ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាមហាអំណាច​កុម្មុយនិស្ត​ធំៗ​ទាំងពីរ ចិន និង​​ សហភាព​សូវៀត បែកបាក់គ្នា នៅ​ក្នុង​សង្រ្គាម​ត្រជាក់?

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ មាន​ហេតុការណ៍មួយចំនួន​ ដែល​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​​ចាត់ទុក​ថា​ជា​ចំណុច​របត់​សំខាន់ៗ នៃ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត។ ហេតុការណ៍​អស់ទាំងនោះ​រួមមាន​ដូចជា ការ​សង់​ជញ្ជាំង​ក្រុង​ប៊ែរឡាំង វិបត្តិ​មីស៊ីល​គុយបា សង្រ្គាម​វៀតណាម ហើយ​ក្នុងនោះ​ក៏មាន​ផងដែរ ការ​បែកបាក់គ្នា រវាងចិន និង​សហភាព​សូវៀត។

ចិន និង​សូវៀត សុទ្ធសឹង​ជា​មហាអំណាច​ដែល​មាន​ជំនឿ​យ៉ាងមុតមាំ​ទៅលើ​លទ្ធិកុម្មុយនិស្ត​ម៉ាកឡេនីន ហើយ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្លុក​សេរី និង​មូលធន​និយម ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក។ ទោះជាយ៉ាងណា មេដឹកនាំ​ចិន និង​មេដឹកនាំ​សហភាព​សូវៀត ថ្វីដ្បិត​តែ​មាន​មនោគមន៍​វិជ្ជា​ដូចគ្នា ប៉ុន្តែ​មាន​គំនិត​ផ្ទុយ​គ្នា​ស្រឡះ ទាក់ទង​នឹង​​របៀប​យក​មនោគមន៍​វិជ្ជា​នេះ​ទៅ​ដាក់​ចេញ​ជា​គោលនយោបាយ​ ដើម្បី​អនុវត្ត​ជាក់ស្តែង និង​ជាពិសេស គឺ​មាន​គំនិត​ផ្ទុយគ្នា​ស្រឡះ​ ជុំវិញ​ឥរិយាបថ​ដែល​ត្រូវ​ប្រកាន់​យក នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក។

សញ្ញា​នៃ​ការ​ប្រេះឆា​គ្នា រវាង​ចិន និង​សហភាព​សូវៀត បាន​ចាប់ផ្តើម​ឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៧។

លោក នីគីតា គ្រូឆេវ គឺ​ជា​មេដឹកនាំ​ថ្មី​របស់​សហភាព​សូវៀត​​ ដោយ​បាន​ឡើង​មក​បន្ត​តំណែង​ពី​​លោក​ស្តាលីន ដែល​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៥៣។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​បាន​ឡើង​មក​កាន់​អំណាច លោក​នីគីតា គ្រូឆេវ បាន​ចាប់ផ្តើម​បង្ហាញ​ពី​ជំហរ​ចង់​ផ្សះផ្សា​ជាមួយ​ប្លុក​សេរី ដោយ​បាន​ថ្លែង​ជា​សាធារណៈ​ថា សូវៀត​មាន​បំណង​ចង់​ឃើញ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី អាច​រស់នៅ​ជាមួយ​គ្នា ក្នុង​សុខសន្តិភាព។ លើសពីនេះ​ទៅទៀត លោក​នីគីតា គ្រូឆេវ ក៏​បាន​ថ្លែង​រិះគន់​ផងដែរ ចំពោះ​របៀបដឹកនាំ​របស់​លោក​ស្តាលីន ដោយ​ចាត់ទុក​ថា​ជា​ការ​ដឹកនាំ​តាមបែប​ឃោរឃៅ​ផ្តាច់ការ។

មេដឹកនាំ​កុម្មុយនិស្ត​ចិន គឺ​លោក​ម៉ៅ​សេទុង ដែល​តាំងពីដើម​មក​គាំទ្រ​នយោបាយ​ និង​​របៀបដឹកនាំ​​របស់​លោក​ស្តាលីន ជាពិសេស គឺ​ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​ប្លុក​សេរី ក៏​បាន​ចាប់ផ្តើម​មាន​ការ​ខ្នក់ចិត្ត​នឹង​លោក​នីគីតា គ្រូឆេវ ហើយ​ទំនាក់ទំនង រវាង​ចិន និង​សហភាព​សូវៀត ក៏​ចាប់ផ្តើម​មាន​ការ​រកាំរកូសច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ទំនាក់ទំនង​ចិន-សូវៀត​បាន​ធ្លាក់​ចុះ​មួយកម្រិត​ថែម​ទៀត នៅ​ពេល​ដែល​ជម្លោះ​ប្រដាប់អាវុធ រវាង​ចិនកុម្មុយនិស្ត និង​ចិន​តៃវ៉ាន់​ បាន​ចាប់ផ្តើម​ផ្ទុះឡើង​ជាលើកទី២ នៅ​ឆ្នាំ​១៩៥៨។ នៅ​ក្នុងពេល​ដែល​លោក​នីគីតា គ្រូឆេវ កំពុង​ប្រកាន់​យក​នូវ​នយោបាយ​ផ្សះផ្សា​ជាមួយ​សហរដ្ឋ​អាមេរិក លោក​ម៉ៅសេទុង ស្រាប់តែ​បាន​បើក​ការ​វាយប្រហារ​ទៅលើ​កោះតៃវ៉ាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះឡើង​សាជាថ្មី​ម្តងទៀត នូវ​ជម្លោះ​ប្រដាប់អាវុធ​ដោយ​ប្រយោល​ទល់​នឹង​សហរដ្ឋ​អាមេរិក។

នៅ​សម្បកក្រៅ សហភាព​សូវៀត​នៅតែ​បន្ត​ជួយ​ចិន ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ នៅ​ពីក្រោយ​ឆាកវិញ ភាព​តានតឹង​បាន​កើតមាន​ឡើង​ រវាង​លោក​នីគីតា​ គ្រូឆេវ និង​លោក​ម៉ៅសេទុង។ លោក​នីគីតា​ គ្រូឆេវ មាន​ការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង ដែល​លោក​ម៉ៅសេទុង បើក​ការ​វាយប្រហារ​ទៅលើ​កោះតៃវ៉ាន់ ដោយ​មិន​ប្រាប់​លោក​ឲ្យដឹង​ជាមុន ហើយ​បង្ក​ជា​ជម្លោះ​ឡើង​ដោយ​ទាញ​សូវៀត​ឲ្យ​ធ្លាក់​ទៅជាមួយ រហូត​ស្ទើរតែ​នឹង​ត្រូវ​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋអាមេរិក។ នៅ​ពេលនោះ មេដឹកនាំ​សូវៀត​បាន​បញ្ជូន​ប្រមុខការទូត​របស់​ខ្លួន​ឲ្យ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ដោយ​បាន​ទាមទារ​ឲ្យ​កងទ័ព​ចិន​ធ្វើ​សកម្មភាព​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​ចៀសវាងកុំ​ឲ្យ​​ជម្លោះ​ជាមួយ​អាមេរិក​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត។ លោក​ម៉ៅសេទុងវិញ ក៏​មាន​ការ​អាក់អន់​ចិត្ត​យ៉ាងខ្លាំង​ដែរ ចំពោះលោក​នីគីតា​ គ្រូឆេវ ដែល​ព្យាយាម​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ប្រកាន់​នូវ​ជំហរ ដែល​ចិនយល់ថា​មានភាពទន់ជ្រាយ​ចំពោះ​អាមេរិក។

ការខ្វែងគំនិតគ្នា​នៅក្រោយឆាក​ បាន​ក្លាយ​ជា​ជម្លោះ​ដោយ​បើកចំហ នៅ​ឆ្នាំ​១៩៦០ ដោយ​​អតីត​សម្ព័ន្ធ​កុម្មុយនិស្ត​ទាំងពីរ​បាន​ចាប់ផ្តើម​បញ្ចេញ​សំឡេង​រិះគន់​គ្នា​ទៅវិញ​ទៅមក​ជា​សាធារណៈ ហើយ​ភាពតានតឹង​នេះ​បាន​ធ្វើ​ឲ្យ​សហភាព​សូវៀត​ដក​អ្នក​បច្ចេកទេស និង​ជំនាញការ​របស់​ខ្លួន​​ទាំងអស់​ចេញ​ពី​ចិន ដែល​ជាហេតុ​ធ្វើ​ឲ្យ​គម្រោង​សហកិច្ចប្រតិបត្តិការ​សេដ្ឋកិច្ច យោធា និង​បច្ចេកវិទ្យា​​ទ្វេភាគី​ចំនួន​រាប់រយ​ត្រូវ​ជាប់គាំង។

នៅ​ឆ្នាំ​១៩៦២ មាន​ព្រឹត្តិការណ៍​ដ៏សំខាន់​ពីរ ដែល​ជំរុញ​ឲ្យ​ទំនាស់​ រវាង​ចិន និង​សហភាព​សូវៀត បាន​ឈាន​ដល់​ដំណាក់កាល​​ដែល​មិន​អាច​វិលត្រឡប់ថយក្រោយ​វិញ​បាន នោះ​គឺ​វិបត្តិ​មីស៊ីល​គុយបា និង​សង្រ្គាម​ព្រំដែន រវាង​ចិន និង​ឥណ្ឌា។

នៅ​ក្នុង​វិបត្តិ​មីស៊ីល​គុយបា ក្រោយ​ពីដឹង​ថា សូវៀត​សុខចិត្ត​ដក​អាវុធ​នុយក្លេអ៊ែរ​ចេញ​ពី​គុយបា​ទៅតាម​ការ​ទាមទារ​រប់ស​សហរដ្ឋ​អាមេរិក លោក​ម៉ៅសេទុង​បាន​ធ្វើការ​រិះគន់​​​​លោក​នីគីតា គ្រូឆេវ ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ថា មាន​នយោបាយ​​កំសាក​​ចុះញ៉ម​អាមេរិក។ លោក​នីគីតា គ្រូឆេវ បាន​ឆ្លើយតបមកវិញ​ដោយ​កំហឹង ដោយ​រិះគន់​លោក​ម៉ៅសេទុង​ថា ជា​មេដឹកនាំ​ដែល​ចូលចិត្ត​ការ​ប្រឈមមុខ​ដាក់គ្នា ដែល​ជា​នយោបាយ​នឹង​នាំ​ឲ្យ​ផ្ទុះ​ជា​សង្រ្គាម​នុយក្លេអ៊ែរ​នៅថ្ងៃ​ណាមួយ។​ មេដឹកនាំ​សូវៀត​មិន​បញ្ចប់​ត្រឹមតែ​ការ​រិះគន់​ដោយ​ពាក្យ​សម្តី​នេះ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែម​ទាំង​បាន​ចេញមុខ​គាំទ្រ​ឥណ្ឌា នៅ​ក្នុង​សង្រ្គាម​ព្រំដែន​ជាមួយ​ចិន ដែល​ផ្ទុះឡើង នៅ​ខែ​តុលា ឆ្នាំ​១៩៦២។

ទំនាក់ទំនង រវាង​អតីត​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​ទាំងពីរ​ក៏​បាន​ឈាន​ដល់​ទី​បញ្ចប់ ហើយ​ចាប់ពី​ឆ្នាំ​១៩៦៤ នៅ​ក្រោយ​ពេល​ចិន​ផលិតបាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង ម៉ៅសេទុង​ក៏​បាន​កំណត់​នូវ​នយោបាយ​ជា​យុទ្ធសាស្រ្ត​មួយ គឺ​ត្រូវ​តែ​ប្រជែង​ជាមួយ​នឹង​សហភាព​សូវៀត ដើម្បី​ធ្វើ​ជាមេដឹកនាំ​ចលនា​កុម្មុយនិស្ត​អន្តរជាតិ។

នៅទីបំផុត ចិន និង​សហភាព​សូវៀត បាន​ប្រែក្លាយ​ពី​សម្ព័ន្ធមិត្ត ទៅ​ជា​សត្រូវ ហើយ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៦៩ ការប្រឈមមុខ​ដាក់គ្នា រវាង​មហាអំណាច​កុម្មុយនិស្ត​ទាំងពីរ​បាន​កើនឡើង​ដល់​កម្រិត​កំពូល​ នៅ​ក្នុង​ជម្លោះ​ព្រំដែន ដែល​រាលដាល​ខ្លាំង រហូត​​ឈាន​ដល់​មាន​​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ស្ទើរតែ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទុះសង្រ្គាម​នឹងគ្នា។

ការបែកបាក់គ្នា រវាង​ចិន និង​សហភាព​សូវៀត គឺ​ជា​ចំណុចរបត់​ដ៏សំខាន់​មួយ នៃ​សង្រ្គាម​ត្រជាក់ ដោយសារ​តែ​វា​បាន​ប្រែក្លាយ​ពិភពលោក ពីការ​ប្រឈមមុខដាក់គ្នា រវាង​ប៉ូលពីរ គឺ​អាមេរិក និង​សូវៀត ទៅជា​ជម្លោះ​ត្រីកោណ អាមេរិក-សូវៀត-ចិន។ ក្រោយមកទៀត ការ​បែកបាក់គ្នា​នៅ​ផ្ទៃក្នុង​ប្លុក​កុម្មុយនិស្ត​នេះ ក៏​ជា​ដើមហេតុ​ដ៏ចម្បងមួយ​ដែរ ដែល​បាន​ធ្វើ​ឲ្យ​ការប្រឈមមុខដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត​ស្គាល់​នូវ​ភាព​ធូរស្រាល​មួយ​រយៈ។ សម័យកាល​ធូរស្រាល​នៅ​ក្នុង​សង្រ្គាមត្រជាក់ ដែល​គេ​ច្រើន​តែ​ហៅ​តាម​ភាសា​បារាំង​ថា « Détente »៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.