ប្រវត្តិសាស្រ្តពិភពលោក

មកដឹងពីចលនាទ័ពព្រៃ ដែលជាជនជាតិភាគតិចភូមា ដែលកំពុងមានកម្លាំងខ្លាំងក្នុងប្រទេសភូមាបច្ចុប្បន្ននេះ

ជនជាតិ​ភាគ​តិច​នៅ​ប្រទេស​ភូមា​មាន​មិន​តិច​ជាង​១៣០​សហគមន៍​ទេ ដូច​ជា​ពួក​Shan ពួកKaren ពួកMon និង​ពួក​Kachin។ល។និង។ល។ ពួក​គេ​និយាយ​ភាសា​ជាង​១០០​ខុសៗ​គ្នា។ ជា​ទូ​ទៅ ពួក​គេ​កាន់​ព្រះពុទ្ធ​សាសនា តែ​ក៏​មាន​ដែរ​អ្នកកាន់​សាសនា​អ៊ីស្លាម ដូច​ជា​ពួកRohingya ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​បង់ក្លាដែស និង​អ្នកកាន់​គ្រិស្ត​សាសនា ដូច​ជា​ពួក​Karen ជាដើម។ បើ​និយាយ​ពី​ចំនួន​វិញ ពួក​ជនជាតិ​ភាគតិច​ទាំង​នោះ​តំណាង​មួយ​ភាគ​បី​នៃ​ប្រជាជន​ទាំង​៥២​លាន​នាក់​នៃ​ប្រទេស ពោល​គឺ​ប្រមាណ​ជាង​១៧​លាន​នាក់។

នៅ​ឆ្នាំ​១៩៤៧ ឧត្តមសេនីយ៍​អុង សាន់​ដែល​ប្រជាជាតិ​ភូមា​ទាំង​មូល​ចាត់ទុក​ជា​បិតា​នៃ​ឯករាជ្យ បាន​យល់​ព្រម​ប្រគល់​ស្វ័យភាព​រដ្ឋបាល​ដ៏​ធំ​ទូលំ​ទូលាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​សហពន្ធន៍​មួយ​ទៅ​ឱ្យ​ជនជាតិ​ភាគតិច តាមរយៈ​កិច្ច​ព្រមព្រៀង​មួយ ឈ្មោះ​កិច្ច​ព្រមព្រៀង​Panglong ចុះ​ថ្ងៃ​ទី​១២​កុម្ភៈ​ឆ្នាំ​១៩៤៧។

ក៏​ប៉ុន្តែ នៅ​ឆ្នាំ​១៩៤៧​ដដែល​នោះ ស្រាប់​តែ​វីរបុរស​ជាតិ​អុង សាន់​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ ក្រោយ​មក ក្រុម​ឧត្តមសេនីយ៍​ដែល​បាន​ឡើង​មក​ក្តាប់​អំណាចរដ្ឋ​បាន​សម្រេចចិត្ត​មិន​អនុវត្ត​កិច្ច​ព្រមព្រៀង​Panglong​ទៅ​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៩៤៨ ពោល​គឺ​ក្រោយ​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ជា​ផ្លូវការ​ហើយ ពួក​ជនជាតិ​ភាគតិច​សំខាន់ៗ រួម​មាន​ជា​អាទិ៍​ពួក​Karen ពួក​Shan និង​ពួក​Mon បាន​ចាប់​អាវុធ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទីក្រុង​រ៉ង់ហ្គូន(Rangoon)។

គោលដៅ គឺ​ផ្តាច់​រដ្ឋ​របស់​ពួក​គេ​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ចិន ឬ​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ចេញ​ពី​ការត្រួតត្រា​របស់​រដ្ឋ​អំណាច​ភូមា។ ឧទាហរណ៍​ជាក់​ស្តែង ពួក​Karen​បាន​បង្កើត​ចលនា​សហភាព​ជាតិ​Karen និង​បាន​ផ្តើម​សង្គ្រាម​ទ័ពព្រៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​រ៉ង់ហ្គូន សង្គ្រាម​ទ័ព​ព្រៃ​ដែល​មាន​បន្ត​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ និង​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ ពួក​Karen​ ជា​ទ័ព​ព្រៃ​ចាស់​ជាងគេ​បង្អស់​ដែលទាមទារផ្តាច់​ផ្ទៃ​ដី​ប្រមាណ​ប្រាំមួយ​រយ​គីឡូម៉ែត្រ​ក្រឡា​នៅ​ជាប់​នឹង​ព្រំដែន​ថៃ​ ចេញ​ពី​ការត្រួតត្រា​របស់​ប្រទេស​ភូមា។ តំបន់​នោះ​ ជា​ភាសា​Karen​មាន​ឈ្មោះ​ថា​ Kawthoolei ប្រែ​ថា​ប្រទេស​សម្បូណ៌​ផ្កា។

មក​ទល់​សព្វ​ថ្ងៃ រដ្ឋា​ភិបាល​ភូមា​ដែល​ប្រើ​មធ្យោបាយ​វាយបង្ក្រាប​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទីបំផុត​ នៅ​តែ​យក​ជ័យជំនះ​ទៅ​លើ​កង​ទ័ព​សហភាពជាតិ​Karen ​មិន​បាន​ បាន​ត្រឹម​រុញច្រាន​ទ័ព​ព្រៃ​នេះ​ និង​ប្រជាជន​Karens ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ព្រៃ និង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ ជា​ទី​ដែល​ពួក​គេ​រស់នៅ​យ៉ាង​វេទនា​តាម​ជំរំ​នានា។មាន​ទឡ្ហីករណ៍​បី​ដែល​អាច​ពន្យល់​ការ​ប្រឹងប្រែង​តស៊ូ​ស្លាប់រស់​របស់​ពួក​ទ័ពព្រៃ​Karens។

ទីមួយ​ ពួក​Karens​ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្រយុទ្ធ​ស្លាប់រស់​ ពីព្រោះ​រហូត​មកទល់ពេលថ្មីៗ​នេះ របប​សឹក​ភូមា​គ្មាន​បំណង​ចរចា​ជា​មួយ​ពួកជនជាតិ​ភាគតិច​ឡើយ​ ហើយ​បាន​អនុវត្ត​នយោបាយ​មួយ​ដែល​គេ​អាច​វាយ​តម្លៃ​ថា ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ កង​ទ័ព​ភូមា​តែងតែ​បាន​ដុត​បំផ្លាញ​គ្មាន​សល់​ភូមិ​ស្រុក និង​ស្រូវ​អង្ករបស់​ពួក​Karens​ បានកាប់​សម្លាប់​បុរស និង​រំលោភ​ស្រ្តី។

ទីពីរ ពួក​Karens ​មាន​វិន័យ​ មាន​សីលធម៌​ មិន​ធ្វើ​ភេរវកម្ម​ មិន​រត់ពន្ធ និង​មិន​ជក់​អាភៀន។ ទី​បី​ ពួក​Karens​ ដែល​មាន​គ្នា​ប្រមាណប្រាំពីរ​លាន​នាក់ ជា​ជាតិ​សាសន៍​មួយ​ស្រេច​ទៅ​ហើយ​ ទោះ​ជា​គ្មាន​ប្រទេស និង​គ្មាន​ស្ថាប័ន​គ្រប់គ្រង​មាំមួន​ក៏​ដោយ​ ពីព្រោះ​ពួក​គេ​មាន​ប្រវត្តិសាស្រ្ត​ ភាសា និង​វប្បធម៌​ច្បាស់លាស់ ខុស​ពី​ជនជាតិ​ភាគ​តិច​ដទៃ​ផ្សេង​នៅ​ភូមា​ ដូច​ជា​ពួក​Chan​ ជាដើម។

មិន​តែ​ប៉ុណ្ណោះ ប្រទេស​ថៃ​ដែល​បាន​គាំទ្រ​ពួក​ទ័ព​ព្រៃ​Karen អស់​ជា​ច្រើន​ឆ្នាំ បាន​បែរ​មក​ត្រូវរ៉ូវ​ជាមួយ​របប​ភូមា​វិញ​ ពីព្រោះ​ថៃ​ក៏​ដូច​ភូមា​ដែរ​ជា​សមា​ជិក​របស់​អាស៊ាន​ ហើយ​ពីព្រោះ​ថៃ​ឥឡូវ​ ត្រូវ​ការ​ប្រយោជន៍​សេដ្ឋកិច្ច​ ចៀស​មិន​រួច​ពី​រក​ស៊ី​ជា​មួយ​ប្រទេស​ភូមា​។ និយាយ​បែប​ផ្សេង​ រដ្ឋា​ភិបាល​ទី​ក្រុង​បាងកក​លែង​ត្រូវ​ការ​ពួក​ទ័ព​ព្រៃ​Karen​ ដើម្បី​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​មួយ​នៅ​ចន្លោះ​ប្រទេស​ខ្លួន​និង​ប្រទេស​ភូមា​ទៀត​ហើយ​ តែ​ត្រូវ​ការ​អភិវឌ្ឍន៍​​តំបន់​បណ្តោយ​ព្រំដែន​ដោយ​ទាក់ទង​ផ្ទាល់​ជា​មួយរបបភូមា​។

គឺ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ប្រយោជន៍​សេដ្ឋកិច្ច​នេះ​ហើយ ​ដែល​នៅ​ឆ្នាំ​២០០៥ ភូមា​និង​ថៃ​បាន​យល់​ព្រម​ព្រៀង​គ្នាថា​ នឹង​សាង​សង់​ទំនប់​វារីអគ្គិសនី​ចំនួន​បួន​ នៅ​លើ​ទន្លេSalouen។ ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​ទំនប់វារីអគ្គិសនី​ទាំង​បួន​ ​​ភូមា​មាន​គោលដៅ​នយោបាយ​មួយ​ច្បាស់​ នោះ​គឺ​ពន្លិច​ទៅ​ក្នុង​ទឹក ស្រុក​ភូមិ​កំណើត​ លំនៅឋាន និង​ដំណាំ​ដាំដុះ​របស់​ពួក​Karen។

ពេល​ណា​ទំនប់​ទាំង​បួន​នេះ​ត្រូវ​សាងសង់​រួច​រាល់​ហើយ​ នោះ​ទឹក​ទន្លេ​Salouen​ នឹង​ជន់​ឡើង​ពីររយ​ម៉ែត្រ​យ៉ាង​តិច​ ដែល​ជា​ហេតុ​នឹង​បណ្តាល​ឲ្យ​តំបន់​ពួក​Karen​លិចលង់​អស់​គ្មាន​សល់។ ​នៅ​ពេល​នោះ​ មិន​ត្រឹម​តែ​ទ័ព​ព្រៃ​Karen ​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ត្រូវ​វិនាស​សាបសូន្យ​ ពូជសាសន៍​Karen ​ទាំង​មូល​នឹងអាច​រលត់បាត់បង់។

យ៉ាង​ណា​ក៏​ដោយ តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១​មក របប​ថ្មី​ភូមា​ដែល​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ធេន សេន(Thein Sein) ចង់​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ពួក​ជនជាតិ​ភាគ​តិច។ រដ្ឋ​អំណាច​ស៊ីវិល​នៅ​រដ្ឋធានី​ថ្មី​ណៃពីដ៏(Naypidav) ដែល​ហាក់​ដូច​ជា​កំពុង​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ផ្តើម​បើក​ការចរចា​ជាមួយ​ពួក​ជនជាតិ​ភាគតិច ដោយ​សម្រេច​បាន​កិច្ច​ឈប់​បាញ់​គ្នា​ជាមួយ​ពួក​ជនជាតិ​ភាគតិច​ខ្លះ ដូច​យ៉ាង ជាមួយ​ពួក​Chan និង​ពួក​Mon។

ក៏​ប៉ុន្តែ ដោះស្រាយ​បញ្ហា​ជនជាតិ​ភាគ​តិច មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ពីព្រោះ​រដ្ឋាភិបាល​ភូមា​មិន​អាច​បណ្តោយ​ឲ្យ​ដែន​ដី​ទាំង​អម្បាលម៉ាន​របស់​ពួក​ជន​ជាតិ​ភាគតិច​របូត​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​បាន​ឡើយ។ ទន្ទឹម​នេះ ទីក្រុង​ណៃពីដ៏​ក៏​ដឹង​ច្បាស់​ដែរ​ថា សន្តិភាព​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ បើ​សិន​ជា​នៅ​តែ​គ្មាន​ទេ​នោះ ស្វ័យភាព​ធំ​ទូលំ​ទូលាយ​សម្រាប់​ពួក​ជនជាតិ​ភាគ​តិច។

គ្រោយមកទៀតបន្ទាប់ពីមានបញ្ចប់ការគ្រប់គ្រងរបបយោធាដោយលោកប្រធានាធិបតី ថេន សេន បានចាញ៉ឆ្នោតគណបក្សជាតិប្រជាធិបតេយ្យរបស់លោកស្រី អង់សានស៊ូជី នៅឆ្នាំ២០១៥។ ស្ថានការណ៍នៃការគ្រប់គ្រង និង ការអនុវត្តិទៅលើក្រុមជនជាតិភាគតិចមានភាពល្អប្រសើរឡើង។

ប៉ុន្តែមួយរយៈចុងក្រោយនេះគឺនៅថ្ងៃទី០១ ខែគុម្ភះ មានការធ្វើរដ្ឋប្រហារយោធាមួយបានកើតឡើងដែលដឹកនាំដោយលោកឧត្តមសេន៏យ៍ មាន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទៅលើ និងបានធ្វើការឃុំខ្លួនអ្នកស្រី អង់សានស៊ូជី និង សហការីរបស់លោកស្រីមួយចំនួនទៀត ដោយពួកយោធាបានចោទថាមានការបន្លំសន្លឹកឆ្នោត ការបោះឆ្នោតមិនត្រឹមត្រូវជាដើម។ ជាពិសេសគឺការយកលេស ក្នុងការធ្វើរដ្ឋប្រហារដើម្បីស្ដារស្ថេរភាពនយោបាយ។

ប៉ុន្តែការគ្រប់គ្រងក្នុងរបបយោធានេះ បានធ្វើអោយប្រជាជនជាច្រើនពាន់នាក់បានធ្វើបាតុកម្មជាបន្តបន្ទាប់ រហូតដល់ពួកយោធាបានធ្វើការបាញ់គ្រាប់កាំភ្លើងពិតស្រោចទៅលើហ្វូងបាតុករ ជាហេតុធ្វើអោយមានការស្លាប់កើនឡើងជារៀងរាល់ថ្ងៃ។ ដោយសារតែឃើញប្រជាជនស្លាប់ជារៀងរាល់ថ្ងៃបែបនេះ ក្រុមទាហានព្រៃ ដែលជាទ័ពជនជាតិភាពតិចបានចេញមុខធ្វើការប្រឆាំងនឹងពួកយោធា របស់ លោក មីន អ៊ុងឡាំង នឹងបានធ្វើការដណ្ដើមទីតាំងរបស់ពួកយោធាជាបន្តបន្ទាប់។

ក្រោយមកទៀតក្រុមទាហានព្រៃជនជាតិភាគតិចបានគាំទ្រ និង បានចូលរួមក្នុងការបង្កើតរដ្ឋាភិបាលនិរទេសដែលបង្កើតឡើងពីក្រៅប្រទេសកាលប៉ុន្មានខែមុនមកនេះ។ ដោយសារស្ថានការបែបនេះទើបធ្វើអោយពិភពលោកមានការចាប់អារម្មណ៍កាន់តែច្រើនទៅលើក្រុមទាហានព្រៃ ជនជាតិភាគតិចកាន់តែខ្លាំងឡើងៗ ដូចជាក្រុម កាឈីន ក្រុមការ៉ែន នឹងក្រុមភាគតិចផ្សេងៗទៀតដែលបានចូលរួមជាមួយនឹងចលនានេះ។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.