
លោកស្រី ហ្គោលដា ម៊ែរ (Golda Meir) គឺជាអតិតគ្រូបង្រៀន និង ក៏ជាអ្នកនយោបាយដ៏មានឥទ្ធិពល ហើយមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្រោយពេលលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីទី៤របស់រដ្ឋអ៊ីស្រាអ៊ែល។ លោកស្រីក៏ជាអ្នកស្ត្រីខ្លាំងទី១ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ ហ់ើយលោកស្រីបានចូលរួមយ៉ាងសកម្មក្នុងចលនាបង្កើតរដ្ឋអ៊ីស្រាអ៊ែល។
មិនតែប៉ុណ្ណោះលោកស្រីក៏ធ្លាប់បានកាន់មុខតំណែងជាច្រើននៅក្នុងជួររដ្ឋាភិបាលដូចជា រដ្ឋមន្ត្រីក្រសួងការងារ និង រដ្ឋមន្ត្រីការបរទេស ចន្លោះពីឆ្នាំ១៩៤០ ដល់ ឆ្នាំ១៩៦០។ មុនឈានដល់ចំណុចល្បីល្បាញ លោកស្រីបានលះបង់គ្រប់បែបយ៉ាងទាំងអស់រួមទាំងពេលវេលា កម្លាំងកាយចិត្ត។ ជាមួយនឹងទឹកចិត្តស្នេហាជាតិដ៏មុះមុត ដូច្នេះហើយទើបត្រូវបានគេហោះលោកស្រីថា «ស្ត្រីទី១ ឬ ស្រ្តីដែកថែប»។
ជីវិតក្នុងវ័យកុមារភាព
លោកស្រី ហ្គោលដា ម៊ែរ មានឈ្មោះដើមថា ហ្គោលដា ម៉ាបូវីដ (Golda Mabovitch) ដោយបានកើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៨៩៨ នៅក្នុងទីក្រុងគៀវ ដែលពីមុនគឺជាទឹកដីនៃអាណាចក្ររុស្សី ដែលបច្ចុប្បន្នគឺជាទឹកដីរបស់ប្រទេសអ៊ុយក្រែន។
ដោយលោកស្រីមានឪពុកឈ្មោះថា ម៉ូសេ ម៉ាបូវីជ (Moshe Mabovitch) និង មានម្ដាយឈ្មោះ ប្លូម ណៃឌីជ (Blume Neiditch)។ ដោយសារតែគ្រួសារលោកស្រីនាពេលនោះមានជីវភាពលំបាក ម្យ៉ាងដោយសារតែកន្លែងកំណើតរបស់ហ្គោលដា ម៊ែរ តែងតែមានបញ្ហាអំពើហឹង្សាប្រឆាំងនឹងជនជាតិជ្វីហ្វយ៉ាងខ្លាំ ដូច្នេះគ្រួសាររបស់ ហ្គោលដា ម៊ែរ ទាំងអស់បានធ្វើដំណើរទៅរស់នៅក្នុងទីក្រុង Milwaikee សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩០៦។
ជីវិតនៃការរស់នៅលើទឹកដីអាមេរិក
នៅពេលគ្រួសារ ហ្គោលដា ម៊ែរ បានទៅដល់ទីនោះ គាត់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំពារ និង ឈឺឆ្អាលយ៉ាងខ្លាំង និង សកម្មទៅនឹងដើមកំណ់ើតជនជាតិជ្វីហ្វរបស់ខ្លួន។ ភាពវេទនារបស់ជនជាតិជ្វីហ្វដែលគ្មានទឹកដីពិតប្រាកដ និង កំពុងតែរងការគំរាមកំហែងយ៉ាងខ្លាំងពីសំណាកើបណ្ដាជនជាតិផ្សេងៗដ៏ទៃទៀត ដូច្នេះបានធ្វើអោយលោកស្រីចង់ឃើញពីការផ្លាស់ប្ដូរ ដែលអាចជួយអោយជនជាតិរបស់ខ្លួនកំពុងរស់នៅផ្សេងៗគ្នា ពាសពេញពិភពលោក អោយមានភាពប្រសើរឡើងវិញ។
តាមរយះមហិច្ឆិតានេះ នៅពេលៀនបានថ្នាក់វិទ្យាល័យ ហ្គោលដា ម៊ែរ បានសិក្សាបណ្ដើរ និង ធ្វើការងារបណ្ដើរ ដែលជាការងារក្រៅម៉ោង។ ហ្គោលដា ម៊ែរ ក៏បានចូលរួមជាមួយនឹងចលនា ហ្ស៊ីអូនីស្សឹម (Zionism)។ ដោយចលនានេះគឺជាចលនាមួយដែលគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតអោយមានឡើងវិញនៅរដ្ឋអ៊ីស្រាអ៊ែល អោយមានវត្តមានឡើងវិញនៅលើពិភពលោក ក្រោយពីបានបាត់ឈ្មោះពីប្រវត្តិសាស្ត្ររាប់ពានឆ្នាំមកហើយនោះ។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យនាឆ្នាំ១៩១៥ ហ្គោលដា ម៊ែរ បានបន្តការសិក្សាថ្នាក់គរុកោសល្ស ហើយបានក្លាវទៅជាគ្រូបង្រៀននៅឆ្នាំ១៩១៦។ លុះដល់ឆ្នាំ១៩១៧ ហ្គោលដា ម៊ែរបានសម្រេចចិត្តរៀបការជាមួយបុរស់ម្នាកឈ្មោះ ម័ររីស ម៉េយ័រសុន (Morris Meyerson)។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះគឺការរៀបការនេះក៏ធ្វើឡើងដោយស្ថិតនៅក្នុងលក្ខណ្ឌផងដែរ។ នោះគឺលោកស្រីបានទាមទារអោយស្វាម៉ីនាំលោកស្រីទៅរស់នៅរដ្ឋប៉ាឡេស្ទីន។ ដោយគោលបំណងធំរបស់លោកស្រីក្នុងការទៅរស់នៅរដ្ឋនោះ គឺលោកស្រីចង់ទៅពង្រឹងចលនាហ្ស៊ូអ៊ីស្សឹម ឬ ម្យ៉ាងទៀតថាចលនាបង្កើតរដ្ឋអ៊ីស្រាអ៊ែលនៅក្នុងទឹកដីកំណើតជនជាតិជ្វីហ្វ។
ការផ្លាស់ទៅរស់នៅលើទឹកដីប៉ាឡេស្ទីន
នៅឆ្នាំ១៩២១ លោកស្រី និង ក្រុមគ្រួសារក៏បានទៅរស់នៅរស់នៅក្នុងទឹកដីប៉ាឡេស្ទីនដូចអ្វីដែលលោកស្រីបានប្រាថ្នា។ ក្រោយរៀបការលោកស្រីត្រូវផ្លាស់ប្តូរត្រកូលដោយត្រូវបានគេហៅថា ហ្គោលដា ម៉េយ័រសុន ប៉ុន្តែលោកស្រីក៏បានផ្លាស់ប្តូរឈ្មោះពីហ្គោលដា ម៉េយ័រសុន ទៅជា ហ្គោលដា ម៊ែរវិញ នៅក្នុងឆ្នាំ១៩៥៦។
ទៅដល់ទឹកដីរដ្ឋប៉ាឡេស្ទីនលោកស្រីហ្គោលដា ម៊ែរ បានបង្កើតកូនពីរនាក់ ទីមួយជាកូនប្រុសមានឈ្មោះថា មេណាហែម ម៊ែរ (Menahem Meir) បានកើតនៅក្នុងឆ្នាំ១៩២៤ និង កូនទី២ជាកូនស្រីមានឈ្មោះថា សារ៉ាហ៍ ម៊ែរ (Sarah Meir) បានកើតនៅឆ្នាំ១៩២៦។
ក្នុងពេលដែលរស់នៅទីនោះលោកស្រីមានមហិច្ឆិតាក្នុងការពង្រឹងចលនាបង្កើតរដ្ឋអ៊ីស្រាអ៊ែលកាន់តែខ្លាំងឡើងៗ។ ជាបន្តបន្ទាប់លោកស្រីបានក្លាយទៅជាសមាជិកដ៏ល្បីមួយរូបនៅក្នុងចលនាបង្កើតរដ្ឋអ៊ីស្រាអ៊ែល។ ក្នុងការបំពេញបេសកកម្មនេះ លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ដើម្បីបំផុសទឹកចិត្តជនជាតិជ្វីហ្វអោយនឹករលឹកទៅដល់ទឹកដីកំណើតរបស់ខ្លួនដែលបានបាត់ឈ្មោះពីពិភពលោក ដើម្បីអាចបង្កើតជារដ្ឋមួយឡើងវិញដែលជាក្ដីស្រម៉ៃដ៏ធំរបស់ជនជាតិជ្វីហ្វគ្រប់រូប។
តាមរយះការអំពាវនាវរបស់លោកស្រី ដែលបានធ្វើដំណើរទៅប្រទេសជាច្រើននោះ ដែលធ្វើអោយចំនួនជនជាតិជ្វីហ្វកាន់តែច្រើនឡើងៗបានទៅរស់នៅក្នុងទឹកដីរដ្ឋប៉ាឡេស្ទីន ដែលម្នាក់ៗសុទ្ធសឹងតែមានបំណងចង់ចង់អោយជនជាតិរបស់ខ្លួនមានប្រទេសមួយដែលជារបស់ខ្លួន និងត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ និង ពិភពលោក។
ជាបន្តបន្ទាប់ ពួកជនជាតិជ្វីហ្វកាន់តែច្រើនឡើងៗរស់នៅអ៊ឺរ៉ុប និង រស់នៅសហរដ្ឋអាមេរិកបានសម្រេចចិត្តចូលទៅរស់នៅលើទឹកដីប៉ាឡេស្ទីន ជាពិសេសនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដោយសារតែការកាប់សម្លាប់ពូជសាសន៍ជ្វីហ្វយ់ាងសាហាវឃោឃៅ និង ព្រៃផ្សៃដែលត្រូវបានធ្វើឡើងដោយរបបណាហ្សី របស់ហ៊ីត្លែ អាឡឺម៉ង់។ ដោយសារតែការកាប់សម្លាប់យ៉ាងសាហាវបែបនេះហើយបានធ្វើអោយជនជាតិជ្វីហ្វកាន់តែមានអារម្មណ៍ពុះកញ្ជ្រោលចង់បង្កើតរដ្ឋអ៊ីស្រាអ៊ែលអោយបានកាន់តែឆាប់។
ការប្រឈមមុខជាមួយបណ្ដារប្រទេសអារ៉ាប់
ខណះពេលដែលជនជាតិជ្វីហ្វប្រមូលផ្ដុំគ្នាកាន់តែច្រើនឡើង ដើម្បីត្រៀមបង្កើតរដ្ឋអ៊ីស្រាអ៊ែលនោះ ពួកប្រទេសអារ៉ាប់បានធ្វើការរារាំងយ៉ាងខ្លាំងចំពោះគម្រោងចង់បង្កើតរដ្ឋនេះ។ កាលនោះមានប្រទេសអារ៉ាប់ជាច្រើនដូចជា អេហ្សីប អ៊ីរ៉ាក់ ហ្សក់ដានី លីបង់ ស៊ីរី អារ៉ាប៊ីសាអូឌីត និង ប្រទេសយ៉េមែន បានចូលរួមក្នុងការរារាំងទៅចលនាបង្កើតរដ្ឋអ៊ីស្រាអ៊ែលនេះ។ ដោយនិយាយសរុបទៅកងទ័ពទាហាននៃបណ្ដាប្រទេសអារ៉ាប់ទាំងនោះមានរហូតដល់ទៅជាង ៤០ម៉ឺននាក់។
ចំណែកឯគ្រានោះវិញជនជាតិជ្វីហ្វមានចំនួនកងទ័ពតិចតួច និងគ្រឿងសព្វាវុធក៏មានការខ្វះខាតយ៉ាងខ្លាំង ព្រោះមិនទាន់បានបង្កើតជារដ្ឋនៅឡើយទេនាពេលនោះ។ ដើម្បីដោះស្រាយនូវបញ្ហាដ៏អាក្រក់នេះ ជនជាតិជ្វីហ្វចាំបាច់ត្រូវការលុយជាបន្ទាន់យ៉ាងហោចណាស់អោយបានលុយ២៥លានដុល្លាសហរដ្ឋអាមេរិកដែរ សម្រាប់ទិញគ្រឿងសព្វារុធ និង ត្រៀមលក្ខណះជាច្រើនដើម្បីទប់ទល់នឹងសង្រ្គាមជាមួយនឹងពួកអារ៉ាប់។
ដោយឃើញពីស្ថានភាពបែបនេះ លោកស្រីហ្គោលដា ម៊ែរ បានធ្វើដំណើរទៅកាន់ប្រទេសសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយពីបណ្ដាជនជាតិពីបណ្ដាជនជាតិជ្វីហ្វ ដោយបានរៀបរាប់ពីស្ថានភាពដ៏អាក្រក់នាពេលនោះ។ ការពោលពាក្យទៅកាន់បណ្ដាជនជាតិជ្វីហ្វដែលរស់នៅសហរដ្ឋអាមេរិកទាំងនោះ គឺលោកស្រីត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានទេពកោសល្យក្នុងការប្រើប្រាស់ពាក្យពេជន៍ប្រកបទៅដោយឧត្តមគតិពិតប្រាកដ និង ស្នេហាជាតិយ៉ាងជ្រាលជ្រៅ ដែលធ្វើអោយបណ្ដាជនជាតិជ្វីហ្វ មិនអាគេចវេះពីកាតព្វកិច្ចរបស់ខ្លួនក្នុងការបង្កើតប្រទេសជាតិបានឡើយ។
ជាលទ្ធផលលោកស្រីបានត្រលប់ទៅប៉ាឡេស្ទីនវិញ ជាមួយនឹងលុយប្រមាណជាង៥០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីត្រៀមធ្វើ និង ទិញសព្វាវុធក្នុងការធ្វើសង្រ្គាម ដែលក្រោយមកជ័យជំនះនៃសង្ក្រាមនោះបានទៅលើជនជាតិជ្វីហ្វ ដោយយកឈ្នះសង្ក្រាមទៅលើបណ្ដាប្រទេសអារ៉ាប់។
ការបង្កើតជារដ្ឋអ៊ីស្រាអ៊ែល
ក្រោយពេលជនជាតិជ្វីហ្វបានប្រកាសពីការចាប់ផ្ដើមបដិសន្ធិឡើងនៃរដ្ឋអ៊ីស្រាអ៊ែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៤៨ ដោយពេលនោះលោកស្រី ហ្គោលដា ម៊ែរ បានក្លាយទៅជាស្ត្រីម្នាក់ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការពង្រឹងរដ្ឋអ៊ីស្រាអ៊ែល ដើម្បីអាចឈរជើងក្នុងតំបន់អារ៉ាប់ដែលសុទ្ធសឹងតែជាសត្រូវនៅជុំវិញខ្លួនទាំងអស់។ លោកស្រីហ្គោលដា ម៊ែរ បានក្លាយទៅជារដ្ឋមន្ត្រីក្រសួងការងារអ៊ីស្រាអ៊ែលចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៩៥៦។
ក្រោយមកនៅចន្លោះឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៦៦ លោកស្រីបានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស។ លុះដល់ឆ្នាំ១៩៦៩ លោកស្រីបានក្លាយទៅជានាយករដ្ឋមន្ត្រីទី៤ និង ជានាយករដ្ឋមន្ត្រីស្ត្រីទី១របស់អ៊ីស្រាអ៊ែល មួយនេះផងដែរ។ សកម្មភាពដ៏អង់អាចក្លាហាន និង ប្រកបដោយការតាំងចិត្តខ្ពស់ដើម្បីជនជាតិជ្វីហ្វរបស់ខ្លួន ជាហេតុនេះហើយដែលលោកស្រីត្រូវបានគេដាក់ឈ្មោះ និង បានដាក់បានហៅលោកស្រីថា «ស្ត្រីដែកថែប ហ្គោលដា ម៊ែរ»។
បើយោងទៅតាមសៀវភៅដែលមានចំណងជើងថា «My Mother Golda Meir»ឬជាភាសារខ្មែរហៅថា «ម្ដាយរបស់ខ្ញុំ ហ្គោលដា ម៊ែរ» ដែលត្រូវបាននិពន្ធដោយលោកមេណាហែម ម៊ែរ ដែលជាកូនប្រុសបង្កើតរបស់លោកស្រី ហ្គោលដា ម៊ែរ ដោយបានរៀបរាប់ថា បើទោះបីជារវល់ជាមួយនឹងកិច្ចការប្រទេសជាតិយ៉ាងណាក្ដី ក៏លោកស្រីមិនដែលភ្លេចនោះទេចំពោះតួនាទីក្នុងគ្រួសារ។ ពោលគឺលោកស្រីតែងតែចំណាយពេលវេលាសមស្របមួយ ដើម្បីផ្ដល់សុភមង្គលដល់គ្រួសារ។ ប្រសិនបើលោកស្រីទៅក្រៅប្រទេស លោកស្រីតែងតែសរសេរសំបុត្រជាប្រចាំ ដើម្បីដឹងអំពីស្ថានភាពរបស់គ្រួសាររបស់លោកស្រី។
នៅក្នុងសៀវភៅដដែលនេះក៏បានបញ្ជាក់ទៀតថា លោកស្រី ហ្គោលដា ម៊ែរ គឺជាមនុស្សពូកែពន្យល់ អប់រំកូនអោយប្រកាន់នូវក្រមសិលធម៌ បង្រៀនអំពីជីវិត អក្សរសិល្យ៍ ជំរុញអោយកូនៗចូលចិត្តការអានសៀវភៅ និង បណ្ដុះគំនិតស្នេហាជាតិជាដើម។ ជាងនេះទៅទៀតលោកស្រីជាមនុស្សនិយាយត្រង់ និយាយខ្លីតែមានន័យខ្លឹមសារ ហើយពូកែប្រើមនុស្សទៅតាមជំនាញ។
ជិវិតចុងក្រោយរបស់លោកស្រី ហ្គោលដា ម៊ែរ
លោកស្រីក៏ជាមនុស្សម៉ឺងម៉ាត់ ម៉ត់ចត់យ៉ាងខ្លាំងក្នុងការងារចង្ក្រានជើងឆ្នាំងម្នាក់ផងដែរ។ លោកស្រីក៏ជាមនុស្សដែលពូកែស្វែងយល់ពីអារម្មណ៍របស់អ្នកនៅក្រោមបង្គាប់ថែមទៀងផង។ ក្នុងជីវិតជានាយករដ្ឋមន្ត្រី លោកស្រីហ្គោលដា ម៊ែរ បានរស់នៅលើគេហដ្ឋានដែលផ្ដល់ដោយរដ្ឋចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និង សម្រាកនៅផ្ទះជាមួយកូនចៅនៅក្នុងគ្រួសារនៅថ្ងៃចុងសប្ដាហ៍។
ក្រៅតែពីការងារលោកស្រីក៏ចូលចិត្តទៅផ្សារទិញឥវ៉ាន់ដូចជាប្រជាជនសាមញ្ញផ្សេងៗទៀតអញ្ចឹងដែរ ប៉ុន្តែលោកស្រីក៏ចូលចិត្តជក់បារីម្នាក់ផងដែរ។ លោកស្រីបានលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៧៤ ហើយបានទទួលមរណភាពនៅថ្ងៃទិ ០៨ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងជន្មាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ បោះទោះបីជាលោកស្រីបានទទួលមរភាពហើយក៏ពិតមែន ប៉ុន្តែកិត្តិនាមរបស់លោកស្រីនៅមានភាពល្បីល្បាញ និង ជាការចង់ចាំមិនបំភ្លេចបានរបស់ជនជាតិអ៊ីស្រាអ៊ែល៕