
អាឡិចសង់ ប៉ូប៉ូវ ជាវិស្វករអគ្គិសនី និងទូរលេខវិទូជាតិរុស្សី ដែលបានប្រសូតចេញពីត្រកូលគ្រួសារក្រីក្រមួយ ។ តាំងពីនៅកុមារម្ល៉េះ លោកបានបង្ហាញឲ្យឃើញនូវទេពកោសល្យពិសេសខាងបច្ចកទេស ។ កាលរៀននៅវិទ្យាល័យ ប៉ូប៉ូវចូលចិត្តបំពាក់បំប៉នឲ្យខ្លួននូវចំណេះដឹងខាងវិទ្យាសាស្ត្រ និងចូលចិត្តវិទ្យាសាស្ត្ររូបវិទ្យាយ៉ាងខ្លាំងក្លា ។
ក្រោយពីបានបញ្ចប់វិទ្យាល័យ ប៉ូប៉ូវបានរៀបចំធ្វើការពិសោធន៍ខាងរូបវិទ្យា ដោយបង្កើតថ្មីនូវម៉ាស៊ីនទទួល និងផ្សាយទូរលេខ និងប្រដាប់ប្រដាទូរលេខផ្សេងៗជាច្រើនទៀត ។ លោកនៅបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសរុស្សីជាច្រើនរូប ។
នារាត្រីថ្ងៃមួយ អធ្រាត្រណាស់ទៅហើយ តែបន្ទប់រៀនរបស់ប៉ូប៉ូវនៅតែចាំងពន្លឺភ្លើងនៅឡើយ ។ ឪពុកប៉ូប៉ូវមានការងឿងឆ្ងល់ ក៏លួចដើរយ៉ាងស្រាលជើងចូលទៅជិត ។ លោកឃើញប៉ូប៉ូវកំពុងជក់អារម្មណ៍នឹងការគូសលុបៗនៅលើក្រដាសមួយផ្ទាំងធំ ។ «កូនឯងធ្វើអ្វីក៏ជក់ចិត្តជក់អារម្មណ៍យ៉ាងនេះ ?» ។
ប៉ូប៉ូវភ្ញាក់ខ្លួន មុខឡើងក្រហមដូចត្រូវគេចាប់បានភស្តុតាងក្នុងអំពើប្រព្រឹត្តលួចលាក់អ្វីមួយ ។ «កូន… កូន… គូរគំនូរប្លង់មួយ» ។ «គំនូរប្លង់ ? ប្លង់ពីសំណង់អ្វីទៅ ?» ។
តាមពិត ក្នុងការលេងសើចជាមួយមិត្តភក្តិ ប៉ូប៉ូវត្រូវបានគេប្រគល់ភារៈឲ្យត្រៀមរៀបចំកសាងប្រព័ន្ធចូកដីនៅក្នុងអណ្ដូងរ៉ែមួយតាមការស្រមើស្រមៃ ។ ប៉ូប៉ូវបាននឹកឃើញអំពីរបៀបឆ្លៀតប្រើកម្លាំងទឹកហូររបស់កូនស្ទឹងតូចមួយសម្រាប់ធ្វើជាប្រភពកម្លាំងជួយជំរុញលើកដាក់ប៉ែលចូក ។
ប្រព័ន្ធប៉ែលចូកដីដើរដោយកម្លាំងទឹកដែលប៉ូប៉ូវបានដំឡើងកាលទើបមានអាយុ១១ឆ្នាំ បានធ្វើសកម្មភាពយ៉ាងល្អ ដោយអាចលើកបានទម្ងន់ពី ២-៣គីឡូក្រាម ពីអណ្ដូងជម្រៅជាង១ម៉ែត្រ ដែលធ្វើឲ្យមិត្តភក្តិតូចៗរបស់ប៉ូប៉ូវសប្បាយចិត្ត និងកោតសរសើរប៉ូប៉ូវក្រៃលែង ។
ទេពកោសល្យពីកុមារភាព
មានម្ដងនោះ មិត្តភក្តិចាស់ៗរបស់ប៉ូប៉ូវកាលពីនៅរៀនក្នុងវ័យកុមារគឺ ស្មូលីន បានទទួលសំណូមពរឲ្យរឭកពីអនុស្សាវរីយ៍មួយគួរឲ្យចងចាំពីប៉ូប៉ូវ ។ គេបានរៀបរាប់ថា «ពីប៉ូប៉ូវនោះឬ ? ពួកខ្ញុំទាំងអស់គ្នា នរណាក៏សុទ្ធសឹងនឹកឃើញដល់ប៉ូប៉ូវដែលជាឯកទគ្គកម្មមួយរូបប្រកបដោយទេពកោសល្យនោះដែរ ។ តាំងពីនៅវ័យកុមារ ប៉ូប៉ូវបានបង្កើតថ្មីនូវម៉ាស៊ីនច្រើនមុខ ។ ប៉ូប៉ូវមានខួរក្បាលចេះសង្កេតពិចារណាយ៉ាងពូកែប្លែកខុសពីអ្នកដទៃ ។ មានម្ដងនោះ ពួកខ្ញុំបានទៅលេងផ្ទះតាប្រធានការដ្ឋានអណ្ដូងរ៉ែស្ពាន់ បានឃើញម៉ាស៊ីនដេរថ្មីមួយទើបទិញមកពីអាល្លឺម៉ង់ ។ ស្របក់ក្រោយមក ប៉ូប៉ូវបានធ្វើការរៀបរាប់ឡើងវិញឲ្យមិត្តភក្តិខ្លួនស្ដាប់ពីម៉ាស៊ីនដេរនោះ ហើយថែមទាំងពន្យល់ពីគោលការណ៍ធ្វើសកម្មភាពរបស់ម៉ាស៊ីននោះទៀតផង» ។
ឥទ្ធិពលនៃសៀវភៅមួយ
មុននឹងចូលរៀនមហាវិទ្យាល័យ ប៉ូប៉ូវរៀននៅវិទ្យាល័យសាសនា ។ នៅទីនោះ កម្មវិធីសិក្សាភាគច្រើនគឺរៀនពីទេវវិទ្យា ទស្សនៈវិទ្យា និងមុខវិជ្ជារូបិយផ្សេងៗទៀត ។ វិទ្យាសាស្ត្រធម្មជាតិស្ថិតក្នុងអត្រាទាបបំផុត ។
ថ្ងៃមួយ មិត្តភក្តិរួមថ្នាក់របស់ប៉ូប៉ូវ គឺ កូរីនស្គី បានឃើញប៉ូប៉ូវកំពុងលួចអានសៀវភៅមួយ ។ សៀវភៅនោះគឺជាវណ្ណកម្មរូបវិទ្យារបស់ ហាណូ ដែលទើបនឹងបានបកប្រែចេញជាភាសារុស្សី ។
កូរីនស្គីឆ្ងល់ក៏សួរថា «ហេតុអីឯងអានសៀវភៅរូបវិទ្យា ហើយបែរជាជក់ចិត្តមើលអានសៀវភៅរឿងប្រលោមលោកឣ៊ីចឹង ?» ។
ប៉ូប៉ូវឆ្លើយតប «ពិតណាស់បង ! ជាលើកដំបូងហើយដែលខ្ញុំសម្គាល់ឃើញថាអានសៀវភៅមួយវាទាក់ទងអាម្មណ៍ខ្ញុំយ៉ាងនេះ ។ វាបានផ្ដល់ចម្លើយយ៉ាងច្រើនដល់ខ្ញុំទៅនឹងសំណួរ ហេតុអ្វីដែលខ្ញុំចេះតែខ្វាយខ្វល់តាំងពីក្មេងមក» ។ ឈប់បន្តិច ប៉ូប៉ូវនិយាយបន្ត «ដាច់ខាតខ្ញុំនឹងដើរតាមមុខវិជ្ជាវូបវិទ្យាហើយណា កូរីនស្គី !» ។
សៀវភៅនោះបានទាក់ទាញទឹកចិត្តប៉ូប៉ូវឲ្យស្រលាញ់រូបវិទ្យា និងបើកចេញបុព្វហេតុស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប៉ូប៉ូវនាពេលអនាគត ។
និយាយតិចតែត្រូវធ្វើច្រើន
ពេលដែលប៉ូប៉ូវបានក្លាយទៅជាអ្នកវិទ្យាសាស្ត្រអគ្គិសនី ហើយក្រោយពីសម្រេចបាននូវស្នាដៃស្រាវជ្រាវដ៏មានតម្លៃជាច្រើននោះមក អ្នកកាសែតទាំងឡាយចង់អញ្ជើញលោកឲ្យចូលរួមសហការសរសេរអត្ថបទ ។ តែប៉ូប៉ូវតែងតែបដិសេធ ។ អ្នកប្រាជ្ញមួយរូបនាជំនាន់នោះគឺ ប៉េត្រូហ្វស្គី បានធ្វើការកត់សម្គាល់ពីប៉ូប៉ូវថា «វាមានមនុស្សពីរប្រភេទ ។ មនុស្សមួយប្រភេទចូលចិត្តប្រកាសផ្សាយគំនិតរបស់ខ្លួន ទោះជាគំនិតនោះមិនទាន់ត្រឹមត្រូវនៅឡើយក្ដី ។ មនុស្សប្រភេទទី២ គឺចូលចិត្តស្ងៀមស្ងាត់ ធ្វើការនៅបន្ទប់ ហើយបន្លឺសំឡេងតែនៅពេលដែលចាំបាច់ប៉ុណ្ណោះ ។ ប៉ូប៉ូវស្ថិតក្នុងប្រភេទដាច់ខាតនៃក្រុមមនុស្សទី២» ។
ចរិតសុភាពរាបសានេះបង្ហាញឲ្យឃើញក្នុងការធ្វើពិសោធន៍លើកដំបូងបង្អស់អំពីម៉ាស៊ីនទូរលេខនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៨៩៥ នៅសាលប្រជុំរបស់សមាគមរូបវិទ្យា និងគីមីរុស្សី ។
នៅពេលដែលគេស្នើប៉ូប៉ូវវាយទូរលេខជាលើកដំបូងបង្អស់នេះ ដើម្បីជាអនុស្សាវរីយ៍ដល់ថ្ងៃកំណើតទូរលេខ ប៉ូប៉ូវបានវាយទូរលេខនូវជួរអក្សរ «Heinrich Hertz» ឈ្មោះអ្នកដែលបានរកឃើញសំឡេងក្នុងអាកាស ។
ជ័យជម្នះដំបូងបង្អស់នៃវិទ្យុទូរលេខ (Telegram)
សរទរដូវឆ្នាំ១៨៩៩ នាវាចម្បាំងអាប្រាសីនត្រូវជាប់កុននៅលលើវាលទឹកកក ។ គេត្រូវការឲ្យមានការទាក់ទងជាប្រចាំរវាងនាវានេះជាមួយមូលដ្ឋានទ័ពជើងទឹកកូកាស ដែលស្ថិតនៅចម្ងាយពីគ្នា ៣០គម ។ ដូចនេះ គ្មានមធ្យោបាយណាផ្សេងក្រៅពីការប្រើវិទ្យុទូរលេខនោះឡើយ ។
ប៉ូប៉ូវត្រូវបានចាត់ឲ្យមករៀបចំកិច្ចការនេះ ។ លោកបានធ្វើការក្នុងលក្ខណៈដ៏លំបាកក្នុងតំបន់ទឹកកក ដើម្បីដំឡើងបង្គោលអង់តែនកម្ពស់ ៦០ម៉ែត្រ ។
ដោយសារការប្រឹងប្រែងនោះ ទើបការជួយសង្គ្រោះនាវាអាប្រាសីនបានសម្រេចដោយជោគជ័យ ។ បន្ទាប់ពីការជួយសង្គ្រោះនាវាអាប្រាសីនមក រាល់ការមន្ទិលសង្ស័យពីលទ្ធភាពឃោសនាដោយវិទ្យុទូរលេខត្រូវបានរលាយសាបសូន្យទៅ ។
ភាពជាគ្រូគំរូនៅក្នុងសាលា
ពេលដែលប៉ូប៉ូវត្រូវចាត់តាំងឲ្យធ្វើជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកទេសប៉េទែរបួក៍ (Petersbourg) លោកតែងតែចាត់ទុកខ្លួនជាមិត្តរបស់និស្សិត ។ លោកមើលថែទាំនិស្សិតតាំងពីការហូបចុក ស្នាក់នៅ និងការធ្វើដំណើរទៅមក ។ ក្នុងការងារស្រាវជ្រាវវិទ្យាសាស្ត្រ លោកតែងយកចិត្តទុកដាក់ជួយលើកមតិផ្ដើម និងលើកទឹកចិត្តនិស្សិតឲ្យចេះខិតខំស្រាវជ្រាវដោយខ្លួនឯង ។
រដ្ឋអំណាច ស្ដេចត្យាររុស្សីចាត់ទុកអាកប្បកិរិយារបស់ប៉ូប៉ូវជាសកម្មភាពបដិវត្តន៍ ។ ចៅហ្វាយក្រុងប៉េទែរបួក៍កោះហៅលោកមកស្ដីបន្ទោសថាលោកបានបន្ធូរវិន័យបច្ចេកទេសនៅក្នុងវិទ្យាស្ថាន ។
ប៉ូប៉ូវឆ្លើយតបវិញយ៉ាងធម្មតាថា «លោកចង់ដកហូតតំណែងរបស់ខ្ញុំក៏ស្រេចតែលោកចុះ ។ តែចំណែកខ្ញុំវិញ ខ្ញុំមិនអាចដើរផ្ទុយពីផលប្រយោជន៍របស់យុវជនបានឡើយ» ។
ពាក្យសម្ដីឆ្លើយឆ្លងរបស់លោកជាមួយចៅហ្វាយក្រុងនេះ បាននាំមកនូវលទ្ធផលយ៉ាងអាក្រក់ ។ ដោយការខឹងចិត្តខ្លាំងពេក ពេលវិលមកផ្ទះវិញ ប៉ូប៉ូវត្រូវដាច់សរសៃឈាមខួរក្បាល ហើយស្លាប់មួយរំពេច ។