
បើយើងត្រឡប់ទៅមើលពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ ដែលគេច្រើនហៅតាមភាសាអង់គ្លេសថា “The Great Depression”) គឺជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និង អូសបន្លាយពេលយូរបំផុត នៅក្នុងប្រវត្តិសាស្រ្តពិភពលោកសម័យទំនើប។ អ្វីៗបានចាប់ផ្ទុះឡើងចេញពីភាពចលាចលនៃទីផ្សារមូលបត្រសហរដ្ឋអាមេរិក នៅខែតុលា ឆ្នាំ១៩២៩ មុននឹងរាលដាលជាវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលអូសបន្លាយពេលរហូតដល់សង្រ្គាមលោកលើកទី២។
នៅក្រោយសង្រ្គាមលោកលើកទី១ សហរដ្ឋអាមេរិក ដែលជាប្រទេសឈ្នះសង្រ្គាម ហើយដែលធ្លាប់បានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដល់បណ្តាប្រទេសអឺរ៉ុប ដើម្បីយកទៅធ្វើសង្រ្គាម បានលេចមុខឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំមួយ។ ឧស្សាហកម្មអាមេរិកបានស្គាល់នូវភាពរីកចម្រើនដល់កម្រិតកំពូល លុយហូរដូចទឹក សំណង់អគារខ្ពស់កប់ពពករីកដូចផ្សិត ហើយទីក្រុងញូវយ៉កបានដណ្តើមតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ដែលពីមុនធ្លាប់តែស្ថិតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
របបមូលធននិយមអាមេរិកក៏បានស្គាល់នូវការវិវឌ្ឍដ៏ចម្បងមួយដែរ ដោយអ្នកជំនួញអាមេរិកបានបង្កើតនូវរបៀបរកស៊ីថ្មីមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈទ្រឹស្តីរបស់ Henry Ford ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្ត Ford។ លោក Henry Ford បានលើកឡើងនូវទ្រឹស្តីដ៏សាមញ្ញមួយថា ដើម្បីអាចចំណេញលុយច្រើន ក្រុមហ៊ុនរបស់លោកត្រូវតែលក់ឡានឲ្យបានច្រើន។
ដើម្បីលក់ឲ្យបានច្រើន គឺមិនត្រូវលក់ឲ្យតែពួកអ្នកមានវណ្ណៈខ្ពង់ខ្ពស់ដូចពីមុននោះទេ តែត្រូវលក់ឲ្យកម្មករនយោជិតធម្មតាផងដែរ ហើយដើម្បីឲ្យកម្មករនិយោជិតអាចទិញឡានជិះបាន ទាល់តែពួកគេទទួលបានប្រាក់ខែខ្ពស់។ លោក Henry Ford ក៏បានដំឡើងប្រាក់ខែយ៉ាងច្រើនដល់បុគ្គលិក ហើយបូករួមជាមួយនឹងការបើកដៃក្នុងការទិញឡានដោយបង់រំលោះផងនោះ ទីផ្សារឡាននៅអាមេរិកក៏បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មាន។ នៅពេលនោះ ក្រុមហ៊ុន Ford បានផលិតឡានប្រមាណជាជិត១ម៉ឺនគ្រឿងក្នុងមួយថ្ងៃៗ ដើម្បីដាក់លក់នៅលើទីផ្សារ។
ក៏ប៉ុន្តែ ភាពរុងរឿងនេះមានរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៩ ទីផ្សារមូលបត្រអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក បង្កឲ្យមានភាពចលាចល បង្កើតទៅជាវិបត្តិហិរញ្ញវត្ថុ បណ្តាលឲ្យធនាគារជាច្រើនត្រូវក្ស័យធនជាបន្តបន្ទាប់។ បន្ទាប់មកទៀត វិបត្តិហិរញ្ញវត្ថុនេះបានក្លាយទៅជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយបានរាលដាលចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសផ្សេងៗទៀត នៅទូទាំងពិភពលោក។
នៅតាមបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម សកម្មភាពឧស្សាហកម្មបានធ្លាក់ចុះក្នុងចន្លោះពី ២៣% ទៅ ៤៦%។ អត្រាអ្នកអត់ការងារធ្វើ កើនឡើងរហូតដល់ ២៥% ឬជាង ៣០% អាស្រ័យទៅតាមប្រទេស។ ចំណែកឯការដោះដូរពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះរហូតដល់ជាងពាក់កណ្តាល។
សេដ្ឋកិច្ចដែលពឹងផ្អែកលើឧស្សាហកម្មធុនធ្ងន់ត្រូវរងគ្រោះខ្លាំងជាងគេ។ ក៏ប៉ុន្តែ បន្តិចម្តងៗ វិស័យកសិកម្មក៏ចាប់ផ្តើមទទួលរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចនេះដែរ ដោយសារតែតម្លៃផលិតផលត្រូវធ្លាក់ចុះដល់កម្រិតមួយទាបបំផុត ដែលធ្វើឲ្យប្រជាកសិករពិបាកនឹងរស់។
នៅអាល្លឺម៉ង់ វិបត្តិសេដ្ឋកិច្ចពិភពលោក គឺបញ្ហាដ៏សម្បើមមួយទៀតមកបន្ថែមពីលើបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ដែលមានស្រាប់ (ការខូចខាតដោយសារសង្រ្គាម និងកាតព្វកិច្ចត្រូវសងការខូចខាតដល់ប្រទេសឈ្នះសង្រ្គាម ដែលមានចែងនៅក្នុងសន្ធិសញ្ញាក្រុង Versailles នៅក្រោយសង្រ្គាមលោកលើកទី១)។
ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចអាល្លឺម៉ង់ត្រូវជាប់គាំង ធនាគារត្រូវបិទទ្វារម្តងមួយៗ ប្រជាជនរាប់លាននាក់ត្រូវអត់ការងារធ្វើ ហើយត្រូវប្រឈមមុខនឹងភាពក្រីក្រ ដោយបាត់បង់ប្រាក់ចំណូល។ ស្ថិតនៅក្នុងភាពវឹកវរនេះ អ្នកដែលទទួលផលចំណេញ គឺហ៊ីត្លែរ និងគណបក្សណាហ្ស៊ី។
ឆ្លៀតក្នុងឱកាសដែលប្រទេសកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយគណបក្សកាន់អំណាចត្រូវបាត់បង់ប្រជាប្រិយភាព ហ៊ីត្លែរ និងគណបក្សណាហ្ស៊ីក៏ចាប់ផ្តើមបង្កើនសកម្មភាពឃោសនា ដោយសន្យាលុបចោលសន្ធិសញ្ញាក្រុង Versailles ស្តារស្ថានភាពសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាជន។ ហ៊ីត្លែរ និងគណបក្សណាហ្ស៊ីក៏ចាប់ផ្តើមទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ហើយចំនួនអាសនៈនៅក្នុងសភាក៏ចេះតែកើនឡើង ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ។
នៅឆ្នាំ១៩៣២ ហ៊ីត្លែរបានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី តែត្រូវទទួលបរាជ័យ។ ក៏ប៉ុន្តែ បើទោះជាហ៊ីត្លែរមិនបានជាប់ឆ្នោតជាប្រធានាធិបតី តែគណបក្សណាហ្ស៊ី គឺជាគណបក្សដែលមានសំឡេងច្រើនលំដាប់ទី២ នៅក្នុងសភាអាល្លឺម៉ង់ ហើយនៅខែមករា ឆ្នាំ១៩៣៣ ប្រធានាធិបតីអាល្លឺម៉ង់ ដែលទើបនឹងជាប់ឆ្នោត ហើយដែលចង់បង្ហាញឲ្យគេឃើញពីបំណងល្អ ក្នុងការបង្កើតឲ្យមានតុល្យភាពអំណាច ក៏បានសម្រេចតែងតាំងហ៊ីត្លែរឲ្យធ្វើជាអធិកាបតី (ប្រមុខរដ្ឋាភិបាល)។
ក៏ប៉ុន្តែ បន្តិចម្តងៗ ហ៊ីត្លែរបានយកអំណាចជាអធិកាបតីនេះទៅបង្រ្កាបអ្នកនយោបាយប្រឆាំង ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន។ ហ៊ីត្លែរបានចាត់វិធានការជាច្រើន ក្នុងគោលដៅរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាជន និងបង្កើនអំណាចដល់ប៉ូលិសក្នុងការចាប់មនុស្សយកមកឃុំឃាំងដោយគ្មានការកាត់ទោស។
គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៣៣ ហ៊ីត្លែររួមជាមួយនឹងសមាជិកសភាមកពីគណបក្សណាហ្ស៊ីបានអនុម័តច្បាប់ប្រគល់អំណាចទាំងអស់ គឺទាំងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិទៅឲ្យហ៊ីត្លែរកាន់កាប់តែម្នាក់ឯង ហើយរបបនយោបាយអាល្លឺម៉ង់ត្រូវប្រែក្លាយទៅជារបបឯកបក្ស គឺអំណាចរដ្ឋត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សតែមួយគត់ គឺគណបក្សណាហ្ស៊ី។
មួយឆ្នាំក្រោយមកទៀត នៅខែសីហា ឆ្នាំ១៩៣៤ ហ៊ីត្លែរ និងគណបក្សណាហ្ស៊ីបានសម្រេចយកតំណែងប្រធានាធិបតី និងអធិកាបតីមកច្របាច់បញ្ចូលគ្នាជាតំណែងតែមួយ ដែលកាន់កាប់ដោយហ៊ីត្លែរ។ មកដល់ពេលនោះ រាល់អំណាចរដ្ឋទាំងអស់ ទាំងអំណាចជាប្រមុខរដ្ឋ ជាប្រមុខរដ្ឋាភិបាល និងជាអគ្គបញ្ជាការកងទ័ព ត្រូវស្ថិតក្នុងដៃរបស់ហ៊ីត្លែរតែម្នាក់ឯង។
ក្រោយពីបានក្តោបក្តាប់អំណាចរដ្ឋទាំងអស់ហើយ ហ៊ីត្លែរក៏បានចាប់ផ្តើមបង្កើនកម្លាំងទ័ពអាល្លឺម៉ង់ឡើងវិញ ដោយរំលោភលើសន្ធិសញ្ញាក្រុង Versailles ដែលបានចុះ នៅក្រោយសង្រ្គាមលោកលើកទី១៕