
រាជានិយមនៅថៃ គឺជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ពោលគឺ តាមច្បាប់ ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាចនោះទេ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ គេសង្កេតឃើញថា នៅក្នុងការអនុវត្តជាក់ស្តែងនាពេលកន្លងមក ព្រះមហាក្សត្រចាស់ គឺព្រះចៅ ភូមិផុន អាឌុនយ៉ាដេត គឺជាព្រះមហាក្សត្រដែលទទួលបាននូវការគោរពយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ប្រជាជនថៃ ហើយក៏ជាអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងផងដែរ នៅក្នុងឆាកនយោបាយ។ សំណួរចោទឡើងថា តើនៅក្រោមរជ្ជកាលព្រះមហាក្សត្រថ្មី គឺព្រះចៅ មហា វជិរ៉ាឡុងកន ដែលទើបនឹងឡើងគ្រងរាជ្យប៉ុន្មានឆ្នាំមកនេះ ឥទ្ធិពលនៃរាជានិយមថៃអាចនឹងទៅជាយ៉ាងណា ?
នៅថៃ ក៏ដូចជានៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតដែរ ដែលប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមច្បាប់ ព្រះមហាក្សត្រគ្រងរាជ្យ តែមិនមានអំណាចនោះទេ។ ក៏ប៉ុន្តែ បើនៅក្នុងការអនុវត្តជាក់ស្តែង ព្រះមហាក្សត្រចាស់ គឺព្រះចៅ ភូមិផុន អាឌុនយ៉ាដេត មានអំណាច និងឥទ្ធិពលខ្លាំង ទាំងនៅក្នុងចំណោមប្រជាជនទូទៅ និងទាំងនៅក្នុងឆាកនយោបាយ អំណាច និងឥទ្ធិពលនេះ គឺកើតចេញពីតួអង្គព្រះមហាក្សត្រជាលក្ខណៈបុគ្គល ច្រើនជាងពីស្ថាប័នព្រះមហាក្សត្រ។
ដូច្នេះ នៅពេលមានការផ្លាស់ប្តូរព្រះមហាក្សត្រ អំណាច និងឥទ្ធិពលនេះ ក៏មិនប្រាកដថានឹងត្រូវផ្ទេរដោយស្វ័យប្រវត្តិទៅព្រះមហាក្សត្រថ្មីនោះដែរ។ អ្វីៗវាអាស្រ័យច្រើនទៅលើតួអង្គព្រះមហាក្សត្រថ្មី គឺព្រះចៅ មហា វជិរ៉ាឡុងកន ដោយខ្លួនព្រះអង្គផ្ទាល់។
បើគេមើលទៅលើបទពិសោធន៍ពីពេលកន្លងមក ការណ៍ដែលព្រះចៅ ភូមិផុន អាឌុនយ៉ាដេត មានអំណាច និងឥទ្ធិពលខ្លាំង នៅក្នុងឆាកនយោបាយ គឺដោយសារតែកត្តាដ៏ចម្បងចំនួនពីរ។ ទីមួយ គឺការគោរពស្រឡាញ់ពីសំណាក់ប្រជាជនថៃជាទូទៅ និងទីពីរ គឺទំនាក់ទំនងជាមួយនឹងកងទ័ព។
គេមិនត្រូវភ្លេចទេថា ចាប់តាំងពីក្រោយបដិវត្តន៍ផ្តួលរំលំរបបរាជានិយមផ្តាច់ការ កាលពីឆ្នាំ១៩៣២មក ថៃមិនដែលបានចាកចេញទាំងស្រុងពីរបបយោធានោះទេ។ ថ្វីដ្បិតតែពេលខ្លះថៃមានការបោះឆ្នោត ហើយមានរដ្ឋាភិបាលស៊ីវិល ក៏ប៉ុន្តែ កងទ័ពនៅតែជាតួអង្គដ៏សំខាន់នៅក្នុងឆាកនយោបាយ ហើយភាគច្រើន អំណាចទ័ពនៅថៃមិនស្ថិតក្រោមការគ្រប់គ្រងពេញលេញដោយរដ្ឋាភិបាលស៊ីវិលនោះទេ។ ហេតុដូច្នេះហើយបានជាគេតែងតែឃើញមានរដ្ឋប្រហារជាញឹកញាប់ នៅក្នុងប្រទេសថៃ ហើយភាគច្រើនជារដ្ឋប្រហារ ដែលគ្មានការបង្ហូរឈាម។
នៅក្នុងបរិបទនយោបាយដ៏ពិសេសនេះ គេសង្កេតឃើញថា ទំនាក់ទំនង រវាងព្រះមហាក្សត្រ និងកងទ័ព វាគឺជាគន្លឹះដ៏សំខាន់មួយ នៅក្នុងការរក្សាស្ថិរភាពនៃអំណាច និងរបបរាជានិយម ហើយតាមពិតទៅ ស្ថាប័នទាំងពីរនេះតែងតែត្រូវការគ្នា និងបង្រ្គប់គ្នាទៅវិញទៅមក។ ព្រះមហាក្សត្រត្រូវការការគាំទ្រពីសំណាក់កងទ័ព ដែលជាអ្នកកាន់អាវុធ ចំណែកឯកងទ័ពវិញត្រូវការព្រះមហាក្សត្រ ដែលមានការគោរពស្រឡាញ់ពីប្រជារាស្ត្រ។
សម្រាប់ព្រះមហាក្សត្រថ្មីវិញ គឺព្រះចៅ មហា វជិរ៉ាឡុងកន គេសង្កេតឃើញថា ចាប់តាំងពីព្រះអង្គបានឡើងគ្រងរាជ្យជំនួសព្រះបិតាមក ព្រះអង្គបានចាប់ផ្តើមធ្វើសកម្មភាពជាច្រើនរួចទៅហើយ ដែលបង្ហាញពីការព្យាយាមពង្រឹងអំណាចរបស់ព្រះអង្គ។
នៅក្នុងព្រះបរមរាជវាំង សម្តេចចៅហ្វាវាំងដែលសល់ពីព្រះបិតារបស់ព្រះអង្គត្រូវបានដកចេញ។ ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រដែលមានតម្លៃជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ ហើយដែលពីមុនធ្លាប់តែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងហិរញ្ញវត្ថុនោះ ក៏ត្រូវបានព្រះចៅ មហា វជិរ៉ាឡុងកន ដកយកមកគ្រប់គ្រងដោយខ្លួនឯងវិញ។ ចំណែកឯបញ្ជាការដ្ឋាននៃកងអង្គរក្សព្រះមហាក្សត្រក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាក្សត្រិយ៍ សុធីតា ដែលព្រះចៅ មហា វជិរ៉ាឡុងកន ទើបនឹងរៀបអភិសេកជាអគ្គមហេសីជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុនពិធីឡើងគ្រងរាជ្យ។
រដ្ឋធម្មនុញ្ញដែលរបបសឹកបានតាក់តែងឡើង ហើយដែលត្រូវបានបោះឆ្នោតអនុម័ត នៅក្នុងការបោះឆ្នោតប្រជាមតិរួចទៅហើយនោះ ត្រូវបានព្រះមហាក្សត្រទាមទារឲ្យធ្វើការកែប្រែចំណុចមួយចំនួនជាមុនសិន ទើបព្រះអង្គឡាយព្រះហស្ថលេខា។
សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលកន្លងមកជាស្ថាប័នដ៏មានឥទ្ធិពលមួយនោះ ក៏ត្រូវបានព្រះមហាក្សត្រថ្មីធ្វើការរុះរើ ដោយសមាជិកចាស់មួយចំនួនត្រូវដកចេញ ហើយដាក់សមាជិកថ្មី ដែលជាមនុស្សស្និទ្ធនឹងព្រះអង្គ។ ជាពិសេស ជាងនេះទៅទៀត ឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណុន ដែលគេស្គាល់ថាជាបុគ្គលដ៏មានឥទ្ធិពល ហើយដែលមានទំនាក់ទំនងជិតស្និទ្ធនឹងមេដឹកនាំរបបសឹកបច្ចុប្បន្ននេះ ថ្វីដ្បិតតែនៅបន្តកាន់តំណែងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏ប៉ុន្តែ លែងមានអំណាចដូចពីមុន ជាពិសេស គឺលែងមានអំណាចធ្វើជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រអវត្តមាន។
ក៏ប៉ុន្តែ បើទោះបីជាព្រះមហាក្សត្រថ្មីបានចាត់វិធានការច្រើន ក្នុងការពង្រឹងអំណាចរបស់ព្រះអង្គយ៉ាងនេះក៏ដោយ បញ្ហានៅតែអាចចោទឡើង ទាក់ទងនឹងទំហំនៃការគាំទ្រពីសំណាក់ប្រជារាស្រ្ត។
ជាការពិតណាស់ ប្រជាជនថៃអាចនៅមានចំនួនច្រើន ដែលធ្វើទៅតាមទំនៀមទម្លាប់ ដោយនៅតែបន្តគោរពស្រឡាញ់ព្រះមហាក្សត្រ ដោយមិនសូវខ្វល់ថាតើអ្នកណាជាអ្នកគ្រងរាជ្យ។ ក៏ប៉ុន្តែ បើគេពិនិត្យមើលទៅលើបញ្ហាចម្រូងចម្រាសច្រើន ដែលកើតមានជុំវិញដំណើរជីវិតឯកជនរបស់ព្រះបាទ មហា វជិរ៉ាឡុងកន កាលពីពេលកន្លងមក វាមិនមែនជារឿងដែលមិនសមហេតុផលនោះទេ ដែលគេចោទសួរ ជុំវិញទំហំនៃការគាំទ្ររបស់ប្រជារាស្រ្តចំពោះព្រះមហាក្សត្រថ្មី។
នៅពេលដែលទំហំនៃកម្លាំងគាំទ្រពីសំណាក់ប្រជារាស្រ្តស្ថិតនៅក្នុងភាពមិនច្បាស់លាស់ វាប្រាកដជានឹងត្រូវចោទជាសំណួរមួយទៀតថា តើព្រះចៅ មហា វជិរ៉ាឡុងកន អាចនឹងរក្សាតុល្យភាពអំណាចជាមួយនឹងកងទ័ពបានត្រឹមកម្រិតណា? ហើយនេះ គឺជាកត្តាដ៏ចម្បងនៅក្នុងការកំណត់អំពីឥទ្ធិពលរបស់ព្រះមហាក្សត្រនៅក្នុងឆាកនយោបាយថៃទៅថ្ងៃអនាគត៕