ប្រវត្តិសាស្រ្តពិភពលោក

មូលហេតុសំខាន់ៗដែលបង្កសង្គ្រាមដ៏យូរលង់ជាប្រវត្តិសាស្ត្ររវាងអ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីន

អធិករណ៍​រវាង​ជនជាតិ ជ្វីហ្វ(Juif) នៅ​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាលេស្ទីន ជា​ទំនាស់​ចាស់​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ។ ឫស​គល់​នៃ​ជម្លោះ​នេះ ចាក់​ជ្រៅ​រហូត​ទៅ​ដល់​បី​ពាន់​ឆ្នាំ​មុន កាល​សម័យ​ដែល​ជនជាតិ អេប្រឺ​(Hébreux) ឬ​ជ្វីហ្វ ក្នុង​រជ្ជកាល​ស្តេច ដាវីត(David) និង​សាឡូម៉ុង​(Salomon) បាន​រស់​នៅ​យ៉ាង​សុខដុម​រមនា​ក្នុង​ដែនដី ប៉ាលេស្ទីន។ ក៏ប៉ុន្តែ​ក្រោយមក ដោយសារ​តែ​ការ​ចូល​ឈ្លានពាន​ពី​សំណាក់​ពួក ពែរ្ស​(Perse) រួច​ហើយ​ពួក រ៉ូម៉ាំង​(Romain) រាជាណាចក្រ​អ៊ីស្រាអែល​បាន​វិនាស​អន្តរាយ។

ពួក​ជនជាតិ​ជ្វីហ្វ​វិញ បាន​បែក​បាក់​ខ្ចាត់ខ្ចាយ និង​បាន​និរទេស​ទៅ​រស់​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុប។ ក៏ប៉ុន្តែ ទោះ​ជា​បាន​ព្រាត់​គ្នា និង​បាន​រស់​នៅ​ឆ្ងាយ​ពី​មាតុភូមិ​រាប់សិប​រយ​ឆ្នាំ​ក្តី ក៏​ពួក​ជ្វីហ្វ​រក្សា​បាន​ជាប់លាប់ ល្អ ត កូន​ត​ចៅ អត្តសញ្ញាណ វប្បធម៌ និង​សាសនា​របស់​ពួក​គេ ដោយសារ​តែ​ច្បាប់​សីលធម៌​ដែល​គេ​ហៅថា តាលមូដ​(Talmud)។

នៅ​សតវត្សរ៍​ទី​១៩ ទ្វីប​អឺរ៉ុប​ទាំង​មូល បាន​ផ្តើម​ពើប​ប្រទះ​នឹង​បាតុភាព​ពីរ។ ទីមួយ គឺ​ការ​លេច​ឡើង​យ៉ាង​ផុសផុល​នៃ​ចលនា​ជាតិ​និយម​ជ្រុល និង​ទីពីរ គឺ​ការ​ស្អប់ខ្ពើម​ពួក​ជ្វីហ្វ ខ្លាំង​ឡើងៗ។ បាតុភាព​ប្រកប​ដោយ​គ្រោះថ្នាក់​ទាំង​ពីរ​នេះ បាន​អង្រួន​ស្មារតី​ជនជាតិ​ជ្វីហ្វ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ឲ្យ​ភ័យ ឲ្យ​ភ្ញាក់​ខ្លួន និង​ឲ្យ​ផ្តើម​មាន​មហិច្ឆតា​នយោបាយ​និង​ទឹកដី។ និយាយ​បែប​ផ្សេង ពួក​ជ្វីហ្វ​បាន​ផ្តើម​មាន​គំនិត​ចង់​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ទឹកដី​ដូនតា​របស់​ពួក​គេ​វិញ ចង់​វិល​ត្រឡប់​ទៅ​កាន់​ប៉ាលេស្ទីន​វិញ។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​នៅ​ចុង​សតវត្សរ៍​ទី​១៩ ជនជាតិ​ជ្វីហ្វ​ម្នាក់​ឈ្មោះ Théodore Herzl បាន​បង្កើត​ចលនា​មួយ​ឡើង គឺ​ចលនា​ស៊ីយ៉ូននិស្ត (Sioniste)។

ស៊ីយ៉ូន​(Sion) ជា​ឈ្មោះ​នៃ​ទួល​មួយ​នៅ​ទីក្រុង​Jérusalem ក្នុង​ដែនដី​ប៉ាលេស្ទីន។ ចលនា​ស៊ីយ៉ូនិស្ត​របស់ Théodore Herzl មាន​គោលដៅ​មួយ​ធំ នោះ​គឺ​ប្រមូលផ្តុំ​ជនជាតិ​ជ្វីហ្វ​មក​ពី​គ្រប់​ទី​កន្លែង រួច​ហើយ​កេណ្ឌ​គ្នា​ទៅ​បង្កើត​ប្រទេស​មួយ​នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។

នៅ​ឆ្នាំ ១៩១៤ មុន​សង្គ្រាម​លោក​លើក​ទីមួយ​បាន​ផ្ទុះ​ឡើង ដោយសារ​តែ​សកម្មភាព​របស់​ចលនា​ស៊ីយ៉ូននិស្ត ចំនួន​ជនជាតិ​ជ្វីហ្វ​ដែល​បាន​ចូល​ទៅ​តាំង​លំនៅឋាន នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន បាន​កើន​ទៅ​ដល់​៨ ៥០០០នាក់។ ក៏​ប៉ុន្តែ គេ​ត្រូវ​រង់​ចាំ​បី​ឆ្នាំ ចាំ​ដល់​ឆ្នាំ១៩១៧ ទើប​ឃើញ​ប្រទេស​ទីមួយ​បង្អស់​ក្នុង​លោក គឺ​ប្រទេស​អង់គ្លេស​ចេញ​មុខ​គាំទ្រ​ជា​ផ្លូវការ ចលនា​ស៊ីយ៉ូននិស្ត​របស់​Théodore Herzl។

កាលណោះ លោក Balfour រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​អង់គ្លេស ដែល​ជា​ប្រទេស​មួយ​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា បាន​ថ្លែង​គាំទ្រ​ឲ្យ​មាន​មណ្ឌល​ជនជាតិ​ជ្វីហ្វ​មួយ នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ ការ​ថ្លែង​បែប​នេះ​របស់​លោក Balfour បាន​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​មែនទែន សម្រាប់​ប្រវត្តិសាស្ត្រ។ ពីព្រោះ​ចាប់ពី​ពេល​នោះ​មក នៅ​ខាង​ប្រជាជន​អារ៉ាប់​ក្នុង​ភូមិភាគ​ដើមបូព៌ា គឺ​ជា​ការ​ផ្តើម​ចង​កំហឹង​ទៅ​លើ​ចក្រភព​អង់គ្លេស និង​ការ​ផ្តើម​តស៊ូ​ខ្ទប់​មិន​ឲ្យ​ពួក​ជ្វីហ្វ ចូល​មក​តាំង​លំនៅឋាន ក្នុង​ទឹកដី​ប៉ាលេស្ទីន។

នៅ​ខាង​ជនជាតិ​ជ្វីហ្វ​វិញ គេ​បាន​ចាត់​ទុក​ថា ការ​ថ្លែង​របស់​លោក Balfour គឺ​ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ មហិច្ឆតា​នយោបាយ​របស់​ចលនា​ស៊ីស្សុននីស្ត។ ពួក​ជ្វីហ្វ បាន​ផ្តើម​មាន​ជំនឿ​ថា ការ​បង្កើត​ប្រទេស​អ៊ីស្រាអែល​មួយ​នៅ​លើ​ដី​ប៉ាលេស្ទីន លែង​ជា​ការ​ស្រមើស្រមៃ​ទៀត​ហើយ គឺ​ជា​សុបិន្ត​ដែល​អាច​នឹង​ក្លាយ​ជា​ការ​ពិត​បាន។

ក្រោយ​ពី​ចប់​សង្គ្រាម​លើក​ទីមួយ​ហើយ សង្គម​ប្រជាជាតិ​(La Société des Nations) ដែល​មាន​តួនាទី​ស្រដៀង​គ្នា​នឹង​អង្គការ​សហ​ប្រជាជាតិ​សព្វ​ថ្ងៃ បាន​ប្រគល់​សិទ្ធិ​ឲ្យ​
ប្រទេស​អង់គ្លេស​និង​ប្រទេស​បារាំង​ចែក​គ្នា​កាន់កាប់​រដ្ឋបាល​នៃ​ភូមិភាគ​ដើមបូព៌ា។ ឧទាហរណ៍ អង់គ្លេស​ជា​អ្នក​គ្រប់គ្រង​ប៉ាលេស្ទីន ឯ​បារាំង​វិញ​ជា​អ្នក​ត្រួតត្រា​លីបង់​និង​ស៊ីរី។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​ពី​ឆ្នាំ​១៩២០ ដល់​ឆ្នាំ​១៩៣៩ ចំនួន​ជនជាតិ​ជ្វីហ្វ​នៅ ប៉ាលេស្ទីន បាន​កើន​ពី ១០០០០០នាក់​ទៅ ៤៧០០០០នាក់។ សូម​ជំរាប​ថា កាល​សម័យ​នោះ​ប្រជាជន​អារ៉ាប់​នៅ​ប៉ាលេស្ទីន មាន​គ្នា​មិន​ដល់ ៦០០០០០នាក់​ល្អ​ផង។ អ៊ីចឹង​ហើយ​បាន​ជា នៅ​ឆ្នាំ​១៩៣៩ នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទីពីរ​ហៀប​នឹង​ផ្ទុះ​ឡើង​ តួអង្គ​សំខាន់ៗ​នៃ​អធិករណ៍​រវាង​ជនជាតិជ្វីហ្វ​និង​ជនជាតិ​អារ៉ាប់ បាន​លេច​ឡើង​ច្បាស់​ក្រឡែត​ហើយ​ជា​ស្រេច។

រួម​មាន បណ្តា​ប្រទេស​មហាអំណាច​ដែល​មក​ពី​ក្រៅ ចលនា​ស៊ីយ៉ូននិស្ត ដែល​បាន​បង្កើត​ទីភ្នាក់ងារ​ជ្វីហ្វ​មួយ​រួច​ស្រេច​នៅ​ប៉ាលេស្ទីន ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន និង​បណ្តា​ប្រទេស​អារ៉ាប់​ជិតខាង​ប៉ាលេស្ទីន។ តួអង្គ​ទាំងអស់​នេះ មាន​គោលដៅ​ខុសៗ​គ្នា។ មហា​អំណាច​មក​ពី​ក្រៅ ចង់​រក្សា​ឥទ្ធិពល​របស់​ខ្លួន នៅ​ក្នុង​ភូមិភាគ​មួយ​ដែល​សម្បូណ៌​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ។ ចលនា​ស៊ីយ៉ូននិស្ត ចង់​បង្កើត​រដ្ឋ​អ៊ីស្រាអែល​មួយ នៅ​ប៉ាលេស្ទីន។ ចំណែក ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន និង​នៅ​បណ្តា​ប្រទេស​ជិតខាង​ប៉ាលេស្ទីន វិញ​ចង់​ខ្ទប់​កុំ​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​កើត​ឡើង​បាន​នៅ​ក្នុង​តំបន់។

ក្រោយ​មក​ទៀត បរិបទ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ បាន​ធ្វើ​ឲ្យ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​មាន​លក្ខណៈ​កាន់​តែ​ចាំបាច់ និង​កាន់​តែ​ចៀស​មិន​រួច​ចំពោះ​ជនជាតិ​ជ្វីហ្វ។ អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ អនុវត្ត​ដោយ​របប​ណាហ្ស៊ី(Nazie) អាល្លឺម៉ង់​របស់ Hitler បាន​ជម្រុញ​ពួក​ជ្វីហ្វ​ច្រើន​ឡើងៗ​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋអាមេរិក ឲ្យ​សម្រេច​ចិត្ត​ចូល​ទៅ​រស់​នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ នៅ​ប៉ាលេស្ទីន ពួក​គេ​ត្រូវ​បាន​ទទួល​ដោយ​ទីភ្នាក់ងារ​ជ្វីហ្វ ដែល​កាល​ណោះ ដឹកនាំ​ដោយ​លោក David Ben Gourion។

អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ​ក៏​បាន​អង្រួន​ស្មារតី​របស់​បណ្តា​ប្រទេស​មហាអំណាច​ឲ្យ​ជួយ​ឈឺឆ្អាល​បុព្វហេតុ​របស់​ពួក​ជ្វីហ្វ​កាន់​តែ​ខ្លាំង​ឡើង​ជួន​ពេល​ជាមួយ​គ្នា​នោះ ពួក​ជ្វីហ្វ និង​ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន ទាស់ទែង​គ្នា ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ អ៊ីចឹង​ហើយ បាន​ជា​ នៅ​ថ្ងៃ​ទី ៨​កុម្ភៈ ឆ្នាំ ១៩៤៧ ប្រទេស​អង់គ្លេស​បាន​ប្រកាស​ទទួល​ស្គាល់​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការរក្សា សណ្តាប់ធ្នាប់​នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន ហើយ​បាន​សម្រេចចិត្ត​បញ្ជូន​សំណុំ​រឿង​ទៅ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ។

នៅ​ទីបំផុត នៅ​ខែ​វិច្ឆិកា​ឆ្នាំ ១៩៤៧ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ពុះ​ដែនដី​ប៉ាលេស្ទីន​ជា​ពីរ៖ មួយ​កំណាត់​ឲ្យ​ទៅ​ពួក​ជ្វីហ្វ និង​មួយ​កំណាត់​ទៀត​ឲ្យ​ទៅ​ពួក​អារ៉ាប់។ ប៉ុន្មាន​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី ១៤​ឧសភា​ឆ្នាំ១៩៤៨ លោក David Ben Gourion ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ជ្វីហ្វ​នៅ​ប៉ាលេស្ទីន និង​ជា​តំណាង​នៃ​ចលនា​ស៊ីយ៉ូនិស្ត បាន​ប្រកាស​ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​រដ្ឋ​អ៊ីស្រាអែល។

ការបង្កើតរដ្ឋអ៊ីស្រាអែល ក្នុងឆ្នាំ១៩៤៨

ទឹកដីអ៊ីស្រាអែល ធ្លាប់ជាដែនដីមួយរបស់ជនជាតិជ្វីហ្វកាលពីសម័យបុរាណ។ ដោយសារតែសង្រ្គាម និងការឈ្លានពានរបស់អាណាចក្រធំៗ ជនជាតិជ្វីហ្វ ត្រូវរស់បែកបាក់ ចំណាកស្រុកទៅប្រទេសផ្សេងៗ ជាពិសេសអឺរ៉ុប។ បន្ទាប់ពីការបែកបាក់ មានតែជនជាតិភាគតិចជ្វីហ្វប៉ុណ្ណោះ ដែលរស់នៅលើដែនដីនោះ និងមានប្រជាជនអារ៉ាប់រស់នៅភាគច្រើន។

តំបន់ដែលមានប្រជាជនជ្វីហ្វរស់នៅ ឬតំបន់នៅចន្លោះសមុទ្រមេឌីទែរ៉ាណេ និងទន្លេហ្ស៊កដានី ត្រូវបានប្រជាជនអារ៉ាប់ហៅថា «ដែនដីប៉ាឡេស្ទីន» ។

ចាប់តាំងពីចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ជនជាតិជ្វីហ្វ ដែលរស់នៅប្រទេសអារ៉ាប់ និងបណ្តាប្រទេសផ្សេងៗ បានចាប់ផ្តើមត្រលប់ចូលមករស់នៅដែនដី ដែលខ្លួនគិតថាជារបស់ខ្លួនពីមុន។ វាអាចមានហេតុផលជាច្រើន ដែលជនជាតិជ្វិហ្វត្រលប់មកវិញ ប៉ុន្តែហេតុផលមួយក្នុងចំណោមនោះ គឺដោយសារតែមនោគមវិជ្ជា Zionism។ Zionism ជាមនោគមន៍វិជ្ជាសាសនា និងនយោបាយ ដែលនាំឱ្យជនជាតិជ្វីហ្វត្រលប់មកដែនដីកំណើតរបស់ខ្លួន ស្របពេលអង់គ្លេសគឺជាម្ចាស់អាណានិគមនៅក្នុងតំបន់នោះ។

ម្យ៉ាងក្នុងឆ្នាំ១៨៩៦ អ្នកកាសែតជនជាតិជ្វីហ្វ-អូទ្រីស លោក Theodor Herzl បានបោះពុម្ពសៀវភៅតូចៗ ដែលនិយាយពីរដ្ឋជ្វីហ្វ។ ក្នុងសៀវភៅនោះ លោក Theodor Herzl បានសង្កត់ធ្ងន់ថា មានតែការបង្កើតរដ្ឋជ្វីហ្វប៉ុណ្ណោះ ទើបការពារជនជាតិជ្វីហ្វពីការប្រឆាំងមកលើជនជាតិមួយនេះ។ ហេតុផលមួយទៀត គឺជនជីហ្វ បានត្រលប់មកពីអឺរ៉ុបជាច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានការកាប់សម្លាប់ពីសំណាក់ក្រុមណាស៊ី ក្នុងសង្រ្គាមលោកលើកទីពីរ។

ក្នុងឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ បានអនុម័ត សេចក្តីសម្រេចលេខ ១៨១ ដែលត្រូវបានស្គាល់ថា ជាគម្រោងពុះច្រៀកទឹកដី (Partition Plan) ដើម្បីបែងចែកទឹកដីសម្រាប់ជនជាតិជ្វីហ្វ និងអារ៉ាប់។ ប៉ុន្តែការបែងចែកនេះ ត្រូវបានជនជាតិប៉ាឡេស្ទីនបដិសេធ ដោយសំអាងថាជាទឹកដីរបស់គេ។ ក្នុងអំឡុងពេល UN អនុម័តច្បាប់នោះ ជនជាតិជ្វីហ្វ បានកាន់កាប់ទឹកដីមួយផ្នែក នៅតំបន់ប៉ាឡេស្ទីនរួចទៅហើយ។

ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ ជនជាតិជ្វីហ្វ បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលឡើង បើទោះមានការជំទាស់ពីជនជាតិប៉ាឡេស្ទីន និងជនជាតិផ្សេងទៀតក៏ដោយ។ ក្នុងពេលនេះ អង់គ្លេស ក៏បានដកទ័ពចេញពីដែនដីប៉ាឡេស្ទីនផងដែរ។

មួយថ្ងៃបន្ទាប់ពីប្រកាសរដ្ឋអ៊ីស្រាអែល អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី លីបង់ និងអ៊ីរ៉ាក់ បានវាយមកលើអ៊ីស្រាអែល។ សង្រ្គាមរវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល បានបិទបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៤៩ ដោយបទឈប់បាញ់។ ក្នុងសង្រ្គាមនេះ អ៊ីស្រាអែលបានគ្រប់គ្រងដែនដីមួយភាគធំ ខណៈពេលហ្ស៊កដានី គ្រប់គ្រងតំបន់ត្រើយខាងលិច (West Bank) និងអេហ្ស៊ីបគ្រប់គ្រងតំបន់កាហ្សា។ ចំណែកទីក្រុងហ៊េរុយសាឡិម ត្រូវបែងចែកជាពីរ ដោយហ៊េរុយសាឡិមខាងលិច គ្រប់គ្រងដោយអ៊ីស្រាអែល និងក្រុងហ៊េរុយសាឡិមខាងកើតគ្រប់គ្រងដោយកងទ័ពរបស់ហ្ស៊កដានី។ សង្រ្គាមនៅចន្លោះឆ្នាំ១៩៤៨ ដល់ឆ្នាំ ១៩៤៩ ត្រូវបានស្គាល់ថា សង្រ្គាមអារ៉ាប់-អ៊ីស្រាអែលលើកទី១។

ក្នុងឆ្នាំ១៩៥៦ វិបត្តិព្រែកជីកស៊ុយអេ ក៏បានផ្ទុះឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលរួមជាមួយ បារាំង និងអង់គ្លេសផងដែរ។ វិបត្តិព្រែកជីកនេះ ត្រូវបានដាក់ឈ្មោះថា សង្រ្គាមអ៊ីស្រាអែល-អារ៉ាប់លើកទី២។ បន្ទាប់ពីអ៊ីស្រាអែលឈ្លានពានឧបទ្វីបស៊ីណៃ អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកពីអ៊ីស្រាអែល។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.