ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

ជា

ប្រទេស​ខ្មែរ​ មាន​ភាព​រីក​ចម្រើន​រុង​រឿង​នៅ​សម័យ​មហា​នគ​រ ដែល​ខ្មែរ​តែង​ហៅ​ថា​ ចក្រ​ភព​អង្គរ​។ ប្រទេស​ខ្មែរ​ធ្លាប់​​ជា​​មហា​​អំណាច​នយោបាយ​ សេដ្ឋកិច្ច​ និង​យោធា​។ កាល​នោះ​ ខ្មែរ​មាន​រឹទ្ធា​នុភាព​​ខ្លាំង​​ក្លា​​ ហើយ​ប្រទេស​ជិត​ខាង​រណប​ប្រទេស​ខ្មែរ​ មិន​ហ៊ាន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ឡើយ​។ លុះ​ក្រោយ​សម័យ​អង្គរ​មក​ កម្ពុជា​ចេះ​តែ​រួញ​តូច​ទៅៗ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​សល់​ទឹក​ដី​តែ​១៨១ ០៣៥គីឡូ​មែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ​។

ទំនាស់​នៅ​តាម​តំបន់​ព្រំ​ដែន​ ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មើល​មុខ​មិន​ត្រង់​ជាមួយ​ប្រជាជន​ជិត​ខាង​ ហើយ​បញ្ហា​នេះ​បាន​ក្លាយ​ជា​សង្គ្រាម​ប៉ា​កា​រវាង​ជាតិ​សាសន៍​ខ្មែរ​ និង​អ្នក​ជិត​ខាង​ នឹង​បង្ក​បញ្ហា​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ រហូត​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហឹង្សា​​ជា​ញឹក​ញយ​ ទាំង​កង​ទ័ព​ និង​ប្រជាជន​។

ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ខ្លាំង​ ទៅ​លើ​ប្រទេស​ខ្សោយ​គឺ​ជា​រឿង​​ធម្មតា​របស់​ប្រទេស​ដែល​មា​ន​មាឌ​ធំ​ ជា​រឿង​ធម្មតា​ពី​ព្រោះ​ថា​ សារ​ជាតិ​អ្នក​ខ្លាំង​តែង​តែ​យក​ប្រៀប​ទៅ លើ​អ្នក​ខ្សោយ​។ បើ​ផ្អែក​លើ​ប្រវត្តិ​សាស្រ្ត​ ប្រទេស​ខ្លាំង​ដូច​ជា​ អាឡឺម៉ង់​ និង​ជប៉ុន​បាន​បង្កើត​សង្រ្គាម​លោក​លើក​ទី២​ ហើយអាឡឺ​ម៉ង់​បាន​វាយ​យក​ប្រទេស​នៅ​អឺរ៉ុ​ប​ ឯ​ជប៉ុន​បាន​វាយ​យក​ប្រទេស​នៅ​អាស៊ី​ដើម្បី​ដាក់​ជា​អាណា​និគម​របស់​ខ្លួន​។

ដោយ​ឡែក​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ ខ្មែរ​ធ្លាប់​ក្លាយ​ជា​មហា​អំណាច​មុន​គេ​នៅ​អាស៊ី​ ទាំង​មហា​អំណាច​សេដ្ឋកិច្ច​ នយោបាយ​ និង​យោធា​នៅ​ស.វ​ ទី៩​ដល់​ស.វទី​១៣​។ ក្នុង​កាលៈទេសៈ​ដែល​ខ្មែរ​ខ្លាំង​ ខ្មែរ​មិន​នៅ​ស្ងៀម​ទេ​ ខ្មែរ​បាន​វាយ​ប្រទេស​ជិត​ខាង​ដើម្បី​ពង្រីក​ទឹក​ដី។ កាល​​នោះ​ ទឹក​ដី​ខ្មែរ​មាន​វិសាល​ភាព​ធំ​ធេង​ណាស់​ ខាង​កើត​ទល់​ សមុទ្រ​ ខាង​លិច​ក្តោប​ប្រទេស​ថៃ​ទាំង​អស់​ ខាង​ជើង​ទល់​ប្រទេស​ចិន​ និង​ខាង​ត្បូង​ក្តោប​ប្រទេស​វៀណាម​បច្ចុប្បន្ន​ និង​ទល់​ឈូង​សមុទ្រ​ខ្មែរ​។

នៅ​ពេល​ដែល​ខ្មែរ​កាន់​តែ​ខ្លាំង​ គ្មាន​សត្រូវ​ណា​ហ៊ាន​ត​ទល់​ប៉ុន្មាន​ទេ​ តែ​ក្រោយ​សម័យ​មហានគរ​ រាប់​ចាប់​តាំង​ពី​ព្រះ​បាទ​​​ពញ្ញា​យ៉ាត​ចាក​ចេញ​ពី​ក្រុង​អង្គរ​ ប្រទេស​ខ្មែរ​ត្រូវ​បាត់​បង់​រិទ្ធានុភាព​ជា​បណ្តើរៗ​។ ពេល​នោះ​ហើយ​​ ​រាជ​វង្ស​ខ្មែរ​ត្រូវ​បែក​បាក់​ ប្រទេស​ជិត​ខាង​ចាប់​រើ​បម្រាស់ និង​ឈ្លាន​ពាន​ខ្មែរ​តាម​រូប​មន្ត​ ទឹ​ក​ឡើង​ត្រី​ស៊ី​ស្រមោ​ច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​។

ប្រទេស​ចេះ​តែ​ខ្សោយ​ទៅៗ​ សត្រូវ​ជុំទិស​ ជា​ពិសេស​ប្រទេស​ជិត​ខាង​មាន​សៀម​ និង​យួន​ចាប់​ផ្តើម​ហែក​ខ្មែរ​ជា​ពីរ​ចំណែក​ ចង់​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​នៅ​សម័យ​ព្រះ​បាទ​អង្គ​ដួង​ តែ​នំ​ខ្មែរ​ស្អិត​លេប​មិន​ដាច់​ទាល់​តែ​សោះ​។ សង្រ្គាម​ដណ្តើម​ទឹក​ដី​បាន​កើត​ឡើង​ជា​ហូរ​ហែរ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​សល់​ទឹក​ដី​តែ​១៨១ ០៣៥​ គីឡូ​មែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ​។

ប្រទេស​ដ៏​កំសត់​មួយ​នេះ​ នៅ​តែ​មិន​ទាន់រំ​​ដោះ​​ខ្លួន​រួច​ពី​ក្រញ៉ាំ​ចចក​ទាំង​ពីរ​គឺ​ថៃ​ និង​វៀតណាម​។ ជម្លោះ​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង​ ចេះ​តែ​ឡើង​កម្តៅ​ខ្លាំង​ទៅៗ​។ ជម្លោះ​ជា​មួយ​ថៃ​ ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​អស់​ចំនួន​១២​ខេត្ត​ ជម្លោះ​ជាមួយ​វៀតណាម​ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អស់​ចំនួន​២១​ខេត្ត​ ប៉ុន្តែ​ទឹ​កដី​ខ្មែរ​នៅ​បន្ត​បាត់បង់​ត​ទៅ​ទៀត​ បើ​អ្នក​នយោបាយ​ខ្មែរ​ នៅ​មិន​ភ្ញាក់​រលឹក​រួម​គ្នា​ជួយ​ការពារ​មាតុភូមិ​ដ៏​កម្សត់​មួយ​នេះ​។

ប្រវត្តិសាស្រ្ត​នៅ​តែ​តាម​លង​ជនជាតិ​ខ្មែរ​ ឲ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​។ ជម្លោះ​ទឹក​ដី​ជាមួយ​ថៃ​ រដ្ឋាភិបាល​កម្ពុជា​ហាក់​ដុត​ដៃ​ដុត​ជើង​ ទើប​ធ្វើ​ឲ្យ​ប្រជាជន​មិន​សូវ​ជា​ព្រួយបារម្ភ​ ហើយ​ជន​ជាតិ​ខ្មែរ​មិន​សូវ​ស្អប់​ខ្ពើម​ជនជាតិ​ថៃ​ប៉ុន្មាន​ទេ​ ម៉្យាង​ម​ក​ពី​ខ្មែរ​សុរិន្ទ​ដែល​រស់​លើ​ទឹក​ដី​ថៃ​បច្ចុប្បន្ន​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​យក​ចិត្ត​ទុក​ដាក់​។ ពួកគេ​មាន​ជីវភាព​ធូរធារ​ មាន​សិទ្ធិ​សេរីភាព​ ហើយ​ពួក​គេ​បាន​ក្លាយ​ជា​សេដ្ឋី​ស្រុក​ស្រែ​រស់​នៅ​យ៉ាង​សុខ​សាន្ត​។

ចំណែក​ជម្លោះ​ជាមួយ​វៀតណាម​វិញ​ ប្រជាជន​កម្ពុជា​មាន​ការបារម្ភ​ បារម្ភ​ពីព្រោះ​ថា​ រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ក្រោយ​របប​ខ្មែរ​ក្រហម​ ហាក់​មិន​បាន​ការពារ​ព្រំដែន​ខាង​កើត​ដូច​ព្រំដែន​ខាង​លិច​នោះ​ទេ​។ ម្យ៉ាង​ទៀត​ជន​អន្តោប្រវេសន៍​​ វៀតណាម​ ចេះ​តែ​ហូរ​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ស្ទើរ​រាល់​ថ្ងៃ​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​តាម​ជំរឿន​ថ្មីៗ​ របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ធ្វើ​ទើប​បាន​៧០​ភាគរយ​ បាន​រក​ឃើញ​ថា​ ជន​អន្តោ​ប្រវេស៍​វៀតណាម​មាន​ចំនួន​១៦​ម៉ឺន​នាក់​ហើយ​។

ស្រមោល​ប្រវត្តសាស្រ្ត​និង​គំនិត​មហិច្ឆតា​របស់​វៀតណាម​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ជិត​ខាង​ទាំង​ពីរ​មើល​មុខ​​​​​គ្នា​មិន​ចំ​ មិន​ចំ​ ពីព្រោះ​ថា​ ប្រជាជន​នៅ​ប្រទេស​ទាំង​ពីរ​មាន​គំនិត​ផ្ទុយ​គ្នា​។​ បញ្ហា​នៅ​តាម​តំបន់​ព្រំ​ដែន​ ត្រូវ​បាន​គណបក្ស​ប្រឆំាង​​របស់​​កម្ពុជា​​ បាន​យក​មក​ធ្វើ​ការ​ឃោសនា​នយោបាយ​ ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​។ ហើយ​ពាក្យ​ថា «យួន»​ ត្រូវ​បាន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​មួយចំនួន​និយាយ​ពេញៗ​មាត់​​ ដែល​ហៅ​សំដៅ​លើ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

បញ្ហា​ទំនាស់​ទឹក​ដី​ បាន​ធ្វើ​ឲ្យប្រជាជ​ន​ខ្មែរ​ស្អប់​ជនជាតិ​វៀតណាម​ ហើយ​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ មិន​ចម្លែក​ពីព្រោះ​ថា វៀតណាម​តែង​តែ​ឈ្លាន​ពាន​កម្ពុជា​ទាំង​ដែន​ទឹក​ និង​ដែន​គោក​ ហើយ​មក​ដល់​ពេល​នេះ​ វៀតណាម​នៅ​តែ​ទន្រ្ទាន​យក​ដី​ខ្មែរ​ដដែល​។

លើស​ពី​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​ពីរ​ស្អ​ប់​គ្នា​ គឺ​បញ្ហា​ភាសា​ វប្បធម៌ ទំនៀមទម្លាប់ និង​កា​រ​រស់​នៅ​របស់​ជន​ជាតិ​វៀតណាម​ ផ្ទុយ​គ្នា​ស្រឡះ​ពី​ជន​ជាតិ​ខ្មែរ ​ហើយ​បញ្ហា​នេះ​ ធ្វើ​ឲ្យ​ប្រជាជន​ទាំង​ពីរ​ឃ្លាត​ពី​គ្នា​កាន់​តែ​ឆ្ងាយ​។ មួយ​វិញ​ទៀត​ ទម្លាប់​ប្រើ​ហឹង្សា​រវាង​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​វៀត​ណាម​គឺ​តែង​តែ​កើត​មាន​ឥត​ដាច់​ តាំង​ពី​ប្រវត្តិសាស្រ្ត​រហូត​មក​។

កាល​នោះ​ វៀតណាម​បាន​យក​ខ្មែរ​ទៅ​ដាំ​តែ​អុង​ (យក​ក្បាល​ខ្មែរ​ធ្វើ​មុំ​ចង្ក្រាន​ ដើម្បី​ដាំ​តែ​ផឹក​) ដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​រូប​មាន​ការ​ឈឺ​ចាប់​ ហើយ​គុំ​គួន​ជន​ជាតិ​មួយ​នេះ​រហូត​មក​។ ភាព​ប្រតិកិរិយា​ របស់​ប្រជាជន​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​មាន​​សង្គ្រាម​ប៉ា​កា​របស់​អ្នក​ជាតិ​និយ​ម និង​ការ​ទាញ​យក​ប្រជា​ប្រិយភាព​លើ​បញ្ហា​ព្រំដែន​ពី​​​អ្នក​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​។

បញ្ហា​ការ​ប្រកាប់​ពូជ​សាសន៍​ ការ​គុំ​គួន​ និង​វប្បធម៌​ហឹង្សា នៅ​តែ​ជាប់​ដិត​ដាម​ក្នុង​ផ្នត់​គំនិត​របស់​ប្រពលរដ្ឋ​ទាំង​ពីរ​ ហើយ​វា​នឹង​អាច​ប៉ះពាល់​បាវចនា​របស់​អាស៊ាន​គឺ​ទស្សន​វិស័យ​តែ​មួយ​ អត្ត​សញ្ញាណ​តែ​មួយ​ សហគមន៍​តែ​មួយ​។

ទំនាស់​ព្រំ​ដែន​នេះ​​ អាច​ដោះ​ស្រាយ​បាន​ លុះ​ត្រា​តែ​អ្ន​ក​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​ អនុវត្តន៍​ច្បាប់​អន្តរជាតិ​ និង​គោរព​ដែន​អធិបតេយ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ​។ មួយ​វិញ​ទៀត​ ត្រូវ​​ខិត​ខំ​​ពន្យល់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​មាន​គំនិត​ជាតិ​និយម​ជ្រុល​ និង​​ការ​​អប់​រំ​​ប្រវត្តិសាស្រ្ត​​ពិត​​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ​​ធ្វើ​ឲ្យ​មាន​​សង្គ្រាម​ជាតិ​សាសន៍​ទៅ​ថ្ងៃ​ក្រោយ​៕

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

តើប្រាក់រៀលមានសារសំខាន់អ្វីខ្លះដែលប្រជាជនគួរតែយល់ដឹង សម្រាប់សេដ្ឋកិច្ចកម្ពុជា?

Leave a Reply

Your email address will not be published. Required fields are marked *