
ឥឡូវនេះ សម្ភាសន៍បានក្លាយជាអតីតកាល រឿងដែលមានសារៈសំខាន់គឺការសម្រេចចិត្តថា ពេលចូលដល់ក្រុមហ៊ុននេះភ្លាម អ្នកណាក៏ចង់ធ្វើឲ្យមានការចាប់អារម្មណ៍លើខ្លួនដែលជាបុគ្គលិកថ្មី លើគ្រប់ជំហានទាំងអស់ មិនថារបៀបឬវិន័យក្នុងការធ្វើការងារ ចរិតលក្ខណៈ និងមធ្យោបាយទំនាក់ទំនង ហើយដែលធំចុងក្រោយគឺលទ្ធផលការងារ ។ជាធម្មតានឹងមានការហៅតាមទូរស័ព្ទ ឬសារជាសំឡេងដើម្បីទៅជួបពេលជាប់ភ្លាម។ ចូរធ្វើរឿងទំាងនេះដោយប្រុងប្រយ័ត្ន៖
១) ជាមួយធនធានមនុស្ស
នៅពេលទៅប្រជុំជជែកគ្នា យើងគប្បីតែសួរនាំដំបូង អំពីបទបរិយាយការងារឲ្យបានច្បាស់លាស់ JD Job Description ។ ការសួរអំពីលុយភ្លាមៗ ជារឿងមិនសមរម្យហើយបង្ហាញថាយើងធ្វើការព្រោះលុយមិនមែនព្រោះសមត្ថភាពសមជាមួយការងារទេ។ ពិតណាស់ អ្នកណាក៏រកការងារព្រោះលុយដែរ តែយើងចាំបាច់ត្រូវដឹងអំពីថា តើកម្រិតសុចនាករនៃលទ្ធផលដែលគេចង់បានក្នុងពេលសាកល្បង (Indicator )ឧទាហរណ៍ គេចង់ឲ្យយើងលក់បានប៉ុន្មានផលិតផល សរសេរប៉ុន្មានអត្ថបទក្នុងមួយខែ ហើយពេលវេលាសាកល្បងមានប៉ុន្មានខែ បានលទ្ធផលបែបណាទើបជាប់ជាបុគ្គលិកពេញសិទ្ធិ។ល។
គួរសុំបទបញ្ជាផ្ទៃក្នុងមើល ឱ្យដឹងពីតម្រូវការម៉ោងពេល ការស្លៀកពាក់និងអ្វីផ្សេងៗទៀតដែលបុគ្គលិកត្រូវអនុវត្តតាម។ ព័ត៌មានអំពីប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗត្រូវសួរនាំ វាជារឿងធម្មតាកុំខ្មាសអៀនកុំរារែក។ ត្រូវប្រាកដថាអ្វីគ្រប់យ៉ាងជាលាយលក្ខណ៍អក្សរ។
បន្ទាប់ពីមកផ្ទះវិញ សូមផ្ញើអ៊ីមែលឲ្យពួកគេក្នុងរយៈពេល២៤ម៉ោងដដែល ដើម្បីជាការថ្លែងអំណរគុណពួកគេហើយបញ្ជាក់ថា យើងមានក្ដីរំភើបចិត្តដែលបានជោគជ័យជាមួយកិច្ចសម្ភាសន៍ការងារនោះ ។
ប្រសិនបើកំពុងនិយាយទូរស័ព្ទផ្ទាល់ជាមួយពួកគេគួរចេះ និយាយពាក្យអរគុណដោយសុទ្ធចិត្ត មិនថាតួនាទីដែលខ្លួននឹងចូលទៅកាន់នោះធំប៉ុណ្ណាតែភាពដាក់ខ្លួន និងរួសរាយ ធ្វើឲ្យភាគីដែលមានចំណែកក្នុងការផ្ដល់ការងារឲ្យយើង ទទួលបានអារម្មណ៍តបស្នង។
២) ថ្ងៃចូលដំបូង
ត្រូវដឹងថាអ្នកណាជាមេកោយរបស់យើង? ជាអ្នកដែលដាក់ការងារផ្ទាល់ឲ្យយើង និងជាអ្នកដែលអាចគំាទ្រពេលយើងត្រូវការជំនួយ។ កុំឲ្យសោះការយកចិត្តយកថ្លើមហួសហេតុ ដែលអ្នកនឹងក្លាយជាបុគ្គលិកអែបអបក្នុងកែវភ្នែកអ្នកដទៃតាំងពីថ្ងៃដំបូង។ គួរដើរសួរនាំស្គាល់មិត្តរួមការងារ ហើយបើអាច ចាប់ផ្ដើមញាំបាយជុំជាមួយពួកគេ។
ទំនាក់ទំនងនៅកន្លែងធ្វើការ ជាផ្នែកដ៏សំខាន់មួយនៃជោគជ័យរបស់អ្នក។ កុំទម្លាប់មានល្បិចល្បងនិងឆ្មើងឆ្មៃតំាងពីថ្ងៃដំបូង។ សម្រាប់ឋានៈអ្វីក៏ដោយ ថ្ងៃដំបូងនេះ យើងស្គាល់ក្រុមហ៊ុនមិនទាន់ច្បាស់ស្មើអ្នកបោសសម្អាតម្នាក់ផង។
៣) កុំបង្អង់យូរ
លទ្ធផលការងាររាប់តាំងពីថ្ងៃទីមួយ។ កុំនិយាយថា យើងទើបនឹងចូល។ ប្រាក់ខែ គិតចាប់ពីពេលណា ការងារត្រូវសម្រួចតំាងពីពេលនោះ។ កន្លែងខ្លះ គេទុកមួយខែឲ្យយើងសិក្សាដោយខ្លួនឯង កន្លែងខ្លះទៀត គេរើសយើងមកព្រោះខ្វះបុគ្គលិកខ្លាំង គេមានពេលវេលាឯណារង់ចាំយើងដែលនៅដំអក់។ អ្នកខ្លះត្រូវចូលសមរភូមិក្តៅ តាំងពីថ្ងៃដំបូង។ ចូរកុំរុញរា។
វាជាមេរៀនអនុវត្ត វាជាអ្វីដែលយើងបានព្យាយាមច្រើនដងដើម្បីបានទទួលវា ដូច្នេះកុំទាន់កំណត់ចាញ់ឈ្នះព្រោះឧបសគ្គដំបូងៗ រឿងដែលត្រូវធ្វើគឺត្រូវខំទំាងយប់ថ្ងៃ ដើម្បីស្វែងយល់និងបង្ហាញលទ្ធផលដល់អ្នកដែលខំជ្រើសយកយើង៕