
តើលោក ប៊ីសមារក៍ជាអ្នកណា និង ជាមនុស្សបែបណា?
ប៊ីសមារក៍ មានលក្ខណៈជាអ្នកធ្វើអ្វីធ្វើពិត ។ បើត្រូវការអ្វីហើយ ត្រូវតែយកឲ្យបាន ពុំព្រមលះបង់ឡើយ នេះឯងជាលក្ខណៈពិតរបស់ ប៊ីសមារក៍ និងជាឧទាហរណ៍ដ៏សំខាន់នាំគាត់ទៅកាន់ការដ៏ធំក្នុងពង្សាវតារ ។ និស្ស័យដែលធ្វើពិតនេះ មាននៅក្នុងខ្លួនប៊ីសមារក៍ តាំងពីនៅជាកុមារ ។ មានរឿងដំណាលពីកាលនៅជាកុមារជាគ្រឿងបង្ហាញនូវ «និស្ស័យដែកថែប» របស់គាត់ដូចតទៅនេះ ៖
វេលានៅជាកុមារ ក្នុងសាលារៀន អាយុប្រហែល១១‑១២ឆ្នាំ មានពិធីបុណ្យមួយនៅភូមិរបស់ខ្លួន ហើយប៊ីសមារក៍ ក៏នឹងត្រូវទៅរាំលេងជាមួយនឹងកុមារដទៃទៀតដែរ ។ តែខ្វះស្បែកជើងរកទិញពុំត្រូវសោះ ទើបទៅឲ្យជាងកាត់ស្បែកជើងកាត់ឲ្យ ។ ដំបូងជាងប្រកែក ព្រោះមានគេបញ្ជាឲ្យកាត់មុនច្រើនមកហើយៗត្រូវប្រញាប់ធ្វើឲ្យហើយស្រេចនៅថ្ងៃបុណ្យ ។ ដល់ទីបំផុត ប៊ីសមារក៍អន្ទោលខ្លាំងពេក ជាក៏ព្រមទទួល ។
មុននឹងដល់ថ្ងៃបុណ្យ ប៊ីសមារក៍ទៅសួររកស្បែកជើង ជាងប្រាប់ថាមិនទាន់បានចាប់ធ្វើនៅឡើយ ។ នរណាបញ្ជាមុនត្រូវធ្វើឲ្យមុន ចំណែកប៊ីសមារក៍មកក្រោយគេ ជាងឥតសង្ឃឹមថានឹងធ្វើឲ្យបានហើយស្រេចទាន់ថ្ងៃបុណ្យឡើយ ។ ប៊ីសមារក៍ឈរត្រង់ខ្លួនស្ងៀមមួយស្របក់ ក៏និយាយនឹងជាងថា «ទុកជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែបានស្បែកជើងក្នុងថ្ងៃបុណ្យឲ្យទាល់តែបាន» ។ និយាយហើយក៏ដើរចេញទៅ ជាហេតុឲ្យម្ចាស់ហាងញញឹមបញ្ជោះ ព្រោះទុកជាដូចម្ដេចក៏ស្បែកជើងនោះពុំហើយដែរ ។
មួយស្របក់ក្រោយមក ប៊ីសមារក៍ក៏ត្រលប់មកវិញ ដឹកឆ្កែធំៗពីរមកផង ចូលទៅសួរជាងកាត់ស្បែកជើងថា «អ្នកឃើញឆ្កែពីរនេះឬទេ ?» «ឃើញ ! តើអ្នកនឹងធ្វើដូចម្ដេច ?» «អ្នកចូរជ្រាបថា បើខ្ញុំមិនបានស្បែកជើងពាក់ក្នុងថ្ងៃបុណ្យនេះទេ ឆ្កែទាំងពីរនេះនឹងហែកសញ្ជែកអ្នក» ។ និយាយរួចហើយ ក៏ដឹកឆ្កែចេញទៅអង្គុយនៅមាត់ថ្នល់ពីមុខហាងនោះឯង ។ អង្គុយទាល់តែយប់ហាងបិទទ្វារ ជាងកាត់ស្បែកជើងគិតថានឹងសម្រាក ក៏បានឮសំឡេងឆ្កែព្រុសពីមុខហាង និងបានឮសំឡេងប៊ីសមារក៍ ដែលទុកជាហាងបិទទ្វារហើយក្ដី នៅតែអង្គុយទីនោះឯង ស្រែកមកថា «ប្រយ័ត្ន ! ត្រូវឲ្យស្បែកជើងរបស់ប៊ីសមារក៍បានរួចស្រេច បើពុំដូច្នោះទេ ជីវិតរបស់អ្នកនឹងរលត់» ។
ជាងកាត់ស្បែកជើងក៏សម្រេចចិត្តហៅភរិយាមកជួយធ្វើនៅយប់ថ្ងៃនោះ ដោយឥតបានដេក ធ្វើអស់មួយយប់ ព្រឹកឡើងស្បែកជើងក៏ហើយស្រេច ។ បើកទ្វារឡើង ក៏ឃើញប៊ីសមារក៍ និងឆ្កែនៅអង្គុយពីមុខហាងនៅឡើយ អស់មួយយប់ដោយឥតបានសម្ដែងឲ្យឃើញថាងាកងុយ ឬរោយបន្តិចបន្តួចឡើយ ហើយក៏បានស្បែកជើងពាក់ទាន់ថ្ងៃបុណ្យដូចប្រាថ្នា ។
នេះឯងគឺនិស្ស័យដែលរឹងដូច «ដែកថែប» របស់លោកនាយករដ្ឋមន្ត្រី ជាអ្នកតាំងមហាណាចក្រអាល្លឺម៉ង់ ។ បើសិនពុំបានជានាយករដ្ឋមន្ត្រីទេនោះ អាចនឹងទៅជាចោរដ៏សាហាវបំផុតក៏បាន ។
ជីវិតកុមារភាព និង ការជីវិតការងារ
ប៊ីសមារក៍ កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៨១៥ ក្នុងត្រកូលអ្នកមានបង្គួរ និងជាទាហាន បានទទួលការសិក្សាយ៉ាងប្រសើរ ចាប់រៀនច្បាប់ជាមុន ហើយរៀនវិជ្ជាទាហានជាក្រោយ ដើម្បីតំណវង្សត្រកូល ។ សម្រេចវិជ្ជាពីរប្រការនេះហើយ ក៏ចូលធ្វើការផ្នែករាជការស៊ីវិល ដោយអាស្រ័យលក្ខណៈមាំទាំរឹងប៉ឹង និង វាងវៃរបស់ខ្លួន ក៏បានចូលជាសមាជិកក្នុងរដ្ឋសភា។
កាលអាយុបាន៣២ឆ្នាំ បានជាប្រធានគណបក្សខាងស្ដាំ ។ អាយុ៣៧ឆ្នាំ បានទទួលតំណែងជាលេខាធិការស្ថានទូតព្រូស ប្រចាំរដ្ឋហ្វ្រង់ហ្វរដ (Francforts) ពីរខែក្រោយមក ក៏បានជាឯកអគ្គរាជទូត ។ តមកទៀត១០ឆ្នាំ បានជាងឯកអគ្គរាជទូតប្រចាំនៅក្រុងប៉ារីស តែនៅបានតែមួយឆ្នាំ គណបក្សនយោបាយនៅក្នុងប្រទេស ក៏ចាប់ផ្ដើមប្រកួតប្រជែងនឹងស្ដេចផែនដី។
ព្រះរាជាប្រទេសព្រូស ទ្រង់យល់ឃើញថា មានតែប៊ីសមារក៍ម្នាក់ប៉ុណ្ណោះ អាចនឹងជួយព្រះអង្គបាន ទើបកោះហៅប៊ីសមារក៍ ឲ្យត្រលប់មកបែរឡាំង ។ ប៊ីសមារក៍ ក៏បានជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកិច្ចការបរទេសផង ក្នុងអាយុ៤៩ឆ្នាំ ។ អច្ឆរិយនិស្ស័យរបស់ប៊ីសមារក៍ ម្យ៉ាងទៀតនោះ គឺមិនចូលចិត្តធ្វើអ្វីងាយៗ ចូលចិត្តរើសរកផ្លូវដែលលំបាកៗ ដោយយល់ឃើញថា របស់អ្វីដែលសម្រេចដោយលំបាក តែងនាំផលល្អមកឲ្យប្រសើរជាងរបស់ដែលសម្រេចដោយងាយៗ ។ក្រៅពីនេះ គាត់ជាមនុស្សដែលមិនចេះរន្ធត់ញាប់ញ័រចំពោះព្រឹត្តិការណ៍ណាមួយឡើយ។
កាលឡើងជានាយករដ្ឋមន្ត្រីថ្មីៗ តំណាងរាស្ត្រក្នុងរដ្ឋសភាក៏មិនចូលខាងខ្លួន កាសែតជាច្រើនក៏ចោមគ្នាជេរ តែក៏ឥតធ្វើឲ្យប៊ីសមារក៍ញាប់ញ័រឡើយ ។ ទ្រនិចរបស់ប៊ីសមារក៍ចង្អុលទៅទិសតែមួយ គឺលើកស្ទួយអំណាចព្រះមហាក្សត្រ និងរួបរួមអាណាចក្រអាល្លឺម៉ង់ទាំងអស់ដែលកំពុងបែកខ្ញែកគ្នា ឲ្យរួមគ្នាតែមួយ តែការធ្វើដូចនេះ ត្រូវជួបការលំបាកពីរផ្លូវគឺ ៖
- បណ្ដាអាណាចក្រអាល្លឺម៉ង់ទាំងអស់ ក្រៅពីព្រូសចេញ នៅមានអូទ្រីសមួយទៀត ដែលបានទទួលការគោរពរាប់អានពីជនជាតិអាល្លឺម៉ង់ជាទូទៅ ហើយមានអាណាចក្រខ្លះចង់រួមនឹងអូទ្រីស ជាងរួមនឹងព្រូស ។
- គឺប្រទេសបារាំងនៅតែព្យាយាមរារាំង មិនឲ្យប្រទេសអាល្លឺម៉ង់រួមចូលគ្នាបាន ព្រោះនឹងទៅជាគ្រោះថ្នាក់ដល់ប្រទេសបារាំងទៅអនាគត ។
ដោយហេតុនេះឯងផែនការណ៍របស់ប៊ីសមារក៍ទើបមានបីខគឺ ៖
- ការពារកុំឲ្យមនោគមវិជ្ជាអូទ្រីសផ្សាយចូលទៅក្នុងអាណាចក្រអាល្លឺម៉ង់ទាំងអស់ ។
- ការពារកុំឲ្យប្រទេសបារាំង ជាមិត្តស្និទ្ធស្នាលនឹងប្រទេសដទៃៗ ព្រោះប៊ីសមារក៍យល់ថា លំពាំងបារាំងតែមួយពុំអាចជាគ្រោះថ្នាក់ដល់ខ្លួនបានឡើយ ។
- បង្កើនកម្លាំងប្រទេសព្រូសឲ្យមាំទាំឡើងទាល់តែបានជាទីកោតក្រែង និងនិយមរាប់អានអាណាចក្រអាល្លឺម៉ង់ទាំងអស់ ។
គ្រោងការណ៍ទាំងបីនេះឯងដែលប៊ីសមារក៍ អនុវត្តអស់មួយសម័យដែលគាត់កាន់អំណាច ។ ការសម្រេចជាដំបូងរបស់ប៊ីសមារក៍ គឺដណ្ដើមយក ស្លេស្វិក (Slesvig) និង ហូលស្តែន៍ (Holstein) មកពីដាណឺម៉ាក បានជាហេតុឲ្យសត្រូវខាងក្រៅនាំគ្នាកោតក្រែង ហើយសត្រូវខាងក្នុងគឺរដ្ឋសភា ក៏ក្លាយទៅជាមិត្ត អំណាចរបស់ប៊ីសមារក៍ ក្នុងព្រូសក៏មាំទាំឥតឃ្លេងឃ្លោង ។
កាលបានចាត់ការបង្កើនកងទ័ពក្នុងព្រូសឲ្យមានកម្លាំងគ្រប់គ្រាន់ហើយ ក៏ប្រកាសយក ហ្វ្រង្គហូរ៍ដ រួមចូលបានមួយទៀត ។ សង្គ្រាមដែលរុស្សីបានជ័យជម្នះលើបារាំងនៅឆ្នាំ១៨៧១ ជាការសម្រេចជាន់ទីបំផុតរបស់ប៊ីសម៉ារក៍ រួបរួមអាណាចក្រអាល្លឺម៉ង់ទាំងអស់ចូលជាប្រទេសតែមួយបាន ។ នេះពោលយ៉ាងសង្ខេបបំផុតពីជីវប្រវត្តិរបស់ប៊ីសម៉ារក៍ ។ លោក ប៊ីសមារក៍ បានអនិច្ចកម្មនៅឆ្នាំ១៨៩៨ ក្នុងអាយុ៨៣ឆ្នាំ ។