
សម្រាប់ប្រភេទអាវុធ លោកអ្នកអាចនិយាយបានថា AK-47 ជាប្រភេទអាវុធមួយដែលមានមនុស្សស្គាល់បានច្រើនជាងគេ។ មិនថានៅក្នុងរឿងភាពយន្ត ឬក្នុងហ្គេមអាវុធបែបកម្សាន្តតាមប្រព័ន្ធកុំព្យូទ័រនោះទេ AK-47 ភាគត្រូវបានគេលើកយកមកនិយាយ ឬបង្ហាញជានិច្ច។
វ័យកុមារភាព
កាំភ្លើងមួយនេះត្រូវបានបង្កើតឡើងដោយលោក មីខាអុីល កាឡាស្នីកូវ (Mikhail Kalashnikov) ដែលជាអតីតទាហានជនជាតិរុស្ស៊ីម្នាក់កាលពីសម័យសង្គ្រាមលោកលើកទី២។ លោក កើតថ្ងៃទី១០ វិច្ឆិកា ឆ្នាំ១៩១៩ នៅភូមិស៊ីបេរី នៅប្រទេសរុស្សី ក្នុងត្រកូលគ្រួសារកសិករ។ លោកដំបូងឡើយចង់ក្លាយជាអ្នកនិពន្ធកំណាព្យទេ តែដោយសារប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រាម លោកជាមួយនឹងក្មេងប្រុសៗដទៃទៀតត្រូវបានគេយកទៅបង្វឹកធ្វើជាទាហាន។
ការផលិតអាវុធសង្គ្រាមដ៏អស្ចារ្យ
ក្រោយមកលោកបានក្លាយទៅជានាយបញ្ជាររថក្រោះ តែត្រូវរងគ្រោះរាង្គកាយក្នុងសង្គ្រាម ឯឆ្នាំ១៩៤១ នៅពេលដែលលោកប្រយុទ្ធជាមួយទ័ពណាស៊ី អាល្លឺម៉ង់។ ក្រោយមក លោកក៏បានយកពេលវេលាមួយចំនួនដើម្បីសិក្សាពីលក្ខណៈនៃកាំភ្លើង។ មិត្តរបស់លោកបានសួរលោកថា ហេតុអ្វីបានជាទាហានរុស្ស៊ី មិនមានកាំភ្លើងមួយដែលល្អសម្រាប់ប្រើប្រាស់ និងការពារខ្លួនដូចទាហានណាស៊ីអ៊ីចឹង។ លោក Kalashnikov បានប្រើប្រាស់ពេលរបស់លោកក្នុងការច្នៃប្រឌិតផលិតកាំភ្លើងមួយប្រភេទសម្រាប់ប្រជាជនជនរុស្ស៊ីក្នុងការការពារទឹកដី។
ក្នុងឆ្នាំ១៩៤៧ លោកបានបង្កើតកាំភ្លើង AK-47 ជាលើកដំបូង។ ឈ្មោះជាផ្លូវការរបស់វាគឺ Avtomat Kalashnikova ក្នុងភាសារុស្ស៊ី ឬ Automatic Kalashnikov សម្រាប់ភាសាអង់គ្លេស។ អក្សរ «AK» គឺជាអក្សរកាត់សម្រាប់ឈ្មោះជាភាសារុស្ស៊ីខាងលើ ចំណែកឯលេខ ៤៧ គឺជាឆ្នាំ១៩៤៧ ដែលលោកបានបង្កើតវាដំបូង។ AK-47 ត្រូវបានគេផលិតសម្រាប់ការបាញ់ក្នុងចម្ងាយជិតៗតែប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺលក្ខណៈសាមញ្ញនៃគ្រឿងរបស់វា។
ងាយស្រួលប្រើប្រាស់ ងាយស្រួលជួសជុល និងអាចទុកចិត្តបាន ទោះបីជាប្រើប្រាស់ក្នុងកន្លែងកខ្វក់ សម្បូរទៅដោយកម្ទេចដី ឬនៅក្នុងដៃទាហានដែលមិនសូវចេះថែទាំកាំភ្លើងក៏ដោយ ក៏ AK-47 អាចបាញ់មិនងាយគាំងដោយស្រួលៗដែរ។ វាមានអាយុប្រើប្រាស់រហូតទៅដល់៤០ឆ្នាំ។ ក្នុងចំណោមកាំភ្លើងដៃទាំង៥០០លានគ្រឿងក្នុងពិភពលោក ដែលគេប្រើប្រាស់សព្វថ្ងៃ ក្នុងនោះ១០០លានគឺជាកាំភ្លើង AK-47 ឬកាំភ្លើងជំនាន់ក្រោយដែលមានម៉ាកស្រដៀងគ្នានិង AK-47 ដែរ។
អាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមត្រូវបានចែកចាយ និង មានវត្តមាននៅពាសពេញលើពិភពលោក កាំភ្លើង AK-47 បើតាមការវាយតម្លៃមួយចំនួនថា អាចលក់ចេញដល់ទៅ១០០លានដើមឯណោះ ។ លោកកាឡាស្នីកូវ ចាប់ផ្តើមផលិតកាំភ្លើងវាយលុក AK-47 ក្រោយពីលោកជារបួសក្នុងសង្គ្រាមលោកលើកទី២ ។ កាំភ្លើងនោះក្រោយៗមកត្រូវបានច្នៃទៅជាម៉ូដែលច្រើនយ៉ាង ។ លោកកាឡាស្នីកូវ ពុំប៉ះពាល់ដាច់ខាតចំពោះប្រាក់បានមកពីការលក់កាំភ្លើង AK-47 ជាច្រើនលានដើម ហើយប្រើប្រាស់ដោយកងទ័ពនៃប្រទេសជាង៨០ ។ កាំភ្លើងដ៏ល្បីល្បាញនោះផលិតដោយអតីតរោងចក្រ IJMACH ក្នុងទីក្រុង IJEVSK។
.jpg%3fitok%3dUNzKsuj0&ehk=%2b3okXXOI%2b77CXz0PwZxwlnX3ePLVXA632sNfWbNwGLo%3d&risl=&pid=ImgRaw)
ដោយសារតែវាមានតម្លៃធូរថ្លៃ ទើបកាំភ្លើងមួយនេះត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សខុសច្បាប់មួយចំនួនដូចជាក្រុមភេរវជន ឬក្រុមជួញដូរគ្រឿងញៀន។ នៅក្នុងពិធីខួបកំណើតទី៩០របស់លោក ក្រោយពីពេលដែលមតិជាច្រើនបាននិយាយថា AK-47 បានក្លាយជាកាំភ្លើងដែលភេរវជនជាច្រើនប្រើប្រាស់លោក Mikhail បានឆ្លើយតបទៅវិញថា វាមិនមែនជាកំហុសរបស់លោកទេ បើលោកបានបង្កើតកាំភ្លើងសម្រាប់ការពារមាតុភូមិរបស់លោក តែបែរជាត្រូវបានធ្លាក់ទៅកាន់ដៃជនអាក្រក់វិញនោះ។
មរណៈភាពរបស់លោក មីខាអុីល កាឡាស្នីកូវ
កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ លោក មីខាអុីល កាឡាស្នីកូវ បានចូលក្នុងមន្ទីរពេទ្យមួយនៃក្រុង IJEVSK ក្រោយលោកសន្លប់មិនដឹងខ្លួន ។ លោកទើបឈប់ធ្វើការក្នុងឆ្នាំ២០១២ មកពីបញ្ហាសុខភាព ពិសេសបញ្ហាបេះដូង ។លោកកាឡាស្នីកូវ ជាជនជាតិរុស្ស៊ីម្នាក់ដែលគេស្គាល់ច្បាស់បំផុតលើពិភពលោក ហើយជាមនុស្សទទួលបានគ្រឿងឥស្សរយយសច្រើនបំផុតក្នុងប្រទេស ។ លោកតែងពោលពីមោទនភាពរបស់លោកចំពោះអាវុធដែលលោកផលិតកាលពីឆ្នាំ១៩៤៧ ដែលមានភាពងាយស្រួលបំផុតក្នុងការប្រើប្រាស់ ។
លោក មីខាអុីល កាឡាស្នីកូវ ជាអ្នកផលិតកាំភ្លើងវាយលុកសូវៀតធុន AK-47 ដែលលក់ដាច់ជាច្រើនលានដើមលើពិភពលោកនោះ បានទទួលមរណភាពហើយកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣ក្នុងជន្មាយុ៩៤ឆ្នាំ ។ ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុនផលិតកាំភ្លើងកាឡាស្នីកូវ គូសបញ្ជាក់ថា បិតាអ្នកផលិតអាវុធរុស្ស៊ីលោកមីខាអុីល កាឡាស្នីកូវ ទទួលមរណភាពហើយដោយហៅមរណភាពរបស់លោកថា ជាការបាត់បង់ពុំអាចមានអ្វីមកប៉ះប៉ូវបានឡើយ។

ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន ក៏បានសម្តែងនូវការចូលរួមមរណទុក្ខក្នុងទឹកចិត្តជ្រាលជ្រៅបំផុតចំពោះសាច់ញាតិគ្រួសាររបស់បុគ្គលដែលបានទទួលជោគជ័យក្នុងការផលិតអាវុធស្វ័យប្រវត្តិ ដែលប្រើច្រើនជាងគេបំផុតលើពិភពលោក ដែលកាំភ្លើងធុននោះនិយមប្រើប្រាស់ទាំងដោយកងទ័ពរៀបរយទាំងឡាយ ទាំងដោយពួកឧទ្ទាម។
លោកកាឡាស្នីកូវ បានទទួលមរណភាពក្រោយពីលោកមានជំងឺរយៈពេលយូរនៅទីក្រុង IJEVSK ទីប្រជុំជននៃតំបន់ OUDMOURTIE ចម្ងាយ១.៣០០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ ។ ប្រធានតំបន់ OUDMOURTIE លោកអាឡិចសង់ដ្រ៍ វុ៉លកូវ ថ្លែងថា អ្នកស្នេហាជាតិដ៏ត្រចះត្រចង់បំផុតម្នាក់របស់រុស្ស៊ីដែលបានបូជាពេញមួយជីវិតរបស់លោកដើម្បីមាតុភូមិនោះបានទទួលមរណភាពហើយ។