ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ និង ការដឹកនាំរបស់សេនាប្រមុខ លន់ នល់

លោកសេនាប្រមុខ លន់ នល់ ជា​អ្នកនយោបាយ និង ជា​ឧត្តម​សេនីយ៍​យោធា​កម្ពុជា ដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​២​លើក និង ជា​រដ្ឋមន្ត្រី​ការពារជាតិ។ គាត់​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​សម្តេច នរោត្តម សីហនុ និង ជា​អ្នកបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ និង ជា​ប្រធានាធិបតី​សាធារណរដ្ឋ​នេះ។ គាត់​ក៏​ជា​មនុស្ស​ទី​១​ដែរ​ដែល​ចេញមុខ​ប្រកាសសង្គ្រាម​បណ្តេញ​យួន​ខាងជើង និង​ វៀតកុង​ចេញពី​ទឹកដី​ខ្មែរ ។

កុមារភាព និង ការអបរំ

លោក សេនាប្រមុខ លន់ នល់ បានកើត​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នា​ខេត្តព្រៃវែង ក្នុង​គ្រួសារ​ខ្មែរ​ដើមកំណើត​ចិន ។ ឪពុក​របស់គាត់​ឈ្មោះ លន់ ហ៊ិន ម្តាយ​ឈ្មោះ នួន , គាត់​ជា​កូ​នទី​២​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ដែល​ក្នុងនោះ​ប្អូនប្រុស​ទី​៧ ​របស់​គាត់​ឈ្មោះ លន់ ណុន ជា​មនុស្ស​ដែលមាន​តួនាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​ចាប់​តាំងពី​ការ​ចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ និង ការបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ ។

ឪពុក​របស់គាត់ ធ្លាប់​ជា​អភិបាលស្រុក​នៅ​ខេត្តសៀមរាប និង ខេត្ត​កំពង់ធំ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​បង្ក្រាប​ចោរប្លន់​នៅ​ខេត្តព្រៃវែង ។ លន់ នល់ ទទួលបាន​ការអប់រំ​នៅ​សាលា​សាសឺលូប​-​ឡូបា (Chasseloup-Laubat) នាទី​ក្រុង​សាយហ្កន បន្ទាប់មក​បាន​ចូល​សិក្សា​នៅ​សាលា​យោធា​កម្ពុជា ។

ការចូលបម្រើការរាជការ និង ការឈានចូលក្នុងឆាកនយោបាយ

លន់ នល់ ជា​មន្ត្រី​ស៊ីវិល​ក្នុង​សម័យ​រដ្ឋាភិបាល​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៧។ គាត់​បាន​ក្លាយជា​អ្នកកាន់អំណាច​រដ្ឋបាល ហើយក៏​បាន​ធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​អ្នកប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បារាំង​ប្រឆាំង​បង្ក្រាប​ចលាចល​ជា​បន្តបន្ទាប់​នៃ​ការ​ប្រឆាំងនឹង​អាណានិគម​​បារាំង​នា​ឆ្នាំ​១៩៣៩ ។ លុះដល់​ឆ្នាំ​១៩៤៦ គាត់​បាន​ក្លាយជា​ចៅហ្វាយ​ខេត្ត​ក្រចេះ ។ គាត់​បាន​ក្លាយជា​សហការី​របស់​សម្តេច សីហនុ ហើយ​នៅក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅ​ពេល​ដែល​គាត់​បាន​បង្កើត​ចលនា​ស្តាំនិយម រាជាធិបតេយ្យ ជា​ក្រុម​នយោបាយ​គាំទ្រ​ឯករាជភាព​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ប្រទេស​កម្ពុជា​ខ្លាំង​ឡើងៗ ។ គាត់​បាន​ចូល​បម្រើ​កងទ័ព​នៅ​ឆ្នាំ​១៩៥២ ហើយ​គាត់​បាន​ដឹកនាំ​ប្រតិបត្តិការ​កងទ័ព​ប្រឆាំង​វៀត​មិញ ។

បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យពី​បារាំង គណបក្ស​កំណែទម្រង់​ខ្មែរ (Khmer Renovation) របស់គាត់ (រួម​នឹង​គណបក្ស​ស្តាំនិយម​តូចៗ​ដែល​ដឹកនាំ​ដោយ សម សារី និង ដាប ឈួន) បាន​ក្លាយជា​គណបក្ស​ស្នូល​របស់ គណបក្ស​សង្គមរាស្ត្រនិយម របស់​សម្តេច​នរោត្តម សីហនុ សម្រាប់​ប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​១៩៥៥ ។​

លន់ នល់ ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​កងទ័ព​នៅ​ឆ្នាំ​១៩៥៥ និង ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ​១៩៦០ និង កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ ។ នៅពេលនោះ គាត់​ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ទទួលបាន​ការទុកចិត្ត​ពីស​ម្តេច សីហនុ ។ ឆ្នាំ​១៩៦៣ គាត់​ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈដែល​សម្តេច សីហនុ ព្យាយាម​ស្វែងរក​ចលនា «អព្យាក្រឹត​និយម» ជា​អន្តរជាតិ​ក្នុង​បំណង​បញ្ចៀស​ប្រទេស​របស់​ព្រះអង្គ​ពី​ការប៉ះពាល់​ដោយ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ។

នៅ​ឆ្នាំ​១៩៦៦ ការបោះឆ្នោត​សភា បានធ្វើ​ឲ្យមាន​តុល្យភាព​អំណាច​ចំពោះ លន់ នល់ និង សមាសធាតុ​ស្តាំនិយម​របស់​គណៈបក្ស​សង្គមរាស្ត្រនិយម នៅពេលដែល​បេក្ខជន​អភិរក្ស និង ពួក​ស្លាប​ស្តាំ​ត្រូវបាន​ជ្រើសរើស​យ៉ាងច្រើន ។ លន់ នល់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​គាត់​គឺជា​មនុស្ស​ដែល​ប្រកៀក​ស្មា​គ្នា​ជាមួយ​សម្ដេចសីហនុ ក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​កុម្មុយនិស្ត។

ជាក់ស្តែង នៅ​ចន្លោះ​ឆ្នាំ​១៩៦៦-១៩៦៧ កង​អន្តរាគមន៍​របស់គាត់ រួមជាមួយ​កង​រាជ​តម្រួត​របស់​សម្តេច សីហនុ បាន​បង្ក្រាប​ការ​បះបោរ​របស់​កសិករ​នៅ​សំឡូត ខេត្ត​បាត់ដំបង ដែល​ត្រូវបាន​ញុះញង់​ដោយ​ពួក​កុម្មុយនិស្ត ។ ការបះបោរ​នេះ​កើតឡើង​ពី​កសិករ​លក់​ស្រូវ​ទៅឲ្យ​កងទ័ព​កុម្មុយនិស្ត​យួន​ដែល​ដើរ​ប្រមូល​ទិញ​ក្នុងតម្លៃ​ថ្លៃ​ជាង​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម ។ ការបង្ក្រាប​នេះ​មាន​សភាព​ឃោរឃៅ និង មាន​រយៈពេល​ច្រើន​ខែ រហូតដល់​មាន​ការ​ប្រយុទ្ធ​ប្រដាប់អាវុធ និង មាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គល​ណា​កាត់​បាន​ក្បាល​ពួក​កុម្មុយនិស្ត។

មនុស្ស​ជាច្រើន​បាន​រត់​ចូល​ព្រៃ និង អ្នកខ្លះ​ត្រូវបាន​ចាប់ចង​ធ្វើ​ទណ្ឌកម្ម​សួរ​ចម្លើយ ។ សារព័ត៌មាន​នានា នា​សម័យ​នោះបាន​សរុប​ថា​ យ៉ាងហោច​ណាស់​មាន​មនុស្ស​១.០០០ ក្លាយជា​ជន​រងគ្រោះ ហើយ​អ្នក​ខ្លះទៀត​មាន​គំនុំ​ជាមួយ​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​យ៉ាងខ្លាំង ។ លន់ នល់ ធ្លាប់​បាន​ធ្វើជា​អភិបាលខេត្ត​បាត់ដំបង​នេះដែរ ។

លន់ នល់ បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​រថយន្ត​នៅ​ចុងឆ្នាំ​១៩៦៨ និង ត្រូវបាន​បង្ខំ​ឲ្យ​ថយ​ពី​កិច្ចការ​នយោបាយ​ជា​បណ្តោះ​អាសន្ន ។ ទោះយ៉ាងណា នៅ​ឆ្នាំ​១៩៦៨ គាត់​បាន​វិល​ត្រឡប់​មក​ក្នុង​ឆាក​នយោបាយ​វិញ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ហើយ​នៅ​ឆ្នាំ​១៩៦៩ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២។

រដ្ឋប្រហារទម្លាក់ សម្ដេចសីហនុ

ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ លន់ នល់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេក្លោង​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់​បំផុត​ទាំង​៣​រូប ក្នុងការ​ទម្លាក់​សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ ។

កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ និង សិរិមតៈ បាន​បិទ​កំពង់ផែ​ព្រះសីហនុ ជាទី​ដែល​អាវុធ​យុទ្ធភ័ណ្ឌ ត្រូវបាន​ដឹកជញ្ជូន​ដោយ​លួចលាក់​សម្រាប់​ពួកវៀតកុង ទៅឲ្យ​កងទ័ព​វៀតណាម​ខាងជើង ។

ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ របស់​ លន់ នល់ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​សម្តេច​សីហនុ កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​១៩៦៩ ដោយសារ​ពេលនោះ​ស្ថានភាព​ប្រទេសជាតិ​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ បាន​ផ្ញើលិខិត​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱសានវាទ​ថា ឲ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឲ្យអស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោលគឺ​មិនឲ្យ​យឺត​ជាង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ពុំ​នោះទេ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​យោធា។

មុននេះ លន់ នល់ ធ្លាប់​បាន​ជួប​ប្រធាន​រណសិរ្ស​វៀតកុង និង នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េកាំង ជំរុញ​ឲ្យ​ពួកគេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួល​បាន​លទ្ធផល​ជាទី​ខកចិត្ត​យ៉ាងខ្លាំង ។

ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នាទី​ក្រុងប៉ារីស សម្តេច​សីហនុ​បាន​មាន​បន្ទូលថា​ព្រះអង្គ​នឹង​យាង​ត្រឡប់មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូស្គូ និង ប៉េកាំង ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ​នេះ​ដាក់​គំនៀប​លើ​យួន​ខាងជើង និង វៀត​កុង​ឲ្យ​ដក​ចេញពី​ទឹក​ខ្មែរ ។

ដោយ​សំអាង​លើ​សេចក្តីប្រកាស​នេះ គេ​ឃើញថា រដា្ឋភិបាល​ភ្នំពេញ​ដែល​កំពុង​ត្រូវបាន​ដឹកនាំ​ជំនួស​ដោយ លន់ នល់ ក៏ដូចជា​ព្រះអង្គ​ដែរ​កំពុងធ្វើការ​ក្នុង​គោលដៅ​តែមួយ ពោលគឺ​ដើម្បី​បណ្តេញ​កងទ័ព​យួន​កុម្មុយនិស្ត និង វៀតកុង​ឲ្យ​ចេញពី​ទឹកដី​កម្ពុជា គ្រាន់តែ​ក្នុង​របៀប​ផ្សេងគ្នា​តែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើ​ឲ្យ​គេ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ព្រះអង្គ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ទៅវិញ ។

ស្ថានភាព​នៅ​កម្ពុជា​ពុំមាន​ភាព​ស្រាកស្រាន្ត​សោះឡើយ ។ ទឹកចិត្ត​របស់​រាស្ត្រ​ខ្មែរ​កាន់តែ​ពោរពេញ​ទៅដោយ​កំហឹង​ខ្លាំង​ឡើងៗ​ចំពោះ​កងទ័ព​វៀតណាម​ខាងជើង និង ពួក​វៀតកុង ។ ព្រឹក​ថ្ងៃទី​១៦ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវបាន​ធ្វើឡើង​នៅមុខ​រដ្ឋសភា ដើម្បី​សុំឲ្យ​អង្គការ​កំពូល​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ីវិល និង យោធា​មួយចំនួន​ពីបទ​សម​គំនិត​ជាមួយ​វៀតណាម​កុម្មុយនិស្ត ដែល​មនុស្ស​ទាំងនោះ​សុទ្ធ​ជា​មនុស្ស​ក្នុង​រាជវង្ស ឬ ក៏​ជា​អ្នក​ស្និទ្ធ​នឹង​អ្នក​ម្នាង​ម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។

ស្អែក​ឡើង គឺ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​បានចាប់ផ្តើម​កញ្ជ្រោល​ឡើង​ម្តងទៀត ។ សភា​បាន​បន្ត​ការប្រជុំ​តាម​ការគ្រោងទុក ។ ការ​ចោទ​ប្រកាន់​ចំពោះ​សម្តេច​កាន់​តែ​មាន​ភាពជូរចត់​ឡើងៗ ។ រថពាសដែក និង រថយន្ត​ដឹក​កងទ័ព​ត្រៀម​ប្រយុទ្ធ​បានធ្វើ​ចលនា​ខ្វាត់ខ្វែង​តាម​ដង​ផ្លូវធំៗ​ពាសពេញ​ទីក្រុង ។

យោងតាម​ឯកសារ​ខ្លះ «លន់ នល់ បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ដកហូត សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រធាន​ប្រមុខរដ្ឋ​ឡើយ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​ចាក់​កាសែត​ដែល​គេ​លួច​ថត​ពេល​សម្តេច នរោត្តម សីហនុ មានបន្ទូល​នៅក្នុង​អង្គប្រជុំ​១ នៅ​ទីក្រុង​ប៉ារីស ឲ្យ លន់ នល់ ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ ព្រះអង្គ​បាន​ស្តីបន្ទោស​ចំៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះអង្គ​ហៅថា​ជា​អ្នក​ក្បត់​ព្រះអង្គ ហើយ​ថា​ព្រះអង្គ​នឹងដាក់​ទណ្ឌ​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅពេល​ព្រះអង្គ​យាង​ត្រឡប់​មកដល់​ភ្នំពេញ។

ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​លោក​សេនាប្រមុខ លន់ នល់ នៅតែ​មិន​ប្រាកដថា​នឹង​ញុះញង់​ឲ្យ​សភា​បោះឆ្នោត​ទម្លាក់​សម្តេច​នៅ​ឡើយ ។ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយ​មាន​មន្ត្រី​យោធា​៣​រូប បាន​ទៅដល់​ភូមិគ្រឹះ​របស់សេនាប្រមុខ លន់ នល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ នល់ ដែល​កំពុង​ជោគជាំ​ដោយ​ជលនេត្រ​ឲ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ដើម្បី​ដកហូត​សម្តេច សីហនុ ។ ស្អែក​ឡើង ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះឆ្នោត​ជា​ឯកឆន្ទ ដកហូត​សម្តេច​សីហនុ ពី​អំណាច» ។

ថ្វីត្បិតតែ​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែ​មានបំណង​ដកហូត សម្តេច នរោត្តម សីហនុ ពី​អំណាច​កំពូល​ក្នុងប្រទេស​ខ្មែរ ដោយសារតែ​សម្តេច​ជា​ស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែ​យើង​យល់ថា ការអះអាង​ខាងលើនេះ​មិនសូវ​ទំនង​ឡើយ គឺ​យើង​យល់ថា​ព្រះអង្គម្ចាស់ សិរិមតៈ មិន​ហ៊ាន​ធ្វើ​បែប​នោះ​ចំពោះ លន់ នល់ ឡើយ ។

សៀវភៅ «សាធារណៈរដ្ឋ​ខ្មែរ» របស់​បណ្ឌិត​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ​ បាន​តាម​រុករក​ឃើញ​នូវ​រឿង​អាថ៌កំបាំង​មួយ​ដែលនាំឲ្យ លន់ នល់ សម្រេច​ចិត្ត​អនុញ្ញាត​ឲ្យមាន​ការដកហូត​សម្តេច​សីហនុ ពី​អំណាច​ថា គឺជា​ល្បិច​របស់​ប្អូនប្រុស​គាត់​គឺ លន់ ណុន ។

គួរ​រំលឹក​ឡើងវិញ​ថា រហូតមកដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ អំណាច​របស់​សម្តេច​សីហនុ នៅតែមាន​សុវត្ថិភាព​នៅឡើយ ត្បិត​មនុស្ស​ពីររូប​គឺ​លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់​បើកផ្លូវ ។ ពិត​ហើយ​ថា សិរិមតៈ កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា​បន្ទាប់ពី​ការប៉ុនប៉ង​របស់​ព្រះអង្គ​ក្នុងការ​ដកហូត​សីហនុ ចេញពី​អំណាច ដើម្បី​យក​ម្កុដរាជ ទៅ​បំពាក់​ឲ្យ​មនុ​ស្សណា​ម្នាក់​ដែលជា​ស្រឡាយ​ស៊ីសុវត្ថិ។

ទោះយ៉ាងណា ព្រះអង្គ​ទំនងជា​មិន​ចង់​ទទួល​ខុសត្រូវ​រឿងនេះ​តែ​១​អង្គ​ឯង ទើប​ព្រះអង្គ​នៅ​ចាំមើល​ការឈាន​មួយ​ជំហាន​មុន​របស់ លន់ នល់ ដែលជា​ជំហាន​ចុងក្រោយ​ដើម្បី​ទម្លាក់​សីហនុ ខណៈ លន់ នល់ ហាក់ដូចជា​មិនទាន់​ប្រាកដថា​ធ្វើយ៉ាងណា ដែល​មានន័យថា នាយករដ្ឋមន្ត្រី​រូបនេះ​មិនទាន់​អនុញ្ញាត​ឲ្យ​នរណាម្នាក់​ប៉ះពាល់​ដល់​ឋានៈ​របស់​សម្តេច​សីហនុ ។​

បណ្ឌិត​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បាន​ទំលាយ​ឲ្យដឹងថា «នៅ​យប់​ថ្ងៃទី​១៧ ឈានចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ លន់ ណុន អមដោយ ​ហង្ស ធុន​ហាក់, ឆន សុខុម និង គង់ អ៊ន បាន​ទៅ​ភូមិគ្រឹះ​របស់​ លន់ នល់ ហើយ​បាន​ប្រាប់​លោកលន់ នល់ ថា លោក​បង ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេច​ព្រះទ័យ​ដកហូត​តំណែង​របស់​សម្តេច​សីហនុ ហើយ» ។ ​លោកសេនាប្រមុខ លន់ នល់ ដែល​ទើបតែ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប្អូនប្រុស​របស់គាត់​ដាស់ បន្ទាប់ពី​ពួកគេ​បាន​ឈរ​រង់ចាំ​យ៉ាងយូរ​មក​នោះ បាន​ប្រាប់​ទៅលោក​លន់ ណុន វិញ​ថា «បើ​មតៈ ព្រមព្រៀង​រួចទៅហើយ យើង​មានតែ​សម្រេច​ធ្វើ​អីចឹង​ទាំងអស់គ្នា !» ។

តាមពិត​ព្រះអង្គម្ចាស់​សិរិមតៈ មិនទាន់​បានផ្តល់​ការយល់ព្រម​នៅឡើយ ។ បន្ទាប់មកទៀត លោក​លន់ ណុន បាន​ចាក​ចេញពីផ្ទះ​បងប្រុស​របស់គាត់ ធ្វើដំណើរ​ទៅ​គេហដ្ឋាន​របស់​ព្រះអង្គម្ចាស់​សិរិមតៈ ហើយ​បានទូល​ព្រះអង្គ​ថា បងប្រុស​របស់គាត់​គឺ លន់ នល់ បានសម្រេច​ចិត្ត​ចាត់ការ​ទម្លាក់​សីហនុ ហើយ ដែល​តាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បាន​ចាញ់បោក​គាត់ (លន់ ណុន) តែប៉ុណ្ណោះ ។ ដោយ​ហេតុនេះ ស្អែក​ឡើង គឺ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បាន​សម្រេច​បោះឆ្នោត​ជា​ឯកឆន្ទ ដកហូត​សម្តេច​សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ នៅ​ម៉ោង ១៣ និង ៣០​នាទី។

ការបង្កើតរបបសាធារណរដ្ឋខ្មែរ

យប់​ថ្ងៃទី​១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស​បង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ ។ ការប្រកាស​បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បាន​អះអាងថា ធ្វើ​ឡើង​តាម​ការស្នើសុំ​របស់​វរ​សេនីយ៍​ត្រី លន់ ណុន ។ ប៉ុន្តែ​បន្ទាប់ពី​ត្រូវបាន​គេ​រាយការណ៍​ថ្វាយ​អំពី​សេចក្តី​ប្រកាស​នោះ ព្រះអង្គម្ចាស់ សិរិមតៈ បាន​ជំទាស់​ហើយ​បាន​ស្នើឲ្យ​លើក​សេចក្តីប្រកាស​នោះ​ទៅធ្វើ​នៅ​ថ្ងៃក្រោយ ។

នៅពេល​ឃើញថា ដំណើរ​នៃ​ការបង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​ត្រូវបាន​រាំងខ្ទប់​ដោយ​ព្រះអង្គម្ចាស់​សិរិមតៈ​ដែល​ចង់​បន្ត​ប្រទេស​កម្ពុជា​ឲ្យនៅ​ជា​ប្រទេស​រាជាធិបតេយ្យ​តទៅ​ទៀត​នោះ ទើប​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៧០ លន់ ណុន បាន​បញ្ជា​ឲ្យ ថាច់ ជា (ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម) រៀបចំ​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​ឈ្មោះថា «ដំណើរ​ឆ្ពោះទៅរក​ភាពស្របគ្នា​ខាង​ផ្លូវចិត្ត​គំនិត» នៅក្នុង​ពហុកីឡាដ្ឋាន​អូឡាំពិក ក្រុងភ្នំពេញ ។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​សំណូមពរ​ឲ្យ​សេនាប្រមុខ ​លន់ នល់ បង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា ។ បន្ទាប់ពី​ការជួប​ជុំគ្នា​នៃ​ហ្វូង​បាតុករ​នេះ​ទៅ លន់ ណុន បាន​សន្យា​យ៉ាង​ឱឡារិក​ថា របប​សាធារណរដ្ឋ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

ប៉ុន្តែ​ព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្ស​របស់​ព្រះអង្គ​នៅតែ​មិន​ព្រម ហើយ​ព្រះអង្គម្ចាស់​លេចធ្លោ​ជាងគេ​នៃ​ស្រ​ឡាយ​ស៊ីសុវត្ថិ អង្គ​នេះ​លើក​ហេតុផល​ថា ពេលវេលា​ពុំទាន់​មកដល់​ឡើយ ហើយ​ថា​ប្រការនេះ​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នេះ​នៅលើ​ឆាក​អន្តរជាតិ និង ធ្វើឲ្យ​ចុះខ្សោយ​របប​នេះ​នៅក្នុង​សម័យប្រជុំ​អង្គការសហប្រជាជាតិ​ឆាប់ៗ​ខាងមុខនេះ ។​

វា​ហាក់ដូចជា​ថា មនុស្ស​របស់ លោក​លន់ ណុន បាន​ជោគជ័យ​ច្រើនណាស់​ទៅហើយ នៅពេលដែល លន់ នល់ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៩៧០ បានប្រកាស​តាម​វិទ្យុ​ថា របប​សាធារណរដ្ឋ នៅ​កម្ពុជា នឹង​ត្រូវបាន​បង្កើតឡើង​នៅ​រយៈពេល​២​ខែ​ខាងមុខ ។

ទោះជា​ព្រះអង្គម្ចាស់ សិរិមតៈ ខំ​រាំងខ្ទប់​យ៉ាងណា​ក៏​មិនបាន​ដែរ ហើយ​ទីបំផុត​ថ្ងៃទី​៩ តុលា ឆ្នាំ​១៩៧០ បានមក​ដល់ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ បានប្រកាស​បង្កើត​ឡើង និង ប្រកាស​ឲ្យ​មាន​ការរៀបចំ​ធ្វើបុណ្យ​ទូទាំងប្រទេស ។ នេះ​ជា​លើក​ទី​១ និង តែ​ម្តងគត់ ដែល​របប​សាធារណរដ្ឋ បាន​ចាប់​កំណើត​នៅលើ​ទឹកដី​កម្ពុជា ។ ប្រការនេះ​ធ្វើឲ្យ​មនុស្ស​ភាគី​ទាំង​ទ្វេ​មាន​ទំនាស់​នឹង​គ្នា​កាន់តែ​ស្រួចស្រាល​ឡើង​ថែមទៀត ។

ដោយហេតុនេះ នៅ​ឆ្នាំ​១៩៧០ សេនាប្រមុខ លន់ នល់ បាន​ក្លាយជា​ប្រធានាធិបតី​ទី​១ និង តែ​ម្នាក់​គត់​របស់​សាធារណរដ្ឋ នៅ​កម្ពុជា ។ គាត់​មាន​ឋានៈ​ជា​អគ្គសេនាធិការ​កងទ័ព ហើយ​គាត់​បាន​ចែករំលែក​អំណាច​ជាមួយ​ព្រះអង្គម្ចាស់​សិរិមតៈ ដោយ​ប្រគល់​ថ្វាយ​ព្រះអង្គ​ឲ្យ​ជា​អ្នក​ទទួលបន្ទុក​នយោបាយ ពោល​គឺជា​មនុស្ស​ទី​២ បន្ទាប់ពី​លន់ នល់ ក្នុង​របប​នេះ ។

តាំងពី​ឡើងកាន់​អំណាច​មក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើម​ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀតណាម​ខាងជើង និង វៀតកុង​ចេញពី​ទឹកដី​កម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាល​របស់គាត់​ទទួល​បាន​ជំនួយ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួយ​វៀតណាម​ខាងត្បូង ធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម​ខាងជើង ។

ជា​អកុសល រដ្ឋាភិបាល​សាធារណរដ្ឋ​ខែ្មរ របស់ លន់ នល់ មិនមាន​សំណាងល្អ​ឡើយ ដោយសារ​អំពើពុករលួយ​នៅតែ​បន្ត​រស់រាន​មាន​ជីវិត​នៅលើ​ទឹកដី​នេះ​ដដែល ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​ចាញ់​កាល​ប្រទេស​នេះ​ស្ថិតក្រោម​ដឹកនាំ​របស់​សម្តេច​សីហនុ​ឡើយ ។ មិន​មាន​ករណី​ពុករលួយ​ណាមួយ​ត្រូវបាន​ដោះស្រាយ​ឡើយ ហើយ​បុគ្គល​ដែល​គេ​ធ្លាប់បាន​ចោទថា​ពុករលួយ​ដល់​កំពូល​ក្នុង​របប​សម្តេច​សីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែ​បន្ត​រស់នៅ​ដោយ​សុខសាន្ត គ្មាន​ទោស ថែមទាំង​នៅ​តែមាន​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ទៀត។

សម្ភារៈសឹក ដែលជា​ជំនួយ​របស់​អាមេរិក​មិនត្រូវ​បាន​គេ​ប្រគល់ឲ្យ​កងទ័ព​ដោយ​គ្រប់គ្រាន់​ឡើយ បែរជា​ត្រូវគេ​ដាក់លក់​នៅតាម​ផ្សារ​ដូចជា​ផ្សារ​អូឡាំពិក​ជាដើម ហើយ​ប្រជាជន​ខ្មែរ​ដែល​ស្រលាញ់​ជាតិ​បាន​នាំគ្នា​លក់​គោក្របី និង ស្រែចម្ការ​ទៅ​ទិញ​សម្ភារៈ​ទាំងនោះ ដើម្បី​ធ្វើដំណើរ​ចូល​សមរភូមិ រីឯ​កងទ័ព​ខ្លះ​នាំ​ទាំង​ប្រពន្ធ​កូន​ទៅជា​មួយ​ផង ។

កងទ័ព​របស់​ លន់ នល់ ដែល​គ្មាន​បទពិសោធ ពុំមាន​យុទ្ធភ័ណ្ឌ​គ្រប់គ្រាន់ ខ្វះ​ការដឹកនាំ​ឲ្យបាន​ត្រឹមត្រូវ​នោះ ត្រូវបាន​កងទ័ព​កុម្មុយនិស្ត​យួន វាយកម្ទេច​ខ្សែត្រៀម និង សម្លាប់​យ៉ាង​អាណោចអាធ័ម​ជា​បន្តបន្ទាប់ ។

របប​សាធារណៈរដ្ឋ​ខ្មែរ ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​សោះ​គឺ​ពី ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ គេ​ឃើញ​មានការ​ប្តូរផ្លាស់​គណៈរដ្ឋមន្ត្រី​ជាច្រើនលើក​ច្រើនសា​ដែល​ក្នុងនោះ​គឺ​គណៈរដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់ សិរិមតៈ របស់ លោក ហង្ស ធុនហាក់ របស់​លោក អ៊ិន តាំ (២​លើក​) របស់លោក សឺង ង៉ុកថាញ់ របស់​លោក ឡុង បូរ៉េត (៣​លើក) ។ ប៉ុន្តែ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ណាមួយ​ទទួល​បាន​ជោគជ័យ​ធំដុំ​ឡើយ។

ចំណុច​គួរ​កត់​សម្គាល់​មួយ​គឺថា ទោះជា​មានការ​ផ្លាស់ប្តូរ​ញឹកញាប់​យ៉ាងណាក្តី ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​នោះៗ ភាគច្រើន​គឺជា​មនុស្ស​ដដែលៗ ពោលគឺ​ប្តូរផ្លាស់​តែ​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ ។ ប្រហែល​នេះ ក៏​ជា​កត្តា​មួយ​ដែលមាន​ចំណែក​ដល់​ភាព​មិន​ជោគជ័យ​នៃ​គណៈរដ្ឋមន្ត្រី​ទាំង​នោះ​ដែរ ។

ការផ្លាស់ប្តូរ​របត់​នយោបាយ​របស់​មហាអំណាច​នាំឲ្យ​អាមេរិក​ព្រម​ទទួលយក​ថា​ជា​អ្នកចាញ់​សង្គ្រាម​នៅ​វៀតណាម ។ ប្រការនេះ ប្រទេស​កម្ពុជា​លែង​ក្លាយជា​ទឹកដី​ដែល​អាមេរិកាំង​ត្រូវការ​ចាំបាច់​ទៀត ។ ហេតុនេះ​រដ្ឋាភិបាល​អាមេរិក ក៏បាន​ផ្តាច់ជំនួយ​មកឲ្យ​រដ្ឋាភិបាលលោក ​លន់ នល់ ជា​បន្តបន្ទាប់ ។

សម្តេច សីហនុ បាន​មានបន្ទូលថា​នៅពេល​ក្រុម​របស់​ព្រះអង្គ​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​នោះ ព្រះអង្គ​នឹង​បញ្ជា​ឲ្យគេ​បាញ់សម្លាប់​ លន់ នល់ ប្រសិនបើ​ចាំបាច់ ។ ប៉ុន្តែ​បើ​ លន់ នល់ ព្រម​ចុះ​ចាញ់​ហើយ​និរទេស​ចេញពី​កម្ពុជា គាត់​នឹងមិន​មាន​ការ​តាម​ចាប់ខ្លួន​ឬ​តាម​ចងកម្ម​ឡើយ ។ ដោយហេតុនេះ​ទើប​ទីបំផុត​សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ លន់ នល់ ទទួល​យក​ជម្រើស​ចុងក្រោយ​នេះ ។​

ថ្ងៃទី​១ ខែមេសា ១៩៧៥ លន់ នល់​បាន​លាលែង​ពី​តំណែង និង និរទេស​ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់មក​ទៅ​សហរដ្ឋអាមេរិក និង បាន​តាំង​លំនៅឋាន​ដំបូង​នៅ​រដ្ឋ​ហាវ៉ៃ ហើយ​នៅ​ឆ្នាំ​១៩៧៩ នៅ​រដ្ឋកាលីហ្វូនញ៉ា ។ គាត់​បាន​ស្លាប់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ១៩៨៥ ៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.