
អត្ថបទជាច្រើនបង្ហាញអំពីភាពខុសគ្នានៃអ្នកមាន និងអ្នកក្រ ជាការពិតមនុស្សយើងម្នាក់ៗមានការគិតមិនដូចគ្នាទេ មិនថាអ្នកមាន ឬអ្នកក្រនោះទេ ។ ប៉ុន្តែប្រសិនជាយើងអាចរៀនតាមទម្លាប់ខ្លះៗ ពីអ្នកមានក៏ល្អដែរ ពីព្រោះថា អ្នកមានកាន់តែមានកាន់តែពិបាកចាយលុយ (មិនងាយចាយលុយផ្តេសផ្តាស់) ។ ដូចនេះ អត្ថបទថ្ងៃនេះនឹងនិយាយអំពីទម្លាប់នៃការគិត និងរបៀបចាយលុយរបស់អ្នកមាន ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ទោះបីជាមហាសេដ្ឋីមានវិធីរកស៊ីផ្សេងៗគ្នាក្តី ប៉ុន្តែបើនិយាយពីការរកលុយមិនសូវខុសគ្នាប៉ុន្មានទេ ។ តើមហាសេដ្ឋីមានចរិតលក្ខណៈអ្វីខ្លះ ?
១. ពួកគេតែងតែកំណត់គោលដៅ ប្រកបដោយមហិច្ឆិតា
នៅពេលដែលពួកគេកំណត់គោលដៅរួចហើយ គឺគេធ្វើសកម្មភាពទាំងនោះ (ចង់មានត្រូវខំប្រឹងរក) យើងទាំងអស់គ្នាសុទ្ធតែមានក្តីសុបិន្ត ប៉ុន្តែសម្រាប់មហាសេដ្ឋីវិញ គឺធ្វើយ៉ាងណាឱ្យក្តីសុបិន្តរបស់ពួកគេបានសម្រេច ។ មនុស្សមានក្តីសុបិន្តដែរ ប៉ុន្តែមិនមានការប្តេជ្ញាចិត្តដើម្បីធ្វើ អ្នកខ្លះទៀតគិតមិនបានសម្រេចក៏ហីទៅ ! ។ សេដ្ឋីនៅពេលដែលពួកគេគិតគោលដៅហើយគេត្រូវធ្វើឱ្យបាន ហើយពួកគេមិនអនុញ្ញាតឱ្យអ្វីមួយមករារាំងពួកគេបានទេ ។
២. ពួកគេតែងតែត្រូវការអ្នកណែនាំ
មហាសេដ្ឋីភាគច្រើន ដឹងថាពួកគេមិនអាចដឹងពីរបៀបធ្វើអ្វីៗគ្រប់យ៉ាងបានទាំងអស់នោះទេ ដូច្នេះពួកគេតែងតែរកមនុស្សដែលគេទុកចិត្ត ដើម្បីបង្ហាញផ្លូវនិងវិធីសាស្ត្រនានា បើទោះបីកម្រិតខ្ពស់ក្តីនិងទាបក្តី ក្នុងការរកលុយ ។ បើទោះបីជាពួកគេមានចំណេះដឹងប៉ុណ្ណាក៏ពួកគេត្រូវពឹងផ្អែកលើអ្នកដទៃដែរ សម្រាប់ទស្សនៈ និងការយល់ដឹងខុសៗគ្នា ។
៣. ពួកគេមិនខ្លាចបរាជ័យទេ
មហាសេដ្ឋីជាច្រើនបានស្វែងយល់ពីអត្ថប្រយោជន៍ នៃការរៀនសូត្រពីមេរៀនអ្នកបរាជ័យ ។ ដូចនេះពួកគេបានត្រៀមខ្លួន សម្រាប់ហានិភ័យដែលពួកគេនឹងជួបប្រទះ ហើយពួកគេបានគណនា និងគិតវារួចរាល់ទើបពួកគេធ្វើ ។ នៅពេលដែលពួកគេប្តេជ្ញាធ្វើអ្វីមួយ ពួកគេហានលះបង់អ្វីៗគ្រប់យ៉ាងទាំងអស់ ។
៤. ពួកគេយល់ពីតម្លៃនៃពេលវេលា
មហាសេដ្ឋីរៀនយ៉ាងឆាប់រហ័សពីរបៀបគ្រប់គ្រងពេលវេលារបស់ពួកគេហើយពួកគេដឹងថា ពេលវេលាមិនអាចធ្វើអាជីវកម្មបាននោះទេ (លុយមិនអាចទិញពេលវេលាបានទេ) ដូចនេះក្នុងមួយនាទីៗសម្រាប់ពួកគេគឺជាមាសប្រាក់) ។ ជួញដូរទំនិញបាន តែមិនអាចជួញដូរពេលវេលាបាននោះទេ ។
តើអ្នកដឹងទេថា មហាសេដ្ឋីធ្វើអ្វីខ្លះ ជាមួយលុយរបស់ពួកគេ ?
នៅពេលនិយាយអំពីយុទ្ធសាស្ត្រវិនិយោគ មហាសេដ្ឋីដែលមានបានមកដោយសមត្ថភាពខ្លួនឯង ច្រើនតែបន្ថែមទុនដើម្បីការវិនិយោគផ្សេងៗទៀត រីឯអ្នកដែលកើតមកជាអ្នកមានស្រាប់ ជាធម្មតាគឺមានការវិនិយោគទៅលើតែអចលនទ្រព្យប៉ុណ្ណោះ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ។ មហាសេដ្ឋីបានដាក់ប្រាក់របស់ពួកគេ នៅតាមកន្លែងផ្សេងៗគ្នា រាប់បញ្ចូលទាំងកន្លែងស្នាក់នៅ ដើមទុន ឬភាគហ៊ុនក្នុងមូលនិធិ និងដាក់ទៅក្នុងគណនីចូលនិវត្តន៍ ។
មហាសេដ្ឋីផ្តោតលើការដាក់ប្រាក់របស់ខ្លួន នៅកន្លែងដែលវានឹងកើនលុយ (លុយបង្កើតលុយ) ។ ពួកគេប្រុងប្រយ័ត្នមិនដាក់ប្រាក់មួយចំនួនធំ ទៅក្នុងរបស់របរដែលនឹងបន្ទាបតម្លៃនៃលុយរបស់ពួកគេនោះទេ ។ ឧទាហរណ៍ថា រថយន្តមួយ វានឹងបាត់បង់តំលៃទៅតាមពេលវេលានឹងឆ្នាំរបស់វា ។ រីឯគន្លឹះសម្រាប់សេដ្ឋីភាគច្រើន គឺសន្សំលុយមុនពេលចាយ ។ មិនថា ប្រាក់ខែប្រចាំឆ្នាំរបស់ពួកគេប៉ុន្មាននោះទេ មហាសេដ្ឋីភាគច្រើនបានដាក់ប្រាក់របស់ពួកគេ នៅកន្លែងដែលវានឹងកើនឡើង ជាធម្មតានៅក្នុងប័ណ្ណភាគហ៊ុន ឬធនាគារ ។
តើវិធីណាដែលល្អបំផុតដើម្បីក្លាយជាសេដ្ឋី ?
យោងតាមការស្ទង់មតិរបស់ Best Wallet Hacks អ្នកដែលមានប្រាក់ចំណូល គឺមានជាងគេ ១០% របស់សហរដ្ឋអាមេរិក ដែលពួកគេភាគច្រើនបានមកពីទ្រព្យសម្បត្តិ ពីការធ្វើជំនួញកសិកម្មនិង ប្រាក់ចំណូលពីអាជីវកម្មដោយខ្លួនឯង ។ ពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេ បានមកពីប្រាក់ឈ្នួលតាមរយៈអាជីវកម្ម ហើយពាក់កណ្តាលទៀតបានមកពីការប្រាក់ និងការទិញភាគហ៊ុននានា។
មហាសេដ្ឋី បានណែនាំផ្លូវជាច្រើន ក្នុងការកសាងទ្រព្យសម្បត្តិនិងក្លាយជាសេដ្ឋី ដូចជាអ្នកត្រូវពិចារណា ទៅលើការមានប្រាក់ចំណូលច្រើន អ្នកទាំងឡាយណាដែលចង់រកប្រាក់បានច្រើន គួរប្រាកដថារាល់ប្រាក់ចំណូលរបស់ពួកគេ គឹមានការកើនឡើងជានិច្ចគ្រប់ពេល ។ ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋីអ្នកគួរតែ វិនិយោគលុយជារៀងរាល់ថ្ងៃ ។ អ្នកគួរតែធ្វើការដើម្បីរកលុយឱ្យបានកាន់តែច្រើន នោះទើបអ្នកអាចវិនិយោគលុយបានកាន់តែច្រើនផងដែរ។
ការសន្សំក៏ជាវិធីដ៏ល្អមួយដែរ ដើម្បីក្លាយជាសេដ្ឋី ហើយមួយវិញទៀត នៅពេលអ្នករកប្រាក់បាន អ្នកត្រូវដាក់វានៅក្នុងប្រាក់សន្សំ ប្រាក់ចូលនិវត្តន៍ ឬគណនីវិនិយោគ មួយចំនួនផ្សេងៗគ្នាអ៊ីចឹងនៅពេលអ្នកទទួលបានប្រាក់សំណងនានា វានឹងត្រូវដាក់ដោយស្វ័យប្រវត្ដិទៅនឹងប្រភេទសន្សំនោះ ។
គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីភាគច្រើនបច្ចុប្បន្នពួកគេបានចាប់អារម្មណ៍ទៅលើការវិនោយោគដោយការលេងភាគហ៊ុន ។ ចំពោះការសិក្សានេះផ្អែកលើការស្ទង់មតិរបស់វិនិយោគិន ដែលជាសេដ្ឋីប្រមាណជាជាង ១.០០០ នាក់៕
ប្រភព៖ Business news daily