
លោក ហ្សេណូប ក្រាម ជាកូនក្នុងត្រកូលអ្នករាជការអណ្ដូងធ្យូងថ្ម ជាតិបែលហ្ស៊ិក ។ កាលនៅពីតូច លោកបានទៅរៀន ក៏ប៉ុន្តែពុំមានអ្វីសម្គាល់ឲ្យឃើញថាពូកែឡើយ ទើបលោកត្រូវទៅធ្វើជាជាងឈើ។ តែលោក ហ្សេណូប ក្រាមនៅតែមានបំណងប្រាថ្នាឈានទៅរកមាគ៌ាវិទ្យាសាស្ត្រជានិច្ច។ ឆ្នាំ១៨៦០ លោកចាកចោលភូមិកំណើតទៅប៉ារីស រៀនបណ្ដើរ ធ្វើការបណ្ដើរ។
ឆ្នាំ១៨៧១ លោក ហ្សេណូប ក្រាម បានបង្កើតម៉ាស៊ីនផលិតអគ្គិសនីដែលបច្ចុប្បន្នយើងនាំគ្នាហៅថា «ម៉ាស៊ីនក្រាម» ដោយបានបើកចេញនូវសករាជថ្មីក្នុងបច្ចេកទេសអគ្គិសនី ។ រហូតដល់អាយុ ៣០ឆ្នាំ ហ្សេណូប ក្រាម នៅតែជាជាងឈើធម្មតា ធ្វើការនៅសហគ្រាសឈើដ៏ល្បីឈ្មោះនៅព្រុចសែល (បែលហ្ស៊ិក) ។ តែនៅថ្ងៃមួយ ស្រាប់តែលោកសុំម្ចាស់សហគ្រាសឈប់ធ្វើការ។
ម្ចាស់សហគ្រាស៖ «ចម្លែកមែន! កិច្ចការកំពុងតែរកស៊ីឡើងយ៉ាងហ្នឹង ហេតុអីឯងចង់ឈប់ទៅវិញ ? ឬមួយនៅកន្លែងនេះ ប្រាក់ខែឯងបានមិនស្មើកន្លែងដទៃទៀត ?»។
លោក ហ្សណូប ក្រាប៖ «បាទទេ ! ខ្ញុំសុំឈប់ដើម្បីទៅក្រុងប៉ារីស» ។
នាយម្ចាស់សហគ្រាសកាន់តែងឿងឆ្ងល់ឡើងៗ ហើយឧទានដោយភ្ញាក់ថា៖ «ឯងទៅប៉ារីស ? ឯងគិតចង់ទៅធ្វើអ្វីនៅទីនោះ ?»។
លោក ហ្សណូប ក្រាប៖ «ខ្ញុំចង់…ទៅរៀន…» ។
នាយម្ចាស់គ្រវីក្បាល «ឯងពិតជាឆ្កួតហើយ គ្មាននរណាគេឲ្យអាយុ ៣០ឆ្នាំ ទៅហើយនោះ ទៅរៀនទៀតទេ ! តើឯងចង់ក្លាយទៅជាស្ដេចមន្ត្រីអីទៅអ្ហា…» ។
តែទុកជាគេនាំគ្នាផ្ដល់យោបល់អ្វីក៏ដោយ ក្រាមនៅតែប្ដេជ្ញាចិត្តដើរតាមទិសដៅរបស់ខ្លួន ។ លោកបានឈានជើងចូលកាន់វិស័យវិទ្យាសាស្ត្រជាមួយនឹងប្រាក់កាសតិចតួចដែលបានខំសន្សំទុកអស់ពេលជាង ២០ឆ្នាំ ក្នុងរបរជាងឈើ និងជាមួយក្ដីប៉ងប្រាថ្នាដ៏ធំធេង។
ក្នុងជីវភាពរស់នៅដ៏តានតឹងនារដ្ឋធានីបារាំង ក្រាមត្រូវប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីដេញតាមគោលបំណងរបស់ខ្លួន ។ ជារៀងរាល់ថ្ងៃ ក្រាមទៅធ្វើការមួយពេល ។ បៀរវត្សរ៍បានប៉ុន្មាន លោកយកទៅទិញសៀវភៅ និងឧបករណ៍ពិសោធន៍ស្ទើរតែទាំងអស់ ។ ទុកជាចំណេះដឹងនៅទន់ខ្សោយ ក្រាមនៅតែជក់ចិត្តនឹងការស្រាវជ្រាវបាតុភូតអគ្គិសនីដែលជាវិស័យបច្ចេកទេសមួយថ្មីថ្មោងនាសម័យកាលនោះ ។
ថ្ងៃមួយ មានមិត្តពីភូមិកំណើតម្នាក់មកលេងបានឃើញ «អ្នកអនាគតវិទ្យាសាស្ត្រ» កំពុងបរិភោគអាហារថ្ងៃត្រង់យ៉ាងខ្សត់របស់ខ្លួននៅនឹងផ្ទះបាយតែម្ដង ហើយនៅកណ្ដាលខ្សែវណ្ឌព័ទ្ធឧបករណ៍ពិសោធន៍ពាសពេញ «ឱលោកអើយ ! យ៉ាងហ្នឹងៗឯងអាចរស់បានដែរឬ ?» ។
ក្រាមឆ្លើយតបវិញយ៉ាងធម្មតា «មានអី ! ខ្ញុំតែងតែរស់បាន ព្រោះខ្ញុំរស់នៅដោយសារក្ដីប៉ងប្រាថ្នាជានិច្ច» ។
ក្រោយរយៈពេលស្រាវជ្រាវពិសោធន៍អស់ជាច្រើនឆ្នាំមក ហ្សេណូប ក្រាម បានច្នៃប្រឌិតចេញនូវឧបករណ៍ផលិតអគ្គិសនី ផ្អែកតាមគោលការណ៍បង្កើតស្នាដៃដោយខ្លួនឯង ។ នៅពេលដែលលោកមានសំណើសុំធ្វើការអធិប្បាយអំពីតក្កកម្មនោះក្នុងសម័យប្រជុំមួយរបស់បណ្ឌិតសភាវិទ្យាសាស្ត្របារាំង សមាជិកមានចំណាស់ល្បីល្បាញជាច្រើនរូបបានជំទាស់ថា «ធ្វើម៉េចនឹងមានរឿងគ្មានន័យយ៉ាងនេះបាន ? បើគ្មានមេដែកអមតៈ ធ្វើម៉េចនឹងបង្កើតចេញជាអគ្គិសនីបាន ?» ។
គួរនិយាយបន្ថែមថា រហូតមកទល់នឹងពេលនោះ អគ្គិសនីនៅតែប្រការអាថ៌កំបាំងនៅឡើយ ហើយគេទើបតែចេះបង្កើតចរន្តអគ្គិសនីដោយរបៀបរំកិលខ្សែចម្លងក្នុងដែនម៉ាញ៉េទិចប៉ុណ្ណោះ ។
ក្រាមបានខិតខំយកម៉ាស៊ីនពិសោធន៍របស់ខ្លួនទៅធ្វើអត្ថាធិប្បាយជាក់ស្ដែងឲ្យសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រម្នាក់ ក៏ប៉ុន្តែគាត់នេះបានបដិសេធយ៉ាងដាច់អហង្ការ «ខ្ញុំមិនត្រូវការមើលទេ ! ព្រោះខ្ញុំដឹងច្បាស់ណាស់ថា លើទ្រឹស្ដីពិតជាមិនអាចមានរឿងបែបនេះបានទេ» ។
តែការពិតនៅតែជាការពិត ។ ម៉ាស៊ីនផលិតអគ្គិសនីរបស់ក្រាមនៅតែបញ្ចេញចរន្តអគ្គិសនី ថ្វីបើវាមិនទាន់បានទទួលការសន្និដ្ឋានដោយទ្រឹស្ដីក្ដី ។
គេបានរៀបរាប់ថា ក្រោយមកនៅពេលដែលក្រាមបានក្លាយទៅជាអ្នកប្រាជ្ញ ហើយនៅពេលដែលក្រាមបានកសាងសម្រេចទ្រឹស្ដីអំពីម៉ាស៊ីនផលិតអគ្គិសនីបង្កើតឡើងដោយខ្លួនឯងរួចហើយនោះ ក្នុងពេលចូលរួមស្ដាប់នូវបទអត្ថាធិប្បាយមួយស្ដីពីមូលដ្ឋានពិជគណិតជាមួយសញ្ញាអនុគមន៍យ៉ាងច្រើន អ្នកកត្តកម្មយើងបានសើច រួចនិយាយជាមួយអ្នកអង្គុយជិតខ្លួនថា «បើសិនជាកាលពីដើម ខ្ញុំមិនប្រឹងអស់ដៃអស់ជើងក្នុងគំនរ “កក្ងាន” នេះ ប្រហែលជាមកទល់ថ្ងៃនេះ ក៏ម៉ាស៊ីនផលិតអគ្គិសនីមិនទាន់កើតដែរ» ។
ករណីរបស់ក្រាមដូចគ្នានឹងករណីផ្សេងៗមួយចំនួនទៀតក្នុងប្រវត្តិសាស្ត្រកត្តកម្ម គឺបានបង្ហាញឲ្យឃើញនូវតួនាទីដ៏សំខាន់ក្នុងការស្រាវជ្រាវពិសោធន៍ ដែលជួនកាលបានវែកផ្លូវឲ្យទ្រឹស្ដីថ្មី ។
ពេលដែលក្រាមបានសម្រេចជោគជ័យក្នុងការច្នៃប្រឌិតចេញម៉ាស៊ីនផលិតអគ្គិសនីហើយ ឈ្មោះសំឡេងរបស់លោករន្ទឺពេញទាំងទ្វីបអឺរ៉ុប មានបងប្អូនពីបែលហ្ស៊ិកម្នាក់មកប៉ារីស ដើម្បីស្កាត់មកលេងជាមួយលោក «ចម្លែកមែន ! ខ្ញុំតែងនឹកស្មានថា កន្លែងអង្គុយរបស់អ៊ំឥឡូវនេះគឺជាបន្ទប់របស់នាយកក្រុមហ៊ុនផលិតកម្មធំណាមួយ…» ។
ក្រាមគ្រវីក្បាលពោលកាត់ «ទេ ! កន្លែងអង្គុយនៅបច្ចុប្បន្ននេះរបស់ខ្ញុំគឺ អាសនៈមួយនៅក្នុងប្រវត្តិសាស្ត្របច្ចេកទេសអគ្គិសនី ហើយកៅអីនោះ វាមានតម្លៃជាងកៅអីសាឡុងស្បែករបស់អស់លោកនាយករាប់ពាន់ដងទៅទៀត» ។
