ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ទស្សនវិទូ​អង់គ្លេស ចន ឡក (John Locke)

ចន ឡក គឺ​ជា​ទស្សនវិទូ​អង់គ្លេស​ដូច​ថូម៉ាស់ ហបស៍​ដែរ ហើយ​ចន ឡក ថ្វីដ្បិតតែ​កើតក្រោយ​ថូម៉ាស់ ហបស៍មួយ​ជំនាន់ តែ​អ្នក​ទាំងពីររស់នៅ​ក្នុង​យុគសម័យកាល​ប្រហាក់ប្រហែលគ្នា ឆ្លងកាត់​បរិបទ​នយោបាយ​ស្រដៀងគ្នា គឺ​សង្រ្គាមស៊ីវិល រវាង​ក្រុម​អ្នក​សភានិយម និង​អ្នក​រាជានិយម​អង់គ្លេស។

ចន ឡក និង​ថូម៉ាស់ ហបស៍ គឺ​ជា​ទស្សនវិទូ​នយោបាយ ដែល​សិក្សា​លើ​ប្រធានបទ​ដូចគ្នា គឺ​ “សភាពធម្មជាតិ​របស់​មនុស្ស” និង ទ្រឹស្តី “កិច្ចសន្យាសង្គម” ក៏ប៉ុន្តែ អ្នក​ទាំងពីរ​មាន​ទស្សនៈផ្ទុយ​ពី​គ្នា​ស្រឡះ ហើយ​នៅ​ទី​ចុង​បំផុត ទ្រឹស្តី​របស់​ទស្សនវិទូ​ទាំងពីរ​រូបនេះ បាន​ក្លាយ​ទៅ​ជា​មូលដ្ឋានគ្រឹះ​នៃ​ទ្រឹស្តី​ធំៗ​ពីរ​ផ្ទុយគ្នា គឺ​ថូម៉ាស់ ហបស៍ ជា​មូលដ្ឋាន​នៃ​​ទ្រឹស្តី “ប្រាកដនិយម” (Réalisme) ចំណែក​ចន ឡក ជា​មូលដ្ឋានគ្រឹះ​នៃ​ទ្រឹស្តី “សេរីនិយម” (Libéralisme)។

ជីវិតកុរាភាព និង ការសិក្សាអប់រំ

លោក ចន ឡក បានកើត​នៅ​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ១៦៣២។ នៅពេល​ដែល​ចន ឡក កើត ថូម៉ាស់ ហបស៍ មាន​វ័យ​ ៤៤ឆ្នាំ ហើយ​ស្រុក​កំណើត​របស់​ចន ឡក ស្ថិត​​នៅ​ចម្ងាយ​តែ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ស្រុក​កំណើត​របស់​ថូម៉ាស់ ហបស៍។ ឪពុក​របស់​ចន ឡក គឺ​ជា​មេធាវី​ ហើយ​បាន​ចូល​បម្រើ​ការ​ជា​នាយទាហាន​មួយរូប នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​អង់គ្លេស ដោយ​ឈរ​នៅ​ខាង​ក្រុម​សភា​និយម។ ក្រោយ​មក ចន ឡក ផ្ទាល់ ក៏​ជា​អ្នក​ដែល​គាំទ្រ​ក្រុម​សភា​និយម​នេះដែរ ពោលគឺ ផ្ទុយ​ស្រឡះ​ពី ថូម៉ាស់ ហបស៍ ដែល​គាំទ្រ​ក្រុម​រាជានិយម។

ចន ឡក បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ពី​សាលា​ដ៏ល្បីល្បាញមួយ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ រួចហើយ​បាន​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ដ៏​កាន់តែ​ល្បីល្បាញ​មួយ​ទៀត គឺ​សកលវិទ្យាល័យ​អកស្វត (Oxford) ដោយ​នៅពេលនោះ ចន ឡក ចាប់យក​ជំនាញ​ជា​វេជ្ជបណ្ឌិត។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា ចន ឡក បាន​ចូល​ធ្វើការ​ជា​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​របស់​អ្នក​នយោបាយ​អង់គ្លេស​​​ដ៏​មាន​ឥទ្ធិពល​មួយរូប​នៅពេលនោះ គឺ​អង់តូនី អាស្ហ្លី ឃូភ័រ (Anthony Ashley Cooper) ហើយ​ដែល​គេ​ច្រើន​ហៅ​ដោយ​កាត់ខ្លី ទៅតាម​គោរមងារ​របស់​លោកថា ឡដ អាស្ហ្លី (Lord Ashley)។

ជីវិតការងារ

ទំនាក់ទំនង រវាង​ចន ឡក និង​ឡដ អាស្ហ្លី គឺ​មិនស្ថិត​ត្រឹម​​​កម្រិត​ជា​ចៅហ្វាយនាយ និង​កូនចៅ ឬ​អ្នក​ជំងឺ និង​គ្រូពេទ្យ​នោះទេ ប៉ុន្តែ គឺ​ជា​ទំនាក់ទំនង​ជា​មិត្តភាព​យ៉ាង​ជិតស្និទ្ធិ​បំផុត ដែល​អូសបន្លាយ​ពេល​រហូតដល់​ទៅ​ជិត ២០ឆ្នាំ ពោលគឺ រហូតដល់​ពេល​ដែល​ឡដ អាស្ហ្លី ទទួល​មរណភាព។ គេដឹង​ថា ចន ឡក ធ្លាប់បាន​ប្រើ​ជំនាញ​ជា​គ្រូពេទ្យ​របស់​លោក ជួយ​សង្រ្គោះ​ជីវិត​របស់​ឡដ អាស្ហ្លី ពី​ជំងឺ​ថ្លើម​ដ៏ធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​អ្នក​ទាំងពីរ​កាន់តែ​ស្អិតល្មួត​ជាងនេះ​ទៅទៀត គឺ​គោលគំនិត​ស្រដៀងគ្នា​ខាង​ផ្នែក​នយោបាយ។

ឡដ អាស្ហ្លី គឺ​ជា​អ្នក​នៅ​ខាង​ក្រុម​សភា​និយម តែ​ក្នុង​ពេល​ជាមួយគ្នា គឺ​ក៏​ជា​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ក្រុម​រាជានិយម។ នៅ​ក្រោយ​ពេល​ដែល​មេដឹកនាំផ្តាច់ការ​អង់គ្លេស អូលីវ័រ ក្រមវែល ទទួល​មរណភាព គឺ​ឡដ អាស្ហ្លី ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការស្តារ​របបរាជានិយម ហើយ​នាំ​ព្រះមហាក្សត្រ​អង់គ្លេស​ឲ្យ​ឡើង​មក​គ្រងរាជ្យ​វិញ។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្រោម​របបរាជានិយម​ថ្មី​នេះ ឡដ អាស្ហ្លី ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់តំណែង​ខ្ពស់ ហើយ​រហូ​តបាន​ក្លាយ​ទៅ​ជា​ប្រធាន​ក្រុមទីប្រឹក្សា​ព្រះមហាក្សត្រ។

បើ​និយាយ​ពី​គំនិតនយោបាយ​វិញ ឡដ អាស្ហ្លី មិនចូលចិត្ត​របបរាជានិយម​ផ្តាច់ការ​ដែល​អង់គ្លេស​មាន​ពីមុន ហើយ​ក៏​មិនចូលចិត្ត​របបសាធារណរដ្ឋ​ផ្តាច់ការ​តាមបែប​អូលីវ័រ ក្រមវែល ដែល​បង្កើតឡើង​ក្រោយ​ការ​ផ្តួលរំលំ​របបរាជានិយមនោះដែរ។ ឡដ អាស្ហ្លី គឺ​ជា​អ្នក​គាំទ្រ​ឲ្យ​មាន​របបដឹកនាំ​តាមបែប​រាជានិយម​អាស្រ័យធម្មនុញ្ញ ដែល​សភា​មាន​តួនាទី​សំខាន់ ហើយ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា។ គោលគំនិត​បែបនេះ គឺ​ត្រូវគ្នា​ទៅនឹង​គោលគំនិត​របស់ ចន ឡក។

គេ​សង្កេតឃើញ​ថា នៅ​ក្នុង​រយៈពេលជិត ២០ឆ្នាំ ចាប់តាំង​ពី​បាន​ស្គាល់​ ឡដ អាស្ហ្លី ដំណើរជីវិត​របស់​ចន ឡក បាន​ផ្សារភ្ជាប់​​យ៉ាងស្អិត​ជាមួយ​នឹងភាពឡើងចុះ នៃ​​អាជីព​នយោបាយ​របស់ ឡដ អាស្ហ្លី។

នៅ​ក្នុង​អំឡុង​ពេល​ដែល​អាជីព​នយោបាយ​របស់​ ឡដ អាស្ហ្លី កំពុង​ស្ថិត​ក្នុង​ភាព​រុងរឿង ដំណើរជីវិត​របស់​ចន ឡក ក៏​ស្គាល់​នូវ​ភាព​រុងរឿង​ទៅតាម​ចៅហ្វាយនាយ​របស់ខ្លួន​ដែរ ហើយ​នៅ​ក្នុង​អំឡុង​ពេលនោះ ចន ឡក បាន​ចំណាយពេល​ជាច្រើន​របស់​លោក ផ្តោត​ទៅលើ​ការ​សិក្សា​​មិនត្រឹមតែ​ទៅលើ​ផ្នែក​វេជ្ជសាស្រ្ត​ប៉ុណ្ណោះទេ តែ​ទៅលើ​ផ្នែក​វិទ្យាសាស្រ្ត​ជាទូទៅ។

ចន ឡក ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​អង់គ្លេស (The Royal Society) នៅ​ឆ្នាំ​១៦៦៨ ហើយ​ក្រោយ​មក​បាន​ស្គាល់ និង​ក្លាយ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធិ​របស់​អ៊ីសាក់ ញូតុន ដែល​បាន​ចូល​ជា​សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​បួនឆ្នាំក្រោយ​ ចន ឡក (ឆ្នាំ១៦៧២)។

ការសរសេរសៀវភៅទស្សនៈនយោបាយ

នៅ​ឆ្នាំ១៦៧៩ ឡដ អាស្ហ្លី ដែល​ជា​អ្នក​កាន់​គ្រិស្តសាសនា​និកាយ​ប្រូតេស្តង់ បាន​ធ្វើ​ជា​មេគំនិត​រៀបចំ​ទាមទារ​ឲ្យ​​តាក់តែង​​​ច្បាប់​មួយ ដើម្បី​ហាមឃាត់​មិន​ឲ្យ​ព្រះអង្គម្ចាស់​ដែល​កាន់និកាយ​កាតូលិក អាច​ឡើង​ស្នងរាជបល្ល័ង្ក។ គម្រោងការណ៍​នេះ​ត្រូវ​ទទួល​បរាជ័យ ហើយ​នៅ​ឆ្នាំ១៦៨១ ឡដ អាស្ហ្លី ត្រូវ​បាន​គេ​ដកតំណែង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពីបទក្បត់ជាតិ។ ឡដ អាស្ហ្លី ក៏​បាន​រត់ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ហូឡង់ ក៏ប៉ុន្តែ ត្រូវ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ហើយ​ទទួល​មរណភាព​នៅ​ឆ្នាំ១៦៨៣។

នៅ​ឆ្នាំ​ដដែល​នោះ ចន ឡក ដែល​ត្រូវ​រស់​នៅ​ក្រោម​ការ​តាមឃ្លាំមើល​ជាប់ជា​ប្រចាំ​ពី​អាជ្ញាធរ​អង់គ្លេស ក៏​បាន​សម្រេច​​​រត់ភៀសខ្លួន​ទៅប្រទេស​ហូឡង់​ដែរ។ នៅ​ក្នុង​អំឡុង​ពេលនោះហើយ ដែល​ចន ឡក បាន​ចំណាយ​ពេល​សរសេរ ហើយ​ចាប់ផ្តើម​ចេញផ្សាយ​សៀវភៅ​របស់​លោក ស្តីពី​ទស្សនវិជ្ជា​នយោបាយ។

ចន ឡក រស់នៅ​និរទេស​ខ្លួន នៅ​ក្នុង​ប្រទេស​ហូឡង់​អស់រយៈពេល ៥ឆ្នាំ ​រហូត​ទាល់​តែ​ក្រោយ​ពេល​ដែលមាន​បដិវត្តន៍​ផ្តួលរំលំ​ព្រះមហាក្សត្រ​កាតូលិក​នៅ​អង់គ្លេស ជំនួស​មកវិញ​ដោយ​ព្រះមហាក្សត្រ​ប្រូតេស្តង់ នៅ​ឆ្នាំ១៦៨៨ ទើប​ចន ឡក វិលត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ។

ចន ឡក បាន​ចំណាយពេល​ប៉ុន្មានឆ្នាំចុងក្រោយ​ដែល​នៅសេសសល់​ក្នុង​ជីវិត​របស់​លោក សរសេរសៀវភៅ​ជាច្រើន​ទៀត ស្តីពី​ទស្សនវិជ្ជា​នយោបាយ ព្រមទាំង​បាន​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុងការ​រៀបចំ​តាក់តែង​​ច្បាប់​ធម្មនុញ្ញ​អង់គ្លេស ដែល​គេ​ឲ្យឈ្មោះ​ថា “Bill of Rights” (១៦៨៩) ដោយ​នៅ​ក្នុងនោះ មាន​ចែង​ដាក់កម្រិត​អំណាច​របស់​ព្រះមហាក្សត្រ​, កំណត់​ពី​សិទ្ធិអំណាច​របស់​សភា ព្រមទាំង​អំពី​សិទ្ធិសេរីភាព​របស់ប្រជា​ពលរដ្ឋ។ “Bill of Rights” នេះហើយ ដែល​ត្រូវបាន​គេ​កំណត់​ថា​ ជា​ចំណុច​ចាប់ផ្តើម​នៃ​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ​នៅ​អង់គ្លេស ហើយ​ដែល​ក្លាយ​ជា​គំរូ​ទៅដល់​ប្រទេស​ជាច្រើន​ផ្សេងៗ​ទៀត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ទស្សនវិជ្ជានយោបាយ​របស់​ចន ឡក

ទស្សនវិជ្ជានយោបាយ​ដ៏ល្បីល្បាញ និង​ដ៏មាន​ឥទ្ធិពល​បំផុត​របស់​ចន ឡក គឺ​មាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេសថា “Two Treatises of Government” ដោយ​នៅ​ក្នុង​នោះ ចន ឡក សរសេរ​អំពី​គោលគំនិតសំខាន់ៗ​របស់​លោក ទាក់ទង​នឹង​​ប្រភព​នៃ​ធម្មានុរូបភាព​របស់​រដ្ឋ និង​អំណាច​របស់​មេដឹកនាំ។

ខ្សែសង្វាក់​នៃ​ទឡ្ហីករណ៍​​របស់​ ចន ឡក ចំពោះ​បញ្ហា​នេះ គឺ​ដូចគ្នា​ទៅនឹង​ថូម៉ាស់ ហបស៍​ដែរ ពោលគឺ ចន ឡក ចាប់ផ្តើម​ពីការ​ពិចារណា​ទៅលើ​សភាពធម្មជាតិ​របស់​មនុស្ស​ មុនពេល​​ការ​បង្កើត​ជា​សហគមន៍ ឬ​ជា​​រដ្ឋ តាមរយៈ​កិច្ចព្រមព្រៀងគ្នាមួយ ដែល​គេ​ឲ្យឈ្មោះ​ថា “កិច្ចសន្យាសង្គម”។ ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​មាន​ខ្សែសង្វាក់​នៃ​ទឡ្ហីករណ៍​ដូចគ្នា តែ​គោលគំនិត​របស់​ ចន ឡក ទៅលើ​សភាព​ធម្មជាតិ​របស់​មនុស្ស និង​កិច្ចសន្យាសង្គម គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​គោលគំនិត​របស់​ថូម៉ាស់ ហបស៍។

យោងតាម​ថូម៉ាស់ ហបស៍ ធម្មជាតិ​របស់​មនុស្ស គឺ​អាត្មានិយម ចូលចិត្ត​ប្រកួតប្រជែងគ្នា និង​ប្រើ​កម្លាំងបាយ ហើយ​នៅ​ក្នុង​សភាព​ធម្មជាតិ​ដើម​របស់​មនុស្ស គឺ​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​សង្រ្គាម​ជាប់​ជាប្រចាំ។ ចន ឡកវិញ យល់​ឃើញ​ផ្ទុយ​ពីនេះ​ស្រឡះ។

យោងតាម ចន ឡក ធម្មជាតិ​ដើម​របស់​មនុស្ស គឺ​ល្អ ហើយ​នៅ​ក្នុង​សភាព​ធម្មជាតិ​ មនុស្ស​មាន​សិទ្ធិសេរីភាព​ពេញលេញ ហើយ​ជា​សិទ្ធិសេរីភាព​ស្មើៗគ្នា ដោយ​គ្មាន​ឋានានុក្រម។ សម្រាប់​ចន ឡក សភាព​ធម្មជាតិ​របស់​មនុស្ស មិនមែន​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​សង្រ្គាម​ជាប់ជា​ប្រចាំ​នោះទេ ពីព្រោះ​ថា នៅ​ក្នុង​សភាព​ធម្មជាតិ​នេះ​ក៏​មាន​ច្បាប់​របស់​វាដែរ គឺ “ច្បាប់ធម្មជាតិ” ហើយ​មនុស្ស​គ្រប់រូប​សុទ្ធតែ​ដឹង​ថាអ្វី​ជា​អំពើ​ល្អ អ្វី​ជា​អំពើ​អាក្រក់ ហើយ​ទង្វើ​ណាមួយ វា​ស្រប ឬ​ផ្ទុយ​នឹង​ច្បាប់​ធម្មជាតិ។

អ្វីដែល​ចោទ​ជា​បញ្ហា នៅ​ក្នុង​សភាព​ធម្មជាតិ​របស់​មនុស្ស គឺ​ការ​អនុវត្តច្បាប់ធម្មជាតិ។ ​នៅ​ក្នុង​សភាព​ធម្មជាតិ មនុស្ស​ម្នាក់ៗ​ដឹង​ថា​ទង្វើណាមួយ​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​ធម្មជាតិ ហើយ​អ្នក​ប្រព្រឹត្តល្មើស​ត្រូវ​ទទួល​ទណ្ឌកម្ម។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​អ្នកណា​ជា​ធានា​នូវការ​អនុវត្ត​ច្បាប់នេះ? តើ​អ្នកណា​ជា​អ្នក​កំណត់​អំពី​ទណ្ឌកម្ម ហើយ​អ្នកណា​ជា​អ្នក​អនុវត្ត​ទណ្ឌកម្ម​ដែល​បាន​កំណត់?

សរុបមកវិញ តាម​គំនិត​របស់​ចន ឡក បញ្ហាចោទ​នៃ​សភាព​ធម្មជាតិ​របស់​មនុស្ស​​មិនមែនសង្រ្គាមនោះទេ គឺ​បញ្ហា​អយុត្តិធម៌។ ដូច្នេះ មនុស្ស​ត្រូវការ​បង្កើត​ជា​រដ្ឋ​​ ​មិនមែន​​ដើម្បី​ចេញ​ពី​ស្ថានភាព​សង្រ្គាម​នោះទេ តែ​​ដើម្បី​ចេញ​ពី​ស្ថានភាព​អយុត្តិធម៌ ហើយ​​ការព្រមព្រៀង​ដាក់​ខ្លួន​ក្រោម​អំណាច​រដ្ឋ (តាមរយៈ​កិច្ចសន្យាសង្គម) ក៏​មិនមែន​​ជា​ការ​បោះបង់​ទាំងស្រុង​នូវ​សិទ្ធិសេរីភាព​របស់ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ធានាសុវត្ថិភាព​ផ្ទាល់​ខ្លួន​ ដូចទ្រឹស្តី​របស់​ថូមាស់ ហបស៍​នោះដែរ តែផ្ទុយ​ទៅវិញ គឺ​គ្រាន់តែ​ជា​ការ​បោះបង់​នូវ​សេរីភាព​មួយ​ផ្នែក ដើម្បី​ជា​ថ្នូរ​នឹង​ការ​ធានានូវ​ការអនុវត្ត​សិទ្ធិមួយផ្នែក​ទៀត​ដែល​នៅ​សេសសល់ ហើយ​ដែល​ជា​សិទ្ធិ​ធម្មជាតិ​គ្មាន​អ្នកណា​ដកហូតបាន រួមមាន​ដូចជា សិទ្ធិ​រស់រាន​មានជីវិត និង​សិទ្ធិលើ​កម្មសិទ្ធិ​ឯកជន​ ជាដើម។

ទស្សនាទាន​ខុសគ្នា រវាង ចន ឡក និង​ថូម៉ាស់ ហបស៍ ស្តីពី​សភាព​ធម្មជាតិ​របស់​មនុស្ស បាន​នាំទៅរក​សេចក្តីសន្និដ្ឋាន​ផ្ទុយគ្នា ស្តីពី​អំណាច​របស់​មេដឹកនាំ​រដ្ឋ។

តាមទស្សនៈ​របស់​ថូម៉ាស់ ហបស៍ នៅ​ពេល​ដែល​បុគ្គល​ម្នាក់ៗ​ព្រមព្រៀងគ្នា​ផ្ទេរសិទ្ធិអំណាច​គ្រប់គ្រង​ទៅ​ឲ្យ​មេដឹកនាំ​រដ្ឋ តាម​រយៈ “កិច្ចសន្យាសង្គម” សិទ្ធិអំណាចនោះ​នឹង​ត្រូវ​ផ្ទេរ​ជា​រៀងរហូត ដោយ​មិន​អាច​ដកហូតមកវិញ​បាន ហើយ​បើទោះបីជា​មេដឹកនាំ​រដ្ឋ​​ចេញ​សេចក្តីសម្រេច ឬ​ដាក់ចេញ​នូវ​នយោបាយ ឬ​ធ្វើ​ច្បាប់ណាមួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​សប្បាយចិត្ត ឬ​គ្មាន​ភាព​យុត្តិធម៌ ក៏​ប្រជាជន​នៅតែ​ត្រូវ​បន្ត​ដាក់​ខ្លួន​ក្រោម​អំណាច​មេដឹកនាំ​រដ្ឋ​នោះដដែល។ គោលគំនិ​តនេះ​ហើយ ដែល​នាំ​​ថូម៉ាស់ ហបស៍ឲ្យ​មាន​ទំនោរ​ទៅ​រក​របៀបដឹកនាំ​បែប​រាជានិយម​ផ្តាច់ការ ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​រើបម្រះ​ប្រឆាំង​នឹង​មេដឹកនាំ​រដ្ឋ។

ចន ឡក​វិញ មាន​ទស្សនៈ​ផ្ទុយស្រះ​ពី​ថូម៉ាស់ ហបស៍។ ចន ឡក​យល់ថា នៅ​ក្នុង “កិច្ចសន្យាសង្គម” ប្រជាជន​មិន​បាន​ផ្ទេរ​សិទ្ធិ​អំណាច​​ទៅ​ឲ្យ​មេដឹក​នាំ​ទាំងអស់ និង​ជា​អចិន្រ្តៃយ៍​នោះទេ ហើយ​កិច្ចសន្យា​នេះ ក៏​មិនមែន​ធ្វើឡើង​តែ​រវាង​ប្រជាជន​គ្នា​ឯងនោះដែរ ពោលគឺ​មាន​មេដឹកនាំ​រដ្ឋ​ជា​ភាគី​នៃ​កិច្ចសន្យា។ នៅ​ក្នុង​ “កិច្ចសន្យាសង្គម” របស់ ចន ឡក បុគ្គល និងបុគ្គល ព្រមព្រៀងគ្នាផ្ទេរ​សិទ្ធិ​មួយ​ផ្នែក​ទៅ​ឲ្យ​រដ្ឋ ដោយ​គ្រប់គ្នា​សុខចិត្ត​ដាក់​ខ្លួន​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​រដ្ឋ ចំណែក​​រដ្ឋវិញ ​​ដែល​ទទួល​សិទ្ធិ​អំណាច​ពី​ប្រជាជន ​ត្រូវ​ជាប់កាតព្វកិច្ច​ធានា​នូវ​​យុត្តិធម៌ ក្នុងការ​អនុវត្ត​សិទ្ធិ​មួយ​ផ្នែក​ដែល​នៅ​សេសសល់​​របស់​ប្រជាជន។

ដូច្នេះ តាមទស្សនៈ​របស់​ចន ឡក ទំនាក់ទំនង រវាង​ប្រជាជន និង​មេដឹកនាំ​រដ្ឋ គឺ​ជា​ទំនាក់ទំនង​ក្នុង​ឋានៈ​ជា​ភាគី​នៃ​កិច្ចសន្យា ពោលគឺ ភាគីនីមួយៗ (ប្រជាជន​ក៏​ដូចជា​មេដឹកនាំរដ្ឋ) ​ត្រូវ​មាន​ទាំង​សិទ្ធិ និង​​ទាំង​កាតព្វកិច្ច​ ហើយ​ការគោរព​សិទ្ធិ និង​កាតព្វកិច្ច​ទៅវិញទៅមកនេះ គឺ​ជា​មូលដ្ឋានគ្រឹះ​ ដើម្បី​ធានា​នូវ​សុពលភាព​នៃ “កិច្ចសន្យាសង្គម”។

ទស្សនាទាន​នៃ​ “កិច្ចស​ន្យាសង្គម” របស់ ចន ឡក មិនត្រឹមតែ​ជា​មូលដ្ឋាន​នៃ​​​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះទេ ប៉ុន្តែ អ្វី​ដែល​ពិសេស​ជាងនេះ​ទៅទៀត គឺ​ការ​បើក​លទ្ធភាព​ឲ្យ​ប្រជាជន​អាច​រើបម្រះ​ប្រឆាំង​នឹង​មេដឹកនាំ​រដ្ឋ​ ប្រសិនបើ​មេដឹកនាំ​រដ្ឋ​មិនបាន​គោរព​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ឋានៈ​ជា​ភាគី​នៃ​ “កិច្ចសន្យាសង្គម”។ នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត នៃ​ចលនា​បដិវត្តន៍​ដ៏សំខាន់​ពីរ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

​ទីមួយ ​បដិវត្តន៍​​​អាមេរិក​ឆ្នាំ១៧៧៦ ដែល​ជា​ការ​រើបម្រះ​របស់​ប្រជាជន​​ប្រឆាំង​នឹង​អំណាច​របស់​ព្រះមហាក្សត្រ​អង់គ្លេស ដើម្បី​ងាកចេញ​ទៅ​បង្កើត​រដ្ឋឯករាជ្យ​ផ្ទាល់ខ្លួន។ ទីពីរ បដិវត្តន៍​បារាំង​ឆ្នាំ១៧៨៩ ដែល​ជា​ការ​រើ​បម្រះ​របស់​ប្រជាជន​​ប្រឆាំង​នឹង​អំណាច​របស់​ព្រះមហាក្សត្រ រហូត​ឈាន​ទៅ​ផ្តួលរំលំ​របបរាជានិយម ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ។

ចំណុច​ដ៏សំខាន់​មួយ​ទៀត នៅ​ក្នុង​ទស្សនវិជ្ជា​នយោបាយ​របស់ចន ឡក គឺ​ទំនាក់ទំនង រវាង​រដ្ឋ និង​សាសនា។ គិត​មក​ទល់​នឹង​សម័យកាល​របស់​ចន ឡក សាសនា​គឺ​ជា​ប្រភព​ដ៏ចម្បងមួយ​នៃ​ធម្មានុរូបភាព​របស់​មេដឹកនាំ​រដ្ឋ និយាយ​ដោយខ្លី គឺ​គ្រប់គ្នា​ជឿ​ថា ស្តេច​​ទទួល​ការជ្រើសតាំង​ពី​ព្រះ​ឲ្យ​មាន​សិទ្ធិ​អំណាច​ត្រួតត្រា​លើ​ប្រជាជន។ ហេតុដូច្នេះហើយ​បាន​ជា​ប្រជាជន​ត្រូវតែ​គោរព​និង​ស្តាប់​បង្គាប់​ស្តេច​ដូចព្រះ។ ចន ឡក បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​​ជំនឿ​បែបនេះ ដោយ​បាន​ប្រកាន់​យក​នូវ​គោលគំនិត​ថា ធម្មានុរូបភាព​នៃ​មេដឹកនាំ​រដ្ឋ​មាន​ប្រភព​តែមួយគត់ គឺ​ប្រជាជន ដែល​ជា​អ្នក​ប្រគល់​សិទ្ធិ​អំណាច​ទៅ​ឲ្យ​មេដឹកនាំរដ្ឋ ទៅតាម​ទ្រឹស្តី “កិច្ចសន្យាសង្គម”។

បន្ថែម​ពីលើ​នេះ​ទៅទៀត ចន ឡក យល់ថា រដ្ឋ​មិន​មាន​តួនាទី ហើយ​ក៏​គ្មាន​សិទ្ធិអំណាច​អ្វី ដើម្បី​ធ្វើការ​ចាត់ចែង ឬ​ត្រួតត្រា​លើ​ជំនឿ​សាសនា​របស់​ប្រជាជន​នោះដែរ។ សិទ្ធិអំណាច​របស់​រដ្ឋ ដែល​ទទួល​បាន​ពី​ប្រជាជន គឺ​ធ្វើ​យ៉ាងណា​ធានា​នូវ​​យុត្តិធម៌​ក្នុងការ​អនុវត្ត​សិទ្ធិ​របស់​ប្រជាជន​ ចំណែក​ឯ​រឿងជំនឿ​សាសនា​ វា​គឺ​ជា​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នីមួយៗ។

គោលគំនិតនេះ​របស់​ចន ឡក បាន​នាំទៅរក​ការវិវឌ្ឍ​ដ៏​សំខាន់​ចំនួន​ពីរ ដែល​នៅ​បន្ត​មាន​ឥទ្ធិពល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច គឺ​ទីមួយ ការ​បែងចែក​គ្នា​យ៉ាង​ដាច់ស្រឡះ រវាង​សាសនា និង​រដ្ឋ (គ្មាន​សាសនា​របស់​រដ្ឋ) និងទីពីរ សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា (គ្រប់បុគ្គលនីមួយៗ​មាន​សិទ្ធិសេរីភាព​យ៉ាងពេញលេញ ក្នុងការ​ជឿ និង​អនុវត្ត​តាមសាសនា​ណាមួយ​ ឬ​មិនជឿ​ទៅលើ​សាសនា​ណាមួយ​សោះ តាមតែ​ការយល់ឃើញ​របស់​គេ​រៀងៗខ្លួន)។

មរណភាពរបស់លោក ចន ឡក

ចន ឡក ទទួល​មរណភាព​ នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៧០៤ ក៏ប៉ុន្តែ ទស្សនវិជ្ជា​នយោបាយ​របស់​លោក​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅដល់​បដិវត្តន៍​ដ៏​សំខាន់​ចំនួនពីរ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​បដិវត្តន៍​ទាមទារ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ១៧៧៦ និង​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​នៅ​បារាំង នៅ​ឆ្នាំ​១៧៨៩។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.