
នយោបាយថៃបានស្គាល់ជំនោរខ្យល់ថ្មី ដោយនៅថ្ងៃព្រហស្បតិ៍ទី ១៥ មីនា ២០១៨ អ្នកជំនួញវ័យក្មេងម្នាក់បានប្រកាសបង្កើតបក្សនយោបាយ ដ៏ថ្មីស្រឡាង ដែលមានឈ្មោះថា « Future Forward » អនាគតទៅមុខ។ ជាបក្ស ដែលប្រមូលផ្តុំយុវជនជំនាន់ថ្មី និង មានគោលការណ៍ផ្សះផ្សាជាតិ ចេញពីភាពវិលវល់ក្នុងវិបត្តិអស់រយៈពេលជិត១៥ឆ្នាំ។ អ្នកជំនាញនយោបាយយល់ថា បក្សថ្មីនេះ អាចដើរតួនាទី ដ៏សំខាន់នៅក្នុងការបោះឆ្នោតសភាថៃ ដែលបានធ្វើនៅខែកុម្ភៈ ២០១៩។
ជីវិតកុមារភាព និង គ្រួសារ
លោក ថាណាថន ចឹងរូងរឿងកិច (Thanathorn Juangroongruangkit) បានកើត និង ធំធាត់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលស្ថិតនៅក្នុងគ្រួសារកូនកាត់ថៃ-ចិន។ ដោយម្តាយរបស់គាត់គឺលោកស្រី Somporn Juangroongruangkit គឺជាប្រធាន និង ជានាយកប្រតិបត្តិបច្ចុប្បន្ននៃក្រុមហ៊ុន Thai Summit Group ដោយលោកស្រីបានធ្វ់ើការកាន់កាប់ក្រុមហ៊ុនពីឪពុករបស់ Thanathorn គឺ លោក Pattana Juangroongruangkit បន្ទាប់ពីគាត់ទទួលមរណភាពក្នុងឆ្នាំ២០០២។
មិនតែប៉ុណ្ណោះ ក្រុមគ្រួសារ ត្រកូលJuangroongruangkit ក៏មានភាគហ៊ុនធំមួយនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថៃ Matichon Publishing Groupថែមទៀតផង។ នៅពេលចាប់ផ្តើមអាជីពនយោបាយលោកថាណាថនបានលាលែងពីក្រុមប្រឹក្សាភិបាលម៉ានិចនិងក្រុមហ៊ុន Thai Summit Group។ ក្រោយមកម្ដាយរបស់ លោក ថាណាថន អ្នកស្រី Somporn ក៏បានលក់ភាគហ៊ុន Matichon របស់លោកស្រីចេញទាំងអស់ផងដែរ។
ដោយលោកមានឈាមជ័រដោយមានឪពុកម្ដាយសុទ្ធតែជាអ្នកជំនួញ ប៉ុន្តែលោកមានឪពុកមារបស់គាត់គឺលោក Suriya Juangroongruangkit គឺជាអ្នកនយោបាយដែលបានបម្រើការជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃចន្លោះឆ្នាំ ២០០២ និង ២០០៥។
ការអប់រំ និង ការសិក្សា
លោក Thanathorn បានចូលរៀននៅសាលា Triam Udom Suksa ក្នុងទីក្រុងបាងកក។ បន្ទាប់មកលោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Thanathorn ទទួលបានបរិញ្ញាបត្រកិត្តិយសផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Thammasat និង សាកលវិទ្យាល័យ Nottingham។ ក្នុងអំឡុងពេលនេះគាត់បានក្លាយជាប្រធានសហភាពនិស្សិតនៃសាកលវិទ្យាល័យ Thammasat ក្នុងឆ្នាំ ១៩៩៩ ហើយក្រោយមកត្រូវបានគេតែងតាំងជាអគ្គលេខាធិការរងនៃសហព័ន្ធនិស្សិតថៃ។
ក្រោយមកគាត់បានចាប់អារម្មណ៍លើបញ្ហាសង្គម និង សេដ្ឋកិច្ ចហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតចំនួន ៣ គឺមួយ ផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យជូឡាឡុងកន មួយនៅក្នុងកម្មវិធីរួមគ្នាផ្នែកហិរញ្ញវត្ថុសកលពីសាលាអេសស្ទឺរនៃសាកលវិទ្យាល័យញូវយ៉ក និង សាកលវិទ្យាល័យហុងកុងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ក៏ដូចជាផ្នែកច្បាប់អាជីវកម្មអន្តរជាតិពីសាកលវិទ្យាល័យសេលឡិនថែមទៀតផង។
ពេញមួយការសិក្សាលោកថាណាថនបានចូលរួមជាមួយអង្គការមនុស្សធម៌ និង អង្គការក្រៅរដ្ឋាភិបាលផ្សេងៗដែលអំពាវនាវឱ្យមានកំណែទម្រង់សេដ្ឋកិច្ច និង សង្គមនៅក្នុងប្រទេសថៃរួមទាំងប្រជាជន និង សភាប្រជាជនក្រីក្រ។ ក្នុងអំឡុងពេលនេះលោក ថាណាថន បានធ្វើយុទ្ធនាការទាមទារដីធ្លី និង សិទ្ធិសំណងរបស់អ្នកភូមិដែលរងផលប៉ះពាល់ដោយទំនប់ប៉ាក់មុនីនៅខេត្តឧប៊ុនរ៉ាតថានីជាដើម។
ក្រុមគ្រួសាររបស់លោកក៏បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពចលនានិស្សិតរបស់លោក ថាណាថននាពេលនោះដែរ។ លោកក៏ត្រូវបានបង្ហាញនៅក្នុងបទសម្ភាសន៍ជាច្រើនដែលលោក ថាណាថន មានទំនាស់ជាមួយពូរបស់គាត់គឺលោក Suriya Juangroongruangkit ចាប់តាំងពីគាត់នៅក្មេងភាគច្រើនដោយសារតែការមិនចុះសម្រុងរបស់ពួកគេទាក់ទងនឹងគម្រោងបំពង់បង្ហូរឧស្ម័នថៃ – ម៉ាឡេស៊ី។ លោកថាណាថនជឿជាក់ថាការស្ថាបនាទំនប់នេះបង្ហាញពីការខ្វះគណនេយ្យភាពរបស់រដ្ឋាភិបាលដែលបានឈានដល់វិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៧។
ការប្រឡូកចូលឆាកនយោបាយ និង ការបង្កើតគណបក្ស
ក្នុងវ័យ៣៩ឆ្នាំ មហាសេដ្ឋីវ័យក្មេង លោក ថាណាថន ចឹងរូងរឿងកិច (Thanathorn Juangroongruangkit) ដែលជាអ្នកស្នងមរតកនៃក្រុមហ៊ុនលក់គ្រឿងបំលាស់រថយន្តដ៏ធំមួយនៅប្រទេសថៃ គ្មានបទពិសោធន៍ក្នុងនយោបាយទេ។ ប៉ុន្តែលោកមានឆន្ទៈចង់សំអិតសំអាងមុខមាត់នយោបាយថៃឡើងវិញ។ ដើម្បីសម្រេចបំណងនេះ លោក បានអំពាវនាវ និង ប្រមែប្រមូលសិល្បករ អ្នកច្បាប់ អ្នកការពារលទ្ធិប្រជាធិបតេយ្យ និង សកម្មជនសិទ្ធិមនុស្សឱ្យមកចូលរួមបង្កើតបក្សជាមួយលោក។
“ខ្ញុំអាចមានសំណាងច្រើននឹងចូលពន្ធនាគារ … ប៉ុន្តែនេះជាគ្រោះហានិភ័យដែលខ្ញុំត្រៀមទទួលជាស្រេចហើយ”។ នេះជាប្រសាសន៍របស់លោក ថាណាថន ចឹងរូងរឿងកិច ក្នុងសន្និសីទកាសែតបង្កើតគណបក្សនាទីក្រុងបាងកក ដោយបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ បរិហារដោយចំៗរដ្ឋាភិបាលដែលបានឡើងកាន់អំណាចដឹកនាំប្រទេសដោយអាវុធ។ ជាពាក្យវាយប្រហារដែលសំដៅលើរបបសឹក ដែលបានធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ ដើម្បីបានក្តាប់អំណាចរហូតមកទល់ថ្ងៃនេះ។ ក្រៅអំពីរិះគន់រដ្ឋប្រហារជាច្រើនលើកច្រើនសា លោកថាណាថន ក៏បានលើកឡើងដែរអំពីវិសមភាពសង្គម និង កង្វះឯករាជ្យផ្នែកប្រព័ន្ធតុលាការ។
សម្រាប់ប្រជាពលរដ្ឋថៃជាច្រើន ដែលធុញទ្រាន់នឹងមុនមេដឹកនាំយោធាចាស់ៗ និង មេក្លោងនយោបាយដដែលៗ ការបង្កើតបក្ស Future Forward “អនាគតទៅមុខ” របស់លោកថាណាថន ប្រៀបដូចជាបានផ្តល់កម្លាំង និង ពន្លកនៃក្តីសង្ឃឹមថ្មី។ អ្នកជំនាញនយោបាយមួយចំនួន គិតថាបក្សនេះ មានគ្រប់លក្ខណៈសម្រាប់ទាក់ទាញម្ចាស់ឆ្នោតក្មេងៗ និង ជាតំណាងបក្សនយោបាយដ៏សក្តិសមនៅក្នុងការបោះឆ្នោតសភា ដែល រៀបចំធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៩។ បក្សនេះខុសប្លែកពីបក្សថ្មីៗជាច្រើនផ្សេងទៀត ដែលភាគច្រើន រណបមេដឹកនាំយោធា។ អ្នកវិភាគខ្លះទៀត សំលឹងឃើញថាលោកថាណាថន ជាលោកថាក់ស៊ីនថ្មី ព្រោះគ្រាន់តែចូលប្រលូកនយោបាយភ្លាម លោកក៏បានទទួលប្រជាប្រិយភាពខ្ពស់នៅតាមតំបន់ជនបទ តាមរយៈកម្មវិធីនយោបាយជួយសង្គម។
ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ តាមរយៈការបង្ហោះវីដេអូនិយាយពីវ៉ាក់សាំង
មហាសេដ្ឋីថៃ និង ជាឥស្សរជនប្រឆាំងដ៏លេចធ្លោម្នាក់ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រថៃ បន្ទាប់ពីលោកបានចោទសួរពីការពឹងផ្អែករបស់រដ្ឋាភិបាលលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសាររាជវង្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានបារាំង AFP នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
លោក Thanathorn Juangroongruangkit ជាស្ថាបនិកនៃគណបក្សអនាគតឆ្ពោះទៅមុខដែលត្រូវបានតុលារំលាយដោយត្រូវតុលាការចោទប្រកាន់ថាគណបក្សនេះ បានខ្ចីប្រាក់ខុសច្បាប់ជាង ៦លានដុល្លារ ពី Thanathorn ដែលជាមេដឹកនាំបក្សផ្ទាល់ផងដែរ។ លោកបានបង្ហោះវីដេអូនៅលើហ្វេសប៊ុកកាលពីខែមករា ២០២១កន្លងទៅ ដោយលោកបានចោទជាសំនួរជុំវិញថា តើរដ្ឋាភិបាលថៃបានពឹងផ្អែកខ្លាំងកម្រិតណាទៅលើក្រុមហ៊ុនថៃ សៃយ៉ាម បាយអូសាយអិន (Siam Bioscience) ដែលជាកម្មសិទ្ធិរបស់ស្តេច សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននោះ?
តុលាការព្រហ្មទណ្ឌទីក្រុងបាងកកនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់លោក Thanathorn ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រលើវីដេអូនោះ ប៉ុន្តែលោកបានបដិសេធ។
នៅក្រៅតុលាមហាសេដ្ឋីវ័យក្មេងរូបនេះ បានលើកឡើងថា«អ្វីទាំងនោះវាមានលទ្ធផលវិជ្ជមានទៅវិញទេ សម្រាប់លើកទឹកចិត្តរដ្ឋាភិបាលឲ្យវាយតម្លៃគោលនយោបាយវ៉ាក់សាំងឡើងវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ឲ្យបានល្អ។ វាគ្មានអ្វីត្រូវព្រួយបារម្ភទេ»។
គួរបញ្ជាក់ថា អ្នកដែលត្រូវបានផ្តន្ទាទោសតាមច្បាប់បរិហារកេរ្តិ៍យ៉ាងតឹងរឹងរបស់ប្រទេសថៃ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទចោទប្រកាន់មួយ៕