ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ក្រុមអ្នកប្រយុទ្ធរបស់តាលីបង់ កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចូលកាន់កាប់ទីក្រុងកាប៊ូល និងចូលដល់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ហើយមេដឹកនាំក្រុមប្រដាប់អាវុធនេះ នឹងប្រកាសដាក់ឈ្មោះប្រទេសអាហ្គានីស្ថានបច្ចុប្បន្ន ទៅជាអ៊ិស្លាមអេមីរ៉េតអាហ្វហ្គានីស្ថាន ក្នុងពេលដ៏ឆាប់ៗបន្ទាប់ពីបានធ្វើការគ្រប់គ្រងវិមានប្រធានាធិបតី ក្រោយពីប្រធានាធិបតីអាហ្វហ្គានីស្ថានបានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

តើក្រុមតាលីបង់ជាអ្នកណា និង មានប្រភពមកពីណា?

តាលីបង់ គឺ​ជា​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដែល​បច្ចុប្បន្ន​​មាន​មូលដ្ឋាន​​ធំ នៅ​ក្នុង​តំបន់​ភ្នំ​ជាប់​សងខាង​ព្រំដែន​ប្រទេស​អាហ្វហ្កានីស្ថាន និង ​ប៉ាគីស្ថាន ហើយ​ធ្វើ​សកម្មភាព​​វាយប្រហារ​បែបភេរវកម្ម បង្ក​បញ្ហា​អសន្តិសុខ ទាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ក្រុ​មតាលីបង់​មាន​ដើមកំណើត​ដំបូង​ចេញ​ពី​ក្រុម​មូចាហ៊ីឌីន (Mujahideen) ដែល​ជា​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក និង​​សម្ព័ន្ធមិត្ត ជាពិសេស ប៉ាគីស្ថាន និង​អារ៉ាប៊ីសាអ៊ូឌីត ក្នុងការ​ប្រយុទ្ធតទល់​នឹង​កងកម្លាំង​​របស់​សូវៀត ដែល​មាន​វត្តមាន​ក្នុង​​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ក្នុង​​ចន្លោះ ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ពោលគឺ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ នៅ​ក្រោយ​ពេល​ដែល​សូវៀត​ដកកងទ័ព​​​ចេញ​ពី​អាហ្វហ្កានីស្ថាន ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​ក៏​ត្រូវ​បែកខ្ញែក​​ជា​ក្រុម​ផ្សេងៗ​គ្នា ហើយ​ក្រុម​តាលីបង់​ក៏​លេចមុខឡើង ចេញ​ពី​ក្រុម​មូចាហ៊ីឌីន ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​សំណាក់​ប៉ាគីស្ថាន ហើយ​មាន​មូលដ្ឋាន​ធំ នៅ​តំបន់​ប៉ែក​ខាងជើង​ប្រទេស​ប៉ាគីស្ថាន។

នៅ​ពេលនោះ បើទោះបី​ជា​សូវៀត​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទៅ​ហើយ​ក៏ដោយ ក៏ប៉ុន្តែ ប៉ាគីស្ថាន​​នៅតែ​បន្ត​ជួយ​ក្រុម​តាលីបង់​ដោយ​សម្ងាត់ ដោយ​ផ្តល់​គ្រឿងសព្វាវុធ និង​ការ​ហ្វឹកហ្វឺន តាមរយៈ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្ថាន (ISI)។ គោលដៅ​របស់​ប៉ាគីស្ថាន គឺ​ចង់​យក​ពួក​តាលីបង់​ធ្វើ​ជា​កូនជឹង ដើម្បី​​គ្រប់គ្រង​អាហ្វហ្កានីស្ថាន​បន្ត​ពី​សហភាព​សូវៀត។

នៅ​ឆ្នាំ​១៩៩៤ ដោយ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​សំណាក់​ទីភ្នាក់ងារចារកិច្ច​ប៉ាគីស្ថាន និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​ឆ្លៀត​ក្នុង​ឱកាស​​ដែល​អាហ្វហ្កានីស្ថាន​កំពុង​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ ដោយ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ក៏​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ពេញដៃ​ពេញជើង ចំណែក​ឯ​អតីត​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​ក៏កំពុងតែ​ប្រកាប់​ប្រចាក់​គ្នាឯង ក្រុម​តាលីបង់​ក៏​បាន​ក្លាយ​ទៅជា​កម្លាំង​ឧទ្ទាម​ដ៏ធំ​មួយ​ ដែល​បាន​ច្បាំង​ពង្រីក​ទឹកដី​កាន់តែ​ធំ ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ រហូត​ឈាន​ទៅ​វាយ​ដណ្តើម​កាន់កាប់​រដ្ឋធានី​កាប៊ុល នៅ​ឆ្នាំ​១៩៩៦។ ក៏ប៉ុន្តែ រដ្ឋាភិបាល​តាលីបង់​មិន​ត្រូវ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​នោះទេ ហើយ​ប៉ាគីស្ថាន គឺ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​តែ ៣គត់ ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់ នៅ​អាហ្វហ្កានីស្ថាន។ ប្រទេស​ពីរទៀត ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់ គឺ​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​ទទួលស្គាល់ដោយ​ប្រទេស​តែ​៣​ក៏ដោយ ពួកតាលីបង់​នៅតែ​អាច​បន្ត​កាន់​អំណាច​បាន​ជាច្រើនឆ្នាំ ដោយ​បាន​អនុវត្ត​​ច្បាប់​អ៊ីស្លាម​យ៉ាងតឹងរ៉ឹង​បំផុត​។ ទង្វើ​របស់​រដ្ឋាភិបាល​តាលីបង់ ដែល​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ខ្លាំងក្លា​បំផុត​នោះ គឺ​ការ​វាយកម្ទេច​ពុទ្ធរូប​ដ៏ធំៗ​ចំនួនពីរ កាល​ពី​ដើម​ឆ្នាំ​២០០១។ ពុទ្ធរូប​ដែល​មាន​កម្ពស់​ពី ៣៨ម៉ែត្រ ទៅ ៥៣ម៉ែត្រ និង​មាន​ចំណាស់​រាប់ពាន់​ឆ្នាំ។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ រវាង​ពួកតាលីបង់ និង​​អូសាម៉ា បិនឡាដិន មេដឹកនាំ​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួកតាលីបង់​កាន់​អំណាច ទឹកដី​អាហ្វហ្កានីស្ថានត្រូវ​បាន​ពួកអាល់កៃដា​យក​មក​ធ្វើ​ជា​ទីជម្រក កន្លែង​ហ្វឹកហាត់ និង​រៀបចំ​ផែនការ​វាយប្រហារ​នៅ​បរទេស។

ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ក្រោយ​ពី​មាន​ការវាយប្រហារ​ភេរវកម្ម​ នៅថ្ងៃ​ទី១១​កញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក និង​អង្គការ​អូតង់​​ក៏​បាន​លើកទ័ព​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន ហើយ​ផ្តួលរំលំ​​រដ្ឋាភិបាល​តាលីបង់។

ក្រោយ​ពី​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច ​ពួកតាលីបង់​ក៏​បាន​រត់​ទៅ​សម្ងំ​លាក់​ខ្លួន នៅ​ក្នុង​តំបន់​ភ្នំ ហើយ​រៀបចំ​ពង្រឹង​កម្លាំង​​ឡើងវិញ ដើម្បី​​​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​ជាតិ​ ក៏​ដូចជា​កម្លាំង​អន្តរជាតិ ដែល​ឈរជើង​នៅ​អាហ្វហ្កានីស្ថាន។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ជាង ២០ឆ្នាំ​ ក្រោយ​ពី​​កងទ័ព​អាមេរិក​ចូល​ឈ្លានពាន ​និង​កាន់កាប់​អាហ្វហ្កានីស្ថាន ក្រុម​ឧទ្ទាម​តាលីបង់ នៅតែ​អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង បង្ក​បញ្ហា​អសន្តិសុខ នៅ​ស្ទើរតែ​ពាសពេញ​ទឹកដី​អាហ្វហ្កានីស្ថាន។ សូម្បី​តែ​ប៉ាគីស្ថាន ដែល​ធ្លាប់​ជា​អ្នក​ជួយ​​ហ្វឹកហ្វឺន និង​ជ្រោមជ្រែង​កាល​ពីមុន​នោះ ក៏​ត្រូវ​ពួក​តាលីបង់​ធ្វើការ​វាយប្រហារ​ជា​ញឹកញាប់​ដែរ ហើយ​ជាទូទៅ រាល់​សកម្មភាព​វាយប្រហារ​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន តែងតែ​ត្រូវ​បាន​ក្រុម​តាលីបង់​អះអាង​ថា ជា​ការ​សងសឹក​ទៅនឹង​​រដ្ឋាភិបាល​​ក្រុង​អ៊ីស្លាម៉ាបាត ដែល​សហការ​ជាមួយ​អាមេរិក ក្នុងការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់ពួកគេ។

ការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានជាលើកទី២

​កងទ័ព​ឧទ្ទាម​នេះ​ចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល​បាន​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១៥ សីហា គឺ​កង​កម្លាំង​ឧទ្ទាម​នេះ​បាន​ប្រកាស​បិទ​បញ្ចប់​សង្គ្រាម​នៅ​ទូទាំង​ប្រទេស​ដោយ​សន្យា​ថា​ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​សន្តិភាព​ឡើងវិញ។

អ្នក​នាំពាក្យ​ការិយាល័យ​នយោបាយ​តាលីបង់ លោក Mohammad Naeem បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ថា ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ទឹកដី​របស់​រដ្ឋ​ឥស្លាម​បាន​បិទ​បញ្ចប់​ហើយ។ តាម​មន្ត្រី​តាលីបង់​រូប​នេះ កងទ័ព​តាលីបង់​ប្រកាស​ឱ្យ​ជន​ស៊ីវិល និង​កងទ័ព​របស់​រដ្ឋាភិបាល​ចាញ់​សង្គ្រាម ត្រូវ​ប្រគល់​អាវុធ​មក​ឱ្យ​រដ្ឋាភិបាល​ថ្មី ដោយ​សន្យា​ថា​នឹង​មិន​ធ្វើ​ទុក្ខបុកម្នេញ​អ្វី​ឡើយ ហើយ​ធានា​ថា​ការ​ដឹកនាំ​នៃ​របប​តាលីបង់​ថ្មី​នេះ​នឹង​មាន​សុវត្ថិភាព។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​សីហា ពួក​តាលីបង់ បាន​វាយ​កាន់កាប់​រដ្ឋធានី​កាប៊ុល​បាន​យ៉ាង​ងាយ និង​គ្រប់គ្រង​បាន​ទាំងស្រុង​ដោយ​ពុំ​មាន​ការ​បាញ់​តដៃ​ពី​កងទ័ព​នៃ​រដ្ឋាភិបាល​ចាញ់​សង្គ្រាម​នោះ​ទេ ដោយ​ពួក​តាលីបង់ បាន​រឹបអូស​ឃ្លាំង​អាវុធ​ជាច្រើន​កន្លែង​នៅ​ក្រុង​កាប៊ុល។ មន្ត្រី​តាលីបង់​បញ្ជាក់​ថា ប្រជាជន​មិន​ត្រូវ​មាន​អាវុធ​ក្នុង​ផ្ទះ​ទេ គឺ​មិន​ដូច​មុន​ទេ ព្រោះ​ពេលនេះ​រដ្ឋាភិបាល​ថ្មី​ធានា​នូវ​សុវត្ថិភាព​ជូន​បាន​ហើយ។

តែ​យ៉ាងណា មុន​ការ​កាន់កាប់​បាន​ទាំងស្រុង រដ្ឋធានី​កាប៊ុល​គឺ​យ៉ាងហោចណាស់​មាន​ការ​ចរចា​មួយ​កើតឡើង​រវាង​ប្រធានាធិបតី អាស្រាហ្វ ហ្កានី ជាមួយ​មេដឹកនាំ​តាលីបង់​នៅ​វិមាន​ប្រធានាធិបតី។ ក្នុង​ការ​ចរចា​នេះ​ហើយ​ដែល​មើល​ទៅ​លោក អាស្រាហ្វ ហ្កានី បាន​ស្នើ​ទៅ​តាលីបង់​កុំ​ផ្ទុះ​អាវុធ ហើយ​លោក​សន្យា​ប្រកាស​ផ្ទេរ​អំណាច និង​ប្រគល់​វិមាន​ប្រធានាធិបតី​ឲ្យ​មេដឹកនាំ​តាលីបង់។ ក្នុង​ហេតុផល​នេះ បាន​នាំ​ឱ្យ​លោក​ប្រធានាធិបតី​ចាញ់​សង្គ្រាម មាន​ឱកាស​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​ដោយ​បាន​លួច​ចាកចេញ​ស្ងាត់ៗ​ពី​ទីក្រុង​កាប៊ុល។

ក្រុម​តាលីបង់​ដែល​ប្រកាស​ដណ្តើម​បាន​អំណាច​ទាំងស្រុង​នៅ​អាហ្វហ្គានីស្ថាន សន្យា​ថា​របប​របស់​ខ្លួន​នឹង​គោរព​សិទ្ធិមនុស្ស គោរព​សិទ្ធិ​ស្ត្រី អ្នកកាសែត និង​គោរព​មន្ត្រី​ទូត​បរទេស​ទាំងអស់​ដោយ​មិន​មាន​គំនុំ​សងសឹក​អ្វី​ឡើយ។

ប្រទេស​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គោរព និង​សម្របសម្រួល​ការ​ចាកចេញ​របស់​ជនបរទេស និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ចង់​ចាកចេញ។

ប្រទេស​ចំនួន​៦០ ត្រូវ​បាន​រាយការណ៍​ថា​បាន​អំពាវនាវ​ឱ្យ​រាល់​ប្រទេស​ជិតខាង​ទាំងអស់​ជួយ​សម្រួល​ការ​ភៀស​ខ្លួន​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន​ផង​ដែរ។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​មាន​អំណាច និង​សិទ្ធិ​អំណាច​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ការពារ​ជីវិត​មនុស្ស ទ្រព្យសម្បត្តិ និង​ការ​ស្ដារ​ឡើងវិញ​ភ្លាមៗ​នូវ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ស៊ីវិល ហើយ​ផ្លូវថ្នល់ ព្រលាន​យន្តហោះ និង​ការ​ឆ្លងកាត់​ព្រំដែន​ត្រូវតែ​នៅតែ​បើកចំហ ហើយ​ភាព​ស្ងប់ស្ងាត់​ត្រូវតែ​រក្សា។

លោក Suhail Shaheen អ្នក​នាំពាក្យ និង​ជា​អ្នក​ចរចា​តាលីបង់ បាន​ប្រាប់​សារព័ត៌មាន The Associated Press ថា ពួក​តាលីបង់ នឹង​ធ្វើ​កិច្ច​ចរចា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ក្នុង​គោលបំណង​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​ដោយ​បើកចំហ​រួបរួម​គ្នា។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាអ៊ីស្រាអ៊ែលក្លាយជាប្រទេសអ្នកមានដ៏អស្ចារ្យក្នុងពិភពលោក?

Leave a Reply

Your email address will not be published.