្ទីន និងជនជាតិផ្សេងទៀតក៏ដោយ។ ក្នុងពេលនេះ អង់គ្លេស ក៏បានដកទ័ពចេញពីដែនដីប៉ាឡេស្ទីនផងដែរ។

មួយថ្ងៃបន្ទាប់ពីប្រកាសរដ្ឋអ៊ីស្រាអែល អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី លីបង់ និងអ៊ីរ៉ាក់ បានវាយមកលើអ៊ីស្រាអែល។ សង្រ្គាមរវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល បានបិទបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៤៩ ដោយបទឈប់បាញ់។ ក្នុងសង្រ្គាមនេះ អ៊ីស្រាអែលបានគ្រប់គ្រងដែនដីមួយភាគធំ ខណៈពេលហ្ស៊កដានី គ្រប់គ្រងតំបន់ត្រើយខាងលិច (West Bank) និងអេហ្ស៊ីបគ្រប់គ្រងតំបន់កាហ្សា។ ចំណែកទីក្រុងហ៊េរុយសាឡិម ត្រូវបែងចែកជាពីរ ដោយហ៊េរុយសាឡិមខាងលិច គ្រប់គ្រងដោយអ៊ីស្រាអែល និងក្រុងហ៊េរុយសាឡិមខាងកើតគ្រប់គ្រងដោយកងទ័ពរបស់ហ្ស៊កដានី។ សង្រ្គាមនៅចន្លោះឆ្នាំ១៩៤៨ ដល់ឆ្នាំ ១៩៤៩ ត្រូវបានស្គាល់ថា សង្រ្គាមអារ៉ាប់-អ៊ីស្រាអែលលើកទី១។

ក្នុងឆ្នាំ១៩៥៦ វិបត្តិព្រែកជីកស៊ុយអេ ក៏បានផ្ទុះឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលរួមជាមួយ បារាំង និងអង់គ្លេសផងដែរ។ វិបត្តិព្រែកជីកនេះ ត្រូវបានដាក់ឈ្មោះថា សង្រ្គាមអ៊ីស្រាអែល-អារ៉ាប់លើកទី២។ បន្ទាប់ពីអ៊ីស្រាអែលឈ្លានពានឧបទ្វីបស៊ីណៃ អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកពីអ៊ីស្រាអែល។

សង្គ្រាមរវាង អ៊ីស្រាអ៊ែល និង ប្រទេសអារ៉ាប់ រយៈពេល៦ថ្ងៃ

សង្រ្គាមធំមួយទៀតរវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល បានផ្ទុះឡើងម្តងទៀត នៅក្នុងឆ្នាំ ១៩៦៧ ដែលមានរយៈពេល ៦ត្រឹមតែប៉ុណ្ណោះ។ ហេតុនេះហើយ បានជាសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកទី៣ ត្រូវបានដាក់ឈ្មោះថា «សង្រ្គាម៦ថ្ងៃ»។ សង្រ្គាមនេះ កើតឡើងដោយសារតែការព្រមានជាញឹកញាប់ពីសំណាក់ប្រធានាធិបតីអាហ្ស៊ីបកាលសម័យនោះ លោកAbdel Gamal Nasser ដើម្បីវាយប្រហារលើអ៊ីស្រាអែល។ បញ្ហានេះហើយ អ៊ីស្រាអែលបានសម្រេចវាយប្រហារលើកម្លាំងទ័ពអាកាសអេហ្ស៊ីប និងស៊ីរីមុន។

បន្ទាប់ពីសង្រ្គាមរយៈពេល ៦ថ្ងៃ អ៊ីស្រាអែលគ្រប់គ្រងដែនដីកាន់តែធំជាងមុនក្នុងនោះរួមមាន ឧបទ្វីបស៊ីណៃ, តំបន់កាហ្សា, ត្រើយខាងលិច, ក្រុងហ៊េរុយសាឡិមខាងកើត និងខ្ពស់រាបហ្គោឡង់។

ដ្បិតសង្រ្គាម៦ថ្ងៃបានបញ្ចប់ អេហ្ស៊ីប និងស៊ីរី បានប៉ះគ្នាជាច្រើនលើកជាមួយអ៊ីស្រាអែល រហូតដល់ឆ្នាំ ១៩៧៩។ ក្នុងឆ្នាំនោះ បន្ទាប់ពីមានកិច្ចចរចាជាច្រើនលើកមក អាហ្ស៊ីប និងអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា « Camp David Accords»។

កិច្ចព្រមព្រៀង OSLO

នៅក្នុងឆ្នាំ១៩៨៧ ប្រជាជនប៉ាឡេស្ទីនជាច្រើនពាន់នាក់ បះបោរ និងបាតុកម្មប្រឆាំងអ៊ីស្រាអែល បើទោះបីអាហ្ស៊ុប បានចុះកិច្ចព្រមព្រៀង Camp David Accords ក៏ដោយ។ ក្នុងឆ្នាំ ១៩៩៣ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Yitzhak Rabin និងអ្នកចរចាអង្គការរំដោះប្រជាជនប៉ាឡេស្ទីន លោក Mahmoud Abbas បានចុះកិច្ចព្រមព្រៀង Oslo I Accords ដើម្បីដោះស្រាយជម្លោះ។

កិច្ចព្រមព្រៀងនេះ បានរៀបចំឱ្យប៉ាឡេស្ទីនគ្រប់គ្រងតំបន់ត្រើយខាងលិច និងតំបន់កាហ្សា និងទទួលស្គាល់ទៅវិញទៅមករវាងអាជ្ញាធរប៉ាឡេស្ទីនថ្មី និងអ៊ីស្រាអែល។ នៅឆ្នាំ១៩៩៧ អ៊ីស្រាអែល និងប៉ាឡេស្ទីន បានចុះកិច្ចព្រមព្រៀង Oslo II Accords ដោយតម្រូវឱ្យអ៊ីស្រាអែលដកទ័ពចេញពីក្រុង ៦ និងតំបន់៤៥០ ពីត្រើយខាងលិច។

ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួម

ទោះមានកិច្ចព្រមព្រៀងទាំងពីរខាងលើកក្តី អ៊ីស្រាអែល និងប៉ាឡេស្ទីនតែងតែប៉ះគ្នា និងមានបាតុកម្មជាញឹកញាប់រហូតដល់ឆ្នាំ២០១៣។ ក្នុងឆ្នាំ២០១៣ អាមេរិក មានបំណងពិនិត្យមើលដំណើរការសន្តិភាពរវាងដែនដីទាំងពីរឡើងវិញ។ យ៉ាងណាមិញ កិច្ចចរចាសន្តិភាពនោះត្រូវបានបង្អាក់ ដោយសារអាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់ត្រើយខាងលិចបានបង្កើតរដ្ឋាភិបាលបង្រួបបង្រួម ជាមួយក្រុមហាម៉ាស់ នៅក្នុងឆ្នាំ២០១៤។ ក្រុមហាម៉ាស់នេះ ត្រូវបានអាមេរិក ដាក់ជាអង្គការភេរវកម្មបរទេស នៅក្នុងឆ្នាំ១៩៩៤។

នុងឆ្នាំបង្កើតរដ្ឋាភិបាលបង្រួបបង្រួមនេះ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនកម្តៅជាថ្មី ដោយ ក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែតជិត ៣ពាន់គ្រាប់មកក្នុងដែនដីអ៊ីស្រាអែល ខណៈពេលអ៊ីស្រាអែលបានវាយប្រហារតបវិញទៅលើតំបន់កាហ្សា។ ការប៉ះទង្គិចនេះ កើតឡើងបន្ទាប់ពីប៉ាឡេស្ទីន បានទាមទារឱ្យអ៊ីស្រាអែល ដាក់ទោសលើឧក្រិដ្ឋជន ដែលបានសម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ និងការចាប់ខ្លួនសិស្សសាលាជនជាតិជ្វីបចំនួន ៣នាក់។

ជម្លោះក្នុងឆ្នាំនោះ បានបង្កឱ្យប្រជាជនអ៊ីស្រាអែលស្លាប់តែ ៧៣នាក់ប៉ុណ្ណោះ ខណៈប៉ាឡេស្ទីន ២២៥១នាក់ បន្ទាប់ពីមានបទឈប់បាញ់នៅក្នុងខែសីហា ឆ្នាំ២០១៤ ដោយមានអេហ្ស៊ីបជាអ្នកសម្របសម្រួល។ យ៉ាងណាក្តី ការតវ៉ាពីសំណាក់ប្រជាជនប៉ាឡេស្ទីន និងការវាយប្រហាររបស់ក្រុមហាម៉ាស់ នៅតែបន្តកើតមានដដែល នៅឆ្នាំបន្ទាប់។

ជំហរអាមេរិកមកលើអ៊ីស្រាអែល

អាមេរិក ក្រោមអាណត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់គោលដៅក្នុងការដោះស្រាយបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែគោលដៅទាំងនោះ មានតែបង្កឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៨ រដ្ឋបាលអាមេរិក បានលុបចោលមូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកខាងជួយសង្គ្រោះនិងកិច្ចការងារ (UNRWA) ដែលផ្តល់មូលនិធិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ ក្នុងឆ្នាំដដែលនោះ អាមេរិកថែមទាំងប្តូរស្ថានទូតខ្លួនពីទីក្រុងTel Aviv ទៅទីក្រុងហ៊េរុយសាឡិមថែមទៀត ដែលធ្វើឱ្យអឺរ៉ុប ប៉ាឡេស្ទីន និងបណ្តាប្រទេសផ្សេងទៀត រិះគន់យ៉ាងខ្លាំង។

ភាពគ្មានទីបញ្ចប់នៃជម្លោះនៃដែនដីទាំងពីរ

ចង់មិនចង់ ជម្លោះរវាងដែនដីទាំងពីរ អាចនឹងបញ្ចប់ដោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចឆ្នាំ២០១៤ ដែលមានអាហ្ស៊ីបជាអ្នកសម្របសម្រួល។ យ៉ាងណាក៏ដោយ ការវាយប្រហារក្នុងពេលនេះ អ៊ីស្រាអែល អាចនឹងផ្តល់មេរៀនខ្លាំងជាងមុនដល់ក្រុមហាម៉ាស់ ដើម្បីបង្ការកុំឱ្យក្រុមហាម៉ាស់ហ៊ានវាយប្រហារលើអ៊ីស្រាអែលតទៅទៀត។ នាពេលកន្លងមក អ៊ីស្រាអែល ធ្លាប់បានអះអាងថា ខ្លួននឹងផ្តល់ធម៌ក្តៅដល់ក្រុមហាម៉ាស់ជាមុនសិន មុននឹងចូលតុចរចា។

យ៉ាងណាមិញ ភាគីទាំងពីរអាចមានត្រឹមតែ កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយគ្នាប៉ុណ្ណោះ ប៉ុន្តែមិនអាចកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាបានឡើយ។ បញ្ហាជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលសំខាន់ខ្លាំង គឺទីក្រុងហ៊េ្សរុសាឡិមខាងកើត ដែលមានប្រជាជនអ៊ីស្រាអែលរស់នៅជាច្រើន។ អ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏កំពុងមានបញ្ហាស្មុគស្មាញជាច្រើននៅលើតំបន់ត្រើយខាងលិច ដែលគ្រប់គ្រងដោយប៉ាឡេស្ទីនផងដែរ។ ការប៉ះទង្គិចរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចនឹងមានទៀត នៅពេលអនាគត ប្រសិនបើជម្លោះដែនដីទាំងពីរ មិនមានដំណោះស្រាយត្រឹមត្រូវ និងមិនមានការអន្តរាគមន៍ពីសហគមន៍អន្តរជាតិលើបញ្ហាទីក្រុងហ៊េ្សរុសាឡិមខាងកើត និងតំបន់ត្រើយខាងលិច៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published. Required fields are marked *