ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រទេសក្នុងតំបន់អាស៊ានទាំងអស់សុទ្ធតែត្រូវបានធ្វើអាណានិគមពីបណ្ដាប្រទេសមហាអំណាចផ្សេងៗដូចជាបារាំង និង អង់គ្លេស លើកលែងតែប្រទេសថៃតែមួយប៉ុណ្ណោះ។ ហើយប្រទេសនីមួយៗតែងតែប្រារព្ធនៅទិវារំលឹកថ្ងៃទទួលបានឯករាជ្យរៀងៗខ្លួន។

ក្នុងនោះក៏មានរដ្ឋាភិបាល និង​ ប្រជាពលរដ្ឋ​ព្រុយ​ណេ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ទទួលបាន​ឯករាជ្យភាព​ពេញលេញ​ពី​អង់គ្លេស កាលពី​ឆ្នាំ​១៩៨៤ ។ ជា​ផ្លូវការ ព្រុយ​ណេ ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស នៅ​ថ្ងៃទី​១ ខែ មករា ឆ្នាំ​១៩៨៤ ឯណោះ​ទេ ប៉ុន្តែ​អង់គ្លេស នៅតែ​បន្ត​ត្រួតត្រា​ព្រុយ​ណេ រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​ដដែល ។ ដូច្នេះ​ទិវា​ឯករាជ្យ​ជាតិ ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី​២៣ ខែ កុម្ភៈ ទៅវិញ។​

ភូមិសាស្ត្រ​ និង ប្រជាសាស្ត្រ​

ប្រទេសព្រុយ​ណេ មាន​ផ្ទៃដី ៥.៧៦៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ ជា​សមាជិក​មួយ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន មាន​ព្រំដែន​ជាប់​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូ ណេ​ស៊ី ។ ជា​ប្រទេស​មហាសេដ្ឋី​ប្រេងកាត និង​ឧស្សាហកម្ម​ជឿនលឿន​ជា​ប្រទេសមួយ​ក្នុង ចំណោម​ប្រទេស​ទាំងពីរ ( លី​ប៊ី ) នៅក្នុង​លោក​ដែល​គ្មាន​បំណុល​ជាតិ ។ ឆ្នាំ​២០២០ មាន ប្រជាពលរដ្ឋ​ជាង ៤៤០.០០០ នាក់ ភាគច្រើន ជា​អ្នក​កាន់ សាសនា​អ៊ិ​ស្លាម ភាសា​ដែល ប្រើ​ច្រើន​បំផុត គឺ​ភាសា​ម៉ាឡេស៊ី ភាសា​អង់គ្លេស និង​ភាសា​ចិន រាជធានី គឺ​ទីក្រុង​បាន​ដា​ស៊េរី បេ​ហ្គា​វ៉ាន់ ។

See the source image

​ប្រវត្តិសាស្ត្រ​ព្រុយណេ

គិត​ត្រឹម​ឆ្នាំ​១២២៥ កោះ​ប៉ូ​-​នី (​ព្រុយ​ណេ​) មាន​កប៉ាល់ចម្បាំង​ចំនួន​១០០​គ្រឿង​ការពារ​ពាណិជ្ជ កម្ម​របស់ខ្លួន ហើយ​គឺជា​អាណាចក្រ​ដ៏​សម្បូរ​រុងរឿង ។ ពី​ចន្លោះ​សតវត្សរ៍​ទី​១៥ និង ទី​១៧ អំណាច​ស៊ុ​លត​ង់ (​ជា​ងារ ឬ​ឋានៈ​កំពូល នៃ​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​ព្រុយ​ណេ ស្មើនឹង​ស្តេច​) បាន​ឡើងដល់​កំពូល ដោយ​ពង្រីក​ដែន​អាណាចក្រ​របស់ខ្លួន ពី​ហ្វីលីពីន ភាគខាងត្បូង ដោយ​រួមទាំង​ទីក្រុង​ម៉ានីល ផង ។ សាសនា​អ៊ិ​ស្លាម បាន​ចាក់​ប្ញ​សគល់​យ៉ាងរឹងមាំ និង រីកសាយ​ពាសពេញ ព្រុយ​ណេ ត្រឹម​សតវត្សរ៍​ទី​១៦ ។

ការដណ្តើម​អំណាច​ផ្ទៃក្នុង

​ប៉ុន្តែ​ព្រុយ​ណេ បាន​ពើប​នូវ​ឱនភាព ដោយសារ​មានទំនាស់​ផ្ទៃក្នុង រឿង​ដណ្តើម​រាជបល្ល័ង្គ ខណៈដែល​មហាអំណាច​អឺរ៉ុប កំពុង​វាតទី​អំណាច ទៅ​គ្រប់ទិសទី​នៃ​ពិភពលោក ។ អេ​ស្ប៉ា​ញ បាន​ដណ្តើមយក​ទីក្រុង​ម៉ានីល ពី​ព្រុយ​ណេ ឆ្នាំ​១៥៧០ ហើយ​បង្ខំ​អោយ​ទីក្រុង​នេះ ក្លាយជា ទីក្រុង គ្រិស្តសាសនា វិញ ។​

​រាជវង្ស​ពីរ​អង្គ ឈ្មោះ Pengiran Seri Lela និង Pengiran Seri Ratna បាន​ទៅ​ពឹង​អេ​ស្ប៉ា​ញ (​ដែល​កំពុង​ធ្វើ​អាណានិគម​លើ​ទីក្រុង​ម៉ានីល ) អោយជួយ​ដណ្តើម​រាជបល្ល័ង្គ ពី​បងប្អូន​មក អោយ​ខ្លួន​វិញ ដោយ​សន្យាថា ប្រសិនបើ​ខ្លួន​បាន​សោយរាជ្យ នោះ​នឹង​អោយ អេ​ស្ប៉ា​ញ ធ្វើជា​អាណាព្យាបាល ព្រុយ​ណេ ។

​អេ​ស្ប៉ា​ញ បានចាត់ទុក​ព្រុយ​ណេ ថា​ជា​មជ្ឈមណ្ឌល​អ៊ិ​ស្លាម ហើយ​ត្រូវការ​ធនធាន ព្រុយ​ណេ​ផង និង​ត្រូវការ​លុបបំបាត់ អ៊ិ​ស្លាម​សាសនា ជំនួស​ដោយ​ការពង្រីក​គ្រិស្តសាសនា ផង ទើប​នៅ​ឆ្នាំ​១៥៧៨ អេ​ស្ប៉ា​ញ បានប្រកាស​សង្គ្រាម ដោយមាន​គម្រោង​វាយប្រហារ កាន់កាប់​រាជធានី កូតា បា​ទូ ដែលជា រាជធានី​របស់​ព្រុយ​ណេ នា​សម័យ​នោះ ។

​អេ​ស្ប៉ា​ញ ដែលមាន​កម្លាំង​ទ័ព​ដ៏​សន្ធឹកសន្ធាប់ និង​មានការ​ឃុបឃិត​ពី​សំណាក់​រាជវង្ស ទាំងពីរ​អង្គ ខាងលើ​ផង បាន​ចូលកាន់​កាប់​រាជធានី នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៥៧៨ ហើយ ស៊ុ​លត​ង់ Saiful Rijal ត្រូវបាន​បង្ខំ​អោយ​និរទេស ទៅ Jerudong ។

​នៅក្នុង​តំបន់ Jerudong ស៊ុ​លត​ង់ Saiful Rijal និង​អ្នក​ដែលមាន​ភក្តីភាព​បានរៀបចំ​ផែនការ បណ្តេញ​ពួក​អេ​ស្ប៉ា​ញ ពី​ព្រុយ​ណេ ។ អេ​ស្ប៉ា​ញ កាន់កាប់​រាជធានី កូតា បា​ទូ​មិនបាន​ប៉ុន្មាន ផង ក៏មាន​ផ្ទុះ​ជំងឺរាក​មួល ។ ទ្រាំ​នៅ​មិនបាន ក៏​សម្រេចចិត្ត​បោះបង់ ព្រុយ​ណេ​ត្រឡប់​ទៅ​ទី ក្រុង​ម៉ានីល វិញ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៥៧៨ នោះ ។ ប៉ុន្តែ​មុននឹង​ចាកចេញ​ពួកគេ​បាន ដុតបំផ្លាញ​វិហារ​អ៊ិ​ស្លាម ដ៏​ធំ​បំផុត​លំដាប់​លេខ​៥ របស់​ពិភព​អ៊ិ​ស្លាម ។

​ព្រះអង្គម្ចាស់ Pengiran Seri Lela ដែល​ត្រូវបាន អេ​ស្ប៉ា​ញ លើក​បន្តុប​ជា ស៊ុ​លត​ង់ ព្រុយ​ណេ នោះ​ក៏បាន​សោយ​ទិវង្គត នៅក្នុង​ខែសីហា ដោយ​ជំងឺរាក​មួល ខណៈ​អ្នកខ្លះ​សង្ស័យថា ត្រូវគេ​បំពុល ។​

ការធ្លាក់​ក្រោម​អាណានិគមអង់គ្លេស

ចាប់ពី​ឆ្នាំ ១៦៦០-១៦៧៣ ក៏មាន​សង្គ្រាមស៊ីវិល ប្រឆាំងនឹង​អាណានិគម អេ​ស្ប៉ា​ញ ។ អង់គ្លេស ក៏​ចាប់ផ្តើម​ពង្រីក​អំណាច​របស់ខ្លួន​ដល់ ព្រុយ​ណេ ដែរ ។ អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៨០ ជា​រយៈពេល​ឱនភាព នៃ​អាណាចក្រ​ព្រុយ​ណេ ។ ស៊ុ​លត​ង់ បានប្រគល់ តំបន់ Sarawak ទៅអោយ​ក្មួយប្រុស​របស់ខ្លួន​គ្រប់គ្រង ។ តំបន់ Sarawak ដែលមាន​អំណាច​កងទ័ព​ជាង ចេះតែ​វាតទី​ដី​ចូល​ដែនដី​របស់ ស៊ុ​លត​ង់ ។

​បារម្ភ​នឹង​សកម្មភាព​វាតទី​នេះ ស៊ុ​លត​ង់ ព្រុយ​ណេ បាន​ពឹងពាក់ អង់គ្លេស អោយ​ជា​អ្នក ការពារ តាមរយៈ សន្ធិសញ្ញា​មួយ​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​១៨៨៨ ។ ប៉ុន្តែ​នៅពេល Sarawak បន្ត​វាតទី ចូលក្នុង​ដែនដី ស៊ុ​លត​ង់ នោះ អង់គ្លេស មិន​អើពើ​ឡើយ ដោយ​អង់គ្លេស​យក​លេស ថា ពួកគេ​សុទ្ធតែជា​ជនជាតិ​ព្រុយ​ណេ ដូចគ្នា គឺ​មិនមែន​ជាការ​ឈ្លា​ន​ពី​សំណាក់​បរទេស ។ ប្រការនេះ​បានសេចក្តីថា ព្រុយ​ណេ បាន​រត់​ចូល​ក្រោម​អាណានិគម​អង់គ្លេស​ដោយ​ខ្លួនឯង និង ដោយ​គ្មាន​បាន​ផល​អ្វី​បន្តិច​សោះ ។

ការបាត់បង់តំបន់Sarawak

សហព័ន្ធ​ម៉ាឡេស៊ី ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១ ខែ កុម្ភៈ ឆ្នាំ​១៩៤៨ ។ អ្នកដឹកនាំ​ខ្លះ នៃអាណាចក្រ ព្រុយ​ណេ ចង់​ចូល​ជា​សម្ព័ន្ធ នេះដែរ ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៦២ មាន​ចលនា​ឧទ្ទាម ប្រឆាំងនឹង​បំណង​ខាងលើនេះ ទើប ស៊ុ​លត​ង់ សម្រេចចិត្ត​មិន​ចូល​សម្ព័ន្ធនេះ​វិញ ។

​ប៉ុន្តែ​តំបន់ Sarawak ដែល​ហាក់ដូចជា​សឹងតែ​ជា​រដ្ឋ​ដាច់ដោយឡែក ពី ព្រុយ​ណេ ទៅហើយ នៅ​ឆ្នាំ ១៩៦៣ ក៏បាន​ផ្តាច់ខ្លួន​ជា​ផ្លូវការ​ចេញពី ព្រុយ​ណេ ហើយ បាន​ទៅ​ចូលរួម​ក្នុង​សម្ព័ន្ធ ម៉ាឡេស៊ី ជាមួយនឹង​បូ​ណេ​អូ ខាងជើង និង​សាំង​ហ្គា​ពួរ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​១៩៦៣ ។ ដែនដី Sarawak ក៏បាន​ក្លាយជា​ទឹកដី ម៉ាឡេស៊ី ចាប់ពីពេល នោះ រហូត​សព្វថ្ងៃ​នេះហើយ ទឹកដី ព្រុយ​ណេ ក៏​រួញ​នៅ​តូច​ប៉ុន​សព្វថ្ងៃ​នេះឯង។

See the source image

​រ៉េស៊ីដង់​អង់គ្លេស ត្រូវបាន​ដាក់​នៅ ព្រុយ​ណេ ក្រោម​កិច្ចសន្យា ជា​អាណាព្យាបាល បន្ថែម នៅ​ឆ្នាំ ១៩០៦ ដែលមាន​តួនាទី ជា​អ្នក​ប្រឹក្សា​យោបល់​កិច្ចការរដ្ឋបាល​ដល់ ស៊ុ​លត​ង់ ហើយ​ក៏បាន​ពង្រីក​អំណាច​ខ្លាំង​ទៅៗ ត្រួតត្រា​លើ ស៊ុ​លត​ង់ ទៀតផង ។ នៅ​ឆ្នាំ​១៩២៩ រ៉ែ ប្រេងកាត នៅ​ព្រុយ​ណេ ត្រូវបាន​រកឃើញ​។ នៅ​ឆ្នាំ​១៩៤០ ពួកគេ​អាច​ផលិត​ប្រេង​ឆៅ​បាន ជាង​ប្រាំមួយ​លាន បារ៉ែល ក្នុង​មួយឆ្នាំ ។ ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ​បានក្លាយ​ជា​មូលដ្ឋាន គ្រឹះ​នៃ​ការអភិវឌ្ឍ និង​ធនធាន​របស់ ព្រុយ​ណេ ចាប់ពី​សតវត្សរ៍​ទី​២០ មក ។

​សម័យ​សង្គ្រាមលោកទី២

​ក្នុង​យុទ្ធនាការ ដើម្បី​រំដោះ​បណ្តា​ប្រទេស​នៅ​អាស៊ី អោយ​រួច​ផុតពី​អាណានិគម អឺរ៉ុប នៅ​ឆ្នាំ ១៩៤១ ជប៉ុន បាន​ចូលខ្លួន​ទៅក្នុង​សង្គ្រាម ហើយ​សង្គ្រាមលោកលើកទី​២ ក៏បាន​ផ្ទុះឡើង ។ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៤១ ជប៉ុន បានឈ្នះ​អង់គ្លេស​នៅ ព្រុយ​ណេ ហើយ​បាន​កាន់កាប់​ទី នោះ​ជំនួស​អង់គ្លេស​។ ស៊ុ​លត​ង់ នៅ​រក្សា​រាជបល្ល័ង្ក ហើយ​ទទួលបាន​សិទ្ធិអំណាច​ច្រើន​ពី​ជប៉ុន ។ មន្ត្រី​ដ៏​សំខាន់​របស់​ព្រុយ​ណេ ត្រូវបាន​បញ្ជូន ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ដែលជា​ផ្នែក​មួយ នៃ​ការត្រៀម​ប្រគល់​ឯករាជ្យភាព​អោយ​ព្រុយ​ណេ ។ កំពង់ផែ និង អាកាសយានដ្ឋាន ត្រូវបាន​ជប៉ុន ជួសជុល​ឡើងវិញ ។​

See the source image

​នៅ​ឆ្នាំ​១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត បានចាប់ផ្តើម​បើក​ការវាយលុក​ដោយ​ការទម្លាក់​គ្រាប់បែក​ទៅលើ​កងទ័ព ជប៉ុន នៅ​ព្រុយ​ណេ បាន​បំផ្លិចបំផ្លាញ​សមិទ្ធផល​នានា​ស្ទើរ​ខ្ទិច​គ្មាន​សល់ ។ បន្ទាប់ពី​អាមេរិក ទម្លាក់​គ្រាប់បែក បរ​ម៉ា​ណូ ពីរ​គ្រាប់​ទៅលើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ទីក្រុង ណាហ្គា​សា​គី ប្រទេស​ជប៉ុន​មក នៅ​ឆ្នាំ​១៩៤៥ ជប៉ុន បាន​សុខចិត្ត​ចុះចាញ់​សង្គ្រាម ហើយ ព្រុយ​ណេ ក៏​ធ្លាក់​ទៅក្នុង​ការ ត្រួតត្រា​របស់ អង់គ្លេស ជាថ្មីទៀត ។

ការតាក់តែងច្បាប់​រដ្ឋធម្មនុញ្ញ​

​នៅ​ឆ្នាំ​១៩៥៩ រដ្ឋធម្មនុញ្ញ​ថ្មី​របស់ ព្រុយ​ណេ បានចែង​ប្រកាសថា ព្រុយ​ណេ​គឺជា​រដ្ឋ​ស្វ័យ​គ្រប់គ្រង ខណៈ​កិច្ចការបរទេស សន្តិសុខ និង​ការពារជាតិ ស្ថិតនៅក្រោម​ការកាន់កាប់​របស់ អង់គ្លេស​នៅឡើយ ។

​នៅ​ខែកក្កដា ឆ្នាំ​១៩៥៣ ស៊ុ​លត​ង់ អូ​ម៉ា អា​លី សាយ​ហ្វ៊ូ​ឌៀ​ន ទី​៣ បាន​បង្កើត​គណៈ​ក​ម្មាធិ​ការ​មួយ ដែលមាន​សមាជិក ៧​នាក់ ឈ្មោះថា គណៈកម្មាធិការ Tujuh Serangkai ដើម្បី​ស្ទាបស្ទង់​ស្រង់​មតិ​ប្រជាពលរដ្ឋ ក្នុង​បំណង​តាក់តែង​រដ្ឋធម្មនុញ្ញ​សម្រាប់ ព្រុយ​ណេ ។ នៅ​ខែឧសភា ឆ្នាំ​១៩៥៤ ស៊ុត​ង់ , រ៉េស៊ីដង់ និង បេសកជន​ជាន់ខ្ពស់​អង់គ្លេស បាន​ជួបគ្នា ពិភាក្សា អំពី​លទ្ធផល​ដែល​គណៈកម្មាធិការ​នេះ​ប្រមូលបាន ។ ពួកគេ​បាន​ព្រមព្រៀងគ្នា អនុញ្ញាតអោយ​ព្រាង​រដ្ឋធម្មនុញ្ញ​មួយ ។

​នៅ​ខែមីនា ឆ្នាំ​១៩៥៩ ស៊ុ​លត​ង់ អូ​ម៉ា អា​លី បាន​ដឹកនាំ​គណៈប្រតិភូ​មួយ ទៅ​ទីក្រុង ឡុង​ដ៍ ដើម្បី​ពិភាក្សា​អំពី​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​ព្រាង​ឡើង​ថ្មីៗ​នោះ ។ មួយរយៈ​ក្រោយមក​ទើប រដ្ឋាភិបាល​អង់គ្លេស ព្រម​ទទួលយក​ពង្រាង​រដ្ឋធម្មនុញ្ញ​នោះ ។

See the source image

​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៥៩ រដ្ឋធម្មនុញ្ញ​នោះ ត្រូវបាន​ចុះហត្ថលេខា​ទទួលស្គាល់ នៅឯ​រាជធានី បាន​ដា ស៊េរី បេ​ហ្គា​វ៉ាន់ នៃ​ប្រទេស​ព្រុយ​ណេ ដោយ​អោយ ស៊ុ​លត​ង់​ធ្វើជា ប្រមុខរដ្ឋ​ជាន់ខ្ពស់ ចំណែក​អង់គ្លេស នៅ​កាន់កាប់​កិច្ចការបរទេស​ហើយ​ក្រុមប្រឹក្សា​ចំនួន ប្រាំ​ត្រូវបាន​បង្កើតឡើង។

​ដំណើរក្នុងការទទួលបាន​ឯករាជ្យ​ពីអង់គ្លេស

តាំងពី​រកឃើញ​អណ្តូង​ប្រេងកាត​មក ព្រុយ​ណេ បាន​ក្លាយជា​រដ្ឋ​រីកចម្រើន​គ្រប់​វិស័យ យ៉ាង​ឆាប់រហ័ស ។ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផែនការអភិវឌ្ឍន៍​ជាតិ នៅ​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​១៩៧១ ស៊ុ​លត​ង់ បាន​ចាកចេញ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​ពិ​ភាព​ក្សា​អំពី​តម្រូវការ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ ១៩៥៩ ។

​កិច្ចព្រមព្រៀង​ថ្មី​មួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​១៩៧១ ដោយ​ប្រគល់ អោយ ព្រុយ​ណេ នូវ​ការគ្រប់គ្រង​ខ្លួនឯង​កាន់តែច្រើន​ថែមទៀត ។ ប៉ុន្តែ​អង់គ្លេស​នៅ​ទទួល ខុសត្រូវ​លើ​កិច្ចការបរទេស និង ​ការពារ​ផ្នែក​ខាងក្រៅ ហើយ​អង់គ្លេស និង ព្រុយ​ណេ ទទួលខុសត្រូវ​រួម ក្នុង​កិច្ចការ​សន្តិសុខ និង ការពារ​ផ្ទៃក្នុង​ជាតិ ។

See the source image

​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ សន្ធិសញ្ញា​មួយទៀត ត្រូវបាន​ចុះហត្ថលេខា រវាង ព្រុយ​ណេ និង​តំណាង​អង់គ្លេស ដោយ​អោយ ព្រុយ​ណេ ទទួលខុសត្រូវ​លើ​កិច្ចការ​អន្តរជាតិ ក្នុងឋានៈ ជា​រដ្ឋ​ឯករាជ្យ ដោយ​អង់គ្លេស គ្រាន់តែ​ជា​ជំនួយការ​ផ្នែក​កិច្ច​ការទូត​ប៉ុណ្ណោះ ។

​នៅ​ខែឧសភា ឆ្នាំ​១៩៨៣ អង់គ្លេស បានប្រកាសថា កាលបរិច្ឆេទ នៃ​ការប្រគល់ ឯករាជ្យភាព ទៅអោយ ព្រុយ​ណេ ទំនងជា​នឹងធ្វើ​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ​១៩៨៤ ។​

​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៨៣ ហ្វូងមនុស្ស​ដ៏​ធំ​បាន​ជួបជុំគ្នា​នៅ​វិហារ ម៉ូ​សក៍ ។ នៅ​កណ្តាល អធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៤ សេចក្តីប្រកាស​ឯករាជ្យ​ភាព របស់ ព្រុយ​ណេ ត្រូវបាន​ធ្វើឡើង ។​

​ប៉ុន្តែ​នោះ​មិនមែនជា​ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​ឡើយ ដ្បិត​ដំណើរការ​អនុវត្ត​ជាក់ស្តែង​គឺ អង់គ្លេស នៅតែ​បន្ត​ត្រួតត្រា​ព្រុយ​ណេ ផ្នែក​ខ្លះ​រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​១៩៨៤ នោះ ។ ដោយហេតុនេះ ទើប​ទិវា​ឯករាជ្យ​ជាតិ ព្រុយ​ណេ ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ទៅវិញ​រហូតមក ៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាអ៊ីស្រាអ៊ែលក្លាយជាប្រទេសអ្នកមានដ៏អស្ចារ្យក្នុងពិភពលោក?

Leave a Reply

Your email address will not be published.