ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

ជំងឺកូវីដ១៩មានវត្តមានក្នុងស្ទើរតែគ្រប់ប្រទេសនៅទូទាំងពិភពលោក។ ប្រទេសនៅអាស៊ី សឹងទាំង៤៩មានករណីមេរោគនេះតែមានប្រទេសមួយដែលប្រៀបដូចជាសាំងវ៉ិចរវាងកូរ៉េខាងត្បូង និង ចិន ជាសំបុក ជំងឺច្រើនបំផុតក្នុងតំបន់នេះបែរ គ្មានការរាយការណ៍មួយករណី។ ប្រទេសនោះគ្មានប្រទេសណាក្រៅពីប្រទេសក្រោមការដឹកនាំរបស់បុរសខ្លាំងគីមជុងអ៊ុននោះទេ។

ត្បិតមិនមានការរាយការណ៍ពីការស្លាប់ក៏ពិតមែន តែសារព័ត៌មានកូរ៉េខាងត្បូងក៏ដូចជាអាស៊ីសេរីផ្សាយជាភាសាអង់គ្លេសនៅដើមខែមិនា កាលពី២០២០ បានទម្លាយអំពីព័ត៌មានអ្នកស្លាប់ជាទាហានប្រមាណ២០០នាក់ដែលប្រភពពេទ្យសុំមិនបញ្ចេញឈ្មោះថាមកពីបញ្ហាសួតធ្ងន់ធ្ងរ។

មជ្ឈដ្ឋានជាច្រើនបន្ដមិនជឿទុកចិត្តបក្សកុម្មុយនីស្ដកូរ៉េខាងជើងអំពីសំណុំរឿងប្រយុទ្ធនឹងសត្រូវលាក់មុខកូរ៉ូណាដែលកក្រើកគ្រប់បណ្ដាប្រទេស។ តែកូរ៉េខាងជើងមានទឡ្ហីករណ៍ប្រាប់ពិភពលោកថាការដែលខ្លួនមិនរាយការណ៍គឺមកពីគ្មានហើយបើមានម្ល៉េះសមប្រទេសកើតចលាចលទៅហើយ។

យើងមិនអាចបញ្ចប់សេចក្ដីដោយសញ្ញាខ័ណ្ឌប៉ុណ្ណេះទេព្រោះមានទឡ្ហីករណ៍ជាច្រើនអាចធ្វើឱ្យយើងសន្និដ្ឋានថាពីហេតុដែលជំងឺផ្លូវដង្ហើមស្រួចស្រាលមិនធ្វើឱ្យកូរ៉េខាងជើងរង្គោះរង្គើបាន។

វិស័យសុខាភិបាលកូរ៉េខាងជើងមានលើសពីអ្វីដែលអ្នកដឹង

មនុស្សជាច្រើនបានដឹងហើយថា ផលិតផលជាតិសរុបរបស់កូរ៉េខាងជើងក្នុងប្រជាជនមួយនាក់មានជាង១៧០០ដុល្លារ ហើយពួកគេបានប៉ាន់ប្រមាណកូរ៉េខាងជើងទន់ខ្សោយខ្លាំងណាស់ក្នុងការថែទាំសុខភាពពលរដ្ឋ។ តែបើយើងក្រឡេកមកប្រទេសដទៃដែលមានGDPប្រហាក់ប្រហែលនឹងកូរ៉េខាងជើងគឺ ណេប៉ាល់ ឬ មីយ៉ាន់ម៉ា ឬ ឡាវ អត្រាសង្ឃឹមរស់របស់ពួកគេទាបជាងកូរ៉េខាងជើង តួយ៉ាងកូរ៉េខាងជើងមានការរស់ជាមធ្យមរបស់ប្រជាជនគឺ ៦៧.៩ឆ្នាំ មីយ៉ាន់ម៉ា ៦៧. ៧ឆ្នាំ ៦៦.៩ឆ្នាំនិង ឡាវ ៦៥.៣៥ឆ្នាំ តាមលំដាប់រៀបរាប់ នេះបើតាមគេហទំព័រWorld Life expectancy។

ជាងនេះទៅទៀតក្នុងមួយឆ្នាំៗនិស្សិតកូរ៉េខាងជើងបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតមានប្រមាណជាង១ម៉ឺននាក់។ ពួកគេបើទោះបីជាដឹងថាការងារដល់វេជ្ជបណ្ឌិតតែប្រាក់ខែតិចតួចក្ដី អ្វីដែលពួកគេមានគឺការប្ដេជ្ញាចិត្តចំពោះសុខភាពមនុស្សជាតិ ប្រជាជនរបស់ពួកគេ។ អង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ក្នុងឆ្នាំ២០១៦ថាកូរ៉េខាងជើងមានការទទួលខុសត្រូវខ្ពស់ក្នុងវិស័យសុខាភិបាលតាមរយៈការបង្កើនធនធានមនុស្សគឺ ៣៧នាក់ បារាំង៣៦ នាក់ហើយអាមេរិកចំណាយតែ២៦នាក់ទេក្នុងការព្យាបាលមនុស្ស១សែននាក់ក្នុងមួយឆ្នាំ។

តើចំណុចអស់នេះមានការទាក់ទងអ្វីនឹងការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា?

ព្រោះរបបសង្គមដែលតឹងរ៉ឺងចងរឹតចរិតមនុស្សគ្រប់គ្នារៀងមកទើបធ្វើឱ្យការដាក់មនុស្សឱ្យនៅដោយឡែកនិងវិធានការចាកឆ្ងាយពីសង្គមខាងក្រៅមិនជារឿងពិបាកអនុវត្តរបស់ពលរដ្ឋ និង ឈឺក្បាលដល់រដ្ឋាភិបាលកូរ៉េខាងជើងនោះទេ។ ម្យ៉ាងរដ្ឋាភិបាលបានបិទព្រំដែនតាំងពីថ្ងៃទី២២មករា​ឆ្នាំ២០២០នឹងចិនមកម្ល៉េះដើម្បីទប់ស្កាត់មេរោគនេះ។

បើតាមសារព័ត៌មានNK Newsចុះថ្ងៃទី១៩មីនា ២០២០ បានរាយការណ៍ថាវិធានការណ៍នេះអាចពន្យឺតបាននូវការឆ្លងរាលដាលនៃមេរោគនេះហើយកាន់តែបានមានប្រសិទ្ធភាពទៀតនោះល្គឹកណាដូចកូរ៉េខាងជើងអ៊ីចឹងដែលតាមដានរាល់សកម្មភាពចេញចូលសាធារណៈរបស់ពលរដ្ឋតាំងពីដើមរៀងមកក្នុងប្រវត្តិសាស្រ្ដប្រទេសនេះស្រាប់។

ត្បិតសារព័ត៌មានកូរ៉េខាងជើងលើកឡើងពីធនធាន និង វិន័យពលរដ្ឋច្រើនក៏ពិតមែនតែការវាយតម្លៃជាក់ស្ដែងបើធៀបនឹងប្រទេសជិតខាងកូរ៉េខាងត្បូង ចិន ឬ ក៏ប្រទេសដែលមានGDPស្រករគ្នាគឺកូរ៉េខាងជើងមានបរិក្ខារពេទ្យមានប្រសិទ្ធភាពមិនគ្រប់គ្រាន់នោះទេ។ ក្រោមការដឹកនាំរបស់ត្រកូលលោកគីមដូចក្នុងអំឡុងឆ្នាំ១៩៥០ ដល់ ១៩៥៣ នៃសង្គ្រាមកូរ៉េខាងជើង ទល់នឹង កូរ៉េខាងត្បូង រដ្ឋកាលលោកគីមអ៊ីលស៊ុងមិនបានគិតគូរអ្វីច្រើនទេពីជីវិតពលរដ្ឋសាមញ្ញអ្វីដែលយកចិត្តទុកដាក់បំផុតនោះគឺតែទៅលើប្រមុខដឹកនាំយោធា នាយទាហាន និង បក្សពួកកុម្មុយនីស្ដរបស់ខ្លួន។ ម្ដងនេះក្នុងរដ្ឋការរបស់លោកគីមជុងអ៊ុងក៏ត្រូវបានគេមើលឃើញថាដូចតែគ្នានឹងជីតារបស់ខ្លួន។

យោធាធានាស្ថេរភាពជីវិតគ្រួសារជនផ្ដាច់ការ

នៅក្នុងការដឹកនាំបែបផ្ដាច់ការដើម្បីធានាអំពីអាយុជីវិតរបបដឹកនាំបែបអត្តាធិបតេយ្យរបស់ខ្លួនគឺត្រូវការកម្លាំងយោធា។ ជាការតបស្នងមេដឹកនាំផ្ដាច់ការត្រូវធ្វើឱ្យវាមួយស្មើវិញថាជីវិតយោធាក៏ត្រូវបានធានាដោយខ្លួនវិញដែរ។ ដែលទាំងនេះជាមូលហេតុមួយក្នុងមូលហេតុជាច្រើនដែលរបបលោកគីមរក្សាអំណាចបានបីជំនាន់ព្រោះតែការបង្កើតគោលនយោបាយជាច្រើនធានាថាយោធានឹងមិនអាចរើបម្រះបាន។

តើគោលនយោបាយទាំងនោះមានអ្វីខ្លះ?នៅក្នុងជំនាន់បិតាស្ថាបនិកកូរ៉េខាងជើង គោលនយោបាយធំបំផុតនោះគឺ Military first គិតយោធាមុនគេដែលជំនាន់នោះគឺដើម្បីបង្កើនកម្លាំងប្រយុទ្ធនឹងកូរ៉េខាងត្បូង។ កូនរបស់លោកគឺលោកគឺលោកគីមជុង អ៊ីលបន្ទាប់មកក៏នៅតែរើសយកយោធាជាអាទិភាពហើយមានសម្រេចបានក្ដីសុបិនមួយគឺការបង្កើតអាវុធនុយក្លេអ៊ែនិងបានបាញ់សាកល្បងលើកដំបូងក្នុងឆ្នាំ២០០៦។ ទាំងអស់នេះបានក្លាយជាមត៌កដល់ លោកគីមជុងអ៊ុនសព្វថ្ងៃនេះ។

ក៏ពិតថាជំងឺកូវីដ១៩បន្ដបង្កើតការប្រឈមផ្នែកនយោបាយ សន្ដិសុខ សេដ្ឋកិច្ច គ្រប់បណ្ដាប្រទេសពាក់ព័ន្ធតែការបាញ់មីស៊ីល(ដូរបាយ) បីដងពេញមួយខែមីនានេះរបស់កូរ៉េខាងជើង ធ្វើឱ្យករណីនៅកូរ៉េខាងជើងនៃជំងឺកូវីដ១៩ គឺនៅតែសូន្យ។ ដោយមានការចុះផ្សាយពី KCNA បានចុះផ្សាយថា លោកគីមនឹងបើកការប្រជុំសភាប្រជាជនផងដែរ។ ជាហេតុធ្វើឱ្យកាសែតអាមេរិកជាច្រើន ដោយទៅតាមអ្នកជំនាគេសង្ស័យថាកូរ៉េខាងជើងលាក់ព័ត៌មានអ្នកកើតជំងឺកូវីដ១៩ព្រោះតែការបើកសមយុទ្ធយោធាបង្ហាញអានុភាពនៃការធ្វើឱ្យស្ថេរភាពក្នុងប្រទេសជុំវិញសំណុំរឿងជំងឺកំណាចនេះ។

ទោះធនធានមនុស្សច្រើនក៏ពិតមែនតែប្រទេសជាប់ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក អឺរ៉ុប និង អង្គការសុខភាពពិភពលោកនេះត្រូវបានព័ត៌មានកូរ៉េខាងត្បូងតាមដានដឹងថាបានទទួលជំនួយសម្ភារៈពេទ្យពីមហាមិត្តចិន។

បើទោះបីជាកូវីដ១៩អាចខ្លះដែរក្នុងការធ្វើឱ្យអស្ថេរភាពផ្ទៃក្នុងនៃប្រទេសនេះផ្នែកអភិបាលកិច្ច និង សុខុមាលភាពសង្គម តែវាមិនអាចជាមធ្យោបាយគម្រាមកំហែងអ្វីនោះឡើយដល់របបលោកគីម។ ពេលណាបុរសខ្លាំងបង្ហាញអានុភាពយោធា ពេលនោះក៏អាចថាគាត់ចង់ធានាអំពីលទ្ធភាពមិនជ្រួលច្របល់នៃបញ្ហា។ យ៉ាងណា ស្របពេលដែលអាមេរិកកំពុងជាប់ដៃប្រយុទ្ធនឹងមេរោគកូរ៉ូណាក្នុងប្រទេសរបស់ខ្លួន ភាពតានតឹងនៅឧបទ្វីបកូរ៉េនៅតែបំភ័យប្រទេសទទួលសេវាថ្លៃការពារប្រទេសពីអាមេរិក តួយ៉ាងកូរ៉េខាងត្បូងនិងជប៉ុនដែលជាជនរងគ្រោះជំងឺកូវីដ១៩ច្រើនជាងគេដែរនៅអាស៊ី៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាអ៊ីស្រាអ៊ែលក្លាយជាប្រទេសអ្នកមានដ៏អស្ចារ្យក្នុងពិភពលោក?

Leave a Reply

Your email address will not be published.