ប្រវត្តិសាស្រ្តពិភពលោក

ការផ្ដួលរំលំរបបរាជានិយម ស្ដេចត្សារក្នុងប្រទេសរុស្សនាឆ្នាំ១៩១៧

បដិវត្តន៍រុស្ស៊ី នៅឆ្នាំ១៩១៧ មិនមែនមានតែមួយទេ តែមានរហូតដល់ទៅពីរ គឺបដិវត្តន៍ខែកុម្ភៈ និងបដិវត្តន៍ខែតុលា។ មូលហេតុដែលនាំឲ្យមានបដិវត្តន៍នេះ កើតចេញពីនយោបាយក្នុងស្រុករបស់រុស្ស៊ីផង និងពីសង្រ្គាមលោកលើកទី១ផង។ នៅឆ្នាំ១៩១៧ រុស្ស៊ី គឺជាអាណាចក្រ ដែលមានដែនដីយ៉ាងធំល្វឹងល្វើយ លាតសន្ធឹងពីប៉ូឡូញ រហូតទៅដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ហើយមានប្រជាជនរហូតដល់ទៅប្រមាណជាង ១៨០លាននាក់ ដែលមានសាសនា ភាសា និងវប្បធម៌លាយចម្រុះគ្នា ដែលបង្កជាបញ្ហាស្មុគស្មាញក្នុងការគ្រប់គ្រង។

លើសពីនេះទៅទៀត ប្រជាជនរុស្ស៊ីភាគច្រើន គឺជាកសិករ និងកម្មករក្រីក្រ ហើយមិនសប្បាយចិត្តនឹងនយោបាយសេដ្ឋកិច្ច ព្រមទាំងរបៀបដឹកនាំតាមបែបផ្តាច់ការរបស់ស្តេចត្សារ៍ នីកូឡា ទី២។ បន្ថែមពីលើបញ្ហាដែលមានស្រាប់ សង្រ្គាមលោកលើកទី១ គឺជាកត្តាដ៏សំខាន់មួយទៀត ដែលជំរុញឲ្យចលនាប្រឆាំងនឹងស្តេចត្សារ៍ កាន់តែមានសន្ទុះខ្លាំងឡើង។ សង្រ្គាមបានធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះដុនដាបកាន់តែខ្លាំង។

យុវជនក្មេងៗ ដែលពេញកម្លាំងធ្វើការ ត្រូវរដ្ឋាភិបាលកេណ្ឌយកទៅធ្វើទាហាន ដោយក្នុងចំណោមនោះ មានប្រមាណជា ២លាននាក់ត្រូវបាត់បង់ជីវិត ហើយប្រមាណពី ៣លាន ទៅ៤លាននាក់ត្រូវរងរបួស។ ប្រជាជនរុស្ស៊ីភាគច្រើនបានទម្លាក់កំហុសទៅលើស្តេចត្សារ៍ថាជាអ្នក នាំរុស្ស៊ីឲ្យចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមដ៏មហន្តរាយនេះ។ ចលនាប្រឆាំងនឹងស្តេចត្សារ៍ក៏ចាប់ផ្តើមផ្ទុះឡើង ជាពិសេស គឺការចាប់រីកដុះដាលនៃចលនាកុម្មុយនិស្ត នៅក្នុងចំណោមកម្មករ។

នៅដើមឆ្នាំ១៩១៧ កម្មករនៅតាមបណ្តារោងចក្រ ក្នុងរាជធានីប៉េត្រូហ្ក្រាដ (បច្ចុប្បន្ន គឺទីក្រុង Saint Petersbourg) បាននាំគ្នាធ្វើកូដកម្ម និងបាតុកម្មជាបន្តបន្ទាប់។ ហើយនៅថ្ងៃទី៨មីនា ឆ្នាំ១៩១៧ (បើគិតតាមប្រតិទិនរុស្ស៊ី គឺថ្ងៃទី២៣កុម្ភៈ) ពិធីជួបជុំ ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ក៏បានក្លាយទៅជាបាតុកម្មប្រឆាំងនឹងស្តេចត្សារ៍។

See the source image

បាតុកម្មនេះត្រូវទទួលរងនូវការបង្រ្កាបពីសំណាក់ប៉ូលិស ក៏ប៉ុន្តែ ការបង្រ្កាបនេះមិនបានធ្វើឲ្យចលនាប្រឆាំងត្រូវថមថយនោះទេ តែផ្ទុយទៅវិញ មានតែកើនឡើងកាន់តែខ្លាំង រហូតរាលដាលទៅជាចលនាបះបោរកាន់តែធំ ដោយមានការចូលរួមពីសំណាក់មហាជនពីគ្រប់ស្រទាប់ ដែលក្នុងនោះ ក៏រួមមានទាំងគ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតផងដែរ។

ប្រឈមមុខនឹងចលនាបះបោរនេះ នៅថ្ងៃទី១១មីនា ស្តេចត្សារ៍បានចេញបញ្ជាឲ្យកងទ័ពចេញធ្វើប្រតិបត្តិការជំនួស ប៉ូលិស ដើម្បីបង្រ្កាបបាតុកម្មប្រឆាំង។ ទាហានមួយចំនួនបាននាំគ្នាចេញបង្រ្កាបបាតុករតាមបញ្ជា ក៏ប៉ុន្តែ ទាហានមួយផ្នែកធំមិនស្តាប់បញ្ជា ហើយបាននាំគ្នាផ្តាច់ខ្លួនទៅចុះចូលជាមួយក្រុមបះបោរ។

នៅថ្ងៃទី១២មីនា កងទ័ព និងកម្មករក៏បានរួមគ្នា បង្កើតឡើងវិញ នូវក្រុមប្រឹក្សាមួយ ដែលគេឲ្យឈ្មោះថា “សូវៀតប៉េត្រូហ្ក្រាដ” (សូវៀត ជាភាសារុស្ស៊ី មានន័យថា ក្រុមប្រឹក្សា) ហើយប៉ុន្មានថ្ងៃក្រោយមកទៀត រដ្ឋាភិបាលរុស្ស៊ីត្រូវបង្ខំចិត្តរំលាយខ្លួនចោល ហើយជំនួសមកវិញដោយរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលសុខចិត្តចែករំលែកអំណាចជាមួយសូវៀតប៉េត្រូហ្ក្រាដ ដែលតំណាងឲ្យចលនាប្រឆាំង។

៣ថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩១៧ ស្តេចត្សារ៍ នីកូឡាទី២ បានដាក់រាជ្យ ដែលនាំទៅដល់ការដួលរលំជាស្ថាពរ នៃរបបរាជានិយមរុស្ស៊ី។ នៅក្រោយបដិវត្តន៍ខែកុម្ភៈ (តាមពិតខែមីនា បើគិតតាមប្រតិទិននៃឆ្នាំសកល) អំណាចនៅរុស្ស៊ីត្រូវស្ថិតក្រោមការគ្រប់គ្រងរួមគ្នា រវាងរដ្ឋាភិបាលបណ្តោះអាសន្ន និងសូវៀតប៉េត្រូហ្ក្រាដ ដែលនៅពេលនោះ មានទម្រង់ជាគណបក្សសង្គមនិយម។ ក៏ប៉ុន្តែ ប៉ុន្មានខែក្រោយមក នៅខែតុលា ឆ្នាំ១៩១៧ (គិតតាមប្រតិទិនរុស្ស៊ី) បដិវត្តន៍ថ្មីមួយទៀតក៏បានកើតមានឡើង គឺបដិវត្តន៍កុម្មុយនិស្ត ដឹកនាំដោយ លេនីន។

វ៉ា្លឌីមៀរ លេនីន ដែលរស់នៅនិរទេ្ទសខ្លួនក្នុងប្រទេសស្វីស បានធ្វើដំណើរត្រឡប់មកក្នុងប្រទេសរុស្ស៊ីវិញ ប្រមាណជាមួយខែក្រោយបដិវត្តន៍ខែកុម្ភៈ។ នៅពេលមកដល់រុស្ស៊ីភ្លាម លេនីន ចាប់ផ្តើមចេញមុខប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលកើតចេញពីបដិវត្តន៍ខែកុម្ភៈ។ លេនីនបានរិះគន់រដ្ឋាភិបាលបណ្តោះអាសន្ននេះថាជារដ្ឋាភិបាលដែល បន្តដឹកនាំដោយពួកវណ្ណៈសក្តិភូមិ ហើយបានទាមទារឲ្យបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលដឹកនាំដោយផ្ទាល់ ដោយកងទ័ព កម្មករ និងកសិករ។

នៅថ្ងៃទី១០ ខែតុលា (តាមប្រតិទិនរបស់រុស្ស៊ី) គណៈមជ្ឈិមនៃបក្សកុម្មុយនិស្ត ដែលនៅពេលនោះ មានឈ្មោះថា គណបក្សបុលឆេវិច (Bolchevique) ដឹកនាំដោយលេនីន បានសម្រេចបង្កើតចលនាតស៊ូប្រដាប់អាវុធ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

នៅយប់ថ្ងៃទី២៤ ឈានចូលដល់ថ្ងៃទី២៥ខែតុលា កងកម្លាំងប្រដាប់អាវុធរបស់ក្រុមបុលឆេវិច ដឹកនាំដោយឡេអុង ត្រុតស្គី (Léon Trotsky) បានសម្រុកចូលកាន់កាប់វិមានរដ្ឋាភិបាល នៅក្នុងទីក្រុងប៉េត្រូហ្ក្រាដ ដោយសឹងតែគ្មានការផ្ទុះអាវុធទាល់តែសោះ ដោយសារតែ នៅពេលនោះ កងកម្លាំងរដ្ឋាភិបាល បាននាំគ្នាដកខ្លួនថយមិនប្រយុទ្ធ។

រដ្ឋាភិបាលបណ្តោះអាសន្នត្រូវដួលរលំ។ រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង ហើយវ៉្លាឌីមៀរ លេនីន ក៏បានក្លាយទៅជាប្រមុខដឹកនាំប្រទេសកុម្មុយនិស្តដំបូងបង្អស់ នៃប្រវត្តិសាស្រ្តរបស់ពិភពលោក។

ព្រឹត្តិការណ៍ថ្ងៃទី២៥តុលា ឆ្នាំ១៩១៧ ត្រូវបានបក្សកុម្មុយនិស្តសូវៀតចាត់ទុកជាបដិវត្តន៍ (បដិវត្តន៍ខែតុលា) ក៏ប៉ុន្តែ មានអ្នកខ្លះទៀត ជាពិសេស អ្នកប្រឆាំងនឹងក្រុមបុលឆេវិច ចាត់ទុកហេតុការណ៍នេះថាជាការធ្វើរដ្ឋប្រហារ ដណ្តើមអំណាចដោយខុសច្បាប់។ ចលនាប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តរបស់លេនីនក៏បានចាប់ផ្ទុះឡើង រហូតរាលដាលទៅជាសង្រ្គាមស៊ីវិល។

សង្រ្គាមស៊ីវិល ដែលបានបណ្តាលឲ្យមនុស្សប្រមាណជាជាង១លាននាក់ត្រូវបាត់បង់ជីវិត ដោយក្នុងនោះមានមួយផ្នែកជាកងកម្លាំងប្រដាប់អាវុធដែលស្លាប់ក្នុង សមរភូមិ និងមួយផ្នែកទៀតជាប្រជាជនធម្មតា ដែលត្រូវប៉ូលិសសម្ងាត់កុម្មុយនិស្តចាប់ខ្លួនយកមកធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ចោល ដោយចោទថាជា “ខ្មាំង”។

នៅឆ្នាំ១៩២២ សង្រ្គាមស៊ីវិលត្រូវបញ្ចប់។ ក្រុមបុលឆេវិករបស់លេនីនជាអ្នកទទួលជោគជ័យ ហើយសហភាពសូវៀតក៏ត្រូវបានបង្កើតឡើង៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.