ប្រវត្តិបុគ្គលល្បីៗ

ខ្សែរជីវិតរបស់អ្នកកីឡាកាស និង ជាកំពូលតារាហូលីវូដ «The Rock»

តារាសម្តែង ផលិតករ និងអ្នកកីឡាកាសអាជីពអាមេរិកលោក Dwayne Johnson ឬ “The Rock” ត្រូវបានមនុស្សស្ទើរទូទាំងពិភណលោកស្គាល់តាមរយៈកម្មវិធីប្រកួតកីឡាកាស។ ថ្មីៗនេះ លោកត្រូវបានគេដឹងថា ជាតារាសម្តែងដែលមានប្រាក់ចំណូលខ្ពស់បំផុតមួយរូបនៅលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។

តាមការប៉ាន់ប្រមាណរបស់ទស្សនាវដ្ដីដដែល គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Dwayne Johnson មានចំនួន ៣២០ លានដុល្លារ។ តើអតីតកីឡាករបោកចំបាប់រូបនេះមានខ្សែជីវិតដំបូងបែបណា មុនត្រូវបានទទួលស្គាល់ជាអន្តរជាតិដូចសព្វថ្ងៃ?

លោក Dwayne Johnson កើតថ្ងៃទី ២ ខែឧសភាឆ្នាំ ១៩៧២ នៅក្រុង Hayward រដ្ឋកាលីហ្វ័រញ៉ា។ គ្រួសាររបស់លោក ជាខ្សែស្រឡាយអ្នកកីឡាកាស ដែលមានឪពុកនិងជីតាសុទ្ធតែជាអតីតអ្នកកីឡាកាសអាជីព ហើយសូម្បីតែជីដូនក៏ជាអ្នកផ្សព្វផ្សាយកីឡាកាសដែរ។

លោក Dwayne Johnson ធ្លាប់រស់នៅប្រទេសនូវែលហ្សេឡង់ជាមួយគ្រួសារខាងម្តាយក្នុងរយៈពេលខ្លីកាលពីនៅក្មេង។ ប៉ុន្តែលោកបានត្រឡប់មកសហរដ្ឋអាមេរិកវិញ ពេលរៀនថ្នាក់ទី ១០ នៅវិទ្យាល័យមួយ ក្នុងរដ្ឋហាវ៉ៃ។

នៅឆ្នាំបន្ទាប់ តារាសាច់ដុំរូបនេះ បានទទួលអាហារូបករណ៍បាល់ទាត់ពីសាកលវិទ្យាល័យ Miami និងក្លាយជាកីឡាជម្រើសក្រុមជើងឯកជាតិនៅឯទីក្រុងដដែលនេះ ប៉ុន្តែលោកមិនអាចទៅលេងបានដោយសារតែមានបញ្ហារបួស។ បន្ទាប់ពីបញ្ចប់ការសិក្សា Dwayne បានផ្លាស់ទៅប្រទេសកាណាដាដើម្បីចូលរួមជាមួយក្រុមកីឡាបាល់ទាត់ Calgary Stampeders នៅក្នុងក្របខណ្ឌ CFL។

ជីវិតក្នុងអាជីពការងារ

ក្នុងឆ្នាំ ១៩៩៦ តារាប្រុសបញ្ចូលសំឡេងរឿង Moana រូបនេះ បានព្យាយាមបោកចំបាប់ជាច្រើននៅក្នុងកម្មវិធី WWF (World Wrestling Federation) ដែលក្នុងនោះលោកឈ្នះការប្រកួតតែម្ដងគត់ និងចាញ់ពីរដង ប៉ុន្តែនៅចុងឆ្នាំដដែល Dwayne បានចុះកិច្ចសន្យាជាមួយអង្គការ WWF។

Dwayne Johnson បង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធីប្រកួតកីឡាកាស WWE ក្នុងឆ្នាំ ១៩៩៦ និងបានឈ្នះការប្រកួតជាបន្តបន្ទាប់ រហូតឆ្នាំ ២០០២ លោកត្រូវបានគេដាក់ឈ្មោះថា “មនុស្សជើងឯក’” (The People’s Champion)។

ដោយឡែក ខ្សែភាពយន្តធំៗរបស់ Dwayne Johnson ដែលបានសម្តែងរយៈពេលច្រើនឆ្នាំមកនេះរួមមាន៖ Central Intelligence (២០១៦), Baywatch (២០១៧), San Andreas (២០១៥), Moana (២០១៦-ជាអ្នកបញ្ចូលសំឡេង), Hercules (២០១៤), Furious 7 (២០១៥), Pain & Gain (២០១៣), The Scorpion King (២០០២), Snitch (២០១៣), Skyscraper (២០១៨) និង Jumanji (២០១៧) ។

ការចំណាយលុយរបស់ The Rock

Dwayne Johnson ជាកំពូលតារាដែលរកចំណូលបានច្រើនបំផុតមួយរូបនៅពិភពហូលីវូដ។ តាមរយៈការសម្តែង ការផលិតកម្មវិធីទូរទស្សន៍ និងកិច្ចសន្យាផ្សាយនានា លោកកើបលុយមិនតិចទេក្នុងមួយឆ្នាំៗ។

នៅឆ្នាំ ២០០៦ លោកបានបង្កើតមូលនិធិ Dwayne Johnson Rock Foundation ជាមូលនិធិសប្បុរសធម៌ដែលធ្វើការជាមួយកុមារពិការភាពដើម្បីលើកស្ទួយសមត្ថភាព និងជួយផ្តត់ផ្គង់ដល់ការរស់នៅរបស់ពួកគេ។

ចំពោះចំណាយផ្សេងទៀត តួឯករឿង Furious រូបនេះ មានការចំណាយប្លែកពីគេមួយនោះគឺ លោករមែងចាយលុយជាច្រើនទៅលើម្ហូបអាហារប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃលោកញ៉ាំអាហារប្រហែល ១០ ផោន ( ជាង ៤,៥ គីឡូក្រាម) ឯណោះ។

ក្រោពីនោះ តារាហូលីវូដរូបនេះចូលចិត្តជះលុយទិញឡានធុនធំៗដូចជា Ford F-150 ហើយកែច្នៃវាជារបៀបផ្ទាល់ខ្លួន និងបានចាយប្រាក់មួយចំណែកលើការចាក់សាក់ផងដែរ។

“ភាពជោគជ័យមិនសុទ្ធតែជាភាពអស្ចារ្យនោះទេ ប៉ុន្តែវានិយាយអំពីការខំប្រឹងប្រែង។ កាលណាមានការខិតខំប្រឹងប្រែង នោះនឹងទទួលបានជោគជ័យ ហើយភាពអស្ចារ្យនឹងមកជាក្រោយ”៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.