
ទីបំផុត អតីតបុរសខ្លាំងម្នាក់នៃប្រទេសហ្ស៊ីមបាវេ ដែលប្រាថ្នាកាន់អំណាចអស់មួយជីវិតគឺមិនបានសម្រេចដូចប្រាថ្នាត្រូវបានរាយការណ៍មកថាបានទទួលមរណភាពក្នុងវ័យចាស់ជរា៩៥ឆ្នាំ។បុរសនេះគឺលោក រ៉ូបឺត មូហ្កេបេ អតីតប្រធានាធិបតីហ្ស៊ីមបាវេ ដែលត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់នៅពេលលោកមានអាយុ៩៣ឆ្នាំ។
បុរសស្បែកខ្មៅនេះតែងតែលើកឡើងនៅគ្រប់វេទិកាទាំងអស់គឺជាមនុស្សដែលចាត់ទុកខ្លួនឯងថាដូចជាអទិទេពហើយសឹងតែជីវិតអមតៈ។យ៉ាងណាក៏ដោយបុរសម្នាក់នេះបានផ្ដាំផ្ញើមុនស្លាប់គឺសូមកុំយកសពលោកកប់ជាមួយនឹងផ្នូវវីរជនគឺកប់នៅភូមិកំណើតរបស់លោកជាប់នឹងផ្នូរម្ដាយរបស់លោកដែលលោកថា លោកជាកូនកសិករស្លាប់ទៅវិញគឺកប់ទៅវិញនៅលើដីកសិករ។
អតីតប្រធានាធិបតី ហ្ស៊ីមបាវេ លោក មូហ្កាបេ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ២០១៩ នៅឯមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី។លោកមូហ្កាបេធ្លាប់ប្រកាសថាលោកនឹងរស់ដល់អាយុជាង១០០ឆ្នាំ ខណៈលោកបារម្ភខ្លាចពលរដ្ឋហៅខ្លួនថាលោកជាជនក្បត់ជាតិ។
បើតាមប្រភពរបស់គ្រួសារលោក មូហ្កាបេ និង ប្រធានាធិបតី ម៉ាណាន់កាហ្វា អតីតប្រធានាធិបតីរូបនេះ បានចាកចេញពីប្រទេសកំណើតទៅព្យាបាលជំងឺនៅសិង្ហបុរី អស់រយៈពេលប្រមាណ៣ខែមកហើយ។
ការធ្វើរដ្ឋប្រហារទម្លាក់លោក មូហ្គាបេពីអំណាច
លោកមូហ្កាបេកើតនៅថ្ងៃទី២១ កុម្ភៈឆ្នាំ១៩២៤នៅក្នុងគ្រួសារកសិករមួយនៃភាគខាងត្បូងប្រទេស ដែលមានបងប្អូន៦នាក់។ក្នុងឆ្នាំ១៩៨០ ជីវិតនយោបាយដ៏ខ្ពង់ខ្ពស់ក្នុងនាមជានាយករដ្ឋមន្រ្ដីប្រទេសត្រូវបានក្ដាប់យកដោយរូបលោក។
នៅក្នុងឆ្នាំ២០១៧លោកមូហ្កាបេត្រូវបានទាញទម្លាក់ពីអំណាចក្រោយពីរយៈពេលជិត៤០ឆ្នាំប្រទេសហ្ស៊ីមបាវេស្ថិតនៅក្រោមការក្ដោបក្ដាប់តែពីគណបក្សរបស់លោក ហ្សូនូ ភីអេហ្វ និងរូបលោកតែប៉ុណ្ណោះ។
កាលណាគេរំឮកពីប្រទេសហ្សិមបាបវ៉េ គេត្រូវគិតទៅរក លោក Robert Mugabe ដែលបានកាន់តំណែងបានជិត៤០ឆ្នាំ។ បុរសវ័យ ៩៥ឆ្នាំរូបនេះកាន់កាប់ប្រទេស ក្រោមល្មម់នៃសន្តិភាពដោយសារប្រទេសក្រីក្រតូចមួយនេះធ្លាប់ធ្លាក់ក្នុងសង្គ្រាម ជិត៣០ឆ្នាំ។គួរឱ្យដឹងថា លោក Mugabe ឡើងកាន់អំណាច តាំងពីឆ្នាំ១៩៨៧។
ជាងនេះទៅទៀត លោក មូហ្កាបេមិនខ្លាចនឹងប្រាប់ពលរដ្ឋខ្លួនថា លោកចង់ក្រាញនឹងអំណាចរហូតដល់អស់មួយជីវិតរបស់លោក ហើយលោកមិនចង់លឺឡើយនរណាថាលោកជនមេដឹកនាំក្បត់ជាតិ។តែកាលពីថ្ងៃទី១៥វិច្ឆិកា២០១៧ ពួកយោធារបស់ហ្ស៊ីមបាវេ បានឃុំខ្លួនលោកនៅផ្ទះហើយបួនថ្ងៃបន្ទាប់ប្រធានាធិបតេយ្យថ្មី ឈ្មោះថា អេមមឺសុន ម៉ាណាន់កាហ្វាត្រូវបានបន្ដុបឡើងកាន់អំណាចជំនួសលោក។
លោកមូហ្កាបេ ដំបូងឡើយក្រោយត្រូវបានឃុំខ្លួននៅគេហដ្ឋាន និងចាប់បង្ខំឱ្យចុះចេញពីតំណែង ហើយលោកបានប្រកែកជាដាច់ខាតលុះដល់ថ្ងៃទី២១សីហាសភាមូហ្កាបេបានជម្រាបសាធារណថា លោកយល់ព្រមចុះចេញពីតំណែងហើយ។
គេបានដឹងថា គឺមានការចរចាសម្រាប់រូបលោក ដែលនោះគឺរូបលោកសុំឱ្យមានការការពារខ្លួនលោកនិងគ្រួសារអំពីការប្រឈមនិងហិង្សាឬការកាត់ទោសលោកនៅថ្ងៃអនាគតនិងរួមទាំងរក្សាការពារប្រយោជន៍ជំនួញរបស់លោក។
មេហ្កាបូ ពីវីរជន ក្លាយជាមេដឹកនាំផ្ដាច់ការ
បញ្ញវន្ដបីសញាបត្រផ្នែកសេដ្ឋកិច្ច អប់រំ និងច្បាប់ ដែលត្រូវបានពលរដ្ឋខ្លួនសាទរចំពោះការរើបំរះចេញពីអាណានិគមនិយមរបស់ប្រទេសអង់គ្លេសដែលគេផ្អើលហៅថាជាវីរជននៃជនបដិវត្តន៍ដ៏អង់អាចហានក្លា ទីបំផុតបែរជាធ្វើឱ្យពលរដ្ឋហៅពេញមាត់ថាជាមេដឹកនាំផ្ដាច់ការទៅវិញ។តែលោកបានហៅក្រុមដែលដឹកនាំរដ្ឋប្រហារអំណាចរបស់លោកក្នុងខែសីហាឆ្នាំ២០១៧ថា ជាក្រុមក្បត់ជាតិ ខណៈលោកត្រូវបានមជ្ឈដ្ឋានមើលឃើញថា ជិះជាន់សង្កត់សង្កិនសិទ្ធិសេរីភាពពលរដ្ឋខ្លួន រឹបអូសដីធ្លីពលរដ្ឋប្រមាណ៤០០០គ្រួសារ ដោយពួកយោធាធ្វើឱ្យពលរដ្ឋខ្លួន៧៥០ពាន់ក្លាយជាជនអនាថាឥតជម្រគ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដែលរីកចម្រើនបានដាំក្បាលចុះព្រោះវិបត្តិអតិផរណា ក្រោយ៩០ភាគរយដោយរកឃើញថាពលរដ្ឋខ្លួនរស់នៅក្នុងសេដ្ឋកិច្ចក្រោមប្រព័ន្ធមួយគឺភាពក្រីក្រ ។
កាលនៅដឹកនាំអំណាចលោកមូហ្កាបេ ម្នាក់ឯងដើរតួជាប្រធានាធិបតីផង ជានាយករដ្ឋមន្រ្ដីផងនៃ របបដឹកនាំសាធារណរដ្ឋ រហូតធ្វើឱ្យប្រជាពលរដ្ឋហ្ស៊ីមបាវេ ថា ពួកគេមិនចង់ឃើញលោកមូហ្កេបាតាមបន្លាចហ្ស៊ីមបាវេដល់ឆ្នាំណាទៀតនោះឡើយ។
នៅក្នុងរបបដឹកនាំរបស់លោក មូហ្កាបេ មជ្ឈដ្ឋានមើលឃើញថា ហ្ស៊ីមបាវេ មានទំនាក់ទំនងល្អតែបំផុតជាមួយនឹងប្រទេសចិននោះទេ។ លោក មូហ្កាបេ គ្រួសារ និង បក្សពួករបស់ខ្លួនត្រូវបានរដ្ឋាភិបាលថ្មីរបស់លោកម៉ាណាកាវ៉ា រកឃើញថាបានកិបកេងលុយរដ្ឋរាប់លានដុល្លារ ទៅផ្ញើនៅធនាគារបរទេស ដែលនាំលោក និង បក្សពួក មិនអាចជៀសផុតអំពីសំណាញ់ច្បាប់បានឡើយ។
បណ្ដាំចុងក្រោយរបស់លោកមូហ្កាបេ
ពីមន្ទីរពេទ្យនៅឯប្រទេសសិង្ហបុរីដែលលោកមូហ្កាបេបានផ្ញើជីវិតចុងក្រោយលើទឹកដីអាស៊ីនេះ ។លោកមូហ្កាបេបានប្រាប់គ្រួសាររបស់លោកឱ្យរក្សាសពនៅក្បែរផ្នូរម្ដាយរបស់លោកនាស្រុកកំណើត។ លោកផ្ដាំថាបើថ្ងៃនោះមកដល់គឺលោកមិនអោយគណបក្សZanu PFរៀបចំយកសពទៅកប់នៅឯវិមានវីរជនដូចអតីតប្រធានាធិបតីណាមួយៗមុនៗនោះទេ ព្រោះលោកខ្លាចគេថាលោកជាជនក្បត់ជាតិ។លោកបានសរសេរនៅក្នុង បណ្ដាំរបស់លោកទៀតថា ក្នុងនាមលោកកើតមកជាកូនកសិករលោកចង់ស្លាប់វិញត្រឹមជាកសិករតែប៉ុណ្ណោះ៕