
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ដែលជាថ្ងៃនៃការប្រគល់ដែនដីហុងកុង ក្រោមអាណានិគមអង់គ្លេស មកឱ្យចិនវិញ។ ប៉ុន្តែនៅឆ្នាំ២០២០ ដែលជាលើកទីមួយប្រជាពលរដ្ឋហុងកុងគ្មានសិទ្ធិប្រមូលផ្តុំគ្នាធ្វើបាតុកម្មរំលឹកខួបផ្ទេរហុងកុងមកឱ្យចិនទេ។ ដោយក្រោយតែត្រឹមពីរបីម៉ោងក្រោយការអនុម័តជាផ្លូវការច្បាប់សន្តិសុខហុងកុងថ្មីមក អាជ្ញាធរហុងកុង បានពង្រាយកម្លាំងការពារសន្តិសុខក្រុងយ៉ាងសន្ធឹកសន្ធាប់។ ច្បាប់ចូលជាធរមានភ្លាម ការចាប់ខ្លួនបានកើនឡើងភ្លាម។
មិនដល់២៤ម៉ោងផង មានសកម្មជនប្រជាធិបតេយ្យហុងកុងយ៉ាងហោចណាស់១៨០នាក់ត្រូវបានចាប់ខ្លួន ពីបទរំលោភច្បាប់សន្តិសុខជាតិ។ ដែលនេះហេតុការណ៍នេះគឺជាបរិបទនៃទីក្រុងថ្មីដែលប្រជាជនហុង កុង មិនដែលបានជួបនៅពេលទីក្រុងស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស។
ថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២០ ជាថ្ងៃទីមួយនៃហុងកុងថ្មី ដែលជាដែនដី ហុងកុងលែងជាដែនដីក្រោមអាណានិគមអង់គ្លេស ដែលប្រគល់មកឱ្យចិនវិញនៅថ្ងៃ ទី១កក្កដា១៩៩៧រួចហើយនោះ។ ហុងកុងលែងជាក្រុងហិរញ្ញវត្ថុពិភពលោកដែលមានសិទ្ធិពិសេស ស្របតាមគោលការណ៍ ប្រទេសមួយប្រព័ន្ធពីរ ដែលអនុញ្ញាតឱ្យពលរដ្ឋហុងកុងមានសិទ្ធិសេរីភាពស៊ីវិល និង ច្បាប់ដោយឯករាជ្យខុសពីចិនដីគោកទៀតហើយ។ ហុងកុងចាប់ថ្ងៃទី ១កក្កដា២០២០មកនោះ ត្រូវត្រលប់មកជារបស់ចិន ក្នុងទម្រង់ថ្មី។ ហុងកុងរស់ក្រោមរបបថ្មី តាមគោលការណ៍នៃច្បាប់សន្តិសុខជាតិថ្មី។
ករណីចាប់ខ្លួនស្របតាមច្បាប់សន្តិសុខថ្មី
លោកស្រី ការី ឡាំ ប្រមុខដឹកនាំរដ្ឋាភិបាលហុងកុង បានចាត់ទុកច្បាប់សន្តិសុខថ្មីជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ជាការបោះជំហានជាប្រវត្តិសាស្ត្រសម្រាប់ហុងកុងគិតចាប់តាំងពីបានប្រគល់មកឱ្យចិនវិញឆ្នាំ១៩៩៧។ អាជ្ញាធរប៉េកាំង ក៏ដូចជាហុងកុង សុទ្ធតែបានអះអាងដដែលថា ច្បាប់ថ្មី មិនប៉ះពាល់ដល់សិទ្ធិសេរីភាពនិងផលប្រយោជន៍របស់អ្នកវិនិយោគទេ ព្រោះច្បាប់នេះដាក់សំដៅតែក្រុមអ្នកបង្កហេតុបះបោរតែប៉ុណ្ណោះ។

ប៉ុន្តែថ្ងៃទី១ ខែកក្កដា កាលពីឆ្នាំ២០២០នោះ វាជាលើកទីមួយ អាជ្ញាធរហុងកុងបានចេញបម្រាមមិនឱ្យមានការប្រមូលផ្តុំដើរដង្ហែក្បួន ប្រារព្វខួបបញ្ចប់អាណានិគមអង់គ្លេស ប្រគល់ហុងកុងមកឱ្យចិនវិញទេ។ ហេតុការណ៍ជាផ្លូវការ គឺហាមមិនឱ្យមានការជួបជុំលើសពី៥០នាក់ ដើម្បីទប់ស្កាត់ការរាតត្បាតរបស់កូវីដដ១៩។ តាំងពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០មក អាជ្ញាធរហុងកុងបានពង្រាយកម្លាំងប៉ូលិសប្រមាណជិត៤ពាន់នាក់ ចាំការពារមិនឱ្យមានបាតុកម្ម។
ក្រៅអំពីបំបែកហ្វូងបាតុករដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និង បាញ់ទឹក ការចាប់ខ្លួនបាតុករក៏បានកើតឡើងភ្លាមដែរ។ ដំបូងឡើយជាសកម្មជនម្នាក់ដែលមានកាន់ទង់ជាតិ ទាមទារឯករាជ្យហុងកុង។ ជាសរុប ក្នុងថ្ងៃដំបូងដែលហុងកុងប្រែមុខមាត់មានច្បាប់សន្តិសុខជាតិថ្មី មានពលរដ្ឋហុងកុងជាង១៨០នាក់ត្រូវចាប់ខ្លួន ក្នុងនោះ៧នាក់ពីបទរំលោភច្បាប់សន្តិសុខថ្មី ប្រមូលផ្តុំគ្នាដោយខុសច្បាប់ មិនស្តាប់បញ្ជាភ្នាក់ងារសន្តិសុខ និង មានកាន់អាវុធ។
ប្រទេសមួយ ប្រព័ន្ធតុលាការមួយ
ក្រោយការអនុម័តរបស់សភាចិន នៅថ្ងៃអង្គារទី ៣០មិថុនា ២០២០ ប្រធានាធិបតីស៊ីជីនពីង ក៏បានចុះហត្ថលេខាផ្តល់សុពលភាពច្បាប់ភ្លាម។
ច្បាប់សន្តិសុខជាតិហុងកុងថ្មី សំដៅដាក់ទោសលើបទឧក្រិដ្ឋបួនយ៉ាង ៖ សកម្មភាពវិទ្ធង្សនា អបគមន៍ ភេរវកម្ម និងឃុបឃិតជាមួយកម្លាំងបរទេស ដែលនាំឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ទាក់ទងនឹងបទឧក្រិដ្ឋចុងក្រោយនេះ ប៉េកាំងចែកទោសជាបីផ្នែកទៀត ៖ ជាសំណុំរឿងស្មុគស្មាញនៃការជ្រៀតជ្រែករបស់បរទេស ជាសំណុំរឿងដ៏ធ្ងន់ធ្ងរ និង ជាសំណុំរឿង ដែលគំរាមកំហែងធ្ងន់ធ្ងរ និង ជាក់ស្តែង ដល់សន្តិសុខជាតិផ្ទាល់។ ការទៅស្នើសុំឱ្យបរទេសដាក់ទណ្ឌកម្មហុងកុង ឬ ចិន ពីសំណាក់សកម្មជនប្រជាធិបតេយ្យហុងកុង នឹងត្រូវរាប់ចូលថាការប្រព្រឹត្តបទឧក្រិដ្ឋឃុបឃិតជាមួយបរទេសហើយ។
ជនដែលឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិ ធ្ងន់ធ្ងរ អាចនឹងត្រូវជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិត ឬយ៉ាងតិចបំផុត ១០ឆ្នាំ។ ជាងនេះទៅទៀត មាត្រា៤៦ បានអនុញ្ញាតឱ្យ តុលាការអាចសម្រេចកាត់ក្តីដោយបិទទ្វារ ចំពោះសំណុំរឿងណា ដែលអាចប៉ះពាល់ដល់ការណ៍សម្ងាត់រដ្ឋ។
បើតាមមាត្រា៥៥នៃច្បាប់ដែលមានទាំងអស់៦៦មាត្រា បទឧក្រិដ្ឋនៅហុងកុង អាចផ្ទេរទៅឱ្យតុលាការចិនដីគោក ក្នុងការទទួលបន្ទុកកាត់ក្តីចំពោះករណីធ្ងន់ធ្ងរខ្លាំង ទៅតាមបែបបទច្បាប់ចិន។ ភ្នាក់ងារដើម្បីសន្តិសុខជាតិនឹងត្រូវបង្កើតឡើងនៅហុងកុង និងត្រូវស្ថិតនៅក្រោមបង្គាប់បញ្ជាផ្ទាល់របស់ប្រមុខរដ្ឋាភិបាលហុងកុង ពោលគឺលោកស្រី ការី ឡាំ ដែលមានទីប្រឹក្សាតែងតាំងដោយប៉េកាំងចាំជួយទៀត។
ច្បាប់សន្តិសុខមាត្រា៥៤នឹងពង្រឹងការត្រួតពិនិត្យអង្គការក្រៅរដ្ឋាភិបាល និង អ្នកកាសែតបរទេស ដែលស្នាក់នៅក្នុងទឹកដីហុងកុង។ នេះជាប្រភពនៃការព្រួយបារម្ភសម្រាប់ប្រព័ន្ធឃោសនាព័ត៌មាន បើទោះបីមាត្រា៤នៃច្បាប់ បានធានារក្សាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការផ្សព្វផ្សាយ និង ធ្វើបាតុកម្មក៏ដោយ។ ជាចុងក្រោយ ច្បាប់គ្រោងនឹងបង្កើតឱ្យមានប៉ូលិសសម្ងាត់ ដែលអាចបញ្ចេញសកម្មភាពដោយសេរីក្រោមផ្លាកការពារសន្តិសុខជាតិ។
ចិនរិះគន់ប្រតិកម្មបរទេស
ប្រតិកម្មថ្កោលទោស មានធ្លាក់មកពី គ្រប់ទិសទី តាំងពីថ្ងៃ៣០ មិថុនា ២០២០ នៅពេលសភាចិនបានអនុម័តច្បាប់ភ្លាមៗ និងបន្តធ្លាក់មកជាលំដាប់ទៀតនៅថ្ងៃទី១ កក្កដា។ ២៧ ប្រទេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានជាអាទិ៍បារាំង អង់គ្លេស អាល្លឺម៉ង់ និង ជប៉ុន បាននាំគ្នាថ្កោលទោសច្បាប់សន្តិសុខថ្មី។ សហរដ្ឋអាមេរិកគំរាមថាមិនឈរអោបដៃស្ងៀមទេ។ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យចិនបញ្ចៀសគ្រប់សកម្មភាពដែលបំផ្លាញស្វយ័តភាពហុងកុង
ប៉ុន្តែចិនក៏បានបញ្ចេញប្រតិកម្មរិះគន់ការថ្កោលទោសរបស់សហគមន៍អន្តរជាតិ ដោយចោទសួរថា ហេតុអ្វី អ្នកមានសិទ្ធិអ្វីបានជានាំគ្នាសំលុតគំរាមដាក់ចិន ? ចិនមិនបានបង្កហេតុអ្វីសោះ។ ច្បាប់សន្តិសុខហុងកុងថ្មី គ្មានពាក់ព័ន្ធនឹងបរទេសទេ។ នេះបើតាមអ្នកទទួលខុសត្រូវចិនទទួលបន្ទុកកិច្ចការម៉ាកាវ និងហុងកុង។
បាតុកម្មប្រជាជនហុង កុង នៅពេលមានសេចក្ដីព្រាងច្បាប់បត្យាប័នឆ្នាំ២០១៩
ពលរដ្ឋហុងកុង នឹងប្រមូលផ្ដុំទ្រង់ទ្រាយធំម្ដងទៀតនៅចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីតវ៉ាសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាត់ក្ដីនៅតុលាការចិនដីគោក។ ការតវ៉ទ្រង់ទ្រាយធំនៅថ្ងៃទី៩ ខែមិថុនា បានអាចបង្ខំរដ្ឋាភិបាលហុងកុងឲ្យផ្អាកការជជែកពីសំណើច្បាប់នេះឡើយ ដោយមេដឹកនាំហុងកុង Carrie Lam ចាត់ទុកជារឿងមិនត្រឹមត្រូវ។ ប៉ូលិសប្រមាណប្រាំពាន់នាក់ នឹងត្រូវពង្រាយដើម្បីទប់ទល់ការធ្វើបាតុកម្មជាថ្មីនេះ។

នាយកប្រតិបត្តិរដ្ឋបាលស្វយ័តហុងកុង លោកស្រី Carrie Lam ប្រកាសជំហរមិនចុះញ៉មការតវ៉ារបស់ប្រជាជនទីក្រុងនេះជុំវិញសំណើច្បាប់ធ្វើបត្យាប័នជាមួយចិន។ ការតវ៉ាទ្រង់ទ្រាយធំបំផុត ត្រូវបានរៀបចំនៅចុងសប្ដាហ៍មុនដើម្បីប្រឆាំងសំណើច្បាប់នេះ ប៉ុន្តែរដ្ឋាភិបាលហុងកុងហាក់មិនអើពើការតវ៉ាដែលចូលដោយមនុស្សជាងមួយលាននាក់កាលពីថ្ងៃទី៩ ខែមិថុនាឡើយ។ មានការអំពាវនាវឲ្យការជួបជុំតវ៉ាម្ដងទៀតនៅថ្ងៃទី១២ ខែមិថុនា ពេលសភាហុងកុងជជែកលើសំណើនេះជាលើកទីពីរ។
លោកស្រី Lam និយាយការពារជំហររបស់ខ្លួនថា វាជារឿងមិនសមរម្យឡើយដែលត្រូវដកសេចក្ដីស្នើច្បាប់នេះចេញពីសភានោះ។ មេដឹកនាំហុងកុងរូបនេះ បន្តថា រដ្ឋាភិបាលលោកស្រី នឹងបន្តជជែក និងពន្យល់ពីសារសំខាន់នៃគម្រោងធ្វើបត្យាប័ននេះដែលរាប់បញ្ចូលការដោះដូរជនសង្ស័យជាមួយប្រទេសឯទៀត មិនមែនជាមួយចិនមួយឡើយ។