
មេដឹកនាំខ្លាំងៗដែលបានដឹកនាំពិភពលោក ពួកគេតែងតែមានស្ត្រីដែលជាភរិយាដែលមានសម្តភាពមិនធម្មតាដូចគ្នាដែរ ដែលឈរពីក្រោយក្នុងការដឹកនាំរបស់ស្វាមី។ តែពេលនេះយើងសូមធ្វើការបង្ហាញពីភរិយារបស់ប្រធានាធិបតីចិនលោក Xi Jinping នោះគឺលោកស្រី Peng Liyuan ដែលជាតារាចម្រៀងបុរាណដ៏មានប្រជាប្រិយ និងជាលោកស្រីទី១របស់ប្រធានាធិបតីចិនផងដែរ។
ទោះបីជាលោកស្រី Peng Liyuan ទទួលបានការគាំទ្រ និង ស្គាល់ពីជុំវិញពិភពលោក បន្ទាប់ពីស្វាមីលោក Xi Jinping បានក្លាយជាប្រធានាធិបតីចិនក៏ដោយ ប៉ុន្តែអាជីពច្រៀងរបស់លោកស្រីទៅវិញទេដែលបានធ្វើឲ្យលោកស្រីបានក្លាយជាតារាកំពូល និង ជាបុគ្គលល្បីល្បាញុម្នាក់។
ជីវិតដំបូង និង ការសិក្សា
លោកស្រី Peng Liyuan បានកើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៦២ នៅក្រុង Linyi ប្រទេសចិន។ បើនិយាយពីជីវិតគ្រួសាររបស់លោកស្រីគឺពុំសូវមានអ្នកដឹងពីប្រវត្តិគ្រួសាររបស់លោកស្រីច្បាស់នោះទេ លើកលែងតែការពិតមួយដែលថាគ្រួសារនេះត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងកំឡុងបដិវត្តវប្បធម៌នាឆ្នាំ ១៩៧៦។ ប្រភពផ្សេងៗបាននិយាយថា ឪពុកលោកស្រីត្រូវបានគេចោទថាជាជនបដិវត្តប្រឆាំង ពីព្រោះសាច់ញាតិខ្លះរបស់ពួកគេបានបម្រើក្នុងជួរកងទ័ពតៃវ៉ាន់។
នៅអាយុ ១៤ ឆ្នាំលោកស្រី Peng Liyuan បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យសិល្បៈ សានទុង (Shandong) និង ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកសិល្បៈបុរាណ ដោយហាត់ជំនាញខាងចម្រៀងបុរាណចិន។

ជីវិតក្នុងអាជីពការងារ
នៅអាយុ ១៨ ឆ្នាំ នាទសវត្សរ៍ ១៩៨០ លោកស្រី Peng Liyuan បានចូលរួមជាមួយកងទ័ពរំដោះប្រជាជនក្នុងនាមជាទាហានម្នាក់។ ដោយសារតែមានទេពកោសល្យខាងច្រៀង មិនយូរប៉ុន្មានលោកស្រីចាប់ផ្ដើមសម្ដែងនៅខ្សែរជួរមុខ ដើម្បីលើកម្ពស់សុជីវធម៌របស់កងទ័ព។ ក្នុងពេលជាមួយគ្នានេះ លោកស្រីបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេនៅប្រទេសចិនដែលទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកតន្ត្រីជនជាតិដើម។ ប៉ុន្មានឆ្នាំបន្ទាប់លោកស្រីបានចេញទៅសម្តែងនៅឯបរទេសដូចជា ញូវយ៉ក តូក្យូ និងវីយែន។
ការចាប់ផ្ដើមអាជីពដំបូងៗ លោកស្រី Peng Liyuan ជាអ្នកចម្រៀងសម្រាប់បក្សកុម្មុយនីស្ត។ លោកស្រីបង្ហាញខ្លួនជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ និងច្រៀងចម្រៀងឃោសនា។ ដោយសារហេតុផលនេះ បទចម្រៀងប្រមាណជា ៩០% និយាយអំពីគោលការណ៍បក្សនិងមនោគមវិជ្ជា ហើយនៅសល់ពីនោះជាចម្រៀងកម្សាន្តធម្មតា។
លោកស្រីបានក្លាយជាសមាជិកស៊ីវិលនៃកងទ័ពរំដោះប្រជាជនចិននិងបានកាន់ឋានៈស៊ីវិលស្មើនឹងឧត្ដមសេនីយ៍មុនពេលខ្លួនត្រូវបានតែងតាំងជាព្រឹទ្ធបុរសនៃបណ្ឌិត្យសភាសិល្បៈ។ បន្ទាប់ពីរៀបការជាមួយលោក Xi Jinping លោកស្រីក៏មិនបានបោះបង់ចោលអាជីពចម្រៀងរបស់ខ្លួនដែរ។
ក្រោយពីរៀបការរួចភ្លាម លោកស្រីបានត្រឡប់ទៅទីក្រុងប៉េកាំង ដើម្បីបង្ហាញខ្លួននៅក្នុងមហោស្រពសិល្បៈជាតិ។ បន្ទាប់ពីនោះទៀត លោកស្រីបានធ្វើដំណើរទៅសហរដ្ឋអាមេរិក និងកាណាដាដើម្បីសម្ដែងផងដែរ។

នៅខែវិច្ឆិកាឆ្នាំ ២០១២ លោកប្រធានាធិបតី Xi ត្រូវបានជ្រើសរើសតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត រីឯលោកស្រី Peng ជាលេខាធិការផ្ទាល់របស់ស្វាមី។ ឆ្នាំបន្ទាប់ នៅពេលស្វាមីត្រូវបានជាប់ជាប្រធានាធិបតីចិន សារព័ត៌មានក្នុងស្រុកបានចាត់ទុកលោកស្រីថាជា “ជំទាវទីមួយរបស់ចិន” និងជាស្ត្រីដែលនៅតែរក្សាបានកេរ្តិ៍ឈ្មោះវិជ្ជមាននៅក្នុងប្រទេសនេះ។
បន្ទាប់ពីក្លាយជាជំទាវទីមួយរបស់ចិន អាជីពច្រៀងបានថមថយចុះបន្តិច ដោយភរិយាប្រធានាធិបតីរូបនេះឡើងច្រៀងសម្រាប់តែព្រឹត្តិការណ៍នយោបាយទ្រង់ទ្រាយធំប៉ុណ្ណោះ។ ក្នុងនោះលោកស្រីក៏បង្ហាញខ្លួនមិនសូវជាញឹកញាប់នៅក្នុងទូរទស្សន៍រដ្ឋដែរ។
Peng Liyuan ជាស្រ្តីម្នាក់ដែលចូលរួមយ៉ាងសកម្មនៅក្នុងឆាកនយោបាយ។ លោកស្រីគឺជាសមាជិកនៃគណៈកម្មាធិការជាតិលើកទី ១១ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ ២០១១ លោកស្រីគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសុខភាពពិភពលោកដោយផ្សព្វផ្សាយការយល់ដឹងអំពីជំងឺរបេងនិងអេដស៍។ លោកស្រីក៏ជាឯកអគ្គរដ្ឋទូតនៃសមាគមចិនស្តីពីការគ្រប់គ្រងថ្នាំជក់ផងដែរ។
ពានរង្វាន់ និង សមិទ្ធិផល
ក្នុងខែធ្នូ ឆ្នាំ ២០១១ ជំទាវទីមួយរូបនេះ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២៣ នាក់ដែលទទួលបានពានរង្វាន់សិល្បៈចិនដំបូង និង រង្វាន់ទឹកប្រាក់ ១ លានយ័ន (១៥៩ ៨០០ ដុល្លារ) ។
ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤ លោកស្រីបានទទួលងារបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Massey ក្នុងប្រទេសនូវែលហ្សេឡង់ ក្នុងការទទួលស្គាល់ការចូលរួមចំណែកជាអន្តរជាតិរបស់លោកស្រីក្នុងការសម្តែងសិល្បៈ សុខភាព និង ការអប់រំ។ ក្នុងឆ្នាំ ២០១៤ ទស្សនាវដ្តី Forbes បានចុះបញ្ជីលោកស្រី ជាស្ត្រីមានឥទ្ធិពលបំផុតទី ៥៧ នៅលើពិភពលោក ។
ជីវិតផ្ទាល់ខ្លួន
លោកស្រី Peng Liyuan ស្គាល់លោក Xi Jinping តាមរយៈមិត្តភក្តិ។ ការជួបគ្នាដំបូង ពួកគេនិយាយគ្នាភាគច្រើនជុំវិញការសិក្សា ដោយលោកប្រធានាធិបតីបានសាកសួរពីបច្ចេកទេសនៃការច្រៀង និង ចង្វាក់ភ្លេង។ ក្រោយមកចំណងមិត្តភាពរវាងពួកគេទាំងពីរបានក្លាយជាស្នេហា ហើយគូស្នេហ៍នេះបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៨៧ នៅទីក្រុង Xiamen ខេត្ត Fujian ។ បច្ចុប្បន្នប្តីប្រពន្ធនេះមានកូនស្រីម្នាក់ឈ្មោះ Ximingze។

ក្បួនអប់រំកូនរបស់ភរិយាប្រធានាធិបតីចិនលោកស្រី Peng Liyuan
លោកស្រី Peng Liyuan (ផេង លីយ័ន) ជាភរិយារបស់លោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ លោកស្រី ផេង លីយ័ន គឺជាស្ត្រីមេផ្ទះម្នាក់ដែលមើលថែរ គ្រួសារនិងអប់រំកូនៗ របស់អ្នកស្រីបានយ៉ាង ល្អបំផុត ។ របៀបអប់រំកូនៗរបស់លោកស្រីពុងតែទទួលបានការ ចាប់អារម្មណ៍និងល្បីល្បាញ ទូទាំង ប្រទេសចិន និងល្បីរន្ទឺទូទាំងពិភពលោកថែមទៀតផង ។
១.កូនសម្លាញ់ត្រូវមានស្នាមញញឹម ព្រោះវាជាភាពស្រស់ស្អាត និងភាពជឿជាក់ទាំង ជាទ្រព្យដែលនៅជាប់ខ្លួនកូន ជានិច្ច។
២. ពេលនៅក្មេង កូនត្រូវមានចំណេះដឹង ពេលធំឡើងកូនត្រូវមានបទពិសោធន៍ វានឹងធ្វើឱ្យ ជីវិតកូន រីកចម្រើនយ៉ាងមានគុណភាព។ កូនត្រូវអានបទពិសោធន៍របស់អ្នកដទៃ និងស្វែងរកបទពិសោធន៍សម្រាប់ខ្លួនឯងផងដែរ។
៣.កូនត្រូវចេះបើកបរ នេះមិនពាក់ព័ន្ធទៅនឹង ដំណែងតួនាទីអ្វីទេ ព្រោះបើកូនចេះបើកបរដោយ ខ្លួនឯង កូននឹងអាចទៅគ្រប់កន្លែងដែលកូនចង់ទៅបានគ្រប់ពេលវេលា ដោយមិនបាច់សុំអង្វរ អ្នកណាឡើយ។
៤.កូនត្រូវមានចិត្តទូលាយ កូនដឹងទេថា កូនទុកដានជើងបានឆ្ងាយប៉ុនណា ចិត្តគំនិតរបស់កូននឹងទូលំទូលាយ ប៉ុននោះដែរ។ នៅពេលចិត្តទូលំទូលាយហើយ នឹងមានក្តីសុខ ហើយបើដើរមិនបានឆ្ងាយទេ គឺឱ្យសៀវភៅជាអ្នកនាំកូនទៅ។
៥.កូនត្រូវរៀននៅមហាវិទ្យាល័យដែលមានគុណភាពល្អនេះមិនមែនរៀនដើម្បីយក គ្រេឌីតអីទេ ប៉ុន្តែក្នុងមួយជីវិតរបស់យើង យើងត្រូវឆ្លងកាត់ មហាវិទ្យាល័យឱ្យបានពី៣ទៅ៤ឆ្នាំ ដែលជាជីវិតដែលគ្មាន លក្ខខណ្ឌតវ៉ា និងជាជីវិតដែលបានអប់រំដើម្បីឱ្យមានសតិបញ្ញា និងការគិត។
៦.កុំបញ្ចេញភាពទន់ខ្សោយអោយអ្នកដទៃឃើញ បើមេឃរលំធ្លាក់ចុះមក ចូរកូនកុំចាំបាច់ស្រែកយំ និងមិនបាច់ទួញថ្ងូរទេ វានឹងធ្វើឱ្យមនុស្ស ស្រឡាញ់កូន កាន់តែឈឺចាប់ចំណែកមនុស្សដែលស្អប់កូន កាន់តែបានចិត្ត។
៧.កូនសម្លាញ់ កូនត្រូវរៀនធ្វើម្អូប នេះមិនមែនដើម្បីយកទៅប្រតិបត្តិសម្រាប់អ្នកណាឡើយ ប៉ុន្តែពេលដែលមនុស្ស ដែលស្រឡាញ់កូនមិននៅ កូនអាចរស់នៅមើលថែខ្លួនឯងបាន។
៨.កូនត្រូវមានរបៀបរៀបរយ និងមានសេចក្តីថ្លៃថ្នូរ ទោះបីហូបបាយជាមួយទឹកស៊ីអ៊ីវ ក៏ត្រូវជូនតុ និងក្រាលកំរាលឱ្យបានស្អាត ហើយអង្គុយហូបឱ្យមានរបៀប រៀបរយដែរ។ រស់នៅតាមបែបធម្មតាៗ ប៉ុន្តែត្រូវរក្សាឱ្យ មានភាពថ្លៃថ្នូរ និងសមរម្យ។
៩.កូនត្រូវមានផ្ទះមួយជារបស់ខ្លួនឯង ទោះបីត្រឹម៥ម៉ែត្រ៤ជ្រុងក៏ដោយ ព្រោះនៅពេលកូនឈ្លះ គ្នាជាមួយ មនុស្សដែលកូនស្រឡាញ់ ដល់បែកបាក់ក៏មិនដល់ថ្នាក់រកកន្លែងដេកមិនបានដែរ សំខាន់ជាងនេះ នៅពេលកូនមានចិត្ត ក្តៅ នោះក៏មានកន្លែងដែលធ្វើ ឱ្យកូនមានចិត្តត្រជាក់ វិញដែរ។
១០. មិនថានៅពេលណាទេ កូនត្រូវធ្វើជាមនុស្សដែលមានមេត្តា ត្រូវចងចាំទុកថា ការធ្វើជាមនុស្ស ចិត្តល្អ នឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលទទួលបានការឃុំគ្រង មើលថែល្អបំផុតពីអ្នកផង និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយ។
១១.កូនត្រូវតែជាមនុស្សចេះសន្សំសំចៃ បើលោកនេះ នៅសល់តែទឹក២ពែង កូនត្រូវទុកមួយពែងផឹក និងមួយពែងទៀត ត្រូវទុកប្រើសម្រាប់ផ្ទៃមុខ និងខោអាវក្នុងរបស់កូន។
១២.នៅពេលដែលកូនទៅកន្លែងឆ្ងាយ កូនត្រូវចាំទុកថា ក្រៅពីយកកាមេរ៉ាថតរូបទៅជាមួយ គឺត្រូវយកប៊ិច និងក្រដាសទៅផង ព្រោះទេសភាពអាចដូចគ្នា តែអារម្មណ៍ដែលមើល ទេសភាពនោះ មិនប្រាកដថាដូចគ្នាទេ។ ស៊ីសេកគ័រ អាចក្លាយជាភូមិវិទូដ៏ល្បីរបស់ប្រទេសចិន មិនមែនដោយសារគាត់បានធ្វើដំណើរ ច្រើនបំផុតទេ ប៉ុន្តែដោយសារគាត់ បានកត់ត្រារឿងរ៉ាវ និងបទពិសោធន៍យ៉ាងល្អិតល្អន់ ពីការធ្វើដំណើររបស់គាត់បានយ៉ាងល្អ។